ប្រជាពលរដ្ឋ និងក្រុមយុវជន ១០០រាត្រី ដែលដឹកនាំគម្រោងនេះ បន្តពីលោក បណ្ឌិត កែម ឡី រកឃើញថា កម្ពុជាបរាជ័យលើគម្រោងអភិវឌ្ឍន៍រួមគ្នាលើតំបន់ត្រីកោណពិសេស (CLV) ឬហៅថា តំបន់មុំ៣ ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម និង ឡាវ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន មើលឃើញថា វៀតណាម កំពុងមានប្រៀបក្ដោបក្ដាប់តំបន់នោះ ដោយទទួលបានផលប្រយោជន៍លើសលប់ទាំងសេដ្ឋកិច្ច និងនយោបាយ ហើយពួកគាត់បារម្ភថា វៀតណាមនឹងអាចកាន់កាប់តំបន់នេះផ្ដាច់មុខ នាពេលខាងមុខនេះ។
មន្ត្រីរដ្ឋាភិបាលនៃរបបលោក ហ៊ុន សែន ច្រានចោលការរកឃើញនេះ និងអះអាងថា ការបញ្ចូលតំបន់អភិវឌ្ឍន៍តាមព្រំដែន ការធ្វើពាណិជ្ជកម្មរួមជាមួយវៀតណាម និងឡាវ នេះ នឹងមិនអាចឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយកិច្ចព្រមព្រៀងនេះ កំពុងតែពិភាក្សាលើយន្តការអនុវត្ត ដែលផ្នែកខ្លះបានដំណើរការ និងទទួលបានលទ្ធផលជាបណ្ដើរៗ ហើយ។
បើទោះបីជារបបលោក ហ៊ុន សែន អះអាងថា មានការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណពិសេសនេះក្តី ក៏ក្រុមយុវជន ១០០រាត្រី និងអ្នកឃ្លាំមើលបរិស្ថាន ដែលបានចុះទៅសិក្សានៅតំបន់នោះផ្ទាល់ បានរកឃើញថា តំបន់នេះពុំមានឃើញមានការរីកចម្រើនអ្វីឡើយសម្រាប់ភាគីកម្ពុជា និងឡាវ តាំងពីមានកិច្ចព្រមព្រៀងរួមគ្នាជិត ១០ឆ្នាំមកហើយក្ដី។
ប្រធានក្រុមដឹកនាំយុវជន១០០រាត្រី លោក មួង សូនី ឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ក្រុមលោក គឺពុំឃើញការអភិវឌ្ឍលើផ្នែកណាមួយ ដែលថាផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ដាច់ស្រយាលតាមបណ្ដោយព្រំដែននោះឡើយ ដូចជាផ្លូវថ្នល់ ប្រព័ន្ធសុខាភិបាល សាលារៀន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត គឺមិនទាន់មានការអភិវឌ្ឍអ្វីទាំងអស់៖ «ទិដ្ឋភាពរួមនៅតំបន់នោះ ប្រជាពលរដ្ឋកម្ពុជានៅជួបបញ្ហាលំបាកៗជាច្រើន ដូចជាបញ្ហាកសិកម្មធ្វើបាន មានតែឈ្មួញវៀតណាមទេដែលទទួលទិញ គ្មានប្រភពទឹក បច្ចេកទេសដាំដុះក៏គ្មាន ដើមទុនក៏គ្មាន ជីកសិកម្មមានតែទិញពីប្រទេសវៀតណាមដែលមានតម្លៃថ្លៃ»។
តំបន់អភិវឌ្ឍន៍ត្រីកោណពិសេស ឬហៅថា (CLV) បានព្រមព្រៀងបង្កើតឡើង កាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ តំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នានេះ មានខេត្តចំនួន១៣ ជាចំណុះ។ ភាគីកម្ពុជា បានដាក់បញ្ចូលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាដើមទុន ដែលមានពលរដ្ឋប្រហែលជាង ៥សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ខេត្តដែរ មានខេត្តអាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែលមានមនុស្សប្រមាណ ៧សែននាក់។ ចំណែកភាគីវៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៥ គឺខេត្តយ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែលខេត្តទាំងនេះមានមនុស្សជាង ៧លាននាក់។
កិច្ចព្រមព្រៀងរួមគ្នានៃប្រទេសទាំង៣ ក្នុងការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ គឺឈរលើគោលដៅ និងមធ្យោបាយសំខាន់ៗ ជាច្រើន។ ក្នុងរួមមាន ការភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងសេវាកម្មសុខាភិបាលរវាងប្រទេសទាំងបី មានន័យថា ពលរដ្ឋរវាងប្រទេសទាំងបីនេះ អាចទទួលការព្យាបាលជំងឺក្នុងប្រទេសនីមួយៗ បានទៅវិញទៅមក។ ការចល័តពាណិជ្ជកម្ម បានន័យថា ពលរដ្ឋនៅតាមបណ្ដាខេត្តនៃប្រទេសទាំងបីនេះ អាចនាំយកផលិតផលរបស់ខ្លួនឆ្លងចូលធ្វើជំនួញទៅវិញទៅមក ដោយមិនចាំបាច់មានវីសា ឬលិខិតឆ្លងដែននោះទេ។
ក្នុងកិច្ចប្រជុំលើកទី១១ នៃអនុគណៈកម្មការសេដ្ឋកិច្ច ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅខេត្តក្រចេះ កាលពីដើមខែមីនា ឆ្នាំ២០១៩នេះ បានពិភាក្សាលើផែនការអនុវត្តន៍សកម្មភាពជាច្រើន ក្នុងនោះរួមមាន៖
-ការតភ្ជាប់សេដ្ឋកិច្ច នៃប្រទេសទាំងបី រហូតដល់ឆ្នាំ២០៣០ និងការរៀបចំផែនការសកម្មភាព សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងសម្របសម្រួលពាណិជ្ជកម្ម នៅក្នុងតំបន់ត្រីកោណនេះ។
-ផ្លាស់ប្ដូរទស្សនៈលើលទ្ធភាពបញ្ចប់របាយការណ៍សិក្សា ស្ដីពីផែនការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ ក្នុង CLV DTA និងកិច្ចព្រមព្រៀង ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មាន តាមរយៈមន្ត្រីបង្គោលនៃប្រទេសទាំងបី។
-ប្រគល់ភារកិច្ចជូនវៀតណាម ដឹកនាំរក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៃគេហទំព័រ CLV DTA និងឯកភាពឱ្យស្ថាប័នទាំងបី សហការបង្ហោះព័ត៌មាន ដែលមានការឯកភាព តម្លាភាព។
កាលពីរៀបចំផែនការអភិវឌ្ឍន៍តំបន់ត្រីកោណលើកដំបូង ពោលកាលពីជិត ១០ឆ្នាំមុន មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ក្នុងខេត្តជាប់ព្រំដែនរំពឹងថា គម្រោងនេះនឹងជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់រីកចម្រើនជាងបច្ចុប្បន្ន ជាពិសេសវិស័យទេសចរណ៍ក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ក៏ប៉ុន្តែពេលនេះ ពួកគាត់ប្រែជាខកចិត្តទៅវិញ ពីព្រោះពួកគាត់មិនបានទទួលផលប្រយោជន៍អ្វីឡើយ ពីផែនការអភិវឌ្ឍរួមគ្នានេះ។
ជាងនេះទៅទៀត ធនធានធម្មជាតិក្នុងតំបន់ពួកគាត់រស់នៅអាស្រ័យផលចិញ្ចឹមជីវិតនោះ រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយការទាញយកផលមិនសមស្រប ពីសំណាក់ក្រុមឈ្មួញមានលុយ មានអំណាច ចូលមករកស៊ីល្មើសច្បាប់។
ក្រុមយុវជន ១០០រាត្រី លោក មួង សូនី ស្រាវជ្រាវឃើញថា អ្នកដែលទទួលផលចំណេញពីផែនការអភិវឌ្ឍនេះ គឺវៀតណាម។ ប្រទេសនេះមានឥទ្ធិពលខ្លាំងក្នុងការគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់ត្រីកោណពិសេសនេះ។ លោកថា ធនធានធម្មជាតិ ជាពិសេសឈើប្រណីតត្រូវឈ្មួញកាប់ដឹកចេញទៅខាងប្រទេសវៀតណាម ទោះឈើទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃអភិរក្ស ការពារដោយច្បាប់យ៉ាងណាក៏ដោយ ហើយសូម្បីតែដីខ្មែរនៅតាមព្រំដែននៃខេត្ត ទាំង៤របស់កម្ពុជានោះ ក៏វៀតណាមគ្រប់គ្រងភាគច្រើនដែរ តាមរយៈដីសម្បទានសេដ្ឋកិច្ច៖ «និយាយរួមតំបន់ត្រីកោណអភិវឌ្ឍសេដ្ឋកិច្ចពិសេសរួមគ្នានេះ គ្មានប្រយោជន៍អ្វីទាល់តែសោះដែលរដ្ឋាភិបាលកម្ពុជា គាត់សម្រេចចិត្តចូលរួមអភិវឌ្ឍជាមួយវៀតណាមនោះទេ ទី១ កម្ពុជាពុំទាន់មានលទ្ធភាពអភិវឌ្ឍតំបន់ព្រំដែនលើគ្រប់វិស័យឱ្យល្អដូចប្រទេសវៀតណាមទេ។ ទី២ ចំនួនប្រជាជនក៏អត់ច្រើនដូចប្រទេសវៀតណាមដែរ ដែលអាចបង្កភាពងាយស្រួលឱ្យវៀតណាមឈ្លានពានយកតំបន់ត្រីកោណក្នុងខេត្តទាំង៤របស់កម្ពុជា»។
ក្រុមអ្នកឃ្លាំមើលបរិស្ថាន ឱ្យដឹងថា តំបន់ភូមិភាគឦសានរបស់កម្ពុជា ជាតំបន់មួយដែលសំបូរទៅដោយសម្បត្តិធម្មជាតិដែលមានតម្លៃដ៏មហាសាល ដូចជាព្រៃឈើ រ៉ែមាស រ៉ែបុកស៊ីត សំណដែក ថ្មម៉ាប និងជាជង្រុកនៃអនុផលធម្មជាតិដ៏ធំ ព្រមទាំងជាតំបន់យុទ្ធសាស្ត្រសង្គ្រាមដ៏សំខាន់បំផុតក្នុងឥណ្ឌូចិន។
មកទល់ពេលនេះ មន្ត្រីរដ្ឋាភិបាលខ្មែរ និងពលរដ្ឋខ្មែរ បានសំដែងការយល់ឃើញស្របគ្នាថា ប្រទេសវៀតណាម គឺជាប្រភពចម្បងនៃវិនាសកម្មព្រៃឈើខ្មែរ។
ពលរដ្ឋម្នាក់ រស់នៅខេត្តមណ្ឌលគិរី លោក លឹម ព្រំយើយ។ លោកជាសកម្មជនបរិស្ថាន ដែលតែងតែឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិដទៃទៀត នៅតំបន់ភាគឦសាន ជាពិសេសតំបន់កន្ទុយនាគ ឧទ្យានជាតិវីរជ័យ និងតំបន់ត្រីកោណពិសេស ឬហៅថាតំបន់មុំ៣ (CLV)។ លោកបានឱ្យដឹងថា លោកបានចុះទៅតំបន់នោះជាញឹកញាប់ ជាពិសេសនៅខែប្រាំង។
លោកថា ទីនោះភាគច្រើនមានពលរដ្ឋជាជនជាតិដើមភាគតិចរស់នៅ ហើយចំណុចខ្លះគ្មានមនុស្សរស់នៅទេ គឺមានតែអ្នកចូលទៅស៊ីឈ្នួលកាប់ឈើ និងក្រុមប្រដាប់អាវុធខ្លះដែលចូលមកកាងការពារ ក្រុមរកស៊ីឈើល្មើសច្បាប់ដឹកចេញទៅប្រទេសវៀតណាម។ លោកថា ក្រោយពីមានកិច្ចព្រមព្រៀងរួមគ្នាដើម្បីអភិវឌ្ឍន៍ ពលរដ្ឋជាជនជាតិដើមភាគតិច មិនទទួលបានផលពីការអភិវឌ្ឍនេះឡើយ ដោយសារគ្មានផ្លូវ គ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់។ ពលរដ្ឋខ្មែរម្ចាស់ស្រុក ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន ពុំមានលទ្ធភាពទៅដល់តំបន់នោះឡើយ។ ដូច្នេះលោកថា មានតែអាជ្ញាធរវៀតណាម និងឈ្មួញឈើជាជនជាតិវៀតណាមទេ ដែលមានលទ្ធភាពរស់នៅតំបន់នោះបានស្រួល និងមានសិទ្ធិអំណាចពេញទីក្នុងការគ្រប់គ្រងកាន់កាប់តំបន់ព្រៃឈើប្រណីតនោះ ពីព្រោះខាងវៀតណាមមានផ្លូវថ្នល់ល្អស្អាតចូលមកដល់មាត់ច្រកតំបន់មុំបី ហើយមានសិទ្ធិចេញចូលមកទឹកដីខ្មែរដោយសេរី។ ចំណែកពលរដ្ឋខ្មែរវិញ គឺមិនអាចឆ្លងដែនចូលទៅខាងទឹកដីវៀតណាមនោះបានទេ ក្រៅតែពីជនជាតិដើមភាគតិចទើបអាចឆ្លងដែនចូលខាងវៀតណាមបានម្ដងម្កាល។ លោកបន្តថា ដោយឈរលើទិដ្ឋភាពដូចសព្វថ្ងៃនេះ លោកបារម្ភថា តំបន់ត្រីកោណពិសេសនោះ មិនយូរមិនឆាប់នឹងក្លាយទៅជារបស់វៀតណាមផ្ដាច់មុខ៖ «និយាយរួមទៅសព្វថ្ងៃនឹងវាហើយ ស៊ីដាច់គេតែម្ដងសម្រាប់កម្ពុជា វៀតណាម ឡាវ គឺថាវៀតណាមអំណាចហ្មងនៅតំបន់មុំ៣នោះ ព្រោះពួកយួននេះជាម្ចាស់ទំនិញ វាមានលុយវិនិយោគទុន ព្រៃឈើតំបន់ហ្នឹង សូម្បីឡាវ គៀបសង្កត់បាន ខ្មែរ គៀបសង្កត់បាន វាមានលុយអាចបញ្ជាយើងបានគ្រប់ទិសទីទាំងអស់ អ៊ីចឹងខ្ញុំគិតថាអនាគតទៅមុខដីតំបន់នោះទៅប្រទេសយួនអ្នកកាន់កាប់»។
លោកថាតំបន់នោះ នឹងមិនអាចអភិវឌ្ឍឱ្យចំគោលដៅ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រីក្រនោះទេ ដ៏រាបណាវៀតណាម នៅតែមានសិទ្ធិអំណាចខ្លាំង ក្នុងការគ្រប់គ្រងតំបន់នោះ ហើយក្រុមឈ្មួញកាប់ឈើ និងទាញយកធនធានធម្មជាតិដទៃទៀត មិនទាន់អស់ទាំងស្រុងពីតំបន់នោះ៖ «សេដ្ឋកិច្ចពិសេសតំបន់នោះ គឺឈើ… !! បើរឿងដំណាំដាំដុះមិនងាយទេបង ព្រោះតំបន់នោះគឺភ្នំ សូម្បីផ្លូវក្រវ៉ាព្រំដែនក៏ធ្វើដាច់ពីគ្នាដែរ គឺគេធ្វើមកដល់ជិតតំបន់ហ្នឹង កន្ទុយនាគ គឺគេផ្អាក ដោយគេមិនចង់ឱ្យមានផ្លូវស្អាតងាយ និងទទួលបានព័ត៌មានពីតំបន់ព្រៃហ្នឹងទេ អ៊ីចឹងគេសុខចិត្តទុកឱ្យតំបន់ព្រៃហ្នឹងមានផ្លូវលំបាក ងាយស្រួលឱ្យគេរកស៊ីរាល់ថ្ងៃដូចជាឈើ»។
ចំណែកលោក សៅ សុខា ប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ថ្មីៗនេះសំដែងការសោកស្តាយថា កម្ពុជាមិនត្រឹមតែបាត់បង់ធនធានធម្មជាតិតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួនទៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនបានប្រាក់ចំណូលពីការបាត់បង់ទាំងនោះទៅក្នុងឃ្លាំងថវិកាជាតិទៀតផង៖ «ខ្ញុំបាទទួលបានព័ត៌មានថា ប្រទេសជិតខាងយើងគេសល់ព្រៃ៦០ % នៃផ្ទៃដី ផ្ទុយទៅវិញគេទទួលបានចំណូលពីការនាំឈើចេញបានរាប់ពាន់លានដុល្លារ ចំណែកប្រទេសខ្មែរយើងព្រៃបាត់បង់លុយចូលក្នុងខ្ទង់ថវិកាជាតិអត់មាន នេះជាការខ្មាសអៀនមួយធំណាស់ដែលយើងជាកូនខ្មែរទាំងអស់គ្នា…»។
រីឯប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បញ្ជាក់ថា ការបង្កើតតំបន់ត្រីកោណពិសេសនេះឡើង ឈរលើទិដ្ឋភាព ៤ជាសំខាន់ គឺការកែប្រែព្រំដែនឱ្យក្លាយជាព្រំដែនមិត្តភាពសហប្រតិបត្តិការ ការផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមក ការដោះស្រាយបញ្ហាចរាចរគ្រឿងញៀនជាដើម។ ក៏ប៉ុន្តែនៅពេលដែលលោក បានទៅដល់តំបន់នោះកាលពីប្រមាណ២ឆ្នាំមុន លោកសង្កេតឃើញថា នៅខាងភាគីវៀតណាម មានការអភិវឌ្ឍន៍ជឿនលឿន ជាងខាងកម្ពុជា និងឡាវ ហើយតំបន់ព្រំដែននៃប្រទេសទាំងពីរនេះ ក្រៅពីមិនទាន់មានការអភិវឌ្ឍ ទីនោះក៏ជាតំបន់ប្រឈមនឹងគ្រោះថ្នាក់ផងដែរ៖ «តំបន់នោះបើយើងបានទៅ ថា ជាតំបន់មួយរសើបក៏ថាបាន ជាតំបន់គ្រោះថ្នាក់ក៏ថាបាន ឬថាជាតំបន់អភិវឌ្ឍក៏ថាបាន ព្រោះជាតំបន់ដោះដូរគ្រឿងញៀនគឺជាតំបន់ពិសេសមែនទែនព្រោះហូរពីឡាវមកតំបន់ហ្នឹង…ហើយខាងវៀតណាមមានការអភិវឌ្ឍខ្លាំង ចំណែកខាងយើង និងឡាវអត់មានអីទេ ផ្លូវក៏គ្មានដែរ»។
លោកបន្តថា ខាងកម្ពុជា និងឡាវ មកដល់ពេលនេះ សូម្បីតែផ្លូវទៅកាន់តំបន់មុំ៣នោះ ក៏ពុំទាន់មាននៅឡើយ ដូច្នេះការធ្វើដំណើរទៅកាន់តំបន់នោះមានការលំបាកមែនទែន ជាពិសេសនៅរដូវវស្សា គឺមិនអាចធ្វើដំណើរបានតែម្ដង ព្រោះត្រូវដើរកាត់ព្រៃយូរថ្ងៃ និងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៖ «តំបន់នោះជាទីស្ងាត់ ខ្ញុំដើរកាលពីឆ្នាំ២០១៧ យើងពឹងពាក់ផ្លូវវៀតណាមទេ ឡាវក៏អ៊ីចឹងដែរ តែដល់ចំណុចសូន្យឡាវប្រើប្រាស់ដីខ្មែរទេ សម្រាប់ធ្វើផ្លូវឆ្លងកាត់»។
លោកថា កក្តាដែលគ្មានពលរដ្ឋរស់នៅ គ្មានផ្លូវគមនាគមន៍ នេះ គឺជាឧបសគ្គធំ ក្នុងការអភិវឌ្ឍតំបន់នោះ ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើផ្លូវចេញពីទីរួមខេត្តទាំង ៤ របស់កម្ពុជា ឆ្ពោះទៅតំបន់មុំបីនោះ និងកំពុងសិក្សារកលទ្ធភាពធ្វើបន្តទៀត ដើម្បីឱ្យដល់តំបន់ត្រីកោណពិសេសនោះតែម្ដង ប៉ុន្តែលោកមិនទាន់អាចកំណត់បានថា នៅពេលណានោះទេ។
ក្រុមយុវជន ១០០រាត្រី នឹងចេញរបាយការណ៍ ស្ដីពីបញ្ហាលំបាករបស់ប្រជាពលរដ្ឋដែលមិនអាចរស់នៅទីនោះបានជាប់លាប់ និងបញ្ហាប្រឈមនានា ជាហានិភ័យដែលនាំឱ្យតំបន់ត្រីកោណពិសេសនោះអាចនឹងក្លាយជាតំបន់មួយដែលគ្រប់គ្រងផ្ដាច់មុខដោយអាជ្ញាធរវៀតណាម សម្រាប់ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាឡើងវិញក្នុងការដាក់ខេត្តខ្មែរជាប់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍រួមគ្នាជាមួយប្រទេសជិតខាង ដែលគេកំពុងមានប្រៀបខ្លាំងជាងខ្លួនយ៉ាងដូច្នេះ។
អាស៊ីសេរីបានព្យាយាមសុំសេចក្ដីអត្ថាធិប្បាយពីក្រុមមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាដែរ តាមគ្រប់មធ្យោបាយ ទាំងតាមហៅតាមទូរស័ព្ទ និងផ្ញើសារអេឡិចត្រូនិក(Email) ជាច្រើនលើក តែមិនទទួលបាន ការឆ្លើយតបណាមួយឡើយ។
ចំណែកអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា គេមិនអាចសន្និដ្ឋានថា ផែនការអភិវឌ្ឍតំបន់ត្រីកោណពិសេសនេះ បរាជ័យនោះឡើយ ពីព្រោះគម្រោងនេះមានច្រើនផ្នែក។ លោកទទួលស្គាល់ថា តំបន់ខ្លះមិនទាន់មានការអភិវឌ្ឍ ពលរដ្ឋមិនទាន់ទទួលបានផលពីកិច្ចព្រមព្រៀងនេះក៏ពិតមែន ដោយសារតំបន់នោះកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារនៃប្រទេសពាក់ព័ន្ធក្នុងការរៀបចំបង្គោលព្រំដែន៖ «យើងកំពុងផ្ចង់អារម្មណ៍អភិវឌ្ឍតំបន់ដែលមានមនុស្សច្រើនដែលជាផលប៉ះពាល់សេដ្ឋកិច្ច ដូច្នេះសេដ្ឋកិច្ចវាឈរជាមួយនឹងមនុស្ស ដូច្នេះបើតំបន់នោះមានមនុស្សតិចពេក ម្ល៉ោះហើយយើងនឹងមិនអភិវឌ្ឍទេ យើងទុកតំបន់នោះគ្រាន់តែធ្វើសកម្មភាពសម្រាប់មន្ត្រីកងកម្លាំងប្រដាប់អាវុធក្នុងការទទួលខុសត្រូវរៀបចំការពារព្រំដែនតែប៉ុណ្ណោះ»។
លោកអះអាងទៀតថា ការបញ្ចូលតំបន់អភិវឌ្ឍតាមព្រំដែន ការធ្វើពាណិជ្ជកម្មរួមជាមួយវៀតណាម និង ឡាវ នេះ នឹងមិនអាចឱ្យកម្ពុជា បាត់បង់អធិបតេយ្យនោះទេ។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបរិស្ថាន មើលឃើញថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ប្រទេសពាក់ព័ន្ធបានប្រព្រឹត្តិទៅជាង ១០លើកមកហើយ ចាប់តាំងពីមានកិច្ចព្រមព្រៀងបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ដើម្បីកែលម្អផែនការយុទ្ធសាស្ត្រ ជំរុញដល់យន្តការអនុវត្តជាក់ស្ដែង ប៉ុន្តែស្ថានភាពជាក់ស្ដែងវិញ គេពុំទាន់ឃើញប្រទេសដៃគូ កម្ពុជា និងឡាវ ទទួលបានផលដូចការរំពឹងទុកដូចក្នុងផែនការនោះឡើយ ក្រៅពីប្រទេសវៀតណាម។ ដោយយោងលើលទ្ធផលនេះ និងហេតុផលផ្សេងៗទៀត ជំរុញឱ្យមន្ត្រីសង្គមស៊ីវិល សុំឱ្យកម្ពុជាដកខ្លួនចេញពីគម្រោង CLV នេះ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យរឹងមាំជាមុនសិន ចាំគិតពិចារណារឿងការអភិវឌ្ឍរួមគ្នានេះឡើងវិញ ដើម្បីបញ្ចៀសហានិភ័យនានា ឬគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ព្រំដែនទៅថ្ងៃមុខ៕
បង្គោលព្រំដែននៅតំបន់ត្រីកោណ រវាងខេត្តរតនគិរីរបស់កម្ពុជា ខេត្តអត្តពឺរបស់ឡាវ និងខេត្តកន្ទូមរបស់វៀតណាម ក្នុងពិធីជួបគ្នានៃនគរបាលការពារព្រំដែនប្រទេសទាំងបី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុកស្នងការនគរបាលខេត្តរតនគិរី
ចំណុចព្រំដែននៅតំបន់ត្រីកោណ រវាងខេត្តរតនគិរីរបស់កម្ពុជា ខេត្តអត្តពឺរបស់ឡាវ និងខេត្តកន្ទូមរបស់វៀតណាម ក្នុងពិធីជួបគ្នានៃនគរបាលការពារព្រំដែនប្រទេសទាំងបី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុកស្នងការនគរបាលខេត្តរតនគិរី
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។