ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលអះអាងថាបានជួបសន្ទនាគ្នាតាមទូរស័ព្ទរាប់ម៉ោងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីលោក ហ៊ុន សែន បានវាយប្រហារតាមពាក្យសម្ដីយ៉ាងចាស់ដៃទៅលើលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង រឿងស្នើច្បាប់ការពារនាយករដ្ឋមន្ត្រី បានមានថេរដីកាក្នុងកម្មវិធីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី១៥ សីហា ថា បើតាមព្រះអង្គស្ទង់មើលជម្រៅចិត្តរបស់លោក ហ៊ុន សែន គឺគាត់គ្មានអ្វីចង្អៀតចង្អល់នឹងរឿងចង់ឲ្យមានច្បាប់នេះនោះទេ ប៉ុន្តែត្រូវតែមានលក្ខខណ្ឌ ដើម្បីចៀសវាងការបន្ទាបបន្ថោកដល់កិត្តិយសរបស់នាយករដ្ឋមន្ត្រី។
គំនិតចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រី ធ្លាប់ត្រូវបានលោកបណ្ឌិត កែម ឡី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងផ្ទាល់ធ្លាប់លើកឡើង។ ចុងក្រោយ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានស្នើដែរ ប៉ុន្តែស្រាប់តែត្រូវលោក ហ៊ុន សែន ខឹងដាច់ក្បាលដាច់កន្ទុយថែមទៀតផង។ ប៉ុន្តែព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ហាក់ស្គាល់ពីជម្រៅចិត្តពិតរបស់លោក ហ៊ុន សែន។ ព្រះអង្គបង្ហើបឲ្យដឹងថា បន្ទាប់ពីព្រះអង្គបានសន្ទនាតាមទូរស័ព្ទជាមួយលោក ហ៊ុន សែន អំពីរឿងនេះមក ព្រះអង្គអាចសន្និដ្ឋានបានថា លោកនាយករដ្ឋមន្ត្រីក៏មិនជាជំទាស់ដែរក្នុងរឿងស្នើច្បាប់នេះ តែលោកចង់ឲ្យដំណើរការស្នើ និងតាក់តែងច្បាប់នេះ ធ្វើឡើងដោយក្រុមជនដែលមិនពាក់ព័ន្ធនឹងនយោបាយ៖ « គាត់ថាត្រូវ ក៏ប៉ុន្តែមានតួអង្គសំខាន់ អាត្មាមើលឃើញថាមិនមែនសង្គ្រោះជាតិ អ្នកស្នើ ហើយក៏មិនមែនគណបក្សប្រជាជន ខ្លួនគាត់អ្នកស្នើនោះដែរ។ អ្នកដែលស្នើនោះ ត្រូវតែជាតួអង្គអ្នកបង្កើតសន្តិភាពសម្រាប់ជាតិ ដោយមិនមែនមានតែម្នាក់នោះទេ គឺមានតួអង្គច្រើនដែលអាចធានានៃដំណើរការស្នើច្បាប់ហ្នឹងឲ្យមានប្រសិទ្ធភាព ហើយធ្វើដោយមានការព្រមព្រៀងគ្នាជាលក្ខខណ្ឌច្បាស់ការណ៍មួយ មិនមែនដើម្បីចំអក ឬដើម្បីចំណេញនយោបាយនោះទេ។ ត្រូវតែធ្វើដើម្បីប្រយោជន៍ជាតិ ទើបគាត់ព្រម »។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាបន្ថែមទៀតថា តួអង្គអ្នកបង្កើតសន្តិភាពដែលអាចស្នើច្បាប់ឲ្យត្រូវចិត្តលោកនាយករដ្ឋមន្ត្រីបាន គឺទាល់តែមានសមាសភាពមេដឹកនាំសាសនាផ្សេងៗចូលរួមផងដែរ មិនមែនស្នើតែម្នាក់ឯងឆ្កុយដូចលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្វើតាមរយៈលិខិតចំហរបស់លោកនោះទេ។ ការធ្វើបែបនេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ យល់ថា ខ្វះគុណវុឌ្ឍិ ឬគុណសម្បត្តិគ្រប់គ្រាន់ដើម្បីមានទម្ងន់លើចិត្តរបស់លោក ហ៊ុន សែន។

លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានសរសេរលិខិតចំហមួយផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលោកស្នើទៅរដ្ឋសភាឲ្យបង្កើតច្បាប់មួយ ដើម្បីការពារនាយករដ្ឋមន្ត្រីដែលផុតអាណត្តិរបស់ខ្លួន ឲ្យមានអភ័យឯកសិទ្ធិ និងដំឡើងគោរមងារជាវីរបុរសជាតិ។ ប៉ុន្តែក្នុងថ្ងៃដដែលនោះ ក៏ត្រូវបានលោក ហ៊ុន សែន តបមកគាត់វិញយ៉ាងជូរចត់។ លោក ហ៊ុន សែន ត្រូវបានកាសែតក្នុងស្រុកដែលស្និទ្ធនឹងបក្សកាន់អំណាច ដកស្រង់សម្ដីវាយប្រហារលោកព្រឹទ្ធាចារ្យដោយប្រើពាក្យធ្ងន់ៗ ចាត់ទុកសំណើរបស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថាជាឧបាយកលទុច្ចរិត ជាការស្រមើស្រមៃរបស់មនុស្សចាស់វង្វេងសតិតែប៉ុណ្ណោះ និងគ្មានបានការអ្វីនោះឡើយ។ លោក ហ៊ុន សែន បានបន្តថា សំណើចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីដ៏ស្មោកគ្រោកបែបនេះ លោកធ្លាប់បានទទួលរួចហើយកាលពីប៉ុន្មានឆ្នាំមុន វាជាការប្រមាថដ៏ធ្ងន់ធ្ងរដល់គណបក្សប្រជាជនកម្ពុជា ដែលវាជាការបង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងត្រៀមចាញ់ និងបក្សប្រឆាំងកំពុងត្រៀមត្របាក់យកជ័យជម្នះដូចក្រពើខ្លាត្រៀមត្របាក់ចំណី។
ចំពោះព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ការណ៍ដែលលោក ហ៊ុន សែន ខឹងខ្លាំងរហូតហ៊ានប្រមាថកាតទានដល់លោកព្រឹទ្ធាចារ្យដែលមានវ័យ ៧៧ឆ្នាំទៅហើយនេះ គឺដោយសារបំណងល្អរបស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្វើមិនយល់កាលៈទេសៈ៖ « អាត្មាយល់ថាពេលដែលញោមនាយករដ្ឋមន្ត្រីមានសុខភាពមិនសូវស្រួល ហើយផ្លូវអារម្មណ៍របស់គាត់កំពុងតានតឹង ហើយយើងលើកបញ្ហាហ្នឹងទៅនិយាយ ប្រាកដណាស់ខឹងហើយ ព្រោះមនុស្សកំពុងមានអារម្មណ៍មួយមិនសូវសប្បាយ។ ហើយលើកក្រោយការបោះឆ្នោតឃុំ - សង្កាត់ ពេលលទ្ធផលរបស់គាត់ហ្នឹង វាមិនសូវល្អ »។
ថ្វីត្បិតតែលោកនាយករដ្ឋមន្ត្រីប្រកែកដាច់អហង្ការពេលដែលបានឃើញសំណើលោក លឺ ឡាយស្រេង ភ្លាម បើតាមប្រសាសន៍លោក សម រង្ស៊ី និងថេរដីការបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ហ៊ុន សែន ក៏ចង់ឲ្យមានច្បាប់នេះដែរ។ លោក សម រង្ស៊ី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរី នៅថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះថា លោក ហ៊ុន សែន បានស្នើចង់ឲ្យមានច្បាប់នេះរហូតដល់ទៅពីរដងកាលពីឆ្នាំ២០១៤ ហើយគណបក្សសង្គ្រោះជាតិ ក៏មិនជំទាស់ដែរ ប៉ុន្តែដោយសារសំណើនេះត្រូវដឹងឮជាសាធារណៈ ទើបលោក ហ៊ុន សែន ខឹងខ្លាំង៖ « ដល់គេយកមកនិយាយតាំងខឹងគេ ថាទេ មិនគួរយកមកនិយាយ។ បើគាត់និយាយយ៉ាងច្បាស់រហូតដល់ទៅពីរលើក មានគំនិតស្នើអ៊ីតចឹងមែន ហើយយើងមិនបដិសេធទេ គ្រាន់តែយើងចាប់ផ្តើមគិតគូរ ពីព្រោះវាមិនមែនអាទិភាពអ្វីភ្លាមឥឡូវហ្នឹងទេ កាលហ្នឹងនោះ។ គំនិតហ្នឹងយើងមិនបដិសេធទេ តែយើងជំរុញឲ្យរដ្ឋសភាដំណើរការសិន ឲ្យមានយន្តការដើម្បីធ្វើច្បាប់ហ្នឹង ប៉ុន្តែស្ថានការណ៍វាប្រែប្រួលលឿនណាស់កាលហ្នឹង អ្នកខ្លះច្រឡោតតោតតូងរឿងនេះរឿងនោះទៅ វាប្រែប្រួលអាទិភាព »។
