អតីតមេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ ឱ្យដឹងថា មានជនមិនស្គាល់មុខ បានបំផ្លាញស្លាកគណបក្សភ្លើងទៀនមួយផ្ទាំងទៀត ក្នុងឃុំស្រែគរ កាលពីយប់ថ្ងៃទី៩ ឧសភា។
មេក្ខជនមេឃុំស្រែគរបក្សភ្លើងទៀនលោក សៀក មេគង្គ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ឧសភាថា មកទល់ពេលនេះ ស្លាកសញ្ញាគណបក្សភ្លើងទៀនចំនួន ៣ផ្ទាំងហើយ នៅខេត្តស្ទឹងត្រែង ដែលត្រូវបានជនមិនស្គាល់មុខ លួចបំផ្លាញចោល ដោយសមត្ថកិច្ចពុំទាន់ចាប់ជនដៃដល់ណាម្នាក់នៅឡើយទេ។
លោកថា ជនអនាមិកធ្វើសកម្មភាពនៅពេលយប់ ដែលពិបាកស៊ើបអង្កេតរកមុខជនប្រព្រឹត្ត។ លោកចាត់ទុកសកម្មភាពនេះ ជាចេតនាគំរាមកំហែងលើស្មារតីនយោបាយរបស់ពួកលោក ដែលកំពុងធ្វើសកម្មភាពជាមួយគណបក្សភ្លើងទៀន៖ « ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គួរតែសហការគ្នា រក្សាភាពយុត្តិធម៌ទាំងអស់គ្នា ហើយត្រូវប្រកួតប្រជែងគ្នាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដោយស្មើមុខមាត់ ដើម្បីឱ្យអន្តរជាតិគេសរសើរ។ នេះជាការបន្លាចពួកខ្ញុំ ដែលយើងតំណាងឱ្យគណបក្សប្រឆាំង ដែលតស៊ូជាង ២០ ឆ្នាំជាង មិនបាក់ស្មារតីទេ » ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអាង បាននៅឡើយទេ នៅថ្ងៃទី១០ ឧសភា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
នៅពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង សុទ្ធតែបានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមការពារសុវត្ថិភាពបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ និងបង្កបរិយាកាសឲ្យបានល្អ ជៀសវាងអំពើហិង្សាទាំងរាងកាយ និងពាក្យសម្ដី ដើម្បីធានាឲ្យការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។