អ្នក​​ជំនាញ​​​ថា MOU រវាង​​កង​ទ័ព​​ជើង​គោក​​កម្ពុជា​និង​​ចិន បង្ហាញ​ពី​​ភាព​​​លម្អៀង​​កាន់​​តែ​​ខ្លាំង​​​ទៅ​​រក​​​ចិន​

0:00 / 0:00

អ្នក​តាម​ដាន​ស្ថានការណ៍​​នយោ​​បាយ​មើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​បង្ហាញជំហរ​អព្យា​ក្រិត្យ​ផ្នែក​យោធា​រវាង​ប្រទេស​មហា​អំណាច​នៅ​ឡើយ​ទេ។ ការ​​​លើក​ឡើង​​​នេះ​ គឺ​​បន្ទាប់​​ពី​​កង​ទ័ព​ជើង​គោក​កម្ពុជា​និង​ចិន​បាន​ចុះ​អនុស្សារណៈ​​នៃ​​ការយោគ​យល់ (MOU) ដើម្បី​​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ភាព​ជា​ដៃ​គូយុទ្ធ​សាស្រ្ត​គ្រប់ជ្រុង​ជ្រោយ។

អ្នក​វិភាគ​​នយោ​​បាយ​បារម្ភ​អំពី​ជំហរ​លម្អៀង​របស់​កម្ពុជា​ដោយ​​ផ្អែក​ទៅ​រក​ចិន​​តែម្ខាង នឹង​ធ្វើ​ឱ្យ​កម្ពុជា​រង​ទណ្ឌកម្ម​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច​បន្ថែម​ទៀត ខណៈ​ជម្លោះ​​ភូមិ​សាស្ត្រ​​នយោ​បាយ​​កាន់​តែ​​តាន​តឹង​​រវាង​​ចិន​​និង​​អាមេរិក។

អ្នក​​​​​ជំនាញ​​ផ្នែក​​វិទ្យា​​សាស្រ្ត​​នយោ​​បាយ​​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា បើ​ការ​ចុះ​អនុស្សារៈ​រវាង​កង​ទ័ព​កម្ពុជា-ចិន​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​លទ្ធភាព​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ ដោយ​គោរព​អធិប​តេយ្យ​ភាព​កម្ពុជា​គឺ​ជារឿង​ល្អ ប៉ុន្តែ​លោក​ថា​ជំហរ​របស់​កម្ពុជា​លម្អៀង​ទៅ​ចិន។ លោក​​សង្កេត​ឃើញ​ថាកន្លង​ទៅ​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន ជា​ពិសេស​សហរដ្ឋ​អាមេរិក​មិន​ដែលជំនាស់​នឹង​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​កម្ពុជា-ចិន​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​នោះ ចង់​ឃើញ​កម្ពុជា​រក្សា​ជំហរ​អព្យា​ក្រិត្យ​ដោយ​មិន​លម្អៀង​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ និង​ការ​អះអាង​របស់​មេ​ដឹក​នាំ។

ទោះ​យ៉ាង​ណា​លោក​ថា​កម្ពុជា​នៅ​តែ​ជ្រើស​រើសយក​ចិន​តែ​មួយ​ដែល​ធ្វើឱ្យ​កម្ពុជា​​នឹង​ខាត់​បង់​ផល​ប្រយោជន៍​ផ្នែក​នយោ​បាយ​ការបរ​ទេស និង​ពាណិជ្ជ​កម្ម​បន្ថែម​ទៀត​ដោយ​សារ​ជំហរ​លម្អៀង​របស់​ខ្លួន៖ «ការ​សម្រេច​ចិត្ត​កន្លង​មក​ដូច​ជា​ការ​លុប​ចោល​សម​យុទ្ធយោធា​ជា​មួយ​សហរដ្ឋ​អាមេរិក​ហៅ​ថា​ឆ្មាំ​អង្គរ និង​គោល​ព្រៃ​ជា​មួយ​អូស្រ្តាលី តែរក្សា​សម​យុទ្ធ​យោធា​ជា​មួយ​ចិន​ហៅ​ថា​នាគ​មាស​មួយ កន្លែង​ហ្នឹង​ហើយ​ដែលយើង​បាត់​តុល្យភាព​និង​អព្យា​ក្រិត្យ​របស់​ខ្លួន ហើយ​ផ្ទុយ​ពី​ទ្រឹស្តី​ដែល​​ខ្លួន​ថា​កម្ពុជា​រដ្ឋ​អព្យា​ក្រិត្យ អធិប​តេយ្យ​ភាព តែ​បើ​សិន​យើង​ទំនាក់​ទំនង​ជា​មួយ​ចិន​សាទរដែរ ប៉ុន្តែ​ធ្វើ​មិច​រក្សា​តុល្យភាព​មក​វិញ​មក អាច​លុប​បំបាត់​បាន​ហើយ»។

ប្រតិកម្ម​នេះ កើត​មាន​ឡើង​ក្រោយ​ពី​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន និង​មេ​បញ្ជា​ការ​កងទ័ព​​ជើង​គោក​ចិន លោក លីវ ចេនលី (Liu Zhen Li) បាន​ចុះ​ហត្ថ​លេខា​រួម​គ្នាតាម​ប្រព័ន្ធ​អន​ឡាញ (Online) លើ​អនុស្សារៈ​នៃ​ការ​យោគ​យល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ជើង​គោក​ប្រទេស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៣១ ខែមីនា ក្នុងគោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ទំនាក់​ទំនង​ជិត​ស្និត និង​យូរ​អង្វែងរវាង​កង​ទ័ព​ជើង​គោក​ទាំង​ពីរ ព្រម​ទាំង​បើក​ផ្លូវ​ដើម្បី​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិការលើ​វិស័យ​សំខាន់ៗ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ ក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរគូស​បញ្ជាក់​ថា​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កង​ទ័ព​ជើង​គោក​ទាំង​ពីរ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​ទៅ​មុខ​នៃ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និង​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន ឱ្យកាន់​តែ​រឹង​មាំ​ជា​ដើម។

ជុំវិញ​រឿង​នេះ អ្នក​​នាំ​ពាក្យ​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​គោក​នៃ​ក្រសួង​ការ​ពារ​ជាតិ លោក ម៉ៅ ផល្លា ប្រាប់​វិទ្យុ​អាស៊ី​នៅ​ថ្ងៃទី០២ ខែ​មេសា​ថា ជំនួប​នោះ​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ ដោយ​ជួយ​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​សន្តិភាព សន្តិសុខ​តែ​ប៉ុណ្ណោះ​ដោយ​មិន​ពាក់​ព័ន្ធ​បញ្ហានយោ​បាយ​នោះ​ទេ។ លោក​អះ​អាង​ថា​កង​ទ័ព​ជើង​គោក​កម្ពុជា​មាន​ទំនាក់​ទំនង​ផ្នែកយោធា​ជា​មួយ​ប្រទេស​នានា​ដោយ​មិន​រើស​អើង​ឡើយ។ ទោះ​យ៉ាង​ណា លោក ម៉ៅ ផល្លា ទទួល​ស្គាល់​ថា​រយៈ​ពេល​បី​ឆ្នាំ​មក​នេះ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ជើង​គោក​កម្ពុជា-អាមេរិក​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​សារ​បញ្ហា​ការ​រីក​រាល​ដាលជំងឺ​កូវីដ​១៩ និង​ការ​ខក​ខាន​ធ្វើ​សម​យុទ្ធ​ឆ្មាំ​អង្គរ​រួម​គ្នា៖ « ខ្ញុំ​នៅ​ជើង​គោក​យូរ​ឆ្នាំ​ដែរ ពុំ​ដែល​បដិសេធ​ថា​ប្រទេស​ណាមក​សហ​ការ ឬ​ធ្វើ​ជំនួប​អី​គ្រប់​បែប​យ៉ាង​ហើយ​បដិសេធ​ដូច​គ្មាន​ទេ លើក​លែងតែ​កូវីដ​១៩ បដិ​សេធ​ច្រើន​ប្រទេស​ដែល​ឥឡូវ​ធូរ​ស្រាល​បន្ថិច​យើង​បាន​ជួប​ត្រឹម​វីដេអូ​ទេ តែ​គោល​បំណង​នៃ​ជួប​មិន​អី​សំខាន់​តែ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ និងការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សហការ​ធ្វើ​ឱ្យ​ចំណង​មិត្ត​ភាព សហ​ការរវាង​កង​ទ័ព​យើង​ទាំងពីរ​ឱ្យ​រលូត​តែ​ប៉ុណ្ណឹង មិន​ដល់​ថ្នាក់​ពាក់​ព័ន្ធ​ដល់​រឿងនយោ​បាយ​អីទេ​បាទ»

ផ្ទុយ​ពី​ការ​​បក​ស្រាយ​​នេះ អ្នក​​ស្រាវ​​ជ្រាវ​​​ផ្នែក​​​ភូមិ​​សាស្ត្រ​​​នយោ​​បាយ លោក វណ្ណ ប៊ុនណា មើល​​ឃើញ​​ថា​ការ​ចុះ​អនុស្សារៈ (MoU) រវាង​កង​ទ័ព​ជើង​គោក​កម្ពុជាចិន​បង្ហាញ​ថា​កម្ពុជា​ជ្រើស​រើស​យក​ចិន​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត។ លោក​បន្តថា​នេះ គឺ​ជា​សញ្ញា​មួយ​ក្រើន​រំលឹក​ដល់​ប្រទេស​ប្រកាន់​លទ្ធ​ប្រជា​ធិបតេយ្យ​ទាំងនោះ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​កើន​ឡើង​នូវ​វត្ត​មាន​យោធា​ចិន​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​អាស៊ី​អាគ្នេយ៍ ខណៈ​ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា​អាមេរិក​មិន​ទាន់បង្ហាញ​សញ្ញា​វិជ្ជា​មាន​ណា​មួយ​រហូត​មក​ដល់​ពេល​នេះ៖ « អឹម​អូ​យូ​ហ្នឹង​ខ្ញុំ​គិត​ថា​មួយ​ផ្នែក​ផ្តល់​អត្ថ​ប្រយោជន៍​ក្នុង​ការពង្រឹង​សម​ត្ថភាព និង​យុទ្ធ​សាស្រ្ត​ផ្នែក​យោធា រួម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​កង​ទ័ពផង​ដែរ ប៉ុន្តែ​មួយ​ផ្នែក​ទៀត​វា​ផ្តល់​ផល​លំបាក​យុទ្ធសាស្រ្ត ភូមិ​សាស្រ្តនយោ​បាយ ដោយ​សារ​កម្ពុជា​ចូល​គៀក​ចិន ចឹង​ក្នុង​ខ្សែ​ភ្នែក​របស់​លោក​ខាង​លិច​ជាពិសេស​សហរដ្ឋ​អាមេរិក​ហ្នឹង​មើល​ឃើញ​កម្ពុជា​មិន​អំណោយ​ផល​ប៉ុន្មាន​ទេ ហើយ​វា​ធ្វើ​ឱ្យ​វត្ត​មាន​កង​ទ័ព​របស់​ចិន​នៅ​អាស៊ី​អាគ្នេយ៍​កាន់​តែ​កើន​ខ្លាំង ចឹង​វាជាផ្នែក​មួយ​ដុត​កំដៅ​ភូមិ​សាស្រ្ត​នយោ​បាយ​ខ្លាំង​ផង​ដែរ​បាទ»

ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា​ និង​​សហរដ្ឋ​អាមេរិក ហាក់​មាន​​ភាព​តាន​តឹង​ខ្លាំង ក្រោយ​​ពី​មាន​​សេចក្ដី​រាយការណ៍​​កាល​ពី​​ឆ្នាំ​២០១៩ ថា កម្ពុជា​បាន​​ចុះ​កិច្ច​​ព្រមព្រៀង​​សម្ងាត់​ជា​មួយ​​ចិន ដើម្បី​​អនុញ្ញាត​ឱ្យ​​កង​ទ័ព​​ចិន​​ប្រើប្រាស់​​មូល​ដ្ឋាន​​កងទ័ព​​ជើង​ទឹក​​រាម​ផ្ដាច់​មុខ។ រដ្ឋា​ភិបាល​លោក ហ៊ុន សែន បាន​​បដិសេធ​រឿង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​​ក្រោយ​​មក​​បាន​​ទទួល​​ស្គាល់​ថា មូល​ដ្ឋាន​​ទ័ព​​ជើង​ទឹក​រាម​​កំពុង​​ធ្វើ​​ទំនើប​កម្ម​បន្ថែម​​ទៀត​ក្រោម​​ជំនួយ​​របស់​​ភាគី​ចិន។

ទាក់​ទង​​នឹង​​ការ​​ចុះ MOU រវាង​​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ចិន​​នេះ ស្ថាន​ទូតសហរដ្ឋ​អាមេរិក​​នៅ​​ភ្នំពេញ ​បាន​​អំពាវនាវ​​ដល់​រដ្ឋាភិបាល​កម្ពុជា​​ឱ្យ​​បង្ហាញ​​ពី​​កម្រិត​នៃ​​ការ​​ចូល​រួម​​របស់​​យោធា​ចិន​​នៅ​ក្នុង​​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​​ស្ថាន​ទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជាលោក ឆាដ រ៉ូដេម៉ៃអ៊ើ ​(Chad Roedemeier)​ បាន​​ប្រាប់​​សារព័ត៌​មាន​ ប្លូមបឺហ្គ (Bloomberg) ថា​ការ​វិវឌ្ឍន៍​​​ចុងក្រោយ​​នេះ​អាច​​មាន​​ផល​​ប៉ះ​ពាល់​រយៈ​ពេល​​វែង​​សម្រាប់​​សន្តិ​សុខ និង​អធិបតេយ្យ​ក្នុង​​តំបន់។ លោក​សង្កត់​ធ្ងន់​ថា តម្លាភាព​ពេញ​លេញ​ចំពោះ​គោលបំណង លក្ខណៈ និង​វិសាល​ភាព​នៃ​សកម្មភាព​យោធា​រវាង​កម្ពុជា និង​​ចិន នឹង​ផ្ដល់​​អត្ថ​ប្រយោជន៍​​សម្រាប់​​ពលរដ្ឋ​​ខ្មែរ ប្រទេស​​ជិត​ខាង និង​​តំបន់​អាស៊ាន​​ទាំង​មូល។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ កន្លង​ទៅ សហរដ្ឋ​​អាមេរិក​​បាន​​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​​ឧត្តមសេនីយ៍​​ផ្កាយ ៤​ពីរ​​រូប​របស់​​កម្ពុជា គឺ​​អគ្គ​នាយក​​សម្ភារៈ​​បច្ចេក​ទេស​​នៃ​ក្រសួង​​ការ​ពារ​​ជាតិលោក ចៅ ភិរុណ និង​​មេទ័ព​​ជើង​ទឹកលោក ទៀ វិញ ពាក់ព័ន្ធ​​នឹង​​អំពើ​​ពុក​រលួយ​​ក្នុង​​គម្រោង​​អភិវឌ្ឍ​​មូល​ដ្ឋាន​​ទ័ព​​រាម ទី​​ដែល​​មាន​​ការ​សង្ស័យ​​អំពី​​វត្ត​មាន​​យោធា​​ចិន​​នៅ​​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។