បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម​នៅ​តំបន់​ចន្លោះ​អូរ​ដាក់ដាំ​និង​អូរ​ហ៊ុជ​នៅ​មិន​ទាន់​ដោះស្រាយ

0:00 / 0:00

គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ថា នឹង​ធ្វើ​លិខិត​រួម​គ្នា​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ចុះ​ហត្ថលេខា​ស្នើ​សុំ​ភាគី​ប្រទេស​បារាំង ផ្ដល់​អ្នក​បច្ចេកទេស​កំណត់​ផែនទី និង​វាស់វែង​តំបន់​ព្រំដែន​នៅ​មាន​ជម្លោះ ជាពិសេស​​តំបន់​ដាក់ដាំ អូរ​ហ៊ុជ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​តំបន់​នោះ​ឋិត​នៅ​ជា​កន្លែង​​ប្រទាញប្រទង់​របស់​ភាគី​ទាំង​ពីរ​ដដែល។

​អ្នកនាំពាក្យ និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ចាប់​ពី​ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន តំបន់​ប្រទាញប្រទង់​នោះ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពោល​គឺ​ភាគី​ទាំង​ពីរ​រក្សា​ជំហរ​កាន់កាប់ និង​បោះ​ទីតាំង​ឈរ​ជើង​ដូច​ធម្មតា។

លោក​ថា សូម្បី​ស្ពាន​ឈើ​ឆ្លង​កាត់​អូរ​ដាក់ដាំ ជា​តំបន់​ស ដែល​ភាគី​ទាំង​ពី​គ្រោង​សាង​សង់​ស្ពាន​រួម​គ្នា ក៏​មិន​ទាន់​បាន​សាងសង់​នៅ​ឡើយ៖ «តាម​បងប្អូន​គាត់​ថា ដី​យើង​នៅ​ហ្នឹង ហើយ​បង្គោល​របស់​យើង​មើល​ពី​ខាង​ហ្នឹង​មក​នៅ​ខាង​ឆ្វេង​អូរ​​រហូត ប៉ុន្តែ​អា​ហ្នឹង​គេ​មិន​ទាន់​ឲ្យ​ឈូស​ផ្លូវ មិន​ទាន់​ឲ្យ​បោះ​ដោយសារ​កន្លែង​ហ្នឹង​នៅ​ដោះស្រាយ​គ្នា​​សិន ហើយ​ជា​ចំណុច​ប្រឈម​រាល់​ពេល​ប្រជុំ​អត់​ដាក់​អា​ហ្នឹង​ចូល​របៀបវារៈ ព្រោះ​អា​ហ្នឹង​វា​ធ្ងន់ ចាំ​​ជជែក​គ្នា​នៅ​ពេល​មាន​ជំនាញ»

​តំបន់​ដាក់ដាំ អូរ​ហ៊ុជ ឋិត​នៅ​ចន្លោះ​អូរ​ដាក់ដាំ និង​អូរ​ហ៊ុជ ដែល​ភាគី​វៀតណាម ហៅ​ថា តំបន់​ដាក់ដាង ដាក់ហ៊ូត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា តំបន់​ជម្លោះ​នោះ​មាន​ទំហំ​ជាង ៥០​គីឡូម៉ែត្រ​ក្រឡា ហើយ​ទាមទារ​ខ្សែ​​បន្ទាត់​ខណ្ឌ​ដែន​សីមា​នៅ​ចំណុច​អូរ​ហ៊ុជ បច្ចុប្បន្ន​ភាគី​វៀតណាម សាងសង់​ច្រក​ទ្វារ​ព្រំដែន​ចូល​​ជ្រៅ​ពី​អូរ​ហ៊ុជ ប្រមាណ ១០​គីឡូម៉ែត្រ ចំណែក​ភាគី​វៀតណាម ទាមទារ​យក​អូរ​ដាក់ដាំ ជា​ខ្សែបន្ទាត់​​ខណ្ឌ​ដែន​សីមា ខណៈ​ភាគី​កម្ពុជា សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់ដាំ នៅ​ក្រៅ​តំបន់​អូរ​ដាក់ដាំ ប្រមាណ ១​គីឡូម៉ែត្រ ហើយ​នៅ​ចន្លោះ​ប៉ុស្តិ៍​ព្រំដែន​ទាំង​ពីរ​ក្លាយ​ទៅ​ជា​តំបន់​ស ដែល​ភាគី​ទាំង​ពីរ​ហាម​ធ្វើ​អ្វី​ថ្មី​បន្ថែម​ទៀត។

អនុ​ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ដែល​បាន​សិក្សា​ពី​តំបន់​នោះ​បញ្ជាក់​ថា ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៥៥ ក្នុង​ស្រុក​អូររាំង រហូត​មក​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​៦០ មាន​ប្រវែង​ប្រមាណ ២៧​គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។ លោក​ថា លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​ឋិត​នៅ​ចំណុច​អូរ​ហ៊ុជ៖ «ខាង​វៀតណាម ចង់​ឲ្យ​យើង​ទទួល​យក​ដាក់ដាំ ហើយ​ខាង​រដ្ឋាភិបាល​យើង​អត់​ព្រម​ទទួល​ទេ ចង់​យក​អូរ​ហ៊ុជ ដែល​វៀតណាម ហៅ​ដាក់ហ៊ូត រហូត​ដល់​អូរ​តាំងម៉ែ ដល់​អូរប្លាយ បាន​ធ្លាក់​មក​ទន្លេ​ស្រែពក អា​ហ្នឹង​ព្រំដែន​យើង​ហ្នឹង ប៉ុន្តែ​រដ្ឋាភិបាល​ទាំង​ពីរ​ឲ្យ​ប្រទេស​ទី​បី គូស​ផែន​ទី​ឡើង​វិញ ហើយ​យើង​នឹង​ទទួល​អ្វី​ដែល​សមរម្យ»

​ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៤០ ពី​ព្រំ​ប្រទល់​ខេត្ត​រតនគិរី រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៦៥ ស្រុក​ស្នួល ខេត្ត​ក្រចេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​លោក​ថា ជាប់​ប្រជុំ។

​ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ធ្លាប់​រស់​នៅ​ជិត​តំបន់​ព្រំដែន​អះអាង​ថា វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍ និង​​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​មក​ទល់​នឹង​អូរ​ដាក់ដាំ ក្នុង​ដី​ខ្មែរ ដែល​ពី​មុន​ព្រំដែន​ឋិត​នៅ​ចំណុច​អូរ​ហ៊ុជ មាន​ចម្ងាយ​​ជាង ១៥ ទៅ ២០​គីឡូម៉ែត្រ​ពី​អូរ​ដាក់ដាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។