មន្ត្រីគណបក្សភ្លើងទៀន ៦រូប ត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារ ក្រោយពួកគាត់សរសេរលិខិតសុំទោស និងព្រមចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលជាង ៤ខែ។ មន្ត្រីសង្គមស៊ីវិលថា សកម្មភាពនេះកំពុងបង្ហាញពីភាពលម្អៀង និងមិនយុត្តិធម៌ ព្រោះជាការតម្រូវឱ្យអ្នកជាប់ឃុំសុំទោស និងចុះចូល ដើម្បីប្ដូរយកសេរីភាព។
អាជ្ញាធរបានដោះលែងអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ គឺ លោក ស៊ិន វត្ថា និងសកម្មជនបក្សភ្លើងទៀន មួយចំនួន ៥នាក់ទៀត រួមមាន លោក ទេពសម្បត្តិ វឌ្ឍនោ លោក ឡុង ឡាវី លោក ទួត វាសនា លោក ឈុំ ស៊ីណាត និងលោក វ៉ាន់ ស៊ីអ៊ីវ បន្ទាប់ពីពួកគេព្រមចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីប្ដូរយកសេរីភាព។
មន្ត្រីបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ លោក សួន ខេមរិន្ទ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ធ្នូ ថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានដោះលែងលោក ស៊ិន វត្ថា និងអ្នកផ្សេងទៀត កាលពីយប់ថ្ងៃទី១៣ ធ្នូ ដោយលោកអះអាងថា ការដោះលែងនេះ ក្រោយពីពួកគាត់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សួន ខេមរិន្ទ៖«ចេញហើយនៅយប់មិញ ម៉ោង ១២យប់ ទើបមកដល់ផ្ទះ។ គាត់(មន្ត្រីបក្សភ្លើងទៀនទាំង ៦)ដាក់ពាក្យលាលែង ហើយចុះចូលជាមួយគេ រួចទើបគេសម្រេចដោះលែង»។
មន្ត្រីបក្សភ្លើងទៀន ទាំង ៦រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃពលរដ្ឋដើម្បីបង្កើតគណបក្សថ្មី។ តុលាការខេត្តនេះបានចោទ ប្រកាន់ពួកគេដូចៗ គ្នាពីបទញុះញង់ ហើយបង្គាប់ឱ្យឃុំខ្លួននៅក្នុងពន្ធនាគារបណ្ដោះអាសន្ន។
ទោះជាយ៉ាងណាក្ដី កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យបង្កើតគណបក្សបញ្ញាទំនើប តាមការស្នើសុំរបស់តំណាងស្ថាបនិកគណបក្សនេះគឺ លោក អ៊ឹម សូនិត ដែលជាអតីតប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះសីហនុ។ គណបក្សថ្មីនេះត្រូវរៀបចំ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលតម្រូវឱ្យមានស្នាមមេដៃពីសមាជិកយ៉ាងតិច ៤ពាន់នាក់ (៤.០០០)។ ក្រុមមន្ត្រីបក្សភ្លើងទៀន ទាំងនេះបានដើរប្រមូលស្នាមមេដៃ អ្នកគាំទ្រតាមការតម្រូវរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែពួកគេបែរជាត្រូវបានសមត្ថកិច្ច និងតុលាការចោទប្រកាន់ទៅវិញ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញថា ករណីនេះ ហាក់បញ្ជាក់ឱ្យឃើញពីអាជ្ញាធរលម្អៀងក្នុងការអនុវត្តច្បាប់ ព្រោះការដោះលែងអ្នកនយោបាយបក្សប្រឆាំងនៅថ្នាក់មូលដ្ឋាន បន្ទាប់ពីការចុះចូលនយោបាយ ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព ដោយមិនបានផ្អែកលើភាពយុត្តិធម៌ និងច្បាប់នោះឡើយ។
លោក ស៊ឹង សែនករុណា៖«អ៊ីចឹងបានមានការរិះគន់ ទាំងសង្គមស៊ីវិល ទាំងមតិអន្តរជាតិ គេចាត់ទុកថា ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយទាំងអស់ហ្នឹង គឺជាករណីនយោបាយ មិនមែនករណីអនុវត្តច្បាប់ទេ ប្រសិនបើជាករណីអនុវត្តច្បាប់ ក្នុងសំណុំរឿងតែមួយ គួរតែមានការគិតគូរពីសេរីភាពស្មើគ្នាចំពោះមុខច្បាប់ មិនមែនថា ទាល់តែគាត់ចុះចូលហើយ បានឱ្យរួចខ្លួន ហើយអ្នកមិនចុះចូលត្រូវតែ មានទោសទណ្ឌបន្តអ៊ីចឹងនោះទេ»។
ការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងដាក់ពន្ធនាគារ និងលួងលោមពួកគេឱ្យសរសេរលិខិត ឬថតវីដេអូសុំទោស បានក្លាយជាមធ្យោបាយ ឬជាល្បិចថ្មីមួយ របស់គណបក្សប្រជាជនកម្ពុជា ដែលអាចធ្វើឱ្យមន្ត្រីគណបក្សប្រឆាំង អះអាងទទួលថាខ្លួនមានកំហុស និងងាកទៅចូលរួមជីវភាពនយោបាយក្នុងបក្សរបស់ខ្លួន ដើម្បីប្ដូរយកសេរីភាព ឬទទួលបានមុខតំណែង តួនាទី ណាមួយនៅក្នុងជួររដ្ឋាភិបាល។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការបន្តលោងលោម អូសទាញ ឬបង្ខិតបង្ខំ ឱ្យមន្ត្រីគណបក្សប្រឆាំង ចុះចូលជាមួយគណបក្សកាន់អំណាចរបៀបនេះ គឺជាការកេងចំណេញ និងដាក់គំនាបទៅលើសកម្មជន និងមន្ត្រីគណបក្សប្រឆាំង ដែលធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ និងការប្រកួតប្រជែងនយោបាយបែបប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។