គណបក្សភ្លើងទៀនដាក់សំណើសុំជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីជជែកពិភាក្សាអំពីស្ថានភាពនយោបាយ ពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងស្នើឱ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែងសកម្មជនបក្សនេះ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ សំណើនេះ ធ្វើឡើងបន្ទាប់ពីសកម្មជន និងបេក្ខជនឃុំសង្កាត់របស់គណបក្សនេះជាច្រើននាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាព។ មន្រ្តីសង្គមស៊ីវិលយល់ថា ជំនួបរវាងភាគីពាក់ព័ន្ធទាំងនោះ គឺជាមធ្យោបាយល្អប្រសើរមួយនៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធានាដល់ការបោះឆ្នោតខាងមុខឱ្យប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
គណបក្សភ្លើងទៀនបានដាក់លិខិតសុំជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី១០ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងរួមចំណែកសហការទប់ស្កាត់អំពើគំរាមកំហែងផ្សេងៗ ព្រមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងធានាដល់ដំណើរការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។ លិខិតដដែលបញ្ជាក់ថា ទោះបីកន្លងទៅរដ្ឋាភិបាលធ្លាប់ណែនាំដល់អាជ្ញាធរយ៉ាងណាក្តី ក៏ការគំរាមកំហែងនៅតាមមូលដ្ឋានមួយចំនួននៅតែបន្តកើតឡើងលើសកម្មជន គណបក្សភ្លើងទៀនដដែល។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមីនាថា លោកបានដាក់លិខិតនោះ ទៅក្រសួងមហាផ្ទៃរួចហើយ ប៉ុន្តែរហូតដល់ពេលនេះខាងលោកមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ លោក ថាច់ សេដ្ឋា ឱ្យដឹងថា មូលហេតុដែលគណបក្សរបស់លោក សុំជួបសន្ទនាជាមួយភាគីពាក់ព័ន្ធពេលនេះ គឺស្របតាមគោលការណ៍ក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហារួមគ្នាដោយសន្តិវិធីអំពីបរិយាកាសនយោបាយនៅមុនការបោះឆ្នោត៖ «ក្នុងសង្គមប្រជាធិបតេយ្យយើងចង់អនុវត្តគោលការណ៍មួយមានបញ្ហាអ្វីយើងជជែកគ្នា ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ បញ្ហាដែលកើតមាន ដើម្បីធានាដល់ការប្រព្រឹត្តទៅនៃការបោះឆ្នោតសេរី យុត្តិធម៌ គឺយើងចង់ឱ្យមានការសន្ទនាគ្នារកមធ្យោបាយដោះស្រាយបញ្ហាដែលកើតមាន ជាពិសេសការគំរាមកំហែងដើម្បីឱ្យមានបរិយាកាសនយោបាយមួយល្អមុនការបោះឆ្នោត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័គ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែមីនា។
កាលពីថ្ងៃទី១១ ខែមីនា មន្រ្តីគណបក្សភ្លើងទៀន បានជួបពិភាក្សាជាមួយមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយលើកឡើងអំពីករណីគំរាមកំហែង បង្ខិតបង្ខំបេក្ខជនឱ្យដកឈ្មោះចេញពីបញ្ជី និងការចាប់ខ្លួនបេក្ខជននៅខេត្តពោធិ៍សាត់ដោយអាជ្ញាធរឃុំសង្កាត់ រួមទាំងការអនុវត្តតួនាទីរបស់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតមួយចំនួនផងដែរ។ ក្នុងជំនួបនោះ គ.ជ.ប បានទទួលយកសំណើគណបក្សភ្លើងទៀន និងសន្យាដោះស្រាយ និងទប់ស្កាត់ឱ្យទាន់ពេលវេលា។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីព្រឹកនៅថ្ងៃទី១៥ ខែមីនា ថា គ.ជ.ប ស្វាគមន៍ចំពោះការជួបពិភាក្សាជាមួយគណបក្សភ្លើងទៀនកន្លងទៅ។ លោកបន្តថា សំណើនោះ ថ្នាក់ដឹកនាំ គ.ជ.ប បានយកទៅប្រជុំពិនិត្យដោយយកចិត្តទុកដាក់តាមនីតិវិធីច្បាប់ ហើយករណីដែលពាក់ព័ន្ធទៅនឹងអាជ្ញាធរមានសមត្ថកិច្ច គ.ជ.ប ក៏បានដាក់ស្នើទៅក្រសួងមហាផ្ទៃដើម្បីជួយសម្របសម្រួលបន្ថែមផងដែរ។ លោកអំពាវនាវដល់ភាគីទាំងអស់អនុវត្តតាមបទបញ្ជានិងនីតិវិធីជាធរមាន និងយោគយល់គ្នា៖ «ក្នុងនាម គ . ជ . ប គឺបានយកចិត្តទុកដាក់ការពិនិត្យមើលទិដ្ឋភាបច្បាប់ដែលបានលើកឡើងអំពីបណ្តឹង ហើយពេលខ្លះក៏មានភាពត្រឹមត្រូវ ខ្លះទិដ្ឋភាពច្បាប់មិនអនុញ្ញាតឱ្យធ្វើអ្វីតាមតែចិត្តនៃសាមីគណបក្សទេ»។
លោក ហង្ស ពុទ្ធា ឱ្យដឹងថា មកដល់ពេលនេះ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតបានបិទផ្សាយបញ្ជីបេក្ខជនឈរបោះឆ្នោតដំបូងប្រមាណជាង៦០ភាគហើយ ជាមួយគ្នា គ.ជ.ប ក៏បានទទួលបណ្តឹងចំនួនពីរករណី ដូចជា ករណីនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយពលរដ្ឋប្តឹងបេក្ខជនរបស់គណបក្សភ្លើងទៀនពីករណីបេក្ខជននោះមិនចេះអក្សរ។ លោកបញ្ជាក់ថា តាមការស្រាវជ្រាវជាបឋម គ.ជ.ប រកឃើញថា បេក្ខជននោះពិតជាផ្ទុយទៅនឹងច្បាប់ ទោះយ៉ាងណា គ.ជ.ប នឹងប្រមូលលទ្ធផលនៃការស៊ើបអង្កេតទាំងនេះ ដើម្បីធ្វើសេចក្តីសម្រេចជូនទៅគណបក្សភ្លើងទៀនកែតម្រូវវិញ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មជន និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀននៅខេត្តឧត្តរមានជ័យម្នាក់ និងខេត្តពោធិ៍សាត់ពីរនាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ។ ជាមួយគ្នានេះដែរ សកម្មជន និងបេក្ខជនមួយចំនួនទៀត ដូចជា នៅភ្នំពេញ កណ្តាល បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យជាដើម បានទទួលរងការធ្វើទុក្ខបុកម្នេញ បំបាក់ស្មារតីពីសំណាក់អាជ្ញាធរ និងជនមិនស្គាល់មុខ ទោះបីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសឲ្យអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យគ្រប់គណបក្សចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះ។
ក្នុងបរិយាកាសនយោបាយបែបនេះ គណបក្សភ្លើងទៀន បានដាក់បេក្ខជនរបស់ខ្លួនជាងមួយពាន់ប្រាំមួយរយ (១.៦០០) ឃុំសង្កាត់ក្នុងចំណោមឃុំសង្កាត់ មួយពាន់ប្រាំមួយរយហាសិបពីរ (១.៦៥២) ទូទាំងប្រទេស។ ប៉ុន្តែគណបក្សនេះពុំទាន់ប្រកាសជំហរណាមួយបង្ហាញអំពីការចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនៅឡើយទេ។
មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា សង្គមស៊ីវិលបានរកឃើញនូវករណីគំរាមកំហែងនិងបំភិតបំភ័យលើសកម្មជននយោបាយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀនដែរ។ លោកបញ្ជាក់ដំណាក់កាលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃមានសមត្ថកិច្ចទទួលខុសត្រូវ ហើយលោកគាំទ្រចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានជ្រើសរើសយកវិធីសាស្រ្តជួបពិភាក្សានិងដោះស្រាយជាមួយគ្នា ដើម្បីពង្រឹងតួនាទី កម្រិតទទួលខុសត្រូវ និងបំពេញចំណុចខ្វះចន្លោះនៃការអនុវត្តច្បាប់មុនការបោះឆ្នោត៖ «ពិតជាកើតមានអំពីការបំភិតបំភ័យ គំរាមកំហែងទៅលើសកម្មជននយោបាយតាមរយៈពួកខ្ញុំធ្វើវេទិកាសាធារណៈ គឺធ្លាប់លើកឡើងពាក់ព័ន្ធអ្នកនៅមូលដ្ឋាន ចឹងហើយការជជែងអំពីបញ្ហានយោបាយនេះ ខ្ញុំយល់ថា ជារឿងល្អប្រសើរសម្រាប់ការដោះស្រាយបញ្ហា ដើម្បីពង្រឹងតួនាទី សមត្ថកិច្ចរបស់អាជ្ញាធរនៅមូលដ្ឋានក្នុងកម្រិតដែលទទួលខុសត្រូវដោយអព្យាក្រិត្យភាព»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ គណបក្សនយោបាយចំនួន១៧ បានចុះបញ្ជីបេក្ខជន ក្នុងចំណោម៤០គណបក្ស ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងមានប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈអាសនៈសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួនជាង ១ម៉ឺន (១១.១២២) អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។