ក្រុមប្រឹក្សា​ធម្មនុញ្ញ បដិសេធ​បណ្ដឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយសារ​ខុស​​គោលការណ៍​​​ច្បាប់

0:00 / 0:00

ក្រុមប្រឹក្សា​ធម្មនុញ្ញ បដិសេធ​ចោល​​ពាក្យបណ្តឹង​ពាក់ព័ន្ធនឹង​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​​​ចំនួន២៨ បណ្ដឹង ដែល​ប្ដឹង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយសារ​បណ្ដឹង​ទាំងនោះ ផ្ទុយ​ពី​គតិច្បាប់។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​ធ្វើ​ពហិការ​ ឈប់​ចូលរួម​សវនាការ​​តទៅទៀត ដោយ​ចោទ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​និន្នាការ​លម្អៀង​ទៅ​រក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)។

អ្នកនាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា ឲ្យដឹងថា ស្ថាប័ន​នេះ​បាន​​ធ្វើ​សន្និសីទ​កាសែត​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទាំង​៩៥បណ្ដឹង នៅ​​ថ្ងៃទី២២ ធ្នូ និង​បាន​បដិសេធ​ចោល​បណ្ដឹង​ចំនួន២៨ ហើយ​​បិទផ្លូវ​តវ៉ា ដោយ​តម្កល់​សេចក្ដីសម្រេច​របស់ គ.ជ.ប.។

លោក បន្តថា ក្រុមប្រឹក្សា​ធម្មនុញ្ញ នឹង​​បន្ត​​សវនាការ​​បណ្ដឹង​ ដែល​នៅ​សល់ នៅ​ថ្ងៃទី២៣ និង​ថ្ងៃទី២៥ ធ្នូ បន្តទៀត។ លោក បញ្ជាក់ថា ក្នុង​សវនាការ​ដោះស្រាយ​បណ្ដឹង​​​កន្លង​មក​ ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​បើក​​​ជា​សាធារណៈ និង​​បាន​បើក​ឱកាស​ឲ្យ​គ្រប់​ភាគី​ទាំង​អស់ បាន​ចូលរួម​ឡើង​និយាយ​តវ៉ា បាន​​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់៖ «បើ​គាត់​ឆ្លើយ​ទៅ​លើ​អ្វី​ដែល​គាត់​បាន​សរសេរ​ហើយ អាហ្នឹង​ ជា​ការ​ឆ្លើយ​មួយ​ឆ្លើយ​ដដែល​ទៅ​លើ​អ្វី​ដែល​សរសេរ​ហើយ។ អ៊ីចឹង ! បាន​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សួរ​គាត់​មាន​អង្គហេតុ​ថ្មី​ អ្វី​បន្ថែម​ទៀត​ទេ មាន​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​ទេ។ គាត់​សុទ្ធតែ​ឆ្លើយ​ថា អត់​មាន​អ្វី​ថ្មី​បន្ថែម​ទៀត​ទេ ក្រៅ​ពី​ពាក្យ​បណ្ដឹង​របស់​គាត់ គាត់​មាន​ប៉ុណ្ណឹង។ អ៊ី​ចឹង​ ! បើ​គាត់​ថា​មាន​ប៉ុណ្ណឹង ឲ្យ​គាត់​និយាយ​លើស​ហ្នឹង យើង​មាន​អ្វី​ដែល​ត្រូវ​ស្ដាប់​បន្ត»។

ចំណែក តំណាង​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានអះអាង​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ កាត់​ក្ដី​ដោយ​លម្អៀង​ទៅ​ រក គ.ជ.ប. និង​បិទ​​​ឱកាស​​​សាក្សី និង​តំណាង​គណបក្ស មិន​ឲ្យ​បាន​ឡើង​​និយាយ​ពន្យល់ និង​ តវ៉ា​បាន​ឡើយ។

អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក អ៊ី សាំងឡេង សោកស្ដាយ​ចំពោះ​ការសម្រេច​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​គណបក្ស និង​ប្រកាស​ថា គណបក្ស​​ពហិការ​សវនាការ​លើកក្រោយ។ លោក ឲ្យដឹងថា តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ខិតខំ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​ដំបូង និង​ចូលរួម​ផ្ទៀងផ្ទាត់ ហើយ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង​បីពាន់(៣.០០០) នាក់។

