អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​បាន​លើក​យក​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ភូមា​មក​ឆ្លុះ​បញ្ចាំង​លើ​​មេ​ដឹក​នាំ​​កម្ពុជា

0:00 / 0:00

អ្នក​លេង​ហ្វេសប៊ុក (Face Book) មួយ​ចំនួន​បាន​សម្ដែង​មតិ​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) និង​បាន​លើក​យក​រឿង​នេះ មក​ឆ្លុះ​បញ្ចាំង​ដល់​មេ​ដឹក​នាំ​នៅ​កម្ពុជា។ អ្នក​វិភាគ​នយោបាយ​យល់​ថា មតិ​រិះគន់​របស់​ពលរដ្ឋ​នេះ ដោយសារ​ពួក​គាត់​មិន​ពេញ​នឹង​​​របប​ដឹក​នាំ​បែប​ផ្ដាច់​ការ។

ក្រុម​អ្នក​លេង​ហ្វេសប៊ុក​ទាំង​នោះ បាន​បង្ហោះ​សារ​ដោយ​មាន​ភ្ជាប់​រូប​ថត​មេ​ដឹក​នាំ​យោធា​របស់​ប្រទេស​ភូមា​លោក មីន អ៊ូង ហ្លាំង (Min Aung Hlaing) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេ​ដឹក​នាំ​ប្រទេស​ថៃ​ជា​ដើម។ ពួក​គេ​រិះគន់​មេ​ដឹក​នាំ​របស់​កម្ពុជា​ថា បាន​អំណាច​គ្រប់គ្រង​ប្រទេស​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​ដូច​ភូមា​ដែរ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ វិន ដា (Vin Da) មាន​មតិ​ថា ប្រទេស​មហាអំណាច​ដែល​ប្រកាន់​យក​គោល​ការណ៍​ប្រជាធិបតេយ្យ គួរតែ​រួមគ្នា​បោសសំអាត​ជន​ផ្ដាច់ការ​ឱ្យ​អស់​ពី​ផែនដី។ ពួក​គាត់​មិន​ត្រូវ​ការ​ជន​ផ្ដាច់ការ​មក​ដឹក​នាំ​ប្រទេស​បន្ត​ទៅ​ទៀត​នោះ​ទេ។ ពួក​គេ​ស្អប់​ក្រុម​មេ​ដឹក​ផ្ដាច់ការ ដែល​បាន​អំណាច​ពី​ការ​លួច​ប្លន់ ឆន្ទៈ​រាស្ត្រ។

ហ្វេសប៊ុក ហៃ វណ្ណា ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មិន​មែន​ធ្វើ​រដ្ឋប្រហារ​យោធា​ទេ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ លី រតនរស្មី បញ្ចេញ​ទស្សនៈ​ថា យុវជន​ប្រទេស​ភូមា​នាំ​គ្នា​ក្រោក​តស៊ូ​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ យុវជន​ខ្មែរ​គួរ​តែ​យក​គំរូ​តាម​គេ គឺ​ពុំ​មែន​បាន​ត្រឹម​តែ​រិះគន់​អ្នក​នេះ អ្នក​នោះ ដោយ​គ្មាន​ប្រយោជន៍​នោះ​ទេ។

ជាមួយ​គ្នា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ម៉ៅ វិបុល សរសេរ​ថា នៅ​ឆ្នាំ២០២១ មេ​បញ្ជាការ​កងទ័ព​ភូមា លោក មីន អ៊ូងហ្លាំង បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ពី​តំណែង​ប្រមុខ​រដ្ឋ រួច​ក្រសោប​យក​អំណាច​ដឹក​នាំ​ប្រទេស​ដោយ​ខ្លួន​ឯង។ ចំណែក​នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​នាយក​រដ្ឋ​មន្ត្រី​ទី១ ឆ្នាំ១៩៩៧ និង​បាន​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ២០១៧។

លោក​សរសេរ​បន្ត​ថា បន្ទាប់​ពី​ធ្វើ​រដ្ឋប្រហារ មេ​ដឹក​នាំ​ប្រទេស​ទាំង​នេះ បាន​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ និង​បង្កើត​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ក្លែងក្លាយ។

Aung_San_Suu_Kyi_FB_Myanmar_National_Portal_12312020.jpg
អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សហភាព​មីយ៉ាន់ម៉ា (Myanmar)។ ហ្វេសប៊ុក​ Myanmar National Portal ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០

