មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមដែលជាជំនួយរបស់រដ្ឋអំណាចចិន កំពុងលេចរូបរាងសំណង់អគារជាបន្តបន្ទាប់ ខណៈកម្ពុជា និងចិនអះអាងថា គម្រោងទំនើបកម្មកំពង់ផែសមុទ្ររាមគ្រោងបិទបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ អ្នកជំនាញជាតិ និងអន្តរជាតិព្រួយបារម្ភអំពីការប្រើប្រាស់កំពង់ផែរាមផ្ដាច់មុខដោយកងទ័ពរំដោះប្រជាជនចិន ដែលវាអាចបង្កបញ្ហាសន្តិសុខក្នុងតំបន់ និងទាញឱ្យកម្ពុជាស្ថិតក្រោមអាណានិគមនៃការអភិវឌ្ឍបែបថ្មីរបស់ប្រទេសចិន។
រឿងរ៉ាវចម្រូងចម្រាសនៅកំពង់ផែសមុទ្ររាមនៅខេត្តព្រះសីហនុនៅតែជាបញ្ហាចោទ ដែលប្រទេសលោកសេរី និងអ្នកជំនាញ លើកឡើងអំពីការវិវត្តន៍នៃសំណង់អគារថ្មីៗ និងបន្តចោទប្រកាន់ថា មូលដ្ឋានកងទ័ពកំពង់ផែរាមនេះ នឹងក្លាយជាកម្មសិទ្ធិផ្ដាច់មុខនៃកងទ័ពរំដោះប្រជាជនចិន (PLA)។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែវិច្ឆិកា ថា មូលហេតុដែលបណ្ដាប្រទេសលោកខាងលិចបន្តចោទប្រកាន់ថា កម្ពុជាអនុញ្ញាតកងទ័ពចិនដាក់មូលដ្ឋានទ័ពលើទឹកដីខ្លួនបែបនេះ ដោយសារតែកម្ពុជាពុំបានធានានយោបាយអព្យាក្រឹត្យរបស់ខ្លួន និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយចិនតែម្ខាង។
លោក សេង វណ្ណលី ព្រួយបារម្ភថា បើគម្រោងមូលដ្ឋានកងទ័ពជើងទឹករាមបម្រើយោធាចិនពិតមែននោះ កម្ពុជា នឹងខាតបង់ធំធេងទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ខណៈប្រទេសបណ្ដាសមាជិកអាស៊ានមួយចំនួនមានជម្លោះនៅសមុទ្រចិនខាងត្បូង កំពុងព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលយោធាចិន ដែលអាចបង្កការគំរាមកំហែងសន្តិសុខក្នុងតំបន់។
លោក សេង វណ្ណលី៖ «ម្យ៉ាងទៀតទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពចិន បានបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាងអំពីការកើនឡើងនៃវត្តមានយោធារបស់ចិននៅក្នុងតំបន់ និងសក្ដានុពលរបស់ចិន ក្នុងការផ្លាស់ប្ដូរតុល្យភាពអំណាច។ ការណ៍នេះ បាននាំឱ្យមានភាពតានតឹង កាន់តែខ្លាំងនឹងការប្រកួតប្រជែងដណ្ដើមឥទ្ធិពល ក្នុងចំណោមមហាអំណាចក្នុងតំបន់ ក៏ដូចជាជះផលប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទាំងមូល បាទ»។
ទិន្នន័យផែនដីប្រចាំថ្ងៃជាសកលនៅសហរដ្ឋអាមេរិកឈ្មោះ ផ្លេនណិត លេបស៍ (Planet Labs) បង្ហាញថា នៅចន្លោះថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា មូលដ្ឋានសមុទ្ររាម ពង្រីកការសាងសង់យ៉ាងឆាប់រហ័ស។
