មន្ត្រី​យោធា​​កម្ពុជា​​បញ្ជាក់​​ថា ពិត​ជា​​មាន​​ការ​បូមខ្សាច់​​ស្តារ​ជម្រៅ​ទឹក​​សមុទ្រ​​នៅ​មូលដ្ឋាន​​ទ័ពជើង​ទឹក​​រាម​​មែន​

0:00 / 0:00

មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បញ្ជាក់​ថា ពិតជា​មាន​សកម្មភាព​បូមខ្សាច់​ស្តារ​ជម្រៅទឹក​សមុទ្រ​នៅមូលដ្ឋាន​កងទ័ពជើងទឹក​រាម​ប្រាកដមែន ពីព្រោះ​ជម្រៅ​ទឹក​នៅទីនោះរាក់ មាន​ត្រឹមតែជាង ២ម៉ែត្រ។ យ៉ាងណា មន្ត្រី​រូបនោះ​អះអាង​ថា ការបូម​ខ្សាច់​ស្តារ​ជម្រៅ​ទឹកសមុទ្រ​នៅទីនោះ នឹង​មិនអាច​ធ្វើលើស​ពីជម្រៅ​ជ្រៅ​បំផុត ៥ ទៅ ៦ ម៉ែត្រ​បានទេ ដោយសារ​កត្តាទីតាំងធម្មជាតិ​នៅទីនោះ​មិនអាច​ធ្វើ​ជ្រៅជាងនេះបាន។

ប្រធាន​គម្រោង​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ដែល​កំពុង​រងទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមករាថា ពិតជា​មាន​សកម្មភាព​បូមខ្សាច់​នៅ​កំពង់ផែរ​កងទ័ពជើងទឹក​រាម​មែន​ដើម្បី​សម្អាត​ដីល្បាប់​ដែល​មាន​ច្រើន​នៅទី​នោះ៖​« បាទ ឥឡូវនេះ គឺជា​ការពិត ព្រោះគេ​កំពុងតែ​ដូចជា​មាន​ការស្តារ​បូមខ្សាច់​បូមអី ដើម្បី​ធ្វើ​ច្រក​ធ្វើអី ។ អាហ្នុង​របស់​ក្រសួងការពារជាតិ គេបញ្ជូន​មក​ជួយ​ធ្វើការ បញ្ជូន​មកជួយ​បូម​ជួយ​អី ស្តារ​ផ្លូវ​ច្រក​ឱ្យ​ចេញ​ចូល​ស្រួល ប៉ុន្តែ​កន្លែង​ហ្នុង​វា​រាក់ណាស់ ចូលមិន​កើតទេ​តាមមើលទៅ។ បើចង់​ស្តារ​វាទាល់តែ​អស់លុយ​ច្រើនណាស់ ព្រោះ​ទឹក​វារាក់​តែ​២ម៉ែត្រ​ជាង ។ មិនច្បាស់​ថា ​ [ បូម ] ចប់​ពេលណា​ទេ គេចេះតែ​ធ្វើតិចៗ​ជាមួយ​កងទ័ព​ជើងទឹក ។ ម៉ាស៊ីនបូម​ដូចមាន​តែមួយទេ តែម៉ាស៊ីន​ដឹក​ខ្សាច់​​ដូចមាន​​ប៉ុន្មានដែរ​អត់ច្បាស់ទេ »

US_Overview-dredgers-at-Ream-1-16-22.jpgOpens in new window
រូបភាពពីផ្កាយរណបបង្ហាញពីសកម្មភាពរបស់​​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ រូប៖ CSIS/AMTI

ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ កើតមាន​ឡើង​ក្រោយពេល​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​ដ៏មាន​ឥទ្ធិពល​របស់​អាមេរិក ហៅកាត់ថា CSIS តាមរយៈ​គម្រោង​គំនិតផ្តួចផ្តើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative, AMTI) បាន​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប​មួយ​កាលពី​ថ្ងៃទី២១ ខែមករា ថា ផ្អែក​តាម​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប មានម៉ាស៊ីន​បូមខ្សាច់​ខ្នាតធំ​ពីរគ្រឿង​អម​ដោយ​សាឡាង​ដឹកខ្សាច់​មួយ​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​មូលដ្ឋាន​កងទ័ព​ជើងទឹករាម។ របាយការណ៍​ដដែល​បន្តថា គេ​មិនដឹងច្បាស់​អំពី​វិសាលភាព​នៃ​ការបូម​ខ្សាច់​ដែល​បាន​គ្រោងទុក​នេះទេ ប៉ុន្តែ នេះ​ជា​ការអភិវឌ្ឍន៍​ដ៏សំខាន់​មួយ​ក្នុងការ​ពង្រីក​សមត្ថភាព​មូលដ្ឋាន​កងទ័ព​ជើងទឹករាម។ ស្ថាប័ន​ស្រាវជ្រាវ​របស់​អាមេរិក​ដដែល​ពន្យល់​ថា ទឹករាក់​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​នាពេល​បច្ចុប្បន្ន​នេះ អាច​ទទួល​សំចត​បាន​តែ​នាវា​ល្បាត​ខ្នាតតូច​តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កំពង់ផែ​ទឹកជ្រៅ នឹង​កាន់តែ​មាន​ប្រយោជន៍​ដល់​កងទ័ពជើងទឹក​កម្ពុជា និង​ចិន ដែល​អាច​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន។

ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់នេះ ប្រធាន​គម្រោង​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម លោក ចៅ ភិរុណ អះអាង​ថា ការបូមខ្សាច់​ស្តារ​ជម្រៅទឹកសមុទ្រ​នេះ​អាចធ្វើបាន​ជ្រៅបំផុត ត្រឹមតែ ៥ទៅ៦ម៉ែត្រ​តែប៉ុណ្ណោះ ហើយ​ក៏មិនអាច​បម្រើ​ឱ្យ​មូលដ្ឋាន​ទ័ព​បរទេស​នោះដែរ ពីព្រោះ​ទីតាំងនោះ សំបូរ​ទៅដោយ​កោះ ភ្នំ និង​មាន​ថ្ម​នៅបាត​សមុទ្រ៖ « កន្លែង​ស្តារ​នោះ​វាប៉ះពាល់​បរិស្ថាន វា​ប៉ះពាល់​អីច្រើនណាស់។ អ៊ីចឹង​គឺ​ការស្តារ​នេះ​មិនអាច​ប្រព្រឹត្តិទៅ​តាម​ការចង់​ជ្រៅ​អីបាន​ទេ ពីព្រោះ​កន្លែង​នេះ​ជាកន្លែង​ដែល​ជា​ជម្រក​សត្វ​សមុទ្រ ត្រី វារីជាតិ វារី​សមុទ្រ។ វា​ពិបាក​ណាស់​កន្លែង​នេះ បើយើង​ធ្វើ​ទៅ​វា​ប៉ះកោះ ប៉ះអី​ច្រើនណាស់ កោះនៅ​ជុំវិញ​ហ្នុង​ទាំងអស់។ ហើយ​ជើងកោះ​វា​ទ្រេល​មក យើង​ខួងទៅ​វាប៉ះថ្ម​ប៉ះអី​បាត​សមុទ្រ។ បើ​ថ្ម​តើ​យើង​ទៅធ្វើម៉េច ? មិនបាន​ទេ ព្រោះពិបាក ហើយ​ចំណាយ​លុយច្រើន។ បើធ្វើ​ទាល់​តែ​រកកន្លែង​ទឹកជ្រៅ។ កន្លែង​រាក់ដូច្នេះ ធ្វើ​មិន​កើតទេ។ កន្លែងនេះ​បានតែ​ចេញចូល។ បើធ្វើ​ទាល់តែ​លម្ហ​សមុទ្រ​នៅ​ខាងក្រៅ ទើបអាច​ធ្វើបាន ... ។ ខ្ញុំថា​បើធ្វើបាន​ប្រហែលជា ៥ ទៅ ៦ម៉ែត្រ​ទេ​អស់​ហើយ។ មិនដល់​ផងយ៉ាង។ ពីព្រោះ​វា​ទើសភ្នំ ទើសថ្ម ពិបាកណាស់។ មានតែ​នាវា​តូចៗចូលបាន​នាវាធំៗចូលមិនបាន​ទេ។ បើធ្វើជា​មូលដ្ឋាន​អីក៏ទៅមិនរួចដែរ »

