ក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្ដាយក្នុងសេចក្តីថ្លែងការណ៍ ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលថា យោធាកម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចរបស់ខ្លួន ក្នុងការពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមនោះ។
ក្រសួងការពារជាតិ ក្រុមការងារសម្របសម្រួលក្រសួងការពារជាតិ បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបានកំណត់ និងការព្រមព្រៀងគ្នា។ ក្រសួងថា សកម្មភាពសំខាន់ៗមួយចំនួន រួមមានជំនួបពិភាក្សាការងារ ដែលស្នើដោយភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអគារសង់ថ្មី ២ ខ្នង សម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវា របស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ នៅកោះព្រាប។
ក្រសួងការពារជាតិចោទថា ក្រៅពីទីកន្លែងទាំងប៉ុន្មានខាងលើ ដែលបានស្នើ និងបានឯកភាពគ្នា ភាគីអាមេរិកបានបង្កើតសេណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែលពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរព ចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលាក់ការណ៍របស់កងទ័ព ក្រុមការងារបានបដិសេធចំពោះសំណើថ្មីនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនេះ ជាការឆ្លើយតបនឹងស្ថានទូតដែលអាមេរិកនៅកម្ពុជា ដែលបានស្នើទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមជាថ្មីម្តងទៀត ដោយសារតែភាគីកម្ពុជាមិនឲ្យមន្រ្តីយោធាទូតពិនិត្យទីតាំងយោធានោះឲ្យបានពេញលេញ។ ខាងភាគីកម្ពុជានិងអាមេរិកមិនបានបញ្ជាក់ ពីទីតាំងដែលទាហានខ្មែរហាមឃាត់ប្រតិភូយោធា អាមេរិកមិនឲ្យចូលនោះទេ។ ភាគីខ្មែរគ្រាន់តែអះអាងថា ទីតាំងដែលអាមេរិកចង់ពិនិត្យ មិនចាំបាច់ ដែលវាអាចប៉ះពាល់ដល់ការសំងាត់របស់យោធាខ្មែរ។
ស្ថានទតអាមេរិកមិនទាន់ឆ្លើយតបនឹងសំណួរអាស៊ីសេរីជុំវិញការចោទប្រកាន់របស់ក្រសួងការពារជាតិខ្មែរ កាលពីថ្ងៃទី១២ ខែមិថុនានៅឡើយទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពលោក វណ្ណ ប៉ុណ្ណា មានប្រសាសន៍ថា ទំនាក់ទំនង កម្ពុជា និងអាមេរិក គេមើលឃើញថា ហាក់មានភាពល្អប្រសើរឡើងវិញខ្លះ នៅពេលមានដំណើរទស្សនកិច្ចរបស់អ្នកស្រី វិនឌីស្សឺមេន (Wendy Sherman) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅកម្ពុជា។ ប៉ុន្តែការឆ្លើយឆ្លងគ្នាចុងក្រោយនេះ ពាក់ព័ន្ធនឹងមន្ត្រីអនុព័ន្ធយោធាអាមេរិក ទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹកនៅរាម ខេត្តព្រះសីហនុ មិនទទួលបានលទ្ធផលល្អ។ លោកថា កម្ពុជាគួរមានការសម្របសម្រួលជាមួយអាមេរិកពាក់ព័ន្ធតម្លាភាពនៅមូលដ្ឋានកងទ័ពជើងទឹកនៅរាម ដើម្បីឲ្យស្ថានភាពទាំនាក់ទំនង នៃប្រទេសទាំងពីរមានភាពល្អប្រសើរឡើងវិញ។
លោកជឿថា កម្ពុជាអាចធ្វើបាន បើសិនជាមេដឹកនាំតម្កល់ផលប្រយោជន៍រួម គិតប្រជាពលរដ្ឋជាធំនោះ បើមិនដូច្នេះទេ ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា អាមេរិក នឹងជួបវិបត្តិធំ៖ «ជារួមទៅត្រូវធ្វើឲ្យតម្លាភាពមែនទែន បញ្ជាក់ឲ្យច្បាស់ថា ពិតជាមានការរៀបចំឲ្យមានវត្តមានកងទ័ពចិនមែនអត់? បើមិនអញ្ចឹងទេ ទំនាក់ទំនងយោធានៃប្រទេសទាំងពីរនឹងស្ថិតក្នុងភាពមួយដែលអាក្រក់មែនទែន»។

ចំណែក សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា លើកឡើងថា ការប្រកាសរបស់ស្ថានទូតអាមេរិកនេះ គឺបង្ហាញពីការមិនទាន់អស់ចិត្តចំពោះដំណើទស្សនកិច្ចរបស់មន្ត្រីយោធាអាមេរិក ប៉ុន្តែភាគីកម្ពុជា មានសិទ្ធិក្នុងការរក្សាការសម្ងាត់ចំពោះកិច្ចការសំខាន់ៗ ដូចជា កិច្ចការសន្តិសុខជាតិជាដើម។ ទោះជាយ៉ាងណា លោកយល់ថា ដំណើរទស្សនកិច្ចដែលត្រូវបានបន្ទច់ បង្អាក់ បែបនេះ នឹងមិនអាចលាងជម្រះមន្ទិលសង្ស័យរបស់ភាគីអាមេរិកបានឡើយ ទាក់ទងរឿងវត្តមានកងទ័ពចិននៅកម្ពុជា ហើយទំនាក់ទំនងរវាងប្រទេសទាំងនេះ នឹងនៅតែមានភាពអាប់អួរដដែល៖ «ប៉ុន្តែសហរដ្ឋអាមេរិក ខ្ញុំគិតថា បើសិនជាដឹងមែនទែន មិនចាំបាច់មើលទេ ព្រោះគាត់មើលពីផ្កាយរណបមកឃើញទាំងអស់ដែរ គ្មានអីលំបាកទេ ប៉ុន្តែភាគីអាមេរិក គួរតែលើកពីចំណុចសង្ស័យទីតាំងមួយចំនួនឬទីតាំងណាដែលសង្ស័យហ្នឹងហើយស្នើមកភាគីកម្ពុជា តើភាគីកម្ពុជាឲ្យទៅមើលទៅពិនិត្យអត់ ព្រោះអាហ្នឹង វានៅក្នុងសមត្ថកិច្ចឬនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា អ៊ីចឹងអាស្រ័យទៅលើភាគីកម្ពុជា។ អានេះ ខ្ញុំគិតថា មុននឹងមានទស្សនកិច្ចលើកក្រោយ គួរតែមានការលើកឡើងកន្លែងដែលភាគីអាមេរិកគិតថា សង្ស័យហ្នឹង លើកឲ្យចំមក ឲ្យភាគីកម្ពុជា ឆ្លើយតប ទើបមានប្រសិទ្ធភាព»។
របបលោក ហ៊ុន សែន ធ្លាប់បាននាំក្រុមអ្នកសារព័ត៌មានទៅពិនិត្យមើលមូលដ្ឋានទ័ពជើងទឹករាមនេះម្តងដែរ កាលពីកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានព័ត៌មានថា របបនេះបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដោយអនុញ្ញាតឱ្យកងទ័ពបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ ប៉ុន្តែយោធាខ្មែរ មិនបាននាំពួកគេទៅមើលច្រើនកន្លែងនោះឡើយ ហើយអាជ្ញាធរក៏មិនអនុញ្ញាតឱ្យពួកគេដើរមើលទីតាំងដទៃ ក្រៅពីកន្លែងដែលមានការរៀបចំទុកនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។