រដ្ឋសភា​នឹង​ប្រជុំ​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់ ការ​អនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ CLV នៅ​ថ្ងៃ​ទី៨ វិច្ឆិកា

រដ្ឋសភា​នឹង​បើ​កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ​ហៅ​កាត់​ថា CLV-DTA នៅ​ថ្ងៃ​ទី៨ វិច្ឆិកា។

សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៣ នីតិកាល​ទី៧ នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា និង​ចាប់​ផ្ដើម​ពី​ម៉ោង ៨ព្រឹក ហើយ​ដឹកនាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ។

រដ្ឋសភា​សម្រេច​បើក​កិច្ចប្រជុំ​ពិភាក្សា​បញ្ចប់​កិច្ចព្រមព្រៀងCLV-DTA នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចលនា​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជុំវិញ​ពិភពលោក ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យ​បញ្ចប់​គម្រោង CLV-DTA ជា​ផ្លូវការ និង​មាន​ការ​អនុម័ត​សម្រេច​ពី​រដ្ឋសភា គឺ​មិនមែន​គ្រាន់​តែ​មាន​ការ​អះអាង​ត្រឹម​ពាក្យ​សម្ដី​របស់​ឪពុក​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទេ។ ក្រុម​បាតុករ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម នយោបាយ និង​បរិស្ថាន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចេញមុខ​ប្រកាស​ថា កម្ពុជា​បញ្ចប់​ការចូលរួម ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ចាប់​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយ​គ្នា​នោះ មន្ត្រី​រដ្ឋាភិបាល​ទាំង​ឡាយ ក៏​ចេញ​មក​បន្ទរ​ថា ការ​បញ្ចប់​គម្រោង CLV-DTA នេះ មិន​ចាំបាច់​ឆ្លង​កាត់​យន្តការ​រដ្ឋសភា។

បើ​ទោះ​ជា​បែប​ណា​ក្ដី ក្រុម​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អះអាង​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​ត​ទៅ​ទៀត ដើម្បី​ឱ្យ​រដ្ឋាភិបាល​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ដែល​ជា​បទដ្ឋាន​អន្តរជាតិ ដែល​អាច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សើរើ​បញ្ហា​ជាច្រើន ពាក់​ព័ន្ធ​នឹង​អធិបតេយ្យ​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។