ចៅសង្កាត់​រង​ទី២ បក្ស​ភ្លើង​ទៀន គ្រោង​រកអន្តរាគមន៍​ពី​សាលាខេត្ត​បាត់ដំបង រឿងស្មៀន​សង្កាត់​អូរចារ​អនុវត្ត​ការងារ​រើសអើង​និន្នាការ​បក្ស​នយោបាយ

0:00 / 0:00

ចៅសង្កាត់​រង​ទី២ គណបក្ស​ភ្លើង​ទៀន គ្រោង​ដាក់​លិខិត​សុំ​អន្តរាគមន៍ ទៅសាលា​ខេត្តបាត់ដំបង ករណី​ស្មៀន​សង្កាត់​អូរចារ អនុវត្ត​ការងារ​រើសអើង​នយោបាយ។ ការ​រៀបចំ​ដាក់​លិខិត​នេះ​កើត​ឡើង ដោយសារ​តែ​ចៅសង្កាត់​មក​ពី​គណបក្ស​កាន់​អំណាច​គ្មាន វិធានការ​សម្រប​សម្រួល​ការ​រើសអើង។ សង្គម​ស៊ីវិល​យល់​ថា មន្ត្រី​គណបក្ស​កាន់​អំណាច គួរ​បញ្ឈប់​វប្បធម៌​រើសអើង​នយោបាយ។

ចៅសង្កាត់​រង​ទី២ សង្កាត់​អូរចារ មក​ពី​គណបក្ស​ភ្លើង​ទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​ឡើង​ថា ស្មៀន​មក​ពី​បក្ស​កាន់​អំណាច​មាន​អាកប្បកិរិយា​ខ្វះ​ក្រមសីលធម៌ និង​ធ្វើ​ការងារ​លើស​តួនាទី ដោយ​មិន​គោរព​ទៅ​តាម​ឋានានុក្រម ដែល​ច្បាប់​កំណត់ និង​គោល​ការណ៍​បម្រើ​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​សាធារណៈ។

ចៅសង្កាត់​រង​ទី២ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៥ សីហា ថា លោក​ចៅ​សង្កាត់ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​កាន់​អំណាច នៅ​មិន​ទាន់​ណែនាំ ឬ​ដោះ​ស្រាយ​បញ្ហា​ស្មៀន​ឃុំ​នេះ​នៅ​ឡើយ ។ អ្នកស្រី យល់​ថា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន ចំពោះ​អាកប្បកិរិយា​របស់​ស្មៀន​ឃុំ ដែល​ធ្វើ​មក​លើ​អ្នកស្រី។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី​គិត​ថា រឿង​នេះ​នឹង​គ្មាន​ដំណោះស្រាយ​ទេ ព្រោះ​ស្មៀន និង​ចៅសង្កាត់ គឺ​ជា​មនុស្ស​មក​ពី​បក្ស​កាន់​អំណាច​ដូច​គ្នា។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់ទុកថា នេះ​ជា​ការ​រើសអើង រឹតត្បិត​សិទ្ធិ និង​ប្រមាថ​មើល​ងាយ​អ្នកស្រី ក្នុង​ការ​អនុវត្ត​ការងារ៖ « ខ្ញុំ​កំពុង​រៀបចំ​បែប​បទ​ឯកសារ ដាក់​ទៅ​សាលាក្រុង និង​សាលាខេត្ត ដើម្បី​ឱ្យ​មាន​ការ​អន្តរាគមន៍​ ករណី​ដែល​ស្មៀន ប្រើ​ចរិត​ច្រឡោងខាម ចរិត​ពាល ដែល​យើង​មាន​ពលរដ្ឋ​គាត់​ធ្វើ​សាក្សី​បាន ដែល​គាត់​ឃើញ​ព្រឹត្តិការណ៍​ហ្នឹង ពេល​ដែល​គាត់​មក​ទទួល​សេវា។ ក៏​ប៉ុន្តែ​សម្រាប់​ខ្ញុំ​យល់​ថា ទោះ​បី​ខ្ញុំ​ដាក់​ទៅ​មិន​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ក៏​ដោយ ប៉ុន្តែ​យើង​ត្រូវ​តែ​ដាក់ យើង​នឹង​ប្រឹងប្រែង​តស៊ូ​អត់ធ្មត់​បន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​មាន​ភាព​កក់ក្ដៅ​សម្រាប់​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់ ក៏​ខ្ញុំ​នៅ​ទី​ហ្នឹង បាន​ជួយ​ការពារ​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ថា គាត់​មើល​ឃើញ​អាកប្បកិរិយា​របស់​ស្មៀន គឺ​យក​ខ្ញុំ​ធ្វើ​ជា​សត្រូវ​តែ​ម្ដង គឺ​ប្រើ​ពាក្យ​សម្ដី​ទ្រគោះ​បោះបោក មក​លើ​រូប​នាង​ខ្ញុំ​ដែល​ជា​ស្ត្រី ដែល​ជា​មន្ត្រី​ជាប់​ឆ្នោត »

