មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន និយាយថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជាចិន គឺនៅកម្ពុជាជារៀងរហូត។ ការលើកឡើងនេះ ក្នុងពេលភាគីកម្ពុជា និងចិន បានហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ហៅកាត់ថា FTA ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែតុលា។
មន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញក្ដីរំពឹងខ្ពស់ថានឹងធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅចិនកើនឡើងថែមទៀត ហើយទីផ្សារសេរីមួយនេះនឹងនៅជាមួយកម្ពុជាគ្មានថ្ងៃរបូតឡើយ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត ឱ្យអ្នកសារព័ត៌មានដឹងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងចិននេះមានសារៈសំខាន់ណាស់ក្នុងពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប ២០ភាគរយ។ លោក អ៊ាង សុផល្លែត ក៏បានផ្លែផ្កាទៅសហភាពអឺរ៉ុបថា "EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជា-ចិន គឺនៅកម្ពុជាជារៀងរហូត"៖ «ឯកឧត្ដម មានប្រសាសន៍ថា កិច្ចពិភាក្សាបានឈានដល់ការយល់ព្រមភាគីទាំងពីរថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយពីនោះទៅទៀត ចិននៅតែគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបមផុតធ្វើយ៉ាងឱ្យកម្ពុជារក្សាបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់កម្ពុជា»។
ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនហៅកាត់ថា FTA ធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំនិញកម្ពុជាជាង ៣០០មុខអាចនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន (FTA) ចូលជាធរមាន។ រដ្ឋាភិបាលលោក ហ៊ុន សែន រំពឹងកិច្ចព្រមព្រៀងនឹងធ្វើឱ្យការនាំចេញពីកម្ពុជាទៅចិនកើនឡើងប្រមាណ ២៥%។
លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកថា ក្រៅពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។ លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិ លទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និងពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីប្រទេសចិន។
បន្ទាប់ពីពិធីចុះហត្ថលេខារដ្ឋមន្ត្រីក្រសួងការបរទេសចិននិងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) បានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅប្រទេសមួយចំនួនទៀត នៅតំបន់អាស៊ីអាគ្នេយ៍។
អ្នកឃ្លាំមើលសង្គម បណ្ឌិត សេង សារី យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះជាសញ្ញាល្អមួយ ប៉ុន្តែលោកយល់ថា កម្ពុជាគួរតែប្រឹងប្រែងបង្កើតទំនាក់ទំនងពាណិជ្ជកម្មទៅកាន់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំ។ លោកថា បើទោះជាកន្លងមក ក្រុមប្រទេសសេរីទាំងនេះមានទាមទារមានលក្ខខណ្ឌខ្លះ ប៉ុន្តែលោកយល់ថា កម្ពុជាអាចធ្វើបាន៖ «ឃើញថា ខាងប្រទេសអឺរ៉ុបប្រទេសអាមេរិកគេបានស្នើឱ្យយើងធ្វើតែពីរបីចំណុចទេទីមួយគឺ បន្ធូរបន្ថយបរិយាកាសនយោបាយ ទី២ ឱ្យមានការគោរពសិទ្ធិមនុស្សសិទ្ធិបញ្ចេញមតិជាមូលដ្ឋានឡើងវិញហើយនៅពេលយើងអាចធ្វើរឿងពីរបីចំណុចនេះបានខ្ញុំយល់ថា ស្ថានភាពទំនាក់ប្រទេសជាមួយប្រទេសមហាអំណាចដែលមានគោលការជាប្រទេសសេរីអាចប្រសើរឡើងវិញ»។
រីឯអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចិត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃយល់ថា លោកសង្កេតឃើញថា បណ្ដាប្រទេសក្រក្រី និងពុករលួយដែលរកស៊ីជាមួយចិនមិនទទួលផលចំណេញនោះទេ ផ្ទុយទៅវិញមានតែជំពាក់បំណុលចិនទ្វេដង។ លោកព្រួយបារម្ភថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅពេលនេះអាចបង្កគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា ហើយនឹងធ្វើឱ្យចិនលេបត្របាក់ធនធានធម្មជាតិរបស់កម្ពុជ៖ «បាទសូមផ្ដាំផ្ញើទៅរបបក្រុងភ្នំពេញផងដែរដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំសព្វថ្ងៃយើងមិនគួរទៅចាប់យកចិនទេព្រោះចិនអត់គិតពីផលលំបាក ឬសុខទុក្ខពលរដ្ឋ ឬបញ្ហាសិទ្ធិមនុស្សគេគិតតែធ្វើម៉េចរកស៊ីមានចំណេញមានបានយកទៅស្រុកគេតែប៉ុណ្ណោះ»។
ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះធ្វើឡើងចំពេលកម្ពុជា និងអាមេរិកកំពុងមានភាពរកាំរកូសជាពិសេស ក្នុងទំនាក់ទំនងលើវិស័យយោធា និងក្រោយក្រសួងការពារជាតិកម្ពុជា បានវាយកម្ទេចអគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិកកាលពីថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។