លោក បន្ត​ថា គណបក្ស​របស់​លោក​រក​ឃើញ​ថា ភាពមិនប្រក្រតី​​ភាគច្រើន នៃ​បញ្ជី​ឈ្មោះ ដោយសារ អ្នកមាន​អំណាច បាន​ដឹក​​​​​ក្រុម​គ្រួសារ​របស់​ទាហាន ពី​តំបន់​ផ្សេង ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​តំបន់​មួយ​ទៀត ជាថ្នូរនឹង​ការ​សន្យាថា ផ្ដល់​ដី ឬ ធ្វើ​ផ្លូវឱ្យ។

អ្នកនាំពាក្យ​រូបនេះ អះអាង​ថា គណបក្ស មាន​វីដេអូ មាន​សាក្សី​ ត្រឹមត្រូវ ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​ប្រក្រតី ប៉ុន្តែ​ការតវ៉ា សុទ្ធ​តែ​ចាញ់​គ្រប់​ដំណាក់កាល តាំង​ពី​ថ្នាក់ឃុំ ថ្នាក់ គ.ជ.ប. និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដោយសារ​ស្ថាប័ន​មាន​អំណាច​ទាំងអស់ សម្រេច​ជា​ឯកតោភាគី មិន​បើក​ឱកាស​ឲ្យ​តំណាង​គណបក្ស​តវ៉ា និង​ គំរាម​កំហែង​តំណាង​គណបក្ស​ ជាដើម៖ «ឆ្លើយ​បាទ​ឬ​ចាស តែ​ប៉ុណ្ណឹង​បាន​ហើយ​ និយាយ​អី​ខុស​ពី​ហ្នឹង​អត់​បាន​ហ្មង។ រួចហើយ​ពេល​ដែល​គេ​ប្រកាស​សេចក្ដីសម្រេច​៣ ៤ខ​ហ្នឹង គេ​ធ្វើ​ហើយ​រួចស្រេច។ សេចក្ដីប្រកាស​ហ្នឹង គឺ​ដើមបណ្ដឹង​របស់​យើង​ជា​ភ្នាក់ងារ​គណបក្ស​នេះ ឈរ​ស្ដាប់​រហង់​ទៅ»។

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដាក់​ពាក្យ​ប្ដឹង ចំនួន១២០បណ្ដឹង នៅ​ថ្នាក់ឃុំ-សង្កាត់ ដើម្បី​ទាមទារ​សុំ​លុប​ឈ្មោះ អ្នកបោះឆ្នោត ជាង​បីពាន់ (៣ ០០០) នាក់ ចេញពី​បញ្ជី​បោះឆ្នោត ដោយសារ​រក​ឃើញ​មាន​ភាពមិនប្រក្រតី ព្រោះ​ពលរដ្ឋ​ខ្លះ មិនមែន​​ជា​អ្នក​​រស់នៅ​ក្នុង​ឃុំ-សង្កាត់​នោះ។

ក្រោយ​ចាញ់​ក្ដី នៅ​ថ្នាក់ឃុំ-សង្កាត់ គណបក្ស​នេះ បន្ត​ប្ដឹង​ទៅ គ.ជ.ប. ចំនួន ១១៣ បណ្ដឹង។ បន្ទាប់​​ពី​ចាញ់​ក្ដី​ទៀត គណបក្ស​នេះ បន្ត​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំនួន ៩៥ បណ្ដឹង។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​ សវនាការ​កន្លង​មក​ថា ជា​​សវនាការ​​បង្គ្រប់កិច្ច ​និង​បាន​បំភិតបំភ័យ​ស្មារតី​​តំណាង​គណបក្សខ្លួន។ គ.ជ.ប. ក៏​បាន​ប្ដឹង លោក អ៊ី សាំងឡេង ទៅ​តុលាការ​ដែរ ដោយ​ចោទ​ថា អនុប្រធាន​បក្ស​រូប​នេះ​ បាន​ជេរប្រមាថ​​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ របស់​ស្ថាប័ន​​ជាតិ​រៀប​ចំ​ការបោះឆ្នោត។

នាយក​ប្រតិបត្តិ​​អង្គការ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅកាត់ និចហ្វិច (NICFEC) លោក សម គន្ធាមី សង្កេត​ឃើញ​ថា ក្រុមប្រឹក្សា ប្រើ​ពេល​សវនាការ​ខ្លីពេក លើ​​២៨​បណ្ដឹង​ដំបូង ដោយ​មិន​បាន​​ដេញ​ដោល​សាក្សី និង​​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឲ្យ​អស់​ចិត្ត។ លោក​ បារម្ភ​ថា ​ការ​​ប្រើ​ពេល​សវនាការ​ខ្លី​ពេក នឹង​មិន​អាច​ផ្ដល់​យុត្តិធម៌ ឲ្យ​គណបក្ស​ជា​ដើមបណ្ដឹង​បាន៖ « សង្កេតមើល​ទី​ខាង​ក្រៅ​ទៅ ខាង​ភាគី​ដើមបណ្ដឹង​គេ​អត់​ទាន់​អស់ចិត្ត។ ចង់​ឲ្យ​សាកសួរ​ឲ្យ​បាន​ពិស្ដារ ល្អិតល្អន់​ជាង​ហ្នឹង ទាំង​ដើមបណ្ដឹង​ក្ដី សាក្សី​ក្ដី គឺ​អស់​ចិត្ត​ហើយ»។

គ.ជ.ប. ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ សម្រាប់​ឆ្នាំ២០២០ បាន​ជាង​​ពីរសែន (២៥៦.៥៤៥) នាក់ ស្មើនឹង​​ជាង ៨៥ ភាគរយ (៨៥,៤០%) នៃ​ចំនួន​ប្រជាពលរដ្ឋ ​ដែល​ត្រូវ​ចុះឈ្មោះ​ ជាង​បីសែន (៣០០.៣៩០) នាក់។ ចំណែក អ្នក​ដែល​បាន​លុប​ឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ២០២០ មាន​ជាង​មួយសែន (១៥៤.៧៦៨) នាក់ ដោយសារ​មរណភាព ផ្លាស់​ប្ដូរ​លំនៅឋាន ចេញ​ទៅ​ឃុំ-សង្កាត់​​ផ្សេង ឈ្មោះ​​​ស្ទួន ឬ​លើសពី​មួយ​កន្លែង និង​ជន​​ត្រូវ​​​ដកហូត​សិទ្ធិបោះឆ្នោត​បណ្ដោះអាសន្ន។

ទោះជាយ៉ាងណា មន្រ្តីគណបក្សសង្គ្រោះជាតិ និង​អ្នកឃ្លាំមើល​សង្គម តែងតែ​អះអាងថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប. លែង​ជា​ស្ថាប័ន​បម្រើ​ប្រយោជន៍រួម​របស់​​ជាតិ​ជាយូរ​មក​ហើយ ហើយ គ.ជ.ប. បាន​ក្លាយ​ជា​ស្ថាប័ន​សេនាធិការ​របស់​គណបក្ស​កាន់អំណាច ចាប់តាំង​ពី​ពេល​លោក ហ៊ុន សែន រំលាយ​បក្ស​សង្គ្រោះជាតិ​ ​នៅចុង​ឆ្នាំ២០១៧ មកម៉្លេះ។ ការវាយតម្លៃ​ដូច្នេះ ដោយសារ​តែ គ.ជ.ប.បាន​​យក​អាសនៈ​គណបក្ស​សង្គ្រោះជាតិ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ ដែល​ទទួល​បាន​ពីការបោះឆ្នោត​ យក​ទៅ​ចែក​ឱ្យ​គណបក្សដទៃ​ ជាពិសេស​បក្សប្រជាជន​កម្ពុជា។ ជាងនេះ​ទៅទៀត គ.ជ.ប. បាន​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់កិច្ច​កាលពី​ឆ្នាំ២០១៨ ដើម្បីប្រមូល​អាសនៈ​សភា​ទាំងស្រុង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​មើលឃើញ​ស្ថាប័ននេះ​លែង​ឯករាជ្យ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ ក៏បាន​កាត់​ផ្តាច់​ជំនួយ​របស់​ខ្លួន​ជាបន្តបន្ទាប់​ដែលគ្រោង​​​ផ្តល់​ឱ្យ​ គ.ជ.ប. ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។