ស្លាកគណបក្សភ្លើងទៀន នៅក្រុងព្រះសីហនុ ត្រូវជនអនាមិកលួច កាត់បំផ្លាញចោល នៅថ្ងៃទី១៣ សីហា។ មន្ត្រីគណបក្សភ្លើងទៀនយល់ថា ការកាប់បំផ្លាញស្លាកគណបក្សនេះ ជាសញ្ញាគំរាមកំហែង និងជំរុញទៅរដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់លើជនប្រព្រឹត្តិ។ សង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរតែរកចាប់ជនល្មើសមកផ្ដន្ទាទោស តាមច្បាប់ ដើម្បីកុំពួកគេចេះតែដើរបំផ្លាញស្លាកគណបក្សនយោបាយតាមអំពើចិត្តទៀត។
មន្ត្រីគណបក្សភ្លើងទៀនសង្កាត់លេខ១ ក្រុងព្រះសីហនុ បានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ។ ការដាក់ពាក្យប្ដឹងនេះ ធ្វើឡើងបន្ទាប់ពី ស្លាកគណបក្សភ្លើងទៀន នៅចំណុចចំណោតយាយម៉ៅ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានជនអនាមិកចុះកាត់ នៅរសៀលថ្ងៃទី១៣ សីហា។ ពលរដ្ឋនៅក្បែរនោះ និងពលរដ្ឋជិះកាត់បានឃើញហេតុការណ៍អះអាងថា មន្ត្រីសាលាក្រុង មានគ្នាជាង ១០នាក់ បានចុះកាត់ស្លាកគណបក្សភ្លើងទៀន។
ប្រធានបក្សសង្កាត់លេខ១ លោក អ៊ុក ចេត្តនី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ សីហាថា ស្លាកគណបក្សភ្លើងទៀន ត្រូវបានជនអនាមិក មួយក្រុមមានពាក់ឯកសណ្ឋានជាប្រជាការពារភូមិមានគ្នាប្រមាណជាង ១០ នាក់ កាត់ស្លាកនៅចំណុចចំណោតលោកយាយម៉ៅ។ លោកបន្តថា ទង្វើរបស់ជនប្រព្រឹត្ត គឺមានចេតនាគំរាមកំហែង និងគាបសង្កត់ទៅលើគណបក្សនយោបាយ ដែលមាននិន្នាការផ្ទុយពីបក្សកាន់អំណាច។ លោក អ៊ុក ចេត្តនី បញ្ជាក់ថា នេះជាករណីទី៣ ហើយដែលមានជនអនាមិកបាន បំផ្លាញស្លាកគណបក្សភ្លើងទៀន ក្នុងសង្កាត់លេខ១៖ « តាមប្រជាពលរដ្ឋគាត់ឱ្យព័ត៌មានមក ប្រហែលជាជាង ១០នាក់ គាត់បានទៅលួចកាច់ស្លាកហ្នឹងហើយ មិនដឹងថា គាត់យកទៅផ្លុងចោលនៅណា ឬក៏កម្ទេចចោលនៅណាអ៊ីចឹង។ គាត់ថា គាត់បានជិះកាត់នៅចំណុចហ្នឹង នៅម៉ោង ១១ ហ្នឹង គឺគាត់ថា ឃើញមានកម្លាំងប្រជាការពារភូមិហ្នឹង បានកាត់ស្លាកហ្នឹង។ តែគ្រាន់ថា ខ្ញុំមិនដឹងថា ប្រជាការពារភូមិហ្នឹង មិនដឹងមកពីខាងណា ព្រោះយើងមិនបាននៅទីតាំងហ្នឹង ។ ខ្ញុំយល់ឃើញថា សម្រាប់ទង្វើបែបហ្នឹង គឺមិនមានភាពក្លាហានក្នុងការប្រឈមដោះស្រាយទាំងអស់គ្នា គឺអត់ទេ ។ អ្នកខ្លះគាត់លើកហេតុផលថា មកពីប៉ះពាល់ចំណីផ្លូវ បើប៉ះពាល់ចំណីផ្លូវ ក្នុងនាមយើងអាជ្ញាធរ យើងគួរតែជូនដំណឹងមកទីស្នាក់ការគណបក្សភ្លើងទៀនមក ដើម្បីយើងរកដំណោះស្រាយទាំងអស់គ្នា មិនមែនទៅធ្វើទៅតាមអារម្មណ៍ខ្លួនឯង ឱ្យកាត់ កាត់ ឱ្យផ្តួល ផ្តួលអ៊ីចឹងទេ » ។
