ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត

0:00 / 0:00

ក្រុម​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea ) និង​ជប៉ុន (Japan) នៅ​ថ្ងៃទី​២០ សីហា ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ផ្ទេរ​អំណាច​ខុសច្បាប់​របស់​គ្រួសារ លោក ហ៊ុន សែន ដែល​ពួកគាត់​អះអាង​ថា ជា​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​របប​ផ្ដាច់ការ និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រទេសជាតិ។

យុវជន​ខ្មែរ​ភាព​ច្រើន​ជា​ពលករ​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​ប្រមាណ​ជិត ១​ពាន់ (៩៥០) នាំគ្នា​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់ លោក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​។ ក្រុម​បាតុករ​អំពាវនាវ​ដល់​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ពិនិត្យ​ឡើងវិញ​នូវ​ទង្វើ​ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ដាក់​ទណ្ឌកម្ម​លើ​ការ​ផ្ទេរ​អំណាច​ដឹកនាំ​ប្រទេស​ត​ពូជ។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឃ្លោក លាភ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ សីហា ថា លោក​ចំណាយ​ពេល​ជិះ​រថភ្លើង ២​ម៉ោង​ដើម្បី​មក​ធ្វើ​បាតុកម្ម​នេះ​ដោយសារ លោក​ឈឺចាប់​នៅ​ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ​រងទុក្ខ​វេទនា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​គិតតែ​ពី​គ្រួសារនិយម មិន​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ បើ​ទោះ​បីជា ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​នេះ​ធ្វើ​ឱ្យ​កម្ពុជា​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក៏ដោយ។

លោកឃ្លោក លាភ៖ «​ពីព្រោះ​ពួកយើង​ធ្វើ​ដើម្បី​ទាមទារ​ឱ្យ​អន្តរជាតិ​ជួយ​កម្ពុជា​ផង ព្រោះ​កម្ពុជា​យើង​ឃើញ​ហើយ​ទណ្ឌកម្ម​ធ្លាក់​មក​ជា​បន្តបន្ទាប់ សេដ្ឋកិច្ច​ចាប់ផ្ដើម​ធ្លាក់ចុះ​ដាំ​ក្បាល​ចុះ​វិស័យ​អចលនទ្រព្យ​ចាប់ផ្ដើម​លក់​លេង​ដាច់ ហើយ​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​រងគ្រោះ ខ្ញុំ​ធ្វើ​នេះ​មិនមែន​ធ្វើ​ដើម្បី​ខ្ញុំ​នៅ​កូរ៉េ​នេះ​ទេ ខ្ញុំ​នៅ​កូរ៉េ​ប្រាក់ខែ​សមរម្យ​ខ្ញុំ​អាច​រស់​បាន​ហើយ អ៊ីចឹង​ខ្ញុំ​មើលឃើញ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​អត់​លុយ​បង់​ធនាគារ​ដោយសារតែ​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ហ្នឹង​អន្តរជាតិ​គេ​ដាក់​ទណ្ឌកម្ម»។

ក្រុម​បាតុករ​ប្រមាណ ៧០០​នាក់​បាន​ប្រមូលផ្ដុំ​នៅ​ទីលាន​ជុងកាក់ (Jonggak) ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​សម្ដែង​មតិ​អំពី​ការ​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី អ្នកខ្លះ​កាន់​បដា និង​លើកឡើង​ពី​ការ​ឈឺចាប់ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិ សកម្មជន​នយោបាយ តាមរយៈ​ការ​កាន់អំណាច​ត​ពូជ​ដែល​យក​ស្ថាប័ន​តុលាការ​ជា​ឧបករណ៍​ធ្វើបាប​ពលរដ្ឋ​។ នៅ​ថ្ងៃទី​២១ សីហា ក្រុម​បាតុករ​នឹង​ដាក់​ញត្តិ ទៅ​ក្រសួង​ការបរទេស​កូរ៉េ និង​ស្ថានទូត​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចំនួន​១៩​ប្រទេស​ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឯកបក្យ គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​សិទ្ធិ​នយោបាយ​ឡើងវិញ​។​

ក្រៅពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្រុម​យុវជន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រមាណ​ជាង​២០០​នាក់ (២៥០) ក៏​ធ្វើបាតុកម្ម​នៅថ្ងៃ​នេះ​ដែរ ក្នុង​បរិវេណ​សួន អូអិណុ (Ueno) ទីក្រុង​តូក្យូ (Tokyo) ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច​ត​ពូជ​របស់​គ្រួសារ លោក ហ៊ុន សែន ដែល​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ។

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន លោក ខ្លូត វីរៈ ថ្លែង​ថា ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន គឺជា​ការបំពាន​រដ្ឋធម្មនុញ្ញ​។ លោក ខ្លូត វីរៈ ប្រៀបប្រដូច​ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន នេះ គឺ​ដូច​ទៅ​នឹង​របប​ផ្ដាច់ការ​ប្រទេស​កូរ៉េខាងជើង​ដែល​ពលរដ្ឋ​គ្មាន​សិទ្ធិ​សម្រេច​លើ​វាសនា​របស់​ខ្លួន។