កាលនៅរស់ ពោលគឺបីឆ្នាំនៅមុនគេបាញ់សម្លាប់គាត់ លោកបណ្ឌិត កែម ឡី នឹកស្រមៃចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីនេះដែរ ដោយសារលោកមិនចង់ឃើញវប្បធម៌សងសឹកគ្នារវាងខ្មែរ និងខ្មែរ ដែលមិនចេះចប់មិនចេះហើយរាប់ជំនាន់មកនេះ។ លោកបណ្ឌិត កែម ឡី កាលណោះលើកឡើងថា ច្បាប់នេះនៅមិនទាន់យឺតពេលនៅឡើយទេ បើចង់ធ្វើ៖ « ស្រុកខ្មែរយើងដោយសារតែយើងមាននយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ទាល់តែរៀបចំច្បាប់មួយទៀតគឺកញ្ចប់សុវត្ថិភាពតែម្តង។ អាហ្នឹងបានយើងអាចជួយបាន ឲ្យអ្នកនោះក្លាហាននៅក្នុងការចុះចេញពីតំណែងនៅពេលដែលចាញ់ឆ្នោត »។
ទោះជាយ៉ាងនេះក្តី ពលរដ្ឋនៅក្រុងភ្នំពេញ ម្នាក់ដែលបានហៅទូរស័ព្ទចូលរួមក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនោះ គឺលោកស្រី សម្បូរ មិនយល់ស្របឲ្យមានច្បាប់ការពារអ្នកកាន់អំណាចដែលប្រព្រឹត្តបំពានច្បាប់ អាងខ្លួនកាន់អំណាចនោះទេ។ លោកស្រីចោទជាសំណួរថា តើមានយុត្តិធម៌ត្រង់ណា បើធ្វើច្បាប់ការពារមន្ត្រីដែលប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់? តើការធ្វើច្បាប់បែបនេះ វាមិនកាន់តែធ្វើឲ្យអ្នកកាន់អំណាចបានដៃធ្វើបាបប្រជាពលរដ្ឋ និងបំពានច្បាប់កាន់តែធ្ងន់ទេឬយ៉ាងណា? ចំពោះលោកស្រី សម្បូរ ច្បាប់ការពារប្រជាពលរដ្ឋទន់ខ្សោយមានសារសំខាន់ជាងច្បាប់ការពារអ្នកកាន់អំណាចដែលប្រព្រឹត្តខុស៖ « ពេលមានច្បាប់ហ្នឹង តើអ្នកណាដែលការពារប្រជាពលរដ្ឋ ? តើមានភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែរ ? ខ្ញុំចង់ឲ្យធ្វើច្បាប់ឲ្យការពារប្រជាពលរដ្ឋ ដូចជានៅខេត្ត ឬក្រុងក៏ដោយ ដែលមានអំពើប្លន់យកដីរាស្ត្រ ធ្វើបាបប្រជាពលរដ្ឋ ត្រូវតែចាប់ចៅហ្វាយខេត្ត ឬចៅហ្វាយក្រុងនៅកន្លែងហ្នឹងដាក់គុកទៅ អាហ្នឹងហើយបានការពារប្រជាពលរដ្ឋ »។
តបទៅនឹងគំនិតផ្ដួចផ្ដើមចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃពុធ ទី១៦ សីហា បានប្រាប់កាសែតក្នុងស្រុកថា៖ « ជាចេតនាទុច្ចរិតបំភាន់មតិសាធារណៈឲ្យយល់ច្រឡំថា នាយករដ្ឋមន្ត្រីនៅក្នុងតំណែងបច្ចុប្បន្ន បានធ្វើឲ្យមានកំហុសធ្ងន់ធ្ងរចំពោះប្រទេសជាតិ »។ លោកបន្តថា « គំនិតផ្ដួចផ្ដើមនេះជាក្បួនយកឈ្នះគណបក្សប្រជាជនកម្ពុជា ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យជាធរមាននៅកម្ពុជា។ បញ្ហាសាមញ្ញសោះ មូលហេតុអ្វីបានជាចង់បង្កើតឲ្យមានការស្មុគស្មាញម្ល៉េះ ? ច្បាប់មានរួចហើយ ម៉េចមិនអនុវត្ត ?»។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) យល់ថា គួរមានទាំងច្បាប់ការពារនាយករដ្ឋមន្ត្រី និងច្បាប់ការពារសំណងដល់ជនរងគ្រោះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីដែលត្រូវបានការពារនោះផងដែរ។ លោក ប៉ា ងួនទៀង បន្ថែមថា ការរម្លត់កំហឹង គឺមិនមែនទាល់តែសងសឹក កាប់សម្លាប់ ចោទប្រកាន់ ឬវាយដំច្រំធាក់គ្នានោះទេ។ សំណងតាមរយៈរដ្ឋ អាចជាមធ្យោបាយផ្សះផ្សាមួយបាន ដោយអ្នកនយោបាយគួរចាប់ផ្តើមជជែក និងស្វែងរកគំរូអនុវត្តនៅប្រទេសដទៃដើម្បីឲ្យត្រូវនឹងបរិបទស្រុកខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។