មន្ត្រី​ក្រសួង​ការពារជាតិ​ដដែលបដិសេធ​ថា គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹករាម​ដែលជា​ជំនួយ​របស់​ចិន​នេះ អាច​នឹង​ត្រូវ​ចិន​ប្រែក្លាយ​ជា​មូល​ដ្ឋាន​​ទ័ព​ជើងទឹក​របស់​ខ្លួន​នាពេល​អនាគត​នោះ។ លោកអះអាង​ថា អ្វីដែល​ចិន​កំពុង​ជួយ​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ដើម្បី​ឱ្យ​កងទ័ព​ជើងទឹក​កម្ពុជា​មាន​កន្លែង​ជួសជុល​នាវា​ខ្នាត​តូច​របស់​ខ្លួន ដែល​កន្លងមក​កម្ពុជា​ត្រូវ​​អូសនាវា​ទាំងនោះ​យកទៅ​ជួសជុលនៅ​ប្រទេស​ជិតខាង ដូចជា វៀតណាម​ (Vietnam)​ ថៃ​ (Thailand) ​និង​​ម៉ាឡេស៊ី ​(Malaysia) ជាដើម៖ « ឥឡូវគេជួយធ្វើដូច្នេះ ត្រឹមនាវា​ស្រាល​តូចៗ ត្រឹម ១០០ ២០០ ទៅ ៣០០តោន ដែល​ជា​នាវា​កម្ពុជា​យើងមាន។ កម្ពុជា​មាន​ជា​នាវា​តូចៗ​ត្រឹមរត់តាម intercept តាមឆ្នេរ មិនអាច​ទៅអន្តរជាតិ​បាន​ទេ។ អត់ទៅដល់​ព្រំដែនទេ។ គេធ្វើឱ្យយើង​ក៏ទៅតាម​ហ្នុងបានដែ ។ គេធ្វើដើម្បី​អាចបណ្តុះបណ្តាល​អ្នកបច្ចេកទេស​ជួសជុល​ម៉ាស៊ីន ជួសជុល​ប្រព័ន្ធផ្សេងៗដែលទាក់ទង​គ្រឿងបំពាក់នៅលើ​នាវា ដូចជា​រ៉ាដា វិទ្យុទាក់ទង កាំភ្លើងយន្ត កាំភ្លើងធំ​ដែលមាន​នៅលើ​នាវា​របស់​យើងឱ្យ​យើងចេះ​ជួសជុល។ ឱ្យយើងចេះធ្វើប្រើប្រាស់បាន ពីព្រោះបើរំពឹង​អូសទៅស្រុកគេ វាថ្លៃ ហើយ​គេមិនចង់ធ្វើទៅទៀត ពីព្រោះ​វា​ខុសនឹង​កិច្ចព្រមព្រៀង »

Ream_port_in_16_01_2022_02.jpg
រូបភាពពីផ្កាយរណបបង្ហាញពីសកម្មភាពរបស់​​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ រូប៖ CSIS/AMTI

មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូបនេះ បន្ត​ថា ចិន​មិន​អាច​មក​បោះទ័ព​នៅ​កម្ពុជា ឬ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​បាន​ទេ ពីព្រោះ​ការធ្វើ​ដូច្នេះ​ខុសនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ក៏ប៉ុន្តែ លោកថា កម្ពុជា​អាច​មានសិទ្ធិ​ទទួល​ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល និង​ការផ្តល់​ជំនួយ​យោធា​ពី​បរទេស​បាន។ ទន្ទឹមនឹងនេះ លោក ចៅ ភិរុណ ក៏បាន​បដិសេធដែរ​ថា មិនមាន​វត្តមាន​មន្ត្រី​យោធា ឬកងទ័ព​ចិន​កំពុង​ឈរជើង​នៅ​កំពង់ផែរ​កងទ័ព​ជើងទឹក​នាពេល​បច្ចុប្បន្ននេះ​ឡើយ តែ​មាន​ត្រឹមតែ​ជា​កម្មករ ឬ​អ្នកបច្ចេកទេស​ចិន ដើម្បី​អនុវត្ត​គម្រោង​ប៉ុណ្ណោះ៖ « ខ្ញុំ​មើលទៅ​នេះ​វាគឺជា​ការចោទប្រកាន់​ទេ។ តាមពិតទៅ​អត់មាន​មន្ត្រី​យោធា​ចិនទេ។ មាន​តែ​មន្ត្រី មិនមែន​មន្ត្រីទេ តែ​ដូចជា​អ្នកបច្ចេកទេស វិស្វករ គេមក​ជួយ​ធ្វើនេះ​ធ្វើនោះ​អ៊ីចឹង​ទៅ ជួយ​គូសវាស​ប្លង់ ផ្លូវ​អីជាដើម។ គេ​ជួយសិក្សា គេជួយ​ស្ទង់​ជួយ​មើល​ថាតើ​ធ្វើតាម​ផ្លូវ​ណា ធ្វើបាន​ឬមិនបាន​អីចឹង ពីព្រោះ​ខ្មែរ​យើង​មាន​ពីណា​ចេះ ខាង​ជើងទឹក​ខ្មែរ​យើង​វាខ្សោយ។ កម្លាំងខ្ញុំ​មិន​ច្បាស់​ដែរ​ពីព្រោះ​កម្លាំងនេះ គេចេញចូល​ៗ​ទេ។ វា​មិនមែន​ជា​កម្លាំង​ទាហ៊ាន​ទេ តែ​ជា​កម្លាំង​កម្មករ។ ជា​កម្មករ​ក្រុមហ៊ុន​ដែល​ក្រសួង​ការពារ​ជាតិ​ចិន​គេ​ដេញថ្លៃ​ត្រូវ។ ចប់​តួនាទី​គេ​គេ​ត្រលប់​ទៅវិញទៅ។ មកជួនកាល​ម្តង ១០ ទៅ២០នាក់អីទៅ។ ឱ្យ​បោះទ័ព​ឱ្យ​ឈរជើង​អីគឺ​អត់មាន​ទេ »។