មន្ត្រីគណបក្សភ្លើងទៀនរូបនេះឲ្យដឹងទៀតថា ក្រោយកើតហេតុការណ៍នេះលោក បានទៅដាក់ពាក្យប្ដឹងអាជ្ញាធរសង្កាត់ និងប៉ូលិសប៉ុស្តិ៍ ប៉ុន្តែលោកមិនសូវមានសង្ឃឹមថាសមត្ថកិច្ចរកឃើញជនប្រព្រឹត្តិនោះទេ ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា លើកឡើងថា លោកគ្មានសង្ឃឹម ចំពោះអាជ្ញាធរ ពាក់ព័ន្ធពីការស្វែងរកជនល្មើស ឬអ្នកដែលកាត់ស្លាកគណបក្សភ្លើងទៀនឡើយ ។ លោកបន្តថា កន្លងមក គឺករណីបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សនៅទូទាំងប្រទេស គឺអាជ្ញាធរពុំដែលចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់បានម្នាក់នៅឡើយទេ៖ « ជាសញ្ញាឃើញថា ជាការចាប់ផ្ដើម នៃការគំរាមកំហែងមុនពេលបោះឆ្នោតជាតិខាងមុខនេះ ជាការព្រួយបារម្ភមែនទែន ហើយដើម្បីបញ្ចប់ការថ្កោលទោសរាល់សកម្មភាពទាំងអស់ហ្នឹងថា ជារឿងនយោបាយ អាជ្ញាធរត្រូវតែចាត់វិធានការឱ្យម៉ឺងម៉ាត់ ។ អ្វីដូចជាងប្រមុខរដ្ឋាភិបាលក្តី ដែលប្ដេជ្ញាចិត្តក្នុងការធានាដល់ការបោះឆ្នោតឱ្យត្រឹមត្រូវ ដោយសេរី យុត្តិធម៌អី គឺត្រូវតែមានវិធានការម៉ឺងម៉ាត់ចំពោះជនល្មើស ហើយសូមកុំឱ្យមានកើតឡើងជាបន្តទៀត នៅក្នុងការបំផ្លិចបំផ្លាញស្លាកគណបក្ស ឬក៏មានការចោទប្រកាន់ចាប់ចងអីសកម្មជនផ្សេងៗ » ។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ដើម្បីអត្ថាធិប្បាយ ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ សីហា។ ប៉ុន្តែ មេប៉ុស្តិ៍សង្កាត់លេខ១ លោក ប្រាក់ ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានទទួលព័ត៌មាន និងពាក្យបណ្ដឹងពីលោក អ៊ុក ចេត្តនី អំពីការកាច់ស្លាកសញ្ញាគណបក្សនៅចំណោតយាយម៉ៅហើយ។ ប៉ុន្តែលោកថា ពាក្យបណ្ដឹងនោះ គឺមិនត្រូវតាមទម្រង់របស់សមត្ថកិច្ច ដែលមានឡូហ្គោ (LOGO) សញ្ញាបក្ស។ លោក ប្រាក់ ពុទ្ធា បញ្ជាក់ថា លោកមិនទាន់ដឹងថា ស្លាកគណបក្សភ្លើងទៀន ត្រូវអាជ្ញាធរខាងណា រុះរើ ឬដកយកទៅទុក ឬយ៉ាងណាឡើយ ដោយរង់ចាំលោកសួរភូមិ និងឃុំជាមុនសិន៖ « បើមានប្រជាជនរាយការណ៍ថា មានប្រជាការពារ ៤ ទៅ ១០នាក់ ចុះទៅកាច់ស្លាកកាច់អីនេះ ខ្ញុំអត់ទាន់ដឹងទេបង ចាំមើលបន្តិចទៀត ខ្ញុំនឹងស្រាវជ្រាវ សួរភូមិ សួរចៅសង្កាត់ ព្រោះអានេះ ការងារអាជ្ញាធរសណ្ដាប់ធ្នាប់ ក្រែងលោស្លាកសញ្ញាគណបក្សហ្នឹង ដាក់ជាប់ផ្លូវជាតិ ទៅវាអាចប៉ះពាល់ផ្លូវសាធារណៈ ព្រោះខ្ញុំប៉ូលិស ខ្ញុំធ្វើតែការងារព្រហ្មទណ្ឌ ។ ស្អែក គឺខ្ញុំធ្វើកំណត់ហេតុ បណ្ដឹងគាត់ផ្ទាល់មាត់ និងកំណត់ហេតុដែលយកទម្រង់មន្ត្រីនគរបាលយុត្តិធម៌ ហើយបានខ្ញុំបញ្ជូនទៅលើ បានអធិការចារ ឬមួយស្នងការចារ យើងអាចបញ្ជូនទៅតុលាការបាន ។ ទី២ខ្ញុំអោយគាត់រកសាក្សីបំភ្លឺអោយខ្ញុំ ព្រោះខ្ញុំដឹងថាស្លាកហ្នឹងបាត់ហើយ អ៊ីចឹងមានសាក្សីបំភ្លឺណាមួយ ដែលថា ប្រជាការពារ ឬជនអនាមិកមកកាច់ស្លាករបស់គាត់នេះ ដើម្បីយើងដាក់ចូលសំណុំរឿង » ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ឃើញថា កន្លងមកមានករណីបែបនេះកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរមិនដែលរកឃើញជនល្មើសឡើយ ។ អ្នកស្រីបន្តថា អ្នកស្រីតែងតែគាំទ្រ និងណែនាំដល់គណបក្សនយោបាយឱ្យដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។ អ្នកស្រីបញ្ជាក់ថា គណបក្សនយោបាយ ត្រូវ ទាក់ទងទៅស្ថាប័នបោះឆ្នោត និងអាជ្ញាធរថា តើក្រោយការបោះឆ្នោតហើយ ត្រូវមានការរុះរើស្លាកសញ្ញាគណបក្សដែរឬទេ?៖ « ខ្ញុំក៏បានជម្រាបប្រាប់គាត់ដែរ នៅពេល ដែលគាត់ជូនព័ត៌មានមកខាងខ្ញុំ។ ខ្ញុំថា គាត់គួរតែដាក់បណ្តឹងទៅសមត្ថកិច្ចសង្កាត់លេខ១ ទៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ ដើម្បីឱ្យគាត់ដឹងថា ឥឡូវស្លាកកន្លែងនេះ កន្លែងនេះ វាត្រូវបានដួលរលំហើយ ហើយតើការដាក់ស្លាកនៅទីសាធារណៈហ្នឹង វាមានបញ្ហាអ្វីដែរអត់ ? ព្រោះឥឡូវវាបោះឆ្នោតហើយៗ ។ គាត់ក៏ត្រូវតែជម្រាបជូនដំណឹងដែរ ប្រសិនបើថា ស្លាកទាំងអស់ហ្នឹង វាផុតរយៈពេលនៃការឃោសនាហើយ ឥឡូវឱ្យគណបក្សហ្នឹង គាត់ទៅដោះដូររើស្លាក រើអីឃោសនាហ្នឹងចេញ អាហ្នឹងគួរតែជូនដំណឹងគាត់ដែរ ដើម្បីឱ្យវាច្បាស់លាស់ កុំឱ្យវាមានបញ្ហាមន្ទិលរាងៗ ខ្លូន ព្រោះស្លាក ដែលគេដកចេញហ្នឹង គឺមិនមែនស្លាកនៅកន្លែងគណបក្សទីស្នាក់ការគាត់ទេ គឺគាត់ដាក់នៅលើចំណីផ្លូវ » ។
អ្នកស្រី ជៀប សុធារី យល់ថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាត្រ ៦៩ វាក្យខណ្ឌទី៥ លើកឡើងថា៖ គណបក្សនយោបាយត្រូវប្រមូលយកមកវិញនូវប័ណ្ណប្រកាស ឬប័ណ្ណបិទផ្សាយ បដា ឯកសារឃោសនាទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈ ក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។ អ្នកស្រីថា ចំណុចនេះមិនបានបញ្ជាក់លំអិតអំពីឯកសារឃោសនាទីសាធារណៈឡើយ។
ករណីដូចគ្នានេះ ក៏បានកើតឡើងនៅខេត្តព្រះសីហនុដែរ ដោយជនមិនស្គាល់មុខបានលួចផ្ដួលស្លាកគណបក្សភ្លើងទៀនចំនួនពីរកន្លែងផ្សេងគ្នា ស្ថិតនៅភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា។ កន្លងមកបែបនេះធ្លាប់កើតឡើងនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តប៉ៃលិនក្នុងរូបភាពស្រដៀងៗ គ្នា គឺការលួចផ្ដួលស្លាក និងការគំរាមកំហែងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ជាដើម។
មន្ត្រីគណបក្សភ្លើងទៀន និងសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវ ពង្រឹងកិច្ចការពារ និងសន្តិសុខក្នុងឃុំសង្កាត់ ស្វែងរកជនល្មើសមកផ្ដន្ទាទោស ដើម្បីលុបបំបាត់ការភ័ន្តច្រឡំ និងចោទប្រកាន់ថា ជាទង្វើរបស់អាជ្ញាធរ និងចៀសវាងការឆ្លើយយករួចខ្លួន និងគ្មានដំណោះស្រាយដូចកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។