ស្រដៀង​គ្នា​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ​ថា ដំណាក់​ចង្អើរ ប្រៀប​ប្រដូច​អ្នក​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គេ​ថា ជា​ក្រុម​មនុស្ស​ដែល​ដាក់​ទម្ងន់​បន្ថែម​លើ​អម្រែក។ ពួក​គេ​រស់​នៅ​បាន​សុខ​ឋានន្តរសក្ដិ​អាច​ចិញ្ចឹម​ប្រពន្ធ​កូន​បាន​ហើយ នៅ​តែ​មិន​ស្កប់ស្កល់​ទៀត។

ការ​បញ្ចេញ​ប្រតិកម្ម​ព្រោងព្រាត​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​កងទ័ព​ជាតិ​ភូមា ឬ​មីយ៉ាន់ម៉ា បាន​ធ្វើ​រដ្ឋប្រហារ​យោធា ក្រសោប​យក​អំណាច កាល​ពី​ថ្ងៃ​ទី១ កុម្ភៈ ដោយ​ចោទ​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ទើប​ធ្វើ​ឲ្យ​គណបក្ស​របស់​ពួក​គេ​ចាញ់​ឆ្នោត។ ពួក​យោធា​បាន​ចាប់​ឃុំ​ខ្លួន​ក្រុម​មេ​ដឹក​នាំ​រដ្ឋាភិបាល​ស៊ីវិល រួម​មាន អ្នក​ស្រី អ៊ុង សានស៊ូជី និង​​ដាក់​ប្រទេស​​ឱ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​មួយ​ឆ្នាំ។ ក្រុម​យោធា​សហគមន៍​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់ និង​​ទាមទារ​ឱ្យ​ប្រគល់​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​បន្ត​គ្រប់គ្រង​អំណាច​តាម​រយៈ​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង បាន​ប្រកាស​​កាល​​ពី​​ថ្ងៃ​​ទី១ កុម្ភៈ​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា​នោះ​ឡើយ៖ «នៅ​រ៉ង់ហ្គូន (Rangoon) ចាប់​ផ្ដើម​ហើយ។ ប្រធានាធិបតី និង​ទីប្រឹក្សា​រដ្ឋ​ត្រូវ​ទាហាន​ចាប់​ខ្លួន​ហើយ។ តែ​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​ផ្ទៃ​ក្នុង​ទៅ​លើ​ប្រទេស​ណា​ទាំង​អស់ នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក្ដី ឬ​ប្រទេស​ក្ដី។ អំបាញ់មិញ គឺ​ឯកឧត្ដម ​ប្រាក់ សុខុន ថា អ៊ីនធឹណិត គឺ​ចាប់​ផ្ដើម​ផ្ដាច់​បណ្ដើរៗ ហើយ អំពី​សភាព​ការណ៍​ថ្មីៗ នៅ​ឯ​ភូមា តែ​នោះ គឺកិច្ចការ​របស់​មិត្តភ័ក្ដិ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។ យើង​គ្រាន់​តែ ផ្សាយ​ព័ត៌មាន ក៏​ប៉ុន្តែ​យើង​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ »

ការ​លើក​របស់​លោក​ ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ឈ្មោះ ករុណា ពៅ រិះគន់​ថា មូលហេតុ​ដែល​មេ​ដឹក​នាំ​ខ្មែរ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​ការ​ចាប់​ខ្លួន​អតីត​មេ​ដឹក​នាំ​ភូមា គឺ​អ្នកស្រី អ៊ុង សាន ស៊ូជី កាល​ពី​ថ្ងៃ​ទី១ កុម្ភៈ​នោះ ព្រោះ​កន្លង​មក​លោក ហ៊ុន សែន ក៏​ធ្លាប់​ប្លន់​អំណាច​ពី​គេ​មក​គ្រប់គ្រង​ដែរ។ ដូច្នេះ ប្រសិន​បើ​លោក​បក​ស្រាយ​រឿង​នេះ ប្រៀប​ដូច​ជា​ការ​ស៊ី​លៀស​រអៀស​ខ្លួន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា កម្ពុជា​ពុំ​មែន​បាន​អំណាច​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​ដូច​ប្រទេស​ភូមា​នោះ​ឡើយ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ៖ «បើ​ជា​រដ្ឋប្រហារ វា​អត់​មាន​ច្បាប់​ឯណា​ចែង​ទេ។ រដ្ឋប្រហារ គឺ​គេ​ប្រើ​កាំភ្លើង​ភ្ជង់ ឬ​ចាប់​មេ​ដឹក​នាំ​ដែល​គេ​យល់​ថា ជា​អ្នក​ប្រឆាំង​ហ្នឹង​តែ​ម្ដង ហើយ​កម្ពុជា​អត់​មាន​អីចឹង​ផង។ អតីត​បក្ស​ប្រឆាំង​ហ្នឹង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ ទទួល​ស្គាល់​ថា ខ្លួន​ហ្នឹង​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​ហ្នឹង​រំលាយ​ចោល តាម​សាលដីកា​ស្ថាពរ​នឹង​បិទ​ផ្លូវ​តវ៉ា។ អីចឹង​បាន​នាំ​គ្នា​រត់​ទៅ​ក្រៅ​ប្រទេស »

