គណបក្សភ្លើងទៀន និងគណបក្សនយោបាយចំនួនពីរផ្សេងទៀត កំពុងជជែកគ្នាជាលក្ខណៈផ្ទៃក្នុងអំពីគម្រោងចងសម្ពន្ធភាពជាមួយគ្នា។ ទោះជាយ៉ាងណាក្ដី មន្ត្រីបក្សកាន់អំណាចនិយាយថា សម្ពន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាលមិនអាចគំរាមកំហែងដល់ការកាន់អំណាចរបស់ខ្លួនឡើយ ហើយសម្ពន្ធភាពនោះ តែងតែត្រូវរលាយបាត់ទៅវិញយ៉ាងលឿន។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៤ ខែតុលាថា ការចរចារវាងគណបក្សភ្លើងទៀន និងគណបក្សនយោបាយពីរផ្សេងទៀត កំពុងដំណើរការទៅមុខ។ លោកបន្តថា នៅពេលដែលក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងនោះចរចាត្រូវរ៉ូវគ្នា រួចតំណាងគណបក្សទាំងនោះនឹងយកសេចក្ដីសម្រេចនោះដាក់ជូនថ្នាក់ដឹកនាំគណបក្សនយោបាយទាំងសងខាងសម្រេចចិត្ត។ លោកអះអាងថា នៅពេលចេញលទ្ធផល គណបក្សដែលចងសម្ពន្ធភាពគ្នាទាំងនោះនឹងចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការរួមគ្នា។ ទោះជាយ៉ាងណាក្ដី លោក រ៉ុង ឈុន សុំមិនទាន់បង្ហាញឈ្មោះគណបក្សនយោបាយពីរផ្សេងទៀត ដែលកំពុងជជែកជាមួយគណបក្សភ្លើងទៀននៅពេលនេះនៅឡើយទេ។
លោក រ៉ុង ឈុន៖ « បើទោះជាលោក រ៉ុង ឈុន មិនទាន់អាចបង្ហាញឈ្មោះគណបក្សនយោបាយ ដែលកំពុងជជែកជាមួយគណបក្សភ្លើងទៀន នៅពេលនេះក្ដី ប៉ុន្តែ កាលពីគណបក្សភ្លើងទៀន ប្រកាសរកគណបក្សនយោបាយ ដែលមានឆន្ទៈ និងជំហរដូចគ្នា ដើម្បីចាប់ដៃគូ មានមេដឹកនាំ និងស្ថាបនិកគណបក្សចំនួន៣ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សឆន្ទៈខ្មែរ បង្ហាញជំហរស្វាគមន៍ការប្រកាសរបស់គណបក្សភ្លើងទៀន ដែលចង់ឱ្យមានការចងសម្ពន្ធភាពនយោបាយ នៃគណបក្សក្រៅរដ្ឋាភិបាល » ។
ទាក់ទងគម្រោងរួបរួមរបស់គណបក្សភ្លើងទៀន ជាមួយគណបក្សនយោបាយក្រៅរដ្ឋាភិបាលផ្សេងទៀតនៅពេលនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ឈឹម ផលវរុណ និយាយថា គណបក្សរបស់លោកតែងតែគោរពសិទ្ធិនយោបាយរបស់គណបក្សនយោបាយផ្សេងទៀត។ ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ចំអកថា សម្ពន្ធភាពរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលកន្លងមក គឺមានត្រឹមតែសំបកទេ ហើយសម្ពន្ធភាពនោះ ក៏មិនអាចរក្សាភាពស្ថិតស្ថេរបានយូរអង្វែងនោះដែរ។
លោក ឈឹម ផលវរុណ៖ « បើទោះជាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចលើកឡើងដូច្នេះក្ដី ប៉ុន្តែ សម្ពន្ធភាពនយោបាយ រវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបង្កើតបានជាគណបក្សសង្គ្រោះជាតិកន្លងទៅ គឺគណបក្សនេះ បានដណ្ដើមកៅអីនៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៣ ចំនួន ៥៥អាសនៈ រហូតធ្វើឱ្យរដ្ឋាភិបាលរបស់គណបក្សកាន់អំណាចរំលាយគណបក្សនេះចោលមុនការបោះឆ្នោត កាលពីឆ្នាំ២០១៨ » ។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា នេះជាសញ្ញាមួយ ដើម្បីអាចឱ្យគណបក្សភ្លើងទៀន ដែលប្រឈមការបាត់បង់ឱកាស ចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ។ លោកបន្តទៀតថា ចំពោះគណបក្សដៃគូរបស់គណបក្សភ្លើងទៀន ក៏អាចធ្វើឱ្យគណបក្សនោះមានឱកាសទទួលបានសំឡេងគាំទ្រផងដែរ។ លោកបន្តទៀតថា គម្រោងនេះ ផ្ដល់សារសំខាន់ដល់ចលនាប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
លោក រស់ សុដ្ឋា៖ «
មន្ត្រីសិទ្ធិមនុស្ស លោក រស់ សុដ្ឋា រំលឹកទៅមេដឹកនាំគណបក្សនយោបាយថា បើពួកគេមិនចង់ឱ្យមានការបែកបាក់សម្ពន្ធភាពនយោបាយ នោះទេ លុះត្រាមេដឹកនាំគណបក្សទាំងនោះ ទម្លាក់ចោលផលប្រយោជន៍ឯកជន មានការយោគយល់ និងមានការគ្រប់គ្រងផ្ទៃក្នុងបក្សរឹងមាំ។ គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៥ ខែកញ្ញា បានប្រកាសចងសម្ពន្ធភាពជាមួយគណបក្ស ដែលមានទស្សន: និងជំហរនយោបាយដូចគ្នានៅពេលខាងមុខ។ គណបក្សភ្លើងទៀន បង្ហាញជំហរបែបនេះ ក្រោយពេលគណបក្សនេះ ត្រូវបាន គ.ជ.ប ហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ ដោយអះអាងថា គណបក្សនេះគ្មានលិខិតចុះបញ្ជីច្បាប់ដើម។ គណបក្សភ្លើងទៀន ក៏ប្រឈមនឹងបញ្ហាមិនអាចចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ និងការបោះឆ្នោតខាងមុខផ្សេងៗ ទៀតដែរ ក្នុងករណីគ្មានលិខិតចុះបញ្ជីច្បាប់ដើមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។