ក្រុម​យុវជន​ថា វៀតណាម​គ្រប់គ្រង​តំបន់​អូរហ៊ុច ឬ​ដាក់ហ៊ួដ ៥១​គីឡូម៉ែត្រ​ក្រឡា​នៅ​មណ្ឌលគិរី

ក្រុម​យុវជន ១០០​រាត្រី ដែល​បន្ត​បេសកកម្ម​ពី​លោក បណ្ឌិត កែម ឡី រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ នៅ​តំបន់​អូរហ៊ុច ឬ​ហៅថា ដាក់ហ៊ួដ ក្នុង​ខេត្ត​មណ្ឌលគិរី ស្រប​ពេល​ប្រទេស​ទាំងពីរ នៅ​មិន​ទាន់​ឯកភាព បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ​ទេ។

ការ​លើកឡើង​នេះ ក្រោយពី​ពួកគេ​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ពី​ទិដ្ឋភាព​ព្រំដែន នៅ​តំបន់​នោះ ប្រទះឃើញ អាជ្ញាធរ​វៀតណាម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្សារ និង​លំនៅឋាន​យ៉ាង​ច្រើន​ស្អេកស្កះ​នៅ​តំបន់​ប្រទាញ​ប្រទង់​គ្នា។

សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ក្រុមការងារ ១០០​រាត្រី បារម្ភ​ថា តំបន់​អូរហ៊ុច និង​ដាក់ហ៊ួដ មាន​ទំហំ ៥១ គីឡូម៉ែត្រ​ក្រឡា គិត​ចាប់ពី​បង្គោល​ព្រំដែន​លេខ ៥៥ ក្នុងស្រុក​អូររាំង រហូត​ដល់​បង្គោល​លេខ ៦០ មាន​ប្រវែង ២៧ គីឡូម៉ែត្រ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​អាជ្ញាធរ​វៀតណាម។ ក្រៅ​ពី​នេះ វៀតណាម​បាន​សាងសង់ ប៉ុស្តិ៍​ព្រំដែន​ប៊ួប្រាង​យ៉ាង​ធំ នៅ​លើ​ទឹកដី​ខ្មែរ នៅ​ចំណុច​អូរហ៊ុច និង​បាន​បញ្ជូន​ប្រជាជន​គេ ទៅ​រស់នៅ និង​ធ្វើ​កសិកម្ម​ច្រើន​ស្អេកស្កះ។

កាលពី​អំឡុង ខែ​កក្កដា ២០១៩ ក្រុម​និស្សិត​មកពី​រាជធានី​ភ្នំពេញ គណបក្ស​ឆន្ទៈ​ខ្មែរ និង ក្រុមការងារ ១០០​រាត្រី បាន​ធ្វើ​ដំណើរ​រួមគ្នា ចុះទៅ​សិក្សា​ស្រាវជ្រាវ ស្ថានភាព​ព្រំដែន នៅ​ចំណុច​អ៊ូរហ៊ុច ឬ​ហៅថា ដាក់ហ៊ួដ ក្នុងស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ជាប់​ខេត្ត​ដាក់ឡាក់ ប្រទេស​វៀតណាម ក្នុង​បំណង​ពិនិត្យ​ពី​ស្ថានភាព​ព្រំដែន ជីវភាព​ប្រជាជន និង ធ្វើ​របាយការណ៍។

