ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនជិត ៦០០នាក់ (៥៦០) នៅថ្ងៃទី១៧ ធ្នូ ប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែត នៅកណ្ដាលទីក្រុងតូក្យូ (Tokyo) ដែលពួកគាត់អះអាងជាមេដឹកនាំអសមត្ថភាពធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។ មន្ត្រីបក្សកាន់អំណាចថា ការធ្វើបាតុកម្មនេះគឺជារឿងមិនបានការពីព្រោះមានពលរដ្ឋខ្មែរជាច្រើននាក់បានចូលរួមគាំទ្រលោក ហ៊ុន ម៉ាណែត។
ពលរដ្ឋខ្មែរទាំងនោះបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន អបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាព។
ក្រុមអ្នកចូលរួមធ្វើបាតុកម្មទាំងនោះ នាំគ្នាលើកទងជាតិខ្មែរ និងជប៉ុន អ្នកខ្លះកាន់រូបថតអ្នកជាប់ទោសនយោបាយ និងកាន់បដាដោយភ្ជាប់ជាមួយរូប លោក ហ៊ុន ម៉ាណែត ដែលសរសេរខ្លឹមសារថា នាយករដ្ឋមន្ត្រីកើតចេញពីការបោះឆ្នោតក្លែងក្លាយ។
សំឡេងពលរដ្ឋ៖ «ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្លែងក្លាយ ហ៊ុន ម៉ាណែត ត្រូវដោះលែងអ្នកទោសនយោបាយ ហ៊ុន ម៉ាណែត ត្រូវស្ដារលទ្ធិប្រជាធិបតេយ្យ»។
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន លោក សោម សុជាតិ ប្រាប់ថា ការធ្វើបាតុកម្មនេះគឺដោយសារតែ ពួកគេ មិនទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពីព្រោះការបោះឆ្នោតកន្លងទៅប្រព្រឹត្តទៅមិនសេរី មិនយុត្តិធម៌ និងមិនត្រឹមត្រូវឡើយ។ ។ លោកបន្តថា គឺជារឿងឈឺចាប់នៅពេលដែលពលរដ្ឋខ្មែរចេញទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាល ប៉ុន្តែបែរជារងការធ្វើបាប ការចាប់ដាក់ពន្ធនាគារ និងប្រើអំពើហិង្សាលើពួកគាត់ទៅវិញ។
លោក សោម សុជាតិ៖ «អ្វីដែលយើងឈឺចាប់នោះគឺឃើញបងប្អូនដែលជាជនភៀសខ្លួនមករស់នៅលើទឹកដីជប៉ុននេះសុទ្ធតែជាជនរងគ្រោះដែលឈឺចាប់ ហើយមិនមានយុត្តិធម៌ឡើយ សូម្បីតែពន្លឺនៃយុត្តិធម៌មិនត្រឹមតែប៉ុណ្ណោះ គេតាមបំបិទសិទ្ធិយើង បំបិទមាត់របស់យើងមិនឱ្យចូលរួមតវ៉ា ឬក៏ធ្វើសកម្មភាពអីទេ គឺតែងតែមានការគំរាមកំហែងទៅដល់គ្រួសារអីជាដើម»។
លោក សោម សុជាតិ បន្ថែមថា ពួកគេគ្រោងដាក់ញត្តិទៅក្រសួងការបរទេសជប៉ុនបន្តទៀត ដើម្បីបង្ហាញពីក្ដីព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស ការបំបិទសេរីភាពមូលដ្ឋាន និងផាត់ចោលគណបក្សភ្លើងទៀនមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជាដើម។
អ្នកចូលរួមបាតុកម្មម្នាក់ទៀត គឺ លោកស្រី ខាត សំនៀង ថ្លែងថា ក្រៅពីការទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពឡើងវិញ ពួកគាត់ចង់ឃើញរដ្ឋាភិបាលអនុវត្តឱ្យមានតម្លាភាព និងគិតគូរពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរជាធំ។ លោកស្រី សោកស្ដាយ ដែល រដ្ឋាភិបាលយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់លើទឹកកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ពួកគេ ដែលផ្ទុយពីពលរដ្ឋខ្មែរមួយចំនួនដែលចេញមុខតវ៉ាទាមទារយុត្តិធម៌បែរជារដ្ឋាភិបាលមិនអើពើ។ លោកស្រីបន្ថែមថា ប្រសិនបើរដ្ឋាភិបាលពិតជាគោរពសិទ្ធិមនុស្ស និងអាចដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋខ្មែរពិតមែននោះ លោកស្រីក៏មិនចេញធ្វើបាតុកម្មដែរ។
