ប្រជាពលរដ្ឋខ្មែរធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងជាង ១ពាន់នាក់ នៅថ្ងៃទី២ ខែមីនា បានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់យន្តការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ហើយប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលគួរស្តាប់សំឡេងពលរដ្ឋ។
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង(South Korea) រាប់រយនាក់មកពីទីជិតឆ្ងាយបានប្រមូលផ្តុំគ្នាតវ៉ា ទាមទារចំណែកកម្ពុជានៅលើកោះគជ់។ អ្នកចូលរួមបាតុកម្មបានលើកបដា វាយស្គរ និងស្រែកកងរំពងពេញទីលានប្រជាធិបតេយ្យជុងកាក់ (Jonggak) កណ្តាលទីក្រុងសេអ៊ូល (Seoul) ដោយរិះគន់ថា លោក ហ៊ុន សែន និងលោក ម៉ាណែត ជាមេដឹកនាំអសមត្ថភាពចំពោះការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយបរទេស។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលកម្ពុជាងាកមកស្តាប់សំឡេងពលរដ្ឋខ្មែរ ដោយប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ។
សម្រែកតវ៉ា៖«ក្រោកឈរទាមទារ កោះគជ់!កោះខ្មែរ ក្រោកឈរទាមទារ កោះគជ់ កោះខ្មែរ!ជយោ វីរបាតុករខ្មែរនៅកូរ៉េ»។
អ្នកចូលរួមលើកដៃសម្រេច បង្កើត''ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា''
ទន្ទឹមនឹងការតវ៉ានេះ ក្រុមបាតុករបានជួបជុំធ្វើសមាជស្ដីពីដំណោះស្រាយ បញ្ហាកម្ពុជា ដោយមានការចូលរួមពីតំណាងសមាគមខ្មែរនានានៅកូរ៉េខាងត្បូង ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ សកម្មជន និងអ្នកតាមដាននយោបាយនៅក្រៅប្រទេស ដូចជានៅអាមេរិក និងហ្វាំងឡង់ជាដើម។ អ្នកចូលរួមទាំងអស់បានលើកដៃសម្រេច បង្កើត''ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា'' ក្នុងគោលបំណងតស៊ូមតិជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដោះស្រាយបញ្ហាជាតិធំៗ ដូចជាបញ្ហាបូរណភាពទឹកដី អយុត្តិធម៌សង្គម បញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យជាដើម។
សម្រែកតវ៉ា៖«តើខ្មែរយើងនៅស្ងៀមទេ!អត់ទេ!អ្នកណាសម្លាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា!លោក ហ៊ុន សែន!»។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកចូលរួមថា លោកស្រីចង់ឃើញកម្ពុជាមានប្រជាធិតបេយ្យ សេរីភាព សន្តិភាពពិតប្រាកសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា។ អ្នកស្រីជឿថា សំឡេងរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងជំរុញឱ្យមានដំណោះស្រាយសម្រាប់កម្ពុជា ខណៈ ពលរដ្ឋខ្មែរនៅក្នុងស្រុករស់នៅរងភាពអយុត្តិធម៌ គ្មានសិទ្ធិសេរីភាពក្រោមអំណាចដឹកនាំរបស់លោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត មកទល់បច្ចុប្បន្ន។
អ្នកស្រី មូរ សុខហួរ៖«យើងយកសំឡេងយុវជនខ្មែរ កម្មករ ពលករ កសិករ មន្រ្តីរាជការជាធំ!ពិតឬមិនពិត?ពិតមែនហើយ!កុំបោកប្រាស់ថានៅប្រទេសកម្ពុជាមានសេរីភាព កុំបោកប្រាស់ឱ្យសោះថា នៅប្រទេសកម្ពុជាមានសន្តិភាព កុំបោកប្រាស់ឱ្យសោះ មែនទេបងប្អូន?ជយោ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា!»។
ប្រទសគេបើកតវ៉ាសេរី ឯខ្មែរតែងធ្វើទុក្ខបុកម្នេញ
ខុសពីអាជ្ញាធរខ្មែរដែលតែងតែបំបែក ឬបង្ក្រាបទៅលើការប្រមូលផ្តុំទាមទារយុត្តិធម៌របស់ពលរដ្ឋ អាជ្ញាធរកូរ៉េខាងត្បូងបានជួយការពារសន្តិសុខទៅទីតាំងបាតុកម្ម ព្រមទាំងជួយសម្រួលចរាចរណ៍ដល់ក្រុមបាតុករខ្មែរដែលហែក្បូនលើដងវិថីនៅកណ្តាលក្រុងសេអ៊ូលឱ្យប្រព្រឹត្តទៅដោយរលូន។
