ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា នៅព្រឹកថ្ងៃទី២២ មេសា បានស្នើឲ្យចៅក្រមសាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តបាត់ដំបង លើកពេលសវនាការ ដោយសារតែអវត្តមានមេធាវី។
ការលើកឡើងនេះ ធ្វើឡើងក្នុងសវនាការបណ្ដឹងជំទាស់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានសម្រេចឲ្យលោក ចៅ វាសនា ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង។
កូនស្រី លោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ ដែលបានចូលស្ដាប់សវនាការនៅសាលាឧទ្ធរណ៍បាត់ដំបង ប្រាប់វិទ្យុអាស៊ីសេរីថា សវនាការកាលពីព្រឹកថ្ងៃទី២២ មេសា ចៅក្រមបានផ្ដល់សិទ្ធិជំនុំជម្រះដោយ គ្មានមេធាវី ដល់ឪពុករបស់អ្នកស្រី ប៉ុន្តែឪពុកអ្នកស្រីបដិសេធថា គាត់នឹងឆ្លើយសំណួររបស់ចៅក្រមលុះត្រាតែមានមេធាវី ហើយគាត់បានស្នើដល់តុលាការលើកពេលសវនាការទៅពេលក្រោយទៀត។
អ្នកស្រី ចៅ រតនៈ៖«ដូចប្អូនបានឃើញខ្ញុំបង្ហោះហើយ កូនឈឺសុខចិត្តទម្លាក់កