តំណាងអយ្យការនៃសាលាដំបូងខេត្តបន្ទាយមានជ័យបន្តសាកសួរមន្ត្រីគណបក្សភ្លើងទៀន៦នាក់ចូល ដល់ថ្ងៃទី៥ ហើយពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋបង្កើតគណបក្សថ្មី ដែលជាសកម្មភាពស្របតាមច្បាប់។ អ្នកនាំពាក្យគណបក្សភ្លើងទៀន ចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនអះអាងថា តុលាការបានចោទប្រកាន់សកម្មជនបក្សភ្លើងទៀនទាំង៦នាក់ពីបទញុះញង់។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ កញ្ញា ថា តំណាងអយ្យការនៃសាលាដំបូងខេត្តបន្ទាយមានជ័យចោទប្រកាន់មន្ត្រីបក្សភ្លើងទៀនទាំងនោះថាបានយកឈ្មោះថ្នាក់ដឹករដ្ឋាភិបាលទៅប្រើប្រាស់ក្នុងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋបង្កើតគណបក្សថ្មី។ ទោះជាយ៉ាងណាលោកថា រឿងនេះជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោក គឹម សួរភីរិទ្ធ៖ «ករណីនេះជាការប្រព្រឹត្តខុសច្បាប់ត្រឹមកម្រិតណាមួយ ដែលយើងមិនទាន់ មានអង្គហេតុគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទេ។ ដូច្នេះអត់ត្រូវទៅចាប់ខ្លួនហើយយកមកឃុំដើម្បីជម្រិតយកចម្លើយអ៊ីចឹងទេ ត្រូវបានដីកាមួយជាក់លាក់ ពីព្រោះមនុស្សអស់ហ្នឹងសុទ្ធតែមានទីលំនៅត្រឹមត្រូវនៅនឹងស្រុកឃុំអីត្រឹមត្រូវទាំងអស់។ ហើយក៏មិនមែនជាបទល្មើសព្រហ្មទណ្ឌទៅប្លន់ទៅកាប់សម្លាប់គេអីដែល ត្រូវឃាត់ខ្លួនភ្លាមៗខ្លាចរត់អីទេ»។
មន្ត្រីបក្សភ្លើងទៀនទាំងនោះជាថ្នាក់ដឹកនាំបក្សភ្លើងទៀនខេត្តនេះរួមមាន លោក ស៊ិន វត្ថា លោក ទេព សម្បត្តិ វឌ្ឍនោ លោក ឡុង ឡាវី និងមនុស្សមួយចំនួនទៀត។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ដោយពុំមានដីកាពីតុលាការឡើយ ហើយរហូតមកដល់រសៀលថ្ងៃទី១៣ កញ្ញា មិនទាន់ដោះលែងនៅឡើយ។
កាលពីថ្ងៃទី១៨ សីហាកន្លងទៅ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យបង្កើតគណបក្សបញ្ញាទំនើប តាមការស្នើសុំរបស់តំណាងស្ថាបនិកគណបក្សនេះគឺ លោក អ៊ឹម សូនិត ដែលជាអតីតប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះសីហនុ។ ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងរយៈពេល ១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សថ្មីនេះត្រូវរៀបចំ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលច្បាប់នេះតម្រូវឱ្យមានសមាជិកយ៉ាងតិច ៤ពាន់នាក់ (៤.០០០) មកពីតាមបណ្ដាខេត្តក្រុងមួយចំនួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា ដើម្បីសាកសួរអំពីបញ្ហានេះបានទេនៅថ្ងៃទី១៣ កញ្ញា។
ទោះជាយ៉ាងណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការបន្តឃុំខ្លួនសកម្មជនបក្សប្រឆាំងនេះជារឿងមិនត្រឹមត្រូវឡើយ ហើយលោកស្នើឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញ។
លោក ស៊ឹង សែនករុណា៖ «ក្នុងករណីនេះខ្ញុំយល់ថា មិនគួរមានការចាប់ទោសអូសដំណើរ នៅក្នុងករណីនឹងទេ គួរតែមានការបញ្ចប់នីតិវិធី ហើយសម្របសម្រួលយ៉ាងណា ដើម្បីឱ្យពួកគេមានសេរីភាពក្នុងការអនុវត្តសកម្មភាពផ្នែកនយោបាយហ្នឹងសមស្របទៅតាមច្បាប់របស់កម្ពុជាបាទ»។
គិតត្រឹមរយៈពេល ៤ខែចុងក្រោយនេះ យ៉ាងហោចណាស់មានសកម្មជនបក្សភ្លើង ប្រមាណ១៥ នាក់បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា។ បើទោះជាពួកគេបានភៀសខ្លួនទៅដល់ប្រទេសថៃហើយក្ដី ក៏តែងត្រូវបានជនមិនស្គាល់មុខប្រើហិង្សាឱ្យរងរបួស និងខ្លះទៀតត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន។ បញ្ហានេះធ្វើឱ្យសាធារណជនរិះគន់ថា រដ្ឋាភិបាលដែលដឹកនាំដោយ ហ៊ុន ម៉ាណែត ក៏មិនខុសពីឪពុករបស់គឺ លោក ហ៊ុន សែន ដែរ ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញលើក្រុមបក្សប្រឆាំងដើម្បីបង្ខំឱ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។