ក្រសួង​ការបរទេស​កម្ពុជា​ ​បញ្ជាក់​​ជំហរ​​ចូលរួម​​ដោះស្រាយ​​បញ្ហា​ភូមា​

ក្រសួងការបរទេសកម្ពុជា​ បញ្ជាក់​ជំហរចូលរួម​ជាមួយ​ប្រទេស​ជា​សមាជិកអាស៊ាន​ផ្សេងទៀត​ ដើម្បី​ចូលរួមជួយ​ឲ្យប្រទេសភូមា​ ឬមីយ៉ាន់ម៉ា(Myanmar)​ វិលទៅ​រកភាព​ប្រក្រតីឡើងវិញ ​ទោះជាតាម​រយៈតួនាទី ​និងទម្រង់ណាមួយកី្ត ​ដែលស្របតាម​គោល​ការណ៍​អាស៊ាន។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យក្រសួង ការបរទេស ចុះថ្ងៃទៅ៩ ​ខែមីនា។

ក្រសួងការបរទេសកម្ពុជា ​អះអាងថា ​កម្ពុជា​ មិនខុសពី​រដ្ឋ​ជាសមាជិកអាស៊ាន​ផ្សេង​ទៀតនោះទេ​ គឺកំពុងតាមដានយ៉ាង​ជិតដិន​នៅ​ស្ថានការណ៍​ក្នុងប្រទេស មីយ៉ាន់ម៉ា​ និង សោកសៅ​ដោយបានឃើញ​ការកើនឡើង​នូវអំពើហិង្សា​ដែល​បានបណ្តាលឲ្យ​មានការបាត់បង់​ជីវិត​មនុស្ស។

ការបញ្ជាក់​ជំហរ​របស់​ក្រសួងការបរទេស​នៅពេលនេះ​ គឺផ្ទុយស្រឡះ​ពីការប្រកាស​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កន្លងមក ​ដែលចាត់ទុកថា ​រដ្ឋប្រហារ នៅមី យ៉ាន់ម៉ា ​គឺជាបញ្ហាផ្ទៃក្នុងហើយ​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយលើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​ទាំង​អស់ ៕