កាល​ពី​ថ្ងៃ​ទី២៤ សីហា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​សួរនាំ​ពលរដ្ឋ​មាន​បញ្ហា​ក្នុង​ការ​ធ្វើ​សំបុត្រ​កំណើត ដោយសារ​ជំនួយ​ការ​រដ្ឋបាល​ឃុំ បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ទៅ​បញ្ជាក់​នៅ​ភូមិ ប៉ុន្តែ​មេភូមិ​តម្រូវ​ឱ្យ​ធ្វើ​លិខិត​បញ្ជាក់​កំណើត​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តកំពត ដែល​អ្នកស្រី​មើល​ឃើញ​ថា ខុស​ពី​នីតិវិធី និង​មិន​បាន​ជួយ​សម្រួល​ដល់​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។ ពេល​នោះ​ស្មៀន​សង្កាត់​អូរចារ បាន​ចេញ​ពី​បន្ទប់ ដោយ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ ច្រឡើសបើស និង​ប្រមាថ​មាក់ងាយ ចៅសង្កាត់​រង​ទី២ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅ​ចំពោះ​មុខ​ពល​រដ្ឋ។ ពលរដ្ឋ​ឃើញ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​លើក​ឡើង​ថា មន្ត្រី​ស្មៀន​ហាក់​មិន​សូវ​គោរព និង​ឱ្យ​តម្លៃ​ចៅ​សង្កាត់​រង​ទី២ សោះ​ឡើយ។ ចំណែក​ស្មៀន​ឃុំ ដែល​រង​ការ​ចោទ​ប្រកាន់ លោក សឿន ចំរ៉ុង អះអាង​យ៉ាង​ខ្លី​ថា រឿង​នេះ​នឹង​គ្មាន​ការពិត ប្រសិន​បើ​ស្ដាប់​ភាគី​តែ​ម្ខាង។

ពាក់ព័ន្ធ​ករណី​នេះ ចៅ​សង្កាត់​អូរចារ លោក ឯម សុផល លើក​ឡើង​ថា រឿង​នេះ​ពុំ​មាន​អ្វី​ត្រូវ​ប្រជុំ​ដោះ​ស្រាយ​ឡើយ ព្រោះ​លោក​មើល​ឃើញ​ថា ទាំង​ស្មៀន និង​ចៅ​សង្កាត់​រង​ទី២ ពុំ​មាន​ទំនាស់​នឹង​គ្នា​ទៀត​ទេ គឺ​ពួក​គេ​នៅ​និយាយ​គ្នា​ធម្មតា​នៅ​ក្រោយ​ហេតុការណ៍​នោះ។ លោក​បន្ត​ថា លោក​ក៏​មិន​ឃើញ​មាន​ប្រតិកម្ម​អ្វី​របស់​ភាគី​ទាំង​សង្ខាង ពី​ការ​មិន​សុខ​ចិត្ត​ណា​មួយ​ឡើយ។ លោក​បន្ត​ថា បញ្ហា​កើត​ឡើង​ដោយសារ​ស្មៀន និង​ចៅសង្កាត់​រង​ទី២ ទាមទារ​សម្របសម្រួល​ជូន​ពលរដ្ឋ តែ​រៀងៗ ខ្លួន៖ « ពេល​ប្រជុំ​វិសាមញ្ញ​ខាង​មុខ​នេះ នឹង​ជម្រាប​ជូន​ពួក​គាត់​បន្ថែម​ទៀត។ ខ្ញុំ​ធ្លាប់​ណែនាំ​ពួក​គាត់​ហើយ ឱ្យ​ធ្វើ​ការ​រួម​គ្នា សាមគ្គី​គ្នា ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ គាត់​បោះ​ឆ្នោត​ឱ្យ​យើង ឱ្យ​បម្រើ​គាត់ អ៊ីចឹង​មាន​ការ​ឱ្យ​ឱ្យ​ពិភាក្សា​គ្នា។ ខ្ញុំ​បាន​ជម្រាប​ជូន​គាត់​ពេល​ប្រជុំ​ពេល​អី​ហើយ​បាទ ប៉ុន្តែ​ខ្ញុំ​មើល​ស្ថានភាព​នេះ​មិន​អី​ទេ គ្រាន់តែ​គាត់​ប្រកែក​គ្នា​បន្តិចបន្តួច ហើយ​ក៏​បាន​សម្របសម្រួល​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ ។ ល្ងាច​មិញ​ខ្ញុំ​មក​ដល់​សង្កាត់​ឃើញ​គាត់​អង្គុយ​និយាយ​លេង​ធម្មតា អត់​មាន​អី​ផង »