សារព័ត៌មាន​​របស់​​អាមេរិក The Wall Street Journal កាល​ពី​​ខែកក្កដា ឆ្នាំ២០១៩ បាន​ស្រង់​​សម្ដី​​ប្រភព​​ពី​​មន្ត្រី​​អាមេរិក​​មួយ​ចំនួន ដែល​​អះអាង​​ថា រដ្ឋាភិបាល​​កម្ពុជា និង​​ចិន បាន​​ចុះ​​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​​អនុញ្ញាត​​ឱ្យ​​ចិន​​ប្រើប្រាស់​មូលដ្ឋាន​​កង​ទ័ព​​ជើងទឹក​​រាម​​របស់​​កម្ពុជា​​ក្នុង​​រយៈពេល ៣០ ឆ្នាំ និង​​អាច​​បន្ត​​រយៈពេល ១០ ឆ្នាំ​​ម្តង​​បន្ទាប់​​ពី​​នោះ​។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​​នេះ ចិន​​អាច​​ដាក់​​កងទ័ព សព្វាវុធ និង​​នាវា​​យោធា​​របស់​​ខ្លួន​​នៅ​​មូលដ្ឋាន​​កងទ័ព​ជើងទឹក​​រាម​​របស់​​កម្ពុជា។ ក៏ប៉ុន្តែ ព័ត៌មាននេះ​ត្រូវ​កម្ពុជា​ច្រានចោល​យ៉ងដាច់​អហង្ការ និង​ចាត់ទុក​ថា​ជា​ព័ត៌មាន «ក្លែងក្លាយ»។

ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក​តែង​លើកឡើង​ពីកង្វល់​របស់​ខ្លួន​ជុំវិញ​បញ្ហានេះ​ ដែល​សហរដ្ឋអាមេរិក​អះអាងថា ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ផលប្រយោជន៍​​​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ សហរដ្ឋអាមេរិក នៅ​តែបន្ត​ជំរុញ​ឱ្យ​កម្ពុជា​រក្សា​តុល្យភាព​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន និង​បង្ហាញ​តម្លាភាព​ក្នុងរឿង​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹករាម​នេះ។ កាលពី​ចុងឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​យោធា​កម្ពុជា​ពីររូប គឺ​នាយឧត្តមសេនីយ៍ ចៅ ភិរុណ ដែល​មាន​តួនាទី​ជាអគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ និង​នាយឧត្តមនាវី ទៀ វិញ ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ដោយសារតែសហរដ្ឋអាមេរិកចោទ​​មន្ត្រី​ទាំងពីររូបនេះ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ «ធ្ងន់ធ្ងរ» ក្នុង​គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ។ លើសពីនេះទៀត សហរដ្ឋអាមេរិក​ក៏​បាន​បន្ថែម​ទណ្ឌកម្ម​បញ្ឈប់​ការលក់ ឬ​រឹតត្បិត​អាវុធ​ផលិតដោយ​អាមេរិក​មកឱ្យ​កម្ពុជា​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។