សាច់ញាតិលោក ចៅ វាសនា មិនទទួលយកសាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលសម្រេចផ្ដន្ទាទោសលោក ចៅ វាសនា ទាំងអយុត្តិធម៌។
ការលើកឡើងនេះ ក្រោយពីសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រមសម្រេចឲ្យប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង។
កូនស្រីរបស់លោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ កុម្ភៈថា អ្នកស្រីមិនអាចទទួលយកការសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យបានទេ។ អ្នកស្រីបន្តថា ការចោទប្រកាន់របស់តុលាការ គឺសំអាងទៅលើការនិយាយឆ្លើយឆ្លងគ្នា របស់ឪពុកអ្នកស្រី ក៏ប៉ុន្តែការឆ្លើយឆ្លងនោះ ឪពុកអ្នកស្រី មិនបាននិយាយជាសាធារណៈ ជំរុញឲ្យពលរដ្ឋណាម្នាក់គូសខ្វែងសន្លឹកឆ្នោតចោលនោះទេ។
អ្នកស្រី ចៅ រតនៈ៖ «ឪពុកខ្ញុំមកទល់នឹងសព្វថ្ងៃនេះ ខ្ញុំអត់ឃើញតុលាការបង្ហាញភស្តុតាងមួយណា ដែលយល់ថា ឪពុកខ្ញុំបានបង្ហាញជាសាធារណៈ ដោយសារតែលើកទី១ ដែលគាត់លើកឡើងពីគ្រូប(Group)តេលេក្រាម(Telegram)សប្បាយ ប៉ុន្តែឪពុកខ្ញុំបានអះអាងរួចហើយ គាត់អត់មានសមាជិកនៅក្នុងគ្រូបហ្នឹងទេ។ ប៉ុន្តែអ្នក ដែលបានផ្សព្វផ្សាយ ហេតុអីមិនយកអ្នក ដែលបានផ្សព្វផ្សាយហ្នឹងយកមកសួរផង ម៉េចបានយកតែឪពុកខ្ញុំ ដែលមិនមែនជាអ្នកផ្សព្វផ្សាយ។ ថ្វីដ្បិតតែឪពុករបស់ខ្ញុំ ទោះបីនិយាយអ្វីក៏ដោយ ជារឿងឯកជន អត់មានច្បាប់ណាគេហាមទេ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានសិទ្ធិរៀងៗខ្លួន ប៉ុន្តែអ្នក ដែលផ្សព្វផ្សាយនោះ ទើបជាបុគ្គលញុះញង់ពិតប្រាកដ»។
អ្នកស្រី ចៅ រតនៈ យល់ឃើញថា ការផ្ដន្ទាទោសឪពុកអ្នកស្រីនេះ ជារឿងនយោបាយ ហើយក្រុមគ្រួសារនឹងដាក់ពាក្យប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍បន្តទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនឪពុក។
អ្នកស្រី ចៅ រតនៈ៖ «ប៉ុន្តែពួកខ្ញុំ ដែលជាសាច់ញាតិក៏នៅតែមិនសុខចិត្តនៅតែទាមទារ ដោយសារខ្ញុំទទួលស្គាល់ថា ការទាមទាររកយុត្តិធម៌សម្រាប់គណបក្សប្រឆាំង គឺសឹងតែនឹងលែងមាន ព្រោះយើងអត់មានប្រវត្តិសាស្ត្រទេ អត់មានសោះតែម្ដង។ ប៉ុន្តែក្ដីសង្ឃឹម ដូចខ្ញុំធ្លាប់ជម្រាបសារព័ត៌មានទាំងអស់ ក្នុងនាមយើងជាអ្នកនយោបាយ ក្នុងនាមយើងជាអ្នកតស៊ូក្នុងសង្គមប្រជាធិបតេយ្យ ត្រូវតែមានសង្ឃឹម ទោះបីភាគរយវាតិចតួចស្ដួចស្ដើងស្ទើរតែមិនមានសម្រាប់ពួកខ្ញុំក្នុងគណបក្សប្រឆាំងក៏ដោយ»។
តុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកុម្ភៈ បានប្រកាសសាលក្រមលើសំណុំរឿងរបស់ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅវាសនា ដោយផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ហើយត្រូវសងសំណងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៨០លានរៀល ឬប្រមាណ ២ម៉ឺនដុល្លារ។ សាលក្រមនេះ ក៏បានដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យរបស់លោក ចៅ វាសនា រយៈពេល ៥ឆ្នាំ។
ការប្រកាសសាលក្រមនេះ មានការចូលរួមស្ដាប់ដោយកូនស្រីលោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ មេធាវីការពារក្ដីភាគីទាំងពីរ និងពលរដ្ឋមួយចំនួន។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងមេធាវីលោក ចៅ វាសនា គឺលោក អែម ចន្ថា ដើម្បីសុំការអត្ថាធិប្បាយជុំវិញការប្រកាសសាលក្រមផ្ដន្ទាទោសលោក ចៅ វាសនានេះ បាននៅឡើយទេ នៅថ្ងៃទី៧ កុម្ភៈ។
ប្រធានគណៈប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ថ្កោលទោសចំពោះតុលាការក្នុងរបបដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនៅតែបន្តប្រើប្រាស់តុលាការ ដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំគណបក្សប្រឆាំង។
លោក ខឹម មុន្នីកុសល៖«ករណីកាត់ទោសលោក ចៅ វាសនា ដែលជាសហការីរបស់ខ្ញុំនៅក្នុងគណបក្សភ្លើងទៀន ជាពិសេសគាត់ក៏ជាគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀននេះ វាបង្ហាញឲ្យឃើញអំពីភាពអយុត្តិធម៌សង្គម នៃការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហើយវាក៏ឆ្លើយតបឲ្យដឹងថា តុលាការរបស់របបក្រុងភ្នំពេញសព្វថ្ងៃនេះ វានៅតែជាឧបករណ៍ប្រើប្រាស់របស់អ្នកនយោបាយដើម្បីយកមកកម្ចាត់កម្ចាយ និងធ្វើបាបទៅដល់អ្នកប្រជាធិបតេយ្យ ដែលកំពុងតែមានវត្តមាននៅប្រទេសកម្ពុជា»។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ដែលមានដើមកំណើតខ្មែរក្រោម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការចោទប្រកាន់ពីតុលាការពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធនឹងរឿងរ៉ាវនៃការយុទ្ធនាការឲ្យពលរដ្ឋគូសខ្វែង សន្លឹកឆ្នោត។ អាជ្ញាធរបានបញ្ជូនលោក ចៅ វាសនា ទៅឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លោក ចៅ វាសនា ធ្លាប់ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារម្ដងរួចមកហើយ ពីបទញុះញង់ និងបានចេញពីពន្ធនាគារវិញ កាលពីដើមឆ្នាំ២០២២ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួន រយៈពេល ៥ឆ្នាំពេញ នៅក្នុងពន្ធនាគារ។
កាលពីពេលកន្លងទៅ សាច់ញាតិ សកម្មជនបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ ការឃុំខ្លួន និងការសម្រេចផ្ដន្ទាទោសលោក ចៅ វាសនាថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។