ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​​រដ្ឋាភិបាល​ដាក់​ទ័ព​ការពារ​ព្រំដែន​នៅ​ភូមិ​ត្រពាំងផ្លុង និង​ផ្ដល់​ដី​ក្បែរ​ព្រំដែន ៦០ហិកតារ ឲ្យ​អ្នកភូមិ​ចូល​​ធ្វើ​ស្រែ​​វិញ

0:00 / 0:00

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចេញ​សេចក្ដីថ្លែង​ការណ៍​ជំរុញ​​រដ្ឋាភិបាល ឱ្យ​ដាក់​យោធា​ការពារ​ព្រំដែន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ក្បែរ​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទំហំ ៦០ហិកតារ ឲ្យ​អ្នកភូមិ​ចូល​ធ្វើស្រែ​ចម្ការ​វិញ។ ការ​ចេញ​សេចក្ដីថ្លែង​ការណ៍​នេះ ក្រោយ​ពេល​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចុះទៅ​ពិនិត្យ​ដល់ទី​តាំង និង​រក​ឃើញ​ថា ទាហាន​វៀតណាម បាន​ចូល​មក​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ក្នុង​ឯកសណ្ឋាន​យោធា​ប្រដាប់ដោយ​កាំភ្លើង ដេញ​អ្នកភូមិ​ត្រពាំងផ្លុង មិន​ឲ្យ​ធ្វើស្រែ នៅ​លើ​ដីខ្មែរ ក្បែរ​តំបន់​ព្រំដែន។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ី​សេរី ក្រោយពេល​ចេញ​សេចក្ដីថ្លែង​ការណ៍​ថា លោក​បាន​ជួប​ជជែក​ផ្ទាល់​ជាមួយចាស់​ៗ នៅ​ភូមិ​ត្រពាំងផ្លុង ដែល​មាន​អាយុ​ជាង ៧០ឆ្នាំ សុទ្ធតែ​និយាយ​ថា ដី​អ្នកភូមិ​នៅ​ទសវត្សរ៍​ឆ្នាំ៧០ នៅ​ចម្ងាយ​ឆ្ងាយ​ពី​បង្គោល​ព្រំ​ដែន បច្ចុប្បន្ន ៥០០ម៉ែត្រ ហើយ​ការ​បាត់បង់​ដី​ជា​បន្ត​បន្ទាប់​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​រួចរាល់ ជាមួយ​វៀតណាម នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក រ៉ុង ឈុន បន្ត​ថា ទោះ​ជា​ការ​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​ដី​ទំហំ ៦០ហិកតារ ដែល​យោធា​វៀតណាម បាន​ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នោះ គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ។ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ បន្ត​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​ហាមឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ត្រពាំងផ្លុង ចូល​ទៅ​តំបន់​ក្បែរ​ព្រំដែន ក្រោម​ហេតុផល​រង់ចាំ​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់។ ប៉ុន្តែ មក​ដល់​ពេល​នេះ លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ភូមិ​ត្រពាំងផ្លុង​រួចរាល់​ទាំង​ស្រុង​ហើយ ដូច្នេះ​អាជ្ញាធរ ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​នោះ ឲ្យ​អ្នកភូមិ​ជា​ម្ចាស់ដី​វិញ។