សមាជិក​ក្រុមការងារ ១០០​រាត្រី លោក មួង សូនី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ សីហា​ថា ក្រុមការងារ ១០០​រាត្រី នឹង​ត្រៀម​ផ្សាយ​របាយការណ៍ បង្ហាញ​ពី​តំបន់​អូរហ៊ុច ឬ​ហៅថា ដាក់ហ៊ួដ គ្រប់គ្រង​ដោយ​វៀតណាម​។ លោក​ថា តំបន់​នោះ ភាគី​វៀតណាម បាន​កាន់កាប់​ទាំងស្រុង និង​មាន​សិទ្ធិ​សម្រេច​គ្រប់បែប​យ៉ាង​។ រីឯ​ភាគី​កម្ពុជា មិន​អាច​ចេញចូល​តំបន់​នោះ​បាន​ទេ​។ លោក​បន្ថែម​ថា អាជ្ញាធរ​កម្ពុជា ហាក់​ព្យាយាម​បិទបាំង​ព័ត៌មាន​ពី​ស្ថានភាព​ព្រំដែន​នៅ​ទីនោះ និង​មិន​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន និង​ពលរដ្ឋ​ស្វែងយល់ ឱ្យ​ទូលំទូលាយ ពី​ស្ថានភាព​ព្រំដែន​។ រីឯ​ក្រុម​និស្សិត​ដែល​ចុះទៅ​តំបន់​នោះ ត្រូវ​បាន​យោធា​វៀតណាម​ឃ្លាំមើល និង​តាមដាន​នៅ​ចំណុច​អូរ​ដាង លើ​ដី​ខ្មែរ៖ «រដ្ឋាភិបាល​គួរ​ប្ដឹង​ទៅ​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ជាបន្ទាន់ ព្រោះ​បើ​យើង​អត់​ធ្វើ​បន្ទាន់​ទេ យើង​បណ្ដោយ​ទៀត វៀតណាម​សាងសង់ គេ​បញ្ជូន​ប្រជាជន​គេ​មក​នៅ​ច្រើន​ទៅៗ យើង​រឹតតែ​យ៉ាប់​ហើយ ពិបាក​ក្នុង​ការ​ទាមទារ​ណាស់​។ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​សមត្ថភាព​លើ​គ្រប់​វិស័យ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​ឱ្យ​ខ្លាំង និង​បន្ថែម​កម្លាំង​មនុស្ស​ឱ្យ​ច្រើន ព្រោះ​ខ្ញុំ​ឃើញ​នៅ​ទីនោះ​មានតែ ១២​នាក់​ទេ តិច​មែនទែន»។

លោក មួង សូនី ចំណាំ​ថា កាល​ពី​ឆ្នាំ ២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ប្រទេស​បារាំង​ថា តំបន់​អូរហ៊ុច និង​ដាក់ហ៊ូដ រដ្ឋាភិបាល​វៀតណាម​បាន​ស្នើ​សុំ​គ្រប់គ្រង ៦០ ភាគរយ រីឯ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន បែរជា​រដ្ឋាភិបាល​វៀតណាម មាន​សិទ្ធិ​គ្រប់គ្រង​តំបន់​នោះ​ទាំងស្រុង​តែម្ដង​៖ «ទិដ្ឋភាព​ជាក់ស្ដែង​តំបន់​ហ្នឹង​វៀតណាម មិន​ត្រឹម​គ្រប់គ្រង ៦០​ភាគរយ​ទេ គឺ​វៀតណាម​គ្រប់គ្រង​ទាំងស្រុង​តែម្ដង​។ បាន​សេចក្ដី​ថា វៀតណាម មាន​សិទ្ធិ​សម្រេច​ធ្វើ​នេះ​នោះ រស់នៅ សង់ផ្ទះ​នៅ​តំបន់​ហ្នឹង តែ​ដោយឡែក​កម្ពុជា​យើង​អត់​អាច មាន​សិទ្ធិ​ទេ​សូម្បីតែ​ការ​ចេញ​ចូល ក៏​យើង​អត់​អាច​ចូល​ទៅ​បាន​ដែរ។ ពី​អូរ​ដាក់​ដាង រហូតដល់​ប៉ុស្តិ៍​ប៊ួប្រាង និង​អូរហ៊ុច​គឺ​យើង​មិន​អាច​ចូល​បានទេ គឺ​គ្រប់គ្រង​ដោយ​វៀតណាម​ទាំងអស់»។

សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​ជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ដែល​ចុះ​ទៅ​ពិនិត្យ​ទិដ្ឋភាព​ព្រំដែន​ទីនោះ មានប្រសាសន៍ថា តំបន់​នោះ​មិនទាន់​ឯកភាព បោះ​បង្គោល​ព្រំដែន ជា​ផ្លូវការ​នៅឡើយ​ទេ​។ រីឯ​គណៈកម្មការ​ព្រំដែន ប្រទេស​ទាំងពីរ កំពុង​ចរចា​បោះ​បង្គោល​។ ចំពោះ​សំណួរ​ដែល​សួរ​ថា ក្រុម​យុវជន ១០០​រាត្រី រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម គ្រប់គ្រង​តំបន់​មាន​ជម្លោះ​នោះ​ទាំងស្រុង តើ​លោក​យល់​យ៉ាងណា​? លោក​គ្រាន់តែ​ឆ្លើយ​ថា លោក​ប្រទះឃើញ​អាជ្ញាធរ​វៀតណាម​ស្ថាបនា​ផ្លូវ​កៅស៊ូ នៅ​ចំណុច​អូរដាង ក្នុង​តំបន់​ប្រទាញប្រទង់​គ្នា និង​មិនទាន់​ប្រាកដ​ថា វៀតណាម​កាន់កាប់​ទីនោះ​នោះ​ទេ​៖ «មិនទាន់​មានការ​ជាក់ច្បាស់​ថា ជា​ការ​គ្រប់គ្រង​ទាំងស្រុង​នៅឡើយ​ទេ ព្រោះ​បាន​សេចក្ដី​ថា គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំងពីរ មិនទាន់​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀងគ្នា​នៅ​ឡើយ»។