លោក ខ្លូត វីរៈ៖ «ក្នុងថ្ងៃនេះ​ខ្ញុំ​ផ្ញើ​សារ​នេះ​ទៅ​របប ហ៊ុន សែន ក៏ដូចជា​រដ្ឋាភិបាល​ក្រុងភ្នំពេញ​សូម​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ខ្ញុំ​មិន​ចង់ឱ្យ​ពួកគាត់​នៅ​បន្ត​ត​ដំណែង​ត​កូន​តចៅ​បែប​នេះ​ទៀត​ទេ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​នេះ ហើយក៏​ដូចជា​ពលរដ្ឋ​ទូទៅ​នៅ​ក្រៅ​ប្រទេស​អត់​ពេញ​សប្បាយចិត្ត​ទេ នឹង​របប​បន្ត​ត្រកូល​ហ្នឹង​ទេ សូម​ឱ្យ​គាត់​វិល​មក​ប្រជាធិបតេយ្យ​វិញ» ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​រស់នៅ​ជប៉ុន​ម្នាក់​ទៀត គឺ លោក សោម សុជាតិ លើកឡើង​ថា លោក​មិន​ទទួល​យក​ការ​បោះឆ្នោត​បង្គ្រប់កិច្ច និង​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី​នោះ​ទេ ពីព្រោះ​ជា​ការ​រំលោភសិទ្ធិ​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ លោក​ព្រួយ​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​នឹង​រស់​នៅ​ក្រោម​ការ​បំបិទ​សេរីភាព និង​ការ​រំលោភ​សិទ្ធិ​កាន់តែ​ធ្ងន់ធ្ងរ។

លោក សោម សុជាតិ៖ «តាមពិត​យើង​ក្នុងនាម​ជា​ពលរដ្ឋ​ក្នុងនាម​ជា​ម្ចាស់​ឆ្នោត​ហើយ​ក្នុងនាម​ជា​ម្ចាស់​ប្រទេស​គឺ​ពួកយើង​មាន​ការ​មិន​សប្បាយចិត្ត​និង​ខឹង​សម្បារ ចំពោះ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២៣ នេះ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទទួលស្គាល់​ការបោះឆ្នោត​២០២៣​នេះ​ទេ​គឺ​បោះឆ្នោត​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន​តែប៉ុណ្ណោះ ហើយ​ទាំងអស់គ្នា​គឺជា​ប្រជាពលរដ្ឋ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​យើង​មិន​ទទួល​ការបោះឆ្នោត ហើយ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ​នេះ​ទេ» ។

បាតុកម្ម​នេះ​មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​ជប៉ុន មន្ត្រី​អង្គការ​សិទ្ធិមនុស្ស អ្នកកាសែត និង​កង​សន្តិសុខ​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ក្រុម​បាតុករ​។ ក្រុម​បាតុករ​អះអាង​ថា សមាជិក​គណបក្ស​កាន់អំណាច​មួយចំនួន​បាន​បំភិតបំភ័យ​ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​ទិដ្ឋាការ​ឆ្លងដែន​នឹង​មិនអាច​រស់នៅ​ប្រទេស​ជប៉ុន​បាន​នោះ​ទេ ប្រសិនបើ​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នោះ។

មិន​ខុសគ្នា​នេះ​ដែរ សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ក៏​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ដដែល​នេះ​ក្នុង​ទីក្រុង​ឡូ​វែល (Lowell) រដ្ឋ​ម៉ាស្សាឈូសែត (Massachusetts) នៅ​២​ម៉ោង​រសៀល ដើម្បី​រួមគ្នា​ក្រោកឈរ​ប្រឆាំង​ការ​ផ្ទេរ​អំណាច​ដឹកនាំ​ប្រទេស​ត​ពូជ និង​ប្រឆាំង​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម។

ឆ្លើយតប​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​មិន​អាច​រារាំង ដល់​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់ លោក ហ៊ុន ម៉ាណែត បាន​នោះ​ទេ។

លោក សុខ ឥសាន៖ «ខ្ញុំ​យល់ថា​បងប្អូន​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​តែងតាំង​រដ្ឋាភិបាល​ថ្មី​ក៏ដូចជា​ការរៀបចំ​រចនា​សម្ព័ន្ធ​ក្បាលម៉ាស៊ីន​រដ្ឋសភា​នីតិកាល​ថ្មី​នេះ គឺថា​ទៅ​ដំណើរការ​ដោយ​រលូន ស្របទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​តាម​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ដូច្នេះ​ទោះ​បងប្អូន​ស្រែក​ដល់​ស្លាប់​ខ្លួន​ទៀត​ក៏​មិនអាច​រារាំង​បាន​ដែរ» ។

ទោះជា​យ៉ាងណា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​កន្លងទៅ បណ្ដា​ប្រទេស​លោក​សេរី​មួយចំនួន​ចាត់ទុកថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​ជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ដើម្បី​ឱ្យ​លោក ហ៊ុន សែន អាច​បន្ត​ក្ដោប​ក្ដាប់​អំណាច និង​ផ្ទេរអំណាច​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។