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តបាត់ដំបង លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មេឃុំ ឬ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​មាន​វិធានការ​រដ្ឋបាល ឬ​វិធានការ​វិន័យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​នេះ។ លោក​បន្ត​ថា ប្រសិនបើ​បញ្ហា​នេះ​អូស​បន្លាយ នឹង​ធ្វើ​ឱ្យ​មាន​ទម្លាប់​អាក្រក់ ក្នុង​ការងារ​រដ្ឋបាល​ឃុំ​សង្កាត់ ដែល​តម្រូវ​ឱ្យ​ធ្វើ​ការ​រួម​គ្នា បម្រើ​សេវា​ជូន​ពលរដ្ឋ៖ « ការ​ដាក់​របាយការណ៍​ទៅ​ខាង​ស្រុក ឬក៏​ទៅ​អាជ្ញាធរ​ខេត្ត ជា​ចំណុច​មួយ ដើម្បី​ឱ្យ​ស្រុក និង​ខេត្ត​លោក​បាន​ដឹង។ ស្រុក និង​ខេត្ត​អាច​ជួយ​ជំរុញ​បញ្ហា​នេះ​មក​ឃុំ​វិញ ​ឱ្យ​មាន​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់។ រឿង​តូច​រឿង​ធំ វា​អត់​សំខាន់​ទេ សំខាន់​ថា វា​ពិត​ជា​មាន​រឿង​កើត​ឡើង ឬ​ក៏​អត់ ? ដូច​អ្វី​ដែល​ភាគី​អះអាង​អត់ ? ។ ខ្ញុំ​មិន​ចង់​ឱ្យ​មាន​វប្បធម៌​របៀប​ហ្នឹង​នៅ​ត​ទៅ​ទៀត ក្នុង​ការងារ​រដ្ឋបាល​របស់​ឃុំ​សង្កាត់​ទេ យើង​ត្រូវ​តែ​រួម​គ្នា ដើម្បី​បម្រើ​សេវា​របស់​ប្រជាពលរដ្ឋ ទើប​ជា​រឿង​ល្អ។ រឿង​នាំ​គ្នា​ឈ្លោះ​គ្នា លាប​ពណ៌​គ្នា ចេះ​តែ​ប្រើ​ក្រុម​នេះ​ក្រុម​នោះ ហើយ​សុទ្ធតែ​ខ្មែរ​ទាំង​អស់​គ្នា វា​មិន​មែន​ជា​រឿង​ល្អ​ទេ »

ក្រោយ​កា​របោះ​ឆ្នោត ថ្ងៃ​ទី៥ មិថុនា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​ជាប់​ចៅ​សង្កាត់​រង​ទី២ សង្កាត់​អូរចារ មក​ពី​គណបក្ស​ភ្លើង​ទៀន និង​បាន​ចូល​ធ្វើ​ការ​រយៈ​ពេល​ជិត ២ខែ​មក​ហើយ។ អ្នកស្រីតែងតែ​លើក​ឡើង​ជា​បន្ត​បន្ទាប់​អំពី​បញ្ហា​ស្មៀន​របស់​ក្រសួង​មហាផ្ទៃ ដែល​តែង​រើសអើង​និន្នាការ​នយោបាយ ពេល​អនុវត្ត​ការងារ និង​មិន​បាន​ការ​គោរព​តាម​ឋានានុក្រម ដែល​ច្បាប់​កំណត់។

ទាក់ទង​នឹង​រឿង​នេះ មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​អះអាង​ថា ក្រុម​ប្រឹក្សា​ឃុំ​ប្រមាណ ៣០ភាគ​រយ​កំពុង​រង​ការ​រើសអើង​ផ្នែក​នយោបាយ ដោយសារ​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​មិន​បែងចែក​ការងារ​ឲ្យ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។