សមាជិក​ក្រុមការងារ ១០០​រាត្រី រក​ឃើញ​ចំណុច​ស្នូល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​កម្ពុជា​ខ្លះ​ចន្លោះ ក្នុង​ការ​គ្រប់គ្រង​តំបន់​មាន​ជម្លោះ ឬ​តំបន់​មិនទាន់​ឯកភាព បោះ​បង្គោល​ព្រំដែន​រួមមាន​៖

​រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ច្បាស់លាស់ ការពារ​តំបន់​អូរហ៊ុច ឬ​ដាក់ហ៊ួដ និង​ទាមទារ​ដី​របស់​ខ្លួន​នៅ​តំបន់​នោះ តាមរយៈ​យន្តការ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​។ លើស​ពី​នេះ វៀតណាម​បាន​កំណត់ ផែនទី Google នៅ​តំបន់​នោះ​ថា ជា​ទឹកដី​របស់​គេ អាច​មាន​ការភាន់ច្រឡំ​។ ពលរដ្ឋ និង​យុវជន​កម្ពុជា ពិបាក​ទទួល​បាន​ព័ត៌មាន ពី​ស្ថានភាព​ព្រំដែន នៅ​តំបន់​នោះ​។ មន្ត្រី​ប៉ុស្តិ៍​ព្រំដែន និង​សមត្ថកិច្ច​កម្ពុជា ខ្លាច​ញញើត​វៀតណាម​។ រីឯ អាជ្ញាធរ​វៀតណាម ហាម​​ពលរដ្ឋ​កម្ពុជា​ចេញចូល​តំបន់​នោះ​។ ចំណែក សមត្ថកិច្ច​ព្រំដែន​កម្ពុជា ខ្វះ​សម្ភារៈ និង​មធ្យោបាយ​ការពារ​ព្រំដែន កង្វះ​ទឹក​ស្អាត និង ខ្វះ​អគ្គិសនី​ប្រើប្រាស់​ជាដើម​។​

