មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមានបណ្ដេញជនជាតិវៀតណាមចេញពីកម្ពុជា ប្រសិនបើវៀតណាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច ថ្លែងដូច្នេះ នៅក្នុងពិធីពិភាក្សា ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា ក្រោមប្រធានបទ ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា នៅព្រឹកថ្ងៃទី៣០ មេសា។
បណ្ឌិត សុខ ទូច៖ «វៀតណាមកុំផ្លុំផ្សែងដាក់កម្ពុជា។ អ្នកឯងផ្លុំផ្សែងបានតិចណាស់។ បើកម្ពុជាធ្វើវិញ គឺមាន ៥ចំណុច ឱ្យអ្នកឯងត្រូវចាំប្រវត្តិសាស្ត្រ អ្នកឯងបានរួបរួមគ្នា ក៏ខ្មែរឱ្យដែរ។ ៥ចំណុចនេះ ទី១ ខ្មែរកម្ពុជាក្រោម អត់ចង់រំលឹកប្រវត្តិសាស្ត្រ។ ទី២ ប្រជាជនរបស់អ្នកឯងជុះអាចម៍ នៅលើទឹកខ្មែរច្រើនណាស់ រាប់លាននាក់។ ប្រជាជនខ្មែរនៅកូរ៉េ នៅថៃ ប្រមាណ ៦ម៉ឺននាក់ទេ តែបើគេឱ្យមកវិញ ក៏ពិបាកដែរ តែប្រជាជនរបស់អ្នកឯងរាប់លាន់នាក់»។
នេះជាលើកទី១ ហើយ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា ថ្លែងគំរាមបណ្ដេញជនអន្តោប្រវេសន៍ចេញពីកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
បណ្ឌិត សុខ ទូច ថ្លែងគំរាមជនជាតិវៀតណាមចេញពីកម្ពុជានេះ នៅស្របពេលរដ្ឋាភិបាលវៀតណាម មិនគាំទ្រគម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោរបស់រដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលវៀតណាម អះអាងថា ព្រែកជីកនេះ គឺជួយសម្រួលឲ្យមានវត្តមានយោធាចិន នៅលើទឹកដីកម្ពុជាកាន់តែជ្រៅ។ រីឯអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ ក៏ប្រកាសជំហរបោះជំហានទៅមុខ លើគម្រោងសាងសង់ព្រែកជីក ដែលគាំទ្រដោយរដ្ឋាភិបាលចិននេះដែរ។
លោក ហ៊ុន សែន ថ្លែងហាក់សំដៅទៅវៀតណាមថា លោកមិនអនុញ្ញាតឲ្យអ្នកណាដុតផ្ទះរបស់លោក ដើម្បីចម្អិនពងមាន់ខ្លួនឯងឡើយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក សុខ ផល ធ្លាប់បានអះអាងនៅឆ្នាំ២០១៧ ថា ជនអន្តោប្រវេសន៍នៅកម្ពុជាច្រើនជាងគេ គឺជនជាតិវៀតណាម។ លោកអះអាងទៀតថា ក្នុងចំណោមជនអន្តោប្រវេសន៍ជាង ២០ម៉ឺននាក់ គឺជនជាតិវៀតណាមច្រើនជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។