សកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់នៅស្រុកឯកភ្នំ នៅរសៀលថ្ងៃទី៣ សីហា ជួបជុំគ្នាសំដែងការព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុប ផ្ដាច់ការអនុគ្រោះពន្ធEBA នាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់ប្រាក់ចំណូលរបស់កម្មកររោងចក្រ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការថ្លែងសារនេះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដោយស្របច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិស្រុកឯកភ្នំ ថ្លែងសាររួមគ្នានៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ដោយការខ្វល់ខ្វាយខ្លាចសហគមន៍អឺរ៉ុបផ្ដាច់អនុគ្រោះពន្ធEBA។ ពួកគេប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ដើម្បីផ្សព្វផ្សាយក្តីកង្វល់ទាំងនោះ។
សមាជិកក្រុមប្រឹក្សាស្រុកឯកភ្នំ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឆម ហ៊ ប្រាប់អាស៊ីសេរី ក្រោយបញ្ចប់ពិធីជួបជុំថា សាររបស់ពួកគាត់នេះ នឹងជួយជំរុញឱ្យរដ្ឋាភិបាលរបបឯកបក្ស ឱ្យគោរពសិទ្ធិមនុស្ស និងដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យមានសេរីភាព ហើយបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតសាជាថ្មី និងជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជារស់ឡើងវិញបាន។ មន្ត្រីបក្សប្រឆាំងរូបនេះ បន្ថែមទៀតថា ការធ្វើបែបនេះ ដើម្បីធានាដល់សហគមន៍អឺរ៉ុប កុំឱ្យផ្ដាច់ការអនុគ្រោះពន្ធEBAមកលើកម្ពុជា៖ «អ៊ីចឹងហើយបានជាធ្វើវីដេអូឃ្លិបស្នើទៅដល់ សហគមន៍អឺរ៉ុបហើយក៏ស្នើដល់រដ្ឋាភិបាលដែរ ឱ្យបន្ទន់ឥរិយាបថដើម្បីស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ និយាយមែនទៅវាមានការប៉ះពាល់ខ្លាំងវាប៉ះពាល់ផលប្រយោជន៍ជាតិធំធេង ជាពិសេសកម្មករធ្វើការរោងចក្រ»។
ទោះបីសកម្មជនបក្សប្រឆាំងនៅឯកភ្នំ អាចសំដែងក្តីកង្វល់របស់ពួកគេបានក៏ដោយ ប៉ុន្តែសមត្ថកិច្ចនៅស្រុកថ្មគោលឯណោះវិញ នៅព្រឹកថ្ងៃទី៣ សីហា បាននាំគ្នាបំភិតបំភ័យដល់សកម្មជនគណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគាត់ជួបជុំគ្នាថ្លែងសារព្រួយបារម្ភ ពីការផ្ដាច់អនុគ្រោះពន្ធEBA នេះ។
មេឃុំអន្លង់រុន ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ថាំ សុខ ប្រាប់អាស៊ីសេរីថា មេឃុំនិងមន្ត្រីប៉ូលិសឃុំអន្លង់រុន បានទៅសាកសួរម្ចាស់ផ្ទះដែលផ្ដល់ទីតាំងឱ្យពួកគាត់ធ្វើពិធីជួបជុំគ្នាសម្ដែងអំពីបញ្ហានេះ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថា ជាការគំរាមកំហែងបំភិតបំភ័យមកលើពួកគាត់ធ្វើឱ្យភ័យខ្លាច ដើម្បីកុំឱ្យប្រមូលផ្ដុំគ្នាសម្ដែងនៅថ្ងៃក្រោយទៀត៖ «ហើយពួកគាត់រារាំងយើងមិនចង់ឱ្យជួបជុំសម្ដែងមតិ ហើយការសម្ដែងមតិរបស់យើងនឹងស្របទៅតាមរដ្ឋធម្មនុញ្ញ ដោយមិនមែនជាការប្រព្រឹត្តិសុខច្បាប់ទេ»។
ឆ្លើយតបនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រុន លោក កែវ សុវណ្ណ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ប៉ូលិសមិនបានទៅគំរាមកំហែងដល់សកម្មជនបក្សប្រឆាំងដូចការចោទប្រកាន់នោះទេ៖ «អត់មានទេខ្ញុំ មិនបានទៅគំរាមកំហែងអីបង ព្រោះនៅមូលដ្ឋានរបស់ខ្ញុំតែចុះអនុវត្តច្បាប់ជាប្រចាំ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ប្រជាពលរដ្ឋជួបជុំថ្លែងសារព្រួយបារម្ភអំពីការផ្ដាច់ការអនុគ្រោះពន្ធEBA បង្ហោះក្នុងហ្វេសប៊ុក គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដោយមិនមានការខុសច្បាប់នោះឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា សមត្ថកិច្ចទៅវិញទេ ដែលអនុវត្តខុសច្បាប់ ដោយបានសាកសួរពលរដ្ឋធ្វើឱ្យពួកគាត់ភ័យខ្លាចមិនហ៊ានសម្ដែងមតិទៅថ្ងៃក្រោយទៀតនោះ៖ «ចំណុចសំខាន់នៅក្នុងរឿងនេះ គឺអាជ្ញាធរ និងសមត្ថកិច្ចទេមានការព្រួយបារម្ភ ហើយដាក់ការតាមដានរហូតគ្រប់សកម្មភាពឱ្យតែមានការជួបជុំ ជាពិសេសសកម្មជនគណបក្សសង្គ្រោះជាតិ។ អ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញដោយច្បាប់អន្តរជាតិ ដែលកម្ពុជាជាហត្ថលេខីនោះ»។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងបានប្ដូរយុទ្ធសាស្ត្រ ក្នុងការសម្ដែងមតិរបស់ខ្លួន ពីការជួបជុំគ្នាហូបនំបញ្ចុកទៅជាការប្រមូលផ្ដុំគ្នាថ្លែងសារព្រួយបារម្ភអំពីសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធEBA វិញ។ ទន្ទឹមគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានដាក់កម្លាំងតាមដាន និងសាកសួរដល់សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៩ កក្កដា អាជ្ញាធរឃុំបវេលចំនួន ២នាក់ ចូលទៅសាកសួរសមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ម៉ក់ យ៉ាន ដល់ផ្ទះ ដោយសារពួកគាត់ថ្លែងសារព្រួយបារម្ភពីការផ្ដាច់ការអនុគ្រោះEBA។ សកម្មជនទាំងនោះ អះអាងថា បើទោះបីជាមានគំរាមកំហែងយ៉ាងនេះក្ដី ក៏មិនអាចបំបែកសាមគ្គីភាពរបស់ពួកគាត់បានដែរ ដោយពួកគាត់យល់ថា ជាសិទ្ធិសេរីភាពស្របច្បាប់របស់ពលរដ្ឋ ដូច្នេះសកម្មជននៅតាមមូលដ្ឋាននឹងជួបជុំគ្នាសម្ដែងមតិជាបន្តបន្ទាប់ទៀត. សហភាពអឺរ៉ុប កំពុងចាត់វិធានការលើនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានការណ៍កម្ពុជា រយៈពេលប្រាំមួយខែដំបូង ត្រូវបិទបញ្ចប់នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ សហភាពអឺរ៉ុប នឹងឈានទៅព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា បើស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅតែមិនប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។