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង អះអាង​ថា ភាគី​កម្ពុជា និង​វៀតណាម​នៅ​ពុំ​ទាន់​ឯកភាព​គ្នា ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​រៀបចំ​ផែនទី និង​បែបបទ​បច្ចេកទេស​កំណត់​បង្គោល​ព្រំដែន​នៅឡើយ​ទេ​។ ចំពោះ​សំណួរ​ដែល​សួរ​ថា ក្រុម​និស្សិត និង​យុវជន ១០០​រាត្រី អះអាង​ថា ភាគី​វៀតណាម គ្រប់គ្រង​តំបន់​នោះ​ទាំងស្រុង តើ​លោក​យល់​យ៉ាងណា​? មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ឆ្លើយ​ថា តើ​ក្រុម​យុវជន​ទៅ​សិក្សា​ព្រំដែន​នៅ​តំបន់​នោះ វៀតណាម​ឱ្យ​ចូល​ឬទេ​? លោក​ថា ប្រសិន បើ​គ្មាន​របាយការណ៍​ច្បាស់លាស់​ទេ សូម​កុំ​ត្រូវ​យក​ជា​មូលដ្ឋាន សួរ​ពី​បញ្ហា​នេះ​៖ «សរុប​មក​នៅ​ដដែល​ទេ អត់​មាន​អ្វី​ប្រែប្រួល​ទេ ស្ថានភាព​នៅ​តំបន់​ដាក់​ដាំ ដាក់ហ៊ួដ​នៅ​ដដែល​ទេ​ណា​។ កុំ​ចេះតែ​យក​របាយការណ៍​ដែល​មិន​ច្បាស់​ចេះតែ​មក​សួរ​។ កន្លែង​ហ្នឹង​ខ្ញុំ​ស្គាល់​ច្បាស់​ហើយ បើ​យើង​បាន​ចូលៗ បាន​ឃើញៗ ឮសូរ​គេ​ថា ដើម្បី​ផ្សាយ​ព័ត៌មាន​មិន​ពិត គឺ​កុំ​ធ្វើ​ឱ្យ​សោះ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ផ្ដល់​ទស្សនៈ​ថា ប្រសិនបើ រដ្ឋាភិបាល​កម្ពុជា បោះ​បង្គោល​ព្រំដែន​ផ្អែក​តាម សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​១៩៨៥ សម័យ​វៀតណាម​គ្រប់គ្រង នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​។ លោក​ថា រដ្ឋាភិបាល​ត្រូវ​អនុវត្ត​អនុសញ្ញា​កម្ពុជា​-​កូសាំងស៊ីន ឆ្នាំ ១៨៧៣ ដែល​កាលនោះ​រដ្ឋាភិបាល​បារាំង បាន​ពុះ​ចែក​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង និង​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន ១២៤​បង្គោល​។ លោក​គិត​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទ្វេ​ភាគី​ជាមួយ​វៀតណាម នឹង​មិន​ទទួល​បាន​យុត្តិធម៌​ទេ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្ដឹង​ទៅ​រដ្ឋាភិបាល​បារាំង និង​ភាគី​អន្តរជាតិ​ជា​អាជ្ញាកណ្ដាល​៖ «បង្គោល​ព្រំដែន​នៅ​ដាក់​ហ៊ួដ ទី​២ សារាចរណ៍​របស់​អគ្គ​ទេសាភិបាល​បារាំង ទី​៣ យើង​អាច​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ទី​៤ យើង​ត្រូវ​យក​ផែនទី តម្កល់​នៅ​អង្គការសហប្រជាជាតិ​។ ផែនទី​ហ្នឹង​ពុំ​មែន​ដូច យួន គេ​ចម្លង​ឱ្យ​យើង​នៅ​ស្រុក​យួន​នោះ​ទេ​។ អាហ្នឹង​វា​ខុសគ្នា អ៊ីចឹង​។ ព្រោះ​ផែនទី ដែល​ខ្ញុំ​យក​ពី​អង្គការសហប្រជាជាតិ ខ្ញុំ​ផ្ទៀង​មើល វា​អត់​នៅ​ដាក់​ដាំ​ទេ វា​នៅ ដាក់​ហ៊ួដ​នោះ​ទេ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច និង អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​លើក។ តែ​លោក លោក សុខ ទូច ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែបន្ទាត់​ខណ្ឌ​ដែនសីមា ឋិត​នៅ​ចំណុច​អូរហ៊ុច ឬ​ដាក់​ហ៊ួដ ពុំ​មែន​ឋិត​នៅ​តំបន់​ដាក់​ដាំ​នោះ​ទេ។

កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា តំបន់​ជម្លោះ​នោះ​មាន​ទំហំ​ជាង ៥០ គីឡូម៉ែត្រ​ក្រឡា ហើយ​លោក​បាន​ទាមទារ​ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​នៅ​ចំណុច​អូរហ៊ុច ដែល​បច្ចុប្បន្ន​ភាគី​វៀតណាម បាន​សាងសង់​ច្រក​ទ្វារ​ព្រំដែន​ចូល​ជ្រៅ ពី​អូរហ៊ុច​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​។ ចំណែក​ភាគី​វៀតណាម បាន​ទាមទារ​យក​អូរ​ដាក់​ដាំ ជា​ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​។​

​ទោះ​យ៉ាងណា លោក មួង សូនី រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​មិន​ត្រឹមតែ​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ក្រុង​បារី​ស​ទេ សូម្បីតែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ក៏​វៀតណាម​បំពារ​ដែរ​។ លោក​ថា ខ្លឹមសារ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ប្រការ ១ ចំណុច ២ ចែងថា កំណត់​ព្រំដែន​នៅ​តំបន់​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌលគិរី ជាប់ឃុំ​ក្វាងជិក ស្រុក​ដាក់​រឡឹប ខេត្ត​ដាក់ឡាក់ ប្រទេស​វៀតណាម ភាគី​ប្រទេស​ទាំងពីរ បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​។​

​ក្រុម​យុវជន ១០០​រាត្រី បារម្ភ​ថា ការ​បណ្ដែត​បណ្ដោយ​ឱ្យ​វៀតណាម​សង់​អគារ ស្ថាបនា​ផ្លូវ ធ្វើ​កសិកម្ម បញ្ជូន​ប្រជាជន​គេ​មក​រស់នៅ និង​គ្រប់គ្រង តំបន់​ប្រទាញប្រទង់​គ្នា នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប​ជាង​វៀតណាម​ក្នុង​ការ​កំណត់​បង្គោល​ខណ្ឌសីមា ព្រំដែន​ផ្លូវការ​នៅ​ថ្ងៃ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។