សមាជិកជាន់ខ្ពស់ Adjunct នៃកម្មវិធីការពារនៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី លោក Tom Shugart ដែលតាមដានគម្រោងនេះ ប្រាប់វិទ្យុអាស៊ីសេរីថា ផ្ទៃដីដែលទើបឈូសឆាយថ្មីៗនេះមានទំហំប្រមាណ ៣០ ហិកតារ ។ ក្រៅពីនេះ លោកឱ្យដឹងថា សំណង់អគារធំៗ និងរចនាសម្ព័ន្ធមួយចំនួនលេចរូបរាងនៅកំពង់ផែរាមចុងក្រោយនេះ ដែលគេសង្ស័យថា ជាបន្ទាយអគាររដ្ឋបាល និងអគារសិក្ខាសាលា។
រូបភាពពីផ្កាយរណបចាប់ពីខែឧសភា ឆ្នាំ២០២៣ បង្ហាញថា កំពង់ផែរាមមានការពង្រីកប្រវែងកំពង់ផែ ដែលក្រុមអ្នកវិភាគបានប៉ាន់ស្មានថា មានប្រហែល ៣០០ ម៉ែត្រ។ លោកTom Shugartឱ្យដឹងថា ប្រវែងនៃការពង្រីកនេះ អាចផ្ទុកកប៉ាល់ រួមទាំងនាវាផ្ទុកយន្តប្រភេទ ០០៣ របស់កងទ័ពជើងទឹកចិនបានផងដែរ។ លោកជឿជាក់ថា ការពង្រីកកំពង់ផែរាមប្រមាណ ៣០០ម៉ែត្រ យ៉ាងហោចណាស់នឹងជួយដល់ការប្រយុទ្ធលើផ្ទៃទឹកតាមរយៈនាវាពិឃាត និងនាវាដែលគាំទ្រផ្នែកដឹកជញ្ជូន។
ជាមួយគ្នានេះដែរ ទស្សនាវដ្ដី (Newsweek) ចុះផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយស្រង់ប្រសាសន៍អ្នកវិភាគសន្តិសុខដែនសមុទ្រលោក HI Sutton ថា វត្តមានមូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាមដែលសង្ស័យមានវត្តមានយោធាចិននោះ កំពុងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្ទុកនាវាចម្បាំង និងនាវាមុជទឹករបស់ចិន។ លើសពីនេះ លោក Sutton វិភាគថា ទំហំនៃការពង្រីកប្រវែងនៅកំពង់ផែរាម គឺជាការបញ្ជាក់អំពីលទ្ធភាពនៃការប្រើប្រាស់កំពង់ផែនេះរបស់ទីក្រុងប៉េកាំង នៅពេលដែលគម្រោងគាំទ្រដោយរដ្ឋអំណាចចិនមួយនេះសាងសង់រួចរាល់។ លោក HI Sutton ឱ្យដឹងទៀតថា កងទ័ពជើងទឹកកម្ពុជា មាននាវាកងទ័ពជើងទឹកតិចតួចប្រើប្រាស់កំពង់ផែរាមប្រវែងប្រមាណ ៥០ ម៉ែត្រតែប៉ុណ្ណោះ។
ទាក់ទងនឹងរឿងនេះ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ បដិសេធធ្វើអត្ថាធិប្បាយជុំវិញរឿង ដោយលោកប្រាប់ថា ថ្នាក់លើមិនអនុញ្ញាតឱ្យលោកបកស្រាយ។
លោក ទៀ វិញ៖ «អត់ទេ ទៅសួរខាងលើទៅ មិនបាច់សួរខ្ញុំទេ អត់បានទេខ្ញុំអត់ចេះដោះស្រាយ អត់បកស្រាយទេ ខាងលើគេប្រាប់មិនឱ្យបកស្រាយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ដើម្បីសាកសួរជុំវិញរឿងនេះ បានទេនៅថ្ងៃទី១៨ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាតាំងពីសម័យអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន រហូតដល់សម័យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែប្រកាសម្ដងហើយម្ដងទៀតថា កម្ពុជានឹងមិនអនុញ្ញាតឱ្យបរទេសណាមួយដាក់មូលដ្ឋានទ័ពនៅកម្ពុជាឡើយ ដ្បិតវាជាការរំលោភអធិបតេយ្យ និងប្រឆាំងរដ្ឋធម្មនុញ្ញកម្ពុជា។
