មេឃុំគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង ប្រតិកម្មទៅនឹងលិខិតរបស់អាជ្ញាធរស្រុកឯកភ្នំ ដែលចេញបញ្ជាឲ្យមេឃុំទាំងអស់ក្នុងស្រុកនេះ ត្រូវធ្វើរបាយការណ៍ជូនមុនពេលអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងសប្បុរសជន ធ្វើសកម្មភាពនានានៅក្នុងមូលដ្ឋាន។ មេឃុំបក្សប្រឆាំងហៅទង្វើនេះថា ជាការរឹតត្បិតសេរីភាពរបស់មេឃុំជាប់ឆ្នោតថ្មី។ អភិបាលស្រុកឯកភ្នំ អះអាងថា មូលហេតុដែលលោកឲ្យមេឃុំធ្វើរបាយការណ៍ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខនៅក្នុងសង្គម។
មេឃុំគណបក្សសង្គ្រោះជាតិ ស្រុកឯកភ្នំ អះអាងថា បទបញ្ជារបស់អាជ្ញាធរស្រុកមួយនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិអំណាចរបស់មេឃុំ។
មេឃុំពាមឯក គណបក្សសង្គ្រោះជាតិ លោក ស៊ុន ចំរើន មានប្រសាសន៍នៅព្រឹកថ្ងៃទី២ ខែសីហា ថា លោកធ្វើការជាក្រុមប្រឹក្សាឃុំពាមឯក ៣អាណត្តិហើយ គឺពុំធ្លាប់មានបទបញ្ជាពីអាជ្ញាធរស្រុកឲ្យធ្វើរបាយការណ៍ជូនករណីអង្គការសង្គមស៊ីវិល និងសប្បុរសជនធ្វើសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋាននោះឡើយ៖ «រយៈកាលកន្លងមកនៅក្នុងឃុំរបស់ខ្ញុំ មើលឃើញថា ករណីនេះមិនមែនជារឿងសាមញ្ញទេ បើរឿងសាមញ្ញគឺសុំអនុញ្ញាតត្រឹមតែមេឃុំយើងអាចធ្វើបាន ព្រោះអាជ្ញាធរឃុំយើងមានសិទ្ធិសម្រេចការងារនេះដែរ ដោយមិនអាចឈរអោបដៃមើលពលរដ្ឋរងទុក្ខលំបាកនោះទេ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ឡុង សុភឺន អះអាងថា មូលហេតុដែលលោកតម្រូវឲ្យមេឃុំធ្វើរបាយការណ៍ជូនមករដ្ឋបាលសាលាស្រុកករណីអង្គការសង្គមស៊ីវិល និងសប្បុរសជនធ្វើសកម្មភាពនៅតាមមូលដ្ឋាននោះ គឺដើម្បីងាយស្រួលការពារសុវត្ថិភាពជូនពួកគាត់ក្នុងពេលធ្វើសកម្មភាព ជៀសវាងកើតមានបញ្ហាផ្សេងៗដោយយថាហេតុ៖ «មួយទៀតគឺឲ្យគាត់ទម្លាប់ធ្វើការដោយមានការទំនាក់ទំនងគ្នាឲ្យបានល្អ កុំឲ្យគាត់ចង់ចុះទៅក៏ទៅដល់ពេលមានបញ្ហាកើតឡើងគាត់ឆ្លើយមកអាជ្ញាធរមិនសហការ មិនចូលរួមផ្ដល់សុវត្ថិភាពជូនពួកគាត់។ យើងខ្ញុំគ្រាន់តែចង់ឲ្យមានការចូលរួមតែប៉ុណ្ណឹងទេ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី ហៅបទបញ្ជារបស់អាជ្ញាធរស្រុកឯកភ្នំថា ជាចេតនានយោបាយដែលបង្កការលំបាកដល់មេឃុំគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសប្បុរសជនក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ៖ «ហើយលិខិត ឬសេចក្ដីណែនាំប្រភេទនេះ ខ្ញុំទើបតែឃើញជាលើកទីមួយទេ គឺនៅស្រុកឯកភ្នំ នេះតែម្ដង ដែលជាស្រុកមួយគណបក្សកាន់អំណាចចាញ់ឆ្នោតច្រើន។ អ៊ីចឹងខ្ញុំបានជាខ្ញុំហ៊ានថា នេះជាចេតនានយោបាយ ដែលអភិបាលស្រុកកំពុងតែធ្វើទៅលើគណបក្សប្រឆាំងនៅតំបន់នោះ»។
កាលពីថ្ងៃទី២៨ ខែកក្កដា អភិបាលស្រុកឯកភ្នំ ចេញលិខិតបញ្ជាឲ្យមេឃុំទាំងអស់ក្នុងស្រុកមួយនេះ ត្រូវឲ្យអង្គការសង្គមស៊ីវិល និងសប្បុរសជនដែលធ្វើសកម្មភាពតាមមូលដ្ឋានសុំការអនុញ្ញាតពីរដ្ឋបាលសាលាស្រុកជាមុន ហើយពេលអង្គការទាំងនោះចុះធ្វើសកម្មភាពនៅមូលដ្ឋានឃុំណា ឃុំនោះត្រូវធ្វើរបាយការណ៍មករដ្ឋបាលសាលាស្រុក តែបើមិនរាយការណ៍មករដ្ឋបាលសាលាស្រុកទេ មេឃុំទាំងនោះត្រូវទទួលការពិន័យផ្នែករដ្ឋបាលពីអាជ្ញាធរស្រុក។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ នៅស្រុកឯកភ្នំ គណបក្សសង្គ្រោះជាតិ ឈ្នះធ្វើជាមេឃុំ ចំនួន ៥ឃុំ រីឯគណបក្សប្រជាជនកម្ពុជា ឈ្នះបាន ២ឃុំ ក្នុងចំណោម ៧ឃុំនៃស្រុកមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។