លោក រ៉ុង ឈុន បន្ត​ថា អ្នកភូមិ​អះ​អាង​ដូចៗ គ្នា​ទៀត​ថា ទាហាន​វៀតណាម បាន​ឆ្លង​ព្រំដែន មក​ចូល​ដេញ​កសិករ​ខ្មែរ ដល់​ក្នុង​ដីខ្មែរ​ជាង ២០០ម៉ែត្រ ពី​បង្គោល​ព្រំ​ដែន។ លោក រ៉ុង ឈុន ថា ការ​ឆ្លង​ចូល​មក​ដីខ្មែរ​នេះ ជា​ទង្វើ​រំលោភ​បំពាន​ដែន​អធិបតេយ្យ​ខ្មែរ ព្រោះ​សកម្មភាព​នេះ ធ្វើឡើង​ក្នុង​ឯកសណ្ឋាន​យោធា ប្រដាប់​ដោយ​កាំភ្លើង ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ដី​របស់​ខ្មែរ។ លោក រ៉ុង ឈុន សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ខ្មែរ​ដែល​មិន​ព្រម​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​ទាហាន​វៀតណាម តែ​បែរជា​មក​សម្លុត​គំរាម​ពលរដ្ឋ ឲ្យ​ឈប់​ទៅ​ធ្វើស្រែ​ចម្ការ នៅ​លើ​ដី​នោះ​ទៅ​វិញ៖ « ក៏​គ្មាន​អ្វី​ប៉ះពាល់​មិត្តភាព​ដែរ ពីព្រោះ​អា​នេះ វា​នៅ​ក្នុង​ដី​របស់​ខ្មែរ វា​មិនមែន​ស្ថិតនៅ​តំបន់​ស​ទេ។ ត្រូវ​បាន​បោះ​បង្គោល​រួចរាល់​ហើយ ទោះបី​បង្គោល​ហ្នឹង មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ណា​ក៏​ដោយ តែ​វា​ត្រូវ​បាន​បោះ​រួចរាល់​ហើយ។ អ៊ីចឹង វា​មិនមែន​ស្ថិតនៅ​ក្នុង​តំបន់​ស​ទេ ហើយ​យើង​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល ត្រូវតែ​ត្រួតពិនិត្យ​ការ​បោះ​បង្គោល​ហ្នឹង​ឡើងវិញ​ផង​ដែរ ព្រោះ​បើ​យើង​មើល​ទៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់​ក្នុង​ការ​បោះ។ តំបន់​ហ្នឹង យើង​ឃើញ​ថា ចូល​ប្រមាណ ៥០០ម៉ែត្រ ហើយ​យើង​គិត​ថា តំបន់​ផ្សេងៗ ទៀត ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ »

ក្នុង​សេចក្ដីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី២១ កក្កដា ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា អ្នក​ភូមិ​ត្រពាំង​ផ្លុង បាន​រងគ្រោះ​បាត់បង់​ដី​ជា​ច្រើន ទៅ​ភាគី​វៀតណាម ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​រួច​ទៅ​ហើយ ដូច្នេះ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ការពារ​ពលរដ្ឋ​ឲ្យ​បាន​បង្កបង្កើន​ផល នៅ​លើ​ដី​មាន​ជម្លោះ ក្បែរ​ព្រំដែន​ឡើងវិញ។

ទោះ​ជា​យ៉ាង​ណាក្ដី អ្នក​ភូមិ​ត្រពាំងផ្លុង ប្រាប់​អាស៊ី​សេរី​ថា ពួក​គាត់​លែង​ហ៊ាន​ទៅ​ក្បែរ​ដីស្រែ​ចម្ការ​នោះ​ទៀត​ហើយ តាំងពី​ថ្ងៃ​ដែល​ទាហាន​វៀតណាម បាន​ចូល​មក​បណ្ដេញ​មិន​ឲ្យ​ធ្វើ​ស្រែ កាល​ពី​ថ្ងៃ​ទី១៣ កក្កដា​មក ព្រោះ​ទាហាន​ខ្មែរ បាន​ដាក់​ប៉ុស្តិ៍​យាមកាម មិន​ឲ្យ​អ្នក​ភូមិ​ចូល ហើយ​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំងផ្លុង បាន​កោះហៅ​តំណាង ៦នាក់ ក្នុង​ចំណោម​ពលរដ្ឋ ១០៦គ្រួសារ ទៅ​សួរ​នាំ ថែម​ទាំង​មាន​ការ​ព្រមាន ពី​អាជ្ញាធរ​ស្រុក​ពញាក្រែក ថា នឹង​ប្រើ​វិធានការ​ច្បាប់​ទៀត​ផង។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានទេ នៅ​ថ្ងៃ​ទី២១ កក្កដា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២០ កក្កដា លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា ដី​តំបន់​ក្បែរ​ព្រំដែន ដែល​អ្នក​ភូមិ​ត្រពាំង​ផ្លុង ចូល​ទៅ​ធ្វើស្រែ ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នកភូមិ ឈប់​ចូល​ទៅ​ទន្ទ្រាន​ដី​រដ្ឋ តាម​ការណែនាំ​របស់​អាជ្ញាធរ​ស្រុក និង​ខេត្ត ដើម្បី​បញ្ចៀស​វិធានការ​ផ្លូវ​ច្បាប់។