ប៉ុន្តែ ទន្ទឹមនឹងការជិតបិទបញ្ចប់ការសាងសង់មូលដ្ឋានទ័ពរាម កម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជិត ៣ខែមកនេះ មន្ត្រីភាគីកម្ពុជា និងចិន បានផ្លាស់ប្ដូរការបំពេញទស្សនកិច្ចជាញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយចិន ជាបន្តបន្ទាប់ និងអះអាង ដើម្បីពង្រីកចំណងមិត្តភាព និងផ្ដល់ការជឿទុកចិត្តដល់គ្នាទៅវិញទៅមក។ មេបញ្ជាការកងទ័ពជើងគោកចិន លី ឈវមីង (LI QIAOMING) កាលពីថ្ងៃទី៦ ខែវិច្ឆិកា បានបំពេញទស្សនកិច្ចនៅកម្ពុជាដោយឯកភាពជាមួយកម្ពុជាថា នឹងបន្តជួយគាំទ្រវិស័យការពារជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន។ ការមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់មេបញ្ជាការកងទ័ពជើងគោកចិនរូបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា កាលពីដើមខែវិច្ឆិកា បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងស្នើឱ្យចិនជួយគាំទ្រផ្នែកយោធាដល់កម្ពុជា។
ទោះយ៉ាងណាអ្នកឃ្លាំមើលថា ភាគីកម្ពុជា និងចិន កំពុងបង្ហាញពីភក្ដីភាព ដើម្បីជួយការពារអំណាច និងមហិច្ឆតាគ្នាទៅវិញទៅមក។
ឯកសារយោធាសម្ងាត់របស់មន្ទីរបញ្ចកោណអាមេរិកដែលត្រូវបានបែកធ្លាយ ហើយកាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យកមកចុះផ្សាយកាលពីចុងខែមេសា កន្លងទៅ បង្ហាញថា ផ្នែកមួយនៃកំពង់ផែកងទ័ពជើងទឹករាម ត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) កំណត់ទុកសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ពនៃ«កងពល» របស់ខ្លួន និងជាផ្នែកមួយនៃបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក។ ឯកសារដដែលនេះបង្ហាញថា មូលដ្ឋានទ័ពរបស់ចិននៅកំពង់ផែរាមនេះ ទំនងជាអាចផ្ទុកវត្តមានរបស់កងទ័ពចិនបានតិចជាងកំពង់ផែ ដែលចិនកំពុងសាងសង់នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ លើសពីនេះ កងទ័ពរំដោះប្រជាជនចិន ក៏ដាក់ផែនការបង្កើតមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសឱ្យបានយ៉ាងហោចណាស់ចំនួន ៥ និងទីតាំងគាំទ្រដល់ការផ្គត់ផ្គង់ភស្តុភារចំនួន ១០ ត្រឹមឆ្នាំ២០៣០ ក្នុងបំណងការពារសន្តិសុខជាតិ និងអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុងប៉េកាំង នៅក្រៅប្រទេស។
មូលដ្ឋានទ័ពជើងទឹករាមដែលអាមេរិកសង្ស័យមានវត្តមានយោធាចិននោះ គ្រោងបិទបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ខាងមុខ។ អតីតរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ធ្លាប់ប្រកាសថា នៅពេលគម្រោងនេះបញ្ចប់ការសាងសង់ កម្ពុជានឹងមិនអនុញ្ញាតឱ្យបរទេសណាមួយចូលត្រួតពិនិត្យ ឬចូលទៅសិក្សាស៊ីជម្រៅនៅក្នុងមូលដ្ឋានទ័ពជើងទឹករាមនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។