ស្ថិតក្នុងចំណោមបាតុករដែលចូលរួមបាតុកម្ម លោកស្រី ស យូណា និយាយថា មូលហេតុដែលលោកស្រីចូលរួមធ្វើបាតុកម្មនេះ ដោយសាររដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញជំហរជាក់លាក់ក្នុងការទាមទារចំណែកកម្ពុជានៅលើកោះគជ់ តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ហើយលោកស្រីចូលរួមបាតុកម្មប្រឆាំងនឹងមេដឹកនាំក្រុងភ្នំពេញដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ធ្វើបាបពលរដ្ឋខ្មែរនៅក្នុងស្រុកឱ្យរស់នៅរងទុក្ខវេទនា គ្មានសិទ្ធិសេរីភាព។ លោកស្រីរួមជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្ដេជ្ញាតស៊ូការពារទឹកដីខ្មែរឱ្យបានគង់វង្សសម្រាប់ខ្មែរជំនាន់ក្រោយ។
លោកស្រី ស យូណា៖«នាងខ្ញុំមិនខ្លាច នាងខ្ញុំក្លាហាន នាងខ្ញុំពុះពារ ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ ក៏នាងខ្ញុំនៅតែតស៊ូជួយប្រទេសជាតិរបស់យើងឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
ពលរដ្ឋមួយចំនួនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិជាបន្តបន្ទាប់មកនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ដែលចូលរួមបាតុកម្មតាមបណ្តាញសង្គមថ្លែងទៅកាន់អ្នកចូលរួមដែរថា បើតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងសាក្សីជាច្រើនទៀតបានបញ្ជាក់ច្បាស់ថា កម្ពុជាមានអធិបតេយ្យនៅលើកោះគជ់ និងដែនសមុទ្រនៅជុំវិញកោះនោះ។ លោកបញ្ជាក់ថា បច្ចុប្បន្នថៃកំពុងគ្រប់គ្រងនៅលើកោះគជ់រួចជាស្រេចហើយ ដូច្នេះយន្តការដែលរដ្ឋាភិបាលកម្ពុជាកំពុងចរចាទ្វេភាគីជាមួយថៃនឹងមិនទទួលបានលទ្ធផលឡើយ។ លោក វ៉ន ចាន់ឡូត ផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាត្រូវបង្ហាញភាពក្លាហានយកករណីកោះគជ់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីធានាបាននូវយុត្តិធម៌ដោយសន្តិវិធី។
លោក វ៉ន ចាន់ឡូត៖«ការបន្តចរចាដូចសព្វថ្ងៃវាជារឿងឆោតល្ងង់ ពីព្រោះថៃបានគ្រប់គ្រងទៅលើកោះនេះរួចទៅហើយ ដូច្នេះមានតែយន្តការអន្តរជាតិតែប៉ុណ្ណោះទើបខ្មែរយើងអាចធានាបាននូវយុត្តិធម៌ និងជ័យជំនះ កត្តានេះហើយបានជំរុញឱ្យយើងទាំងអស់គ្នាជួបជុំនៅថ្ងៃនេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី០២ ខែមីនា។
អត្ថបទដែលទាក់ទង៖
កន្លងទៅទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន តែងតែអះអាងប្រាប់ពលរដ្ឋថាកម្ពុជាបន្តចរចាព្រំដែនសមុទ្រជាមួយថៃ ប៉ុន្តែមេដឹកនាំទាំងឪពុកនិងកូនមិនបានបញ្ជាក់ជំហរទាមទារចំណែកកោះគជ់ជារបស់កម្ពុជាទេ។ លោ ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា រដ្ឋាភិបាលរបស់លោករក្សាភាពស្ងៀមស្ងាត់ក្នុងរឿងនេះ គឺជាភាពចាស់ទុំផ្នែកនយោបាយ និងថា រដ្ឋាភិបាលប្រកាន់គោលការណ៍«មិនយកភ្លើងចូលផ្ទះ»។ ជំហរមិនច្បាស់លាស់បែបនេះ គឺខុសពីមេដឹកនាំថៃដែលបានប្រកាសច្បាស់ៗថាកោះគជ់ជាកម្មសិទ្ធិរបស់ថៃ។
ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីបក្សប្រឆាំងថា យន្តការចរចាតាមរយៈអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងរដ្ឋាភិបាលត្រកូលហ៊ុន ជាមួយត្រកូលស៊ីណាវ៉ាត់កំពុងធ្វើឱ្យកម្ពុជាបាត់ទឹកដី ជាពិសេសចំណែកកម្ពុជានៅលើកោះគជ់។ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានប្ដេជ្ញាចិត្តចេញតស៊ូមតិ រហូតរដ្ឋាភិបាលត្រកូលហ៊ុន ដាក់សំណុំរឿងកោះគជ់ និងបញ្ហាទឹកដីនៅតាមបន្ទាត់ព្រំដែនប្តឹងទៅតុលាការអន្តរជាតិឱ្យកាត់សេចក្ដី ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ លើសពីនេះ ក្រុមបាតុករទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី បើសិនជាលោកអសមត្ថភាពដោះស្រាយបញ្ហាទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