ចំណែក​ទីប្រឹក្សា​គណៈកម្មការ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សោ ចាន់ដេត គាំទ្រ​សេចក្ដីថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា។ លោក សោ ចាន់ដេត អះអាង​ថា ទាហាន​វៀតណាម បាន​លប​ឈ្លានពាន​ព្រំដែន​ខ្មែរ និង​កាន់​តែ​គឃ្លើន នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​របប​ក្រុង​ភ្នំពេញ ជួយ​ការ​ពារ​ទង្វើ​ឈ្លានពាន​របស់​វៀតណាម និង​មិន​ហ៊ាន​តវ៉ា​ជាមួយ​វៀតណាម។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះសង្កេត​ឃើញ​ថា របប​ក្រុង​ភ្នំពេញបាន​ត្រៀម​ឡាន​ដឹក​កងទ័ព ទើប​ទិញ​ពី​ប្រទេស​ចិន​ច្រើន​រយ​គ្រឿង និង​បាន​ត្រៀម​កងទ័ព​យ៉ាង​ច្រើន ដូច្នេះ​គួរ​តែ​បញ្ចេញ​ទ័ព ទៅ​ការពារ​ព្រំដែន និង​ត្រូវ​តែ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់ ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម តាម​ផ្លូវ​ច្បាប់​អន្តរជាតិ៖ « យើង​អត់​ឃើញ​មាន​ទាហាន​ខ្មែរ​អ្វីទៅ​ការពារ​ពលរដ្ឋ​អ្វី​សោះ ផ្ទុយទៅវិញ​ការពារ​ប្រយោជន៍​យួន​ទាំងអស់ អាហ្នឹង​យើង​សូម​អំពាវនាវ ថា ឲ្យ​របប ហ៊ុន សែន ហ្នឹង ទោះបីជា​របប​ហ្នឹង យើង​មិន​ទទួលស្គាល់ និង​ជារបប​ខុសច្បាប់​ក៏ដោយ ក៏ប៉ុន្តែ​ត្រូវតែ​ការពារ ការពារ​ប្រយោជន៍​ខ្មែរ។ យើង​មាន​សិទ្ធិ​យើង​គ្រប់គ្រាន់ មិនមែន​យើង​អត់​សិទ្ធិ ហើយ​ច្បាប់​មាន ទាំង​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ នៅ​ក្នុង​តំបន់ យើង​អាច​និយាយ​គ្នា​បាន មិនមែន​អត់​ឯណា »។

កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ប្រវែង ១.២៧០​គីឡូម៉ែត្រ។ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា បោះ​បង្គោល​ព្រំដែន បាន​ប្រមាណ ៨៤ភាគ​រយ ស្មើនឹង ៣១៤ បង្គោល។ តែ​យ៉ាងណា គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​ឃ្លាំមើល​ព្រំដែន អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ គឺ​កម្ពុជា​ខាតបង់​ដី ទៅ​ខាង​វៀតណាម ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន គឺ​ធ្វើ​ឡើង​ចំ​ដី​ស្រែ ចម្ការ និង​នៅ​ក្បែរ​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ៕

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ទៅ​មើល​បង្គោល​ព្រំដែន​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ទៅ​មើល​បង្គោល​ព្រំដែន​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។ (រូប៖ ពលរដ្ឋ)
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជួប​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជួប​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។ (រូប៖ ពលរដ្ឋ)
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​ការងារ​លោក កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ក្រវាត់​ព្រំដែន​ខាង​ក្នុង​កម្ពុជា នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០ ដែល​​ពលរដ្ឋ​អះអាង​ថា កងទ័ព​វៀតណាម​ឆ្លង​ផ្លូវ​នេះ​មក​ដេញ​កសិករ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​ពួក​គាត់។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​ការងារ​លោក កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ក្រវាត់​ព្រំដែន​ខាង​ក្នុង​កម្ពុជា នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០ ដែល​​ពលរដ្ឋ​អះអាង​ថា កងទ័ព​វៀតណាម​ឆ្លង​ផ្លូវ​នេះ​មក​ដេញ​កសិករ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​ពួក​គាត់។ (រូប៖ ពលរដ្ឋ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។