ពលករខ្មែររួមជាមួយសកម្មជនគណបក្សប្រឆាំង និងនិស្សិតនៅប្រទេសថៃប្រមាណ៦០នាក់ បានប្រមូលផ្ដុំគ្នានៅតំបន់សួនលួងឡកាវ ក្នុងក្រុងបាងកក (Bangkok) ស្នើឱ្យអង្គការសហប្រជាជាតិ កុំទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។ ក្រៅពីស្នើឱ្យអង្គការសហប្រជាជាតិដាក់សម្ពាធទៅលើរដ្ឋាភិបាល ឱ្យលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយនោះ ក្រុមអ្នកតវ៉ាក៏បានលើកបដាស្នើឱ្យអង្គការសហប្រជាជាតិ អន្តរាគមន៍ដោះលែងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្សទាំងអស់ ឱ្យមានសេរីភាពឡើងវិញ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែកញ្ញា។
ពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ ដែលបានចូលរួមក្នុងការតវ៉ានេះ គឺលោក ឆន សុខឃឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញា ថា អង្គការសហប្រជាជាតិមិនត្រូវទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនោះឡើយ។ លោកអះអាងថា ក្រុមប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ នឹងបន្តការតវ៉ាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យអង្គការសហប្រជាជាតិស្នើឱ្យមានការបោះឆ្នោតនៅកម្ពុជាដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញផងដែរ។
លោក ឆន សុខឃឿន៖ «ព្រោះអីយើងដឹងហើយថា ការបោះឆ្នោតនេះ មិនមែនជាការបោះឆ្នោតបញ្ជាក់ឱ្យឃើញពីត្រឹមត្រូវសេរី យុត្តិធម៌អីទេ ព្រោះបក្សប្រឆាំងដ៏ធំបំផុត មិនបានចូលរួមបោះឆ្នោត ម្ល៉ោះហើយគឺពួកយើងមិនបញ្ឈប់សកម្មភាពដាច់ខាត»។
កាលពីខែសីហា កន្លងទៅ ក្រុមពលករខ្មែរធ្វើការនៅប្រទេសថៃ ក៏បានដាក់ញត្តិនៅតាមស្ថានទូតដែលជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន៦ប្រទេស មានដូចជា ស្ថានទូតអាមេរិក (US) អាល្មឺម៉ង់ (Germany) និងឥណ្ឌូនេស៊ី (Indonesia) ជាដើម ដើម្បីស្នើឱ្យបណ្ដាប្រទេសទាំងនោះ កុំទទួលស្គាល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលពួកគេអះអាងថា កើតចេញពីការបោះឆ្នោតដោយមិនសេរី មិនត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។