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​នេះ អ្នក​វិភាគ​នយោបាយ ដែល​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​យោធា​របស់​ប្រទេស​ភូមា បាន​អំណាច​តាម​រយៈ​ធ្វើ​ការ​ធ្វើ​ប្រហារ​ដូច​គ្នា។ លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​ទាំង ២នេះ ខុស​គ្នា​ត្រង់​ថា ភូមា ប្រើ​អាវុធ​ក្រសោប​យក​អំណាច ចំណែក​នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ដោយ​អចិន្ត្រៃយ៍ ដែល​លោក​បាន​ប្រើ​អំពើ​ទុច្ចរិត​ធ្វើ​យ៉ាង​ណា ឱ្យ​បាន​អំណាច​គ្រប់​ដឹក​នាំ​ប្រទេស​រហូត​មក៖ «សារ​អ្នក​រិះគន់ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​សង្គម ដែល​គាត់​បាន​តាម​ដាន​យ៉ាង​ដិតដល់ នៃ​របៀប​ដឹក​នាំ​របស់​លោក ហ៊ុន សែន និង​របៀប​ដឹក​នាំ​នៃ​ពួក​យោធា​ភូមា ដែល​មាន​របៀប​ទៅ​កាន់​អំណាច ដោយ​មាន​វិធី​ប្រើ​កម្លាំង​បាយ​ដូច​គ្នា គ្រាន់​តែ​ខុស​កាលៈទេសៈ​គ្នា ពេល​ខ្លះ និង​ខុស​យុទ្ធវិធី​ពេល​ខ្លះ។ ក៏​ប៉ុន្តែ ក្នុង​រូប​ភាព​នៃ​អំពើ​រដ្ឋប្រហារ ដូច​តែ​គ្នា​ទេ មិន​មែន​ទៅ​កាន់​អំណាច​ដោយ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ទេ »

កាល​ពី​ឆ្នាំ១៩៩៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ទទួល​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ នៅ​ក្នុង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ហៅ​កាត់ អ៊ុនតាក់ (UNTAC) នោះ​ទេ។ លោក ហ៊ុន សែន បាន​ឈប់​តវ៉ា​វិញ បន្ទាប់​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ទី២ ហើយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី១។ លុះ​ដល់​ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បាន​ដឹក​នាំ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម ដើម្បី​ទម្លាក់​សហ​នាយក​រដ្ឋមន្ត្រី​ទី១ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

នៅ​ឆ្នាំ២០១៧ របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​បាន​រៀបចំ​ការ​បោះ​ឆ្នាំ២០១៨ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​​ថា ជា​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច។ អ្នក​តាម​ដាន​ស្ថានការណ៍​បាន​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បាន​អំណាច​ដោយ​អំពើ​ទុច្ចរិត និង​អំពាវនាវ​ដល់​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ។

ចំពោះ​រដ្ឋប្រហារ​នៅ​ភូមា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏បានបង្ហោះ​សារ​​នៅ​លើ​ហ្វេសប៊ុក​ថា នៅ​ប្រទេស​ខ្លះ មាន​រដ្ឋប្រហារ​យូរៗ ម្ដង តែ​នៅ​ស្រុកខ្មែរ លោក ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ​រាល់​ថ្ងៃ ដើម្បី​បំបាត់​រាល់​ថ្ងៃ នូវ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដើម្បី​រក្សា​អំណាច​ផ្ដាច់ការ​របស់​គាត់៕

០១ កុម្ភៈ ២០២១ / 01 February 2021 - A daily coup in Cambodia (*) នៅប្រទេសខ្លះ មានរដ្ឋប្រហារយូរៗម្តង តែនៅស្រុកខ្មែរ ហ៊ុន...

Posted by Sam Rainsy on Sunday, January 31, 2021

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។