លោកស្រី ខាត សំនៀង៖ «ចង់មានស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ហើយនិងចង់បានសិទ្ធិសេរីភាព និងសូមឱ្យលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការដូចជា លោក ថាច់ សេដ្ឋា កញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ធារី ជាដើមសូមកុំឱ្យមានការចោទប្រកាន់ទៅលើអ្នកទោសនយោបាយទាំងអស់»។
បាតុកម្មសម្ដែងមតិរបស់ពលរដ្ឋខ្មែរនេះមានការរួមពីឃ្លាំមើលពីអាជ្ញាធរជប៉ុន ប្រមាណ៥០នាក់ដើម្បីជួយសម្រួលចរាចរឱ្យពលរដ្ឋខ្មែរដើរដង្ហែក្បួននៅជុំវិញសួនហ៊ីប៊ីយ៉ា (Hibiya) និងមានអ្នកកាសែតជប៉ុនមួយចំនួនចូលរួមយកព័ត៌មានផងដែរ។
ឆ្លើយតបបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា ការធ្វើបាតុកម្មនេះគឺមិនឆ្លុះបញ្ចាំងពីការពិតឡើយពីព្រោះ លោកថា មានអ្នកមកគាំទ្រលោក ហ៊ុន ម៉ាណែត ច្រើនជាងអ្នកចូលរួមធ្វើបាតុកម្ម។
លោក សុខ ឥសាន៖ «ចំណុចទី៣ត្រង់ថា អស់លោកអ្នកមួយចំនួនតូច ដែលមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតវាហួសពេលហើយពីព្រោះបោះឆ្នោតវាចប់សព្វគ្រប់ មានការវាយតម្លៃពីជាតិ និងអន្តរជាតិហើយគេទទួលស្គាល់លទ្ធផលបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ សេរី និងត្រឹមត្រូវ និងគ្មានអំពើហិង្សា»។
បើទោះបីជា លោក សុខ ឥសាន ថ្លែងការពារលោក ហ៊ុន ម៉ាណែត ថា មានចំនួនមនុស្សស្វាគមន៍ លោក ហ៊ុន ម៉ាណែត រាប់ពាន់នាក់ក្ដី ប៉ុន្តែពលរដ្ឋខ្មែរនៅជប៉ុនអះអាងថា មន្ត្រីហែហមលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់ថវិកាជាតិដើម្បីជួលក្រុមអ្នកគាំទ្រទាំងនោះឱ្យមកស្វាគមន៍លោក ហ៊ុន ម៉ាណែត ដើម្បីជាថ្នូរទទួលបានថវិកាត្រឡប់ទៅវិញ។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ពលរដ្ឋធ្វើបាតុកម្មបែបនេះគឺជារឿងមិនចំណេញនោះទេនៅពេលដែលរដ្ឋាភិបាល មិនទទួលយកការរិះគន់របស់ពលរដ្ឋ ដើម្បីកែលំអចំណុចខ្វះខាត ផ្ទុយវិញមានតែការខាតបង់ និងធ្វើឱ្យមេដឹកនាំមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ។
លោក អំ សំអាត៖ «បើខ្ញុំមើលទៅថា ប្រសិនបើរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជានៅតែច្រានចោលរាល់ការលើកឡើង ឬក៏សំណូមពរផ្សេងៗទាក់ទងទៅនឹងការកែលំអសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអាហ្នឹងវាធ្វើឱ្យបញ្ហាប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនឹងវាកាន់តែធ្លាក់ចុះទៅអាហ្នឹងជាការខាតបង់បន្ថែមសម្រាប់កម្ពុជាឬក៏ទទួលបានផលប្រយោជន៍ផ្សេងៗ»។
ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដែលចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន អបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ (Tokyo) មានតែវត្តមាន លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះដែលមានពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងលោក ដែលខុសពីមេដឹកនាំនៅបណ្ដាប្រទេសផ្សេងៗទៀតទទួលបានការស្វាគមន៍ពីពលរដ្ឋរបស់ខ្លួន។ បញ្ហានេះគឺដោយសារ លោក ហ៊ុន ម៉ាណែត មិនគោរពសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពអ្នកនយោបាយ ។ ក្រុមពលរដ្ឋនៅក្រៅប្រទេសអំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិសេរីភាពនយោបាយ ដើម្បីឱ្យមានការចូលរួមប្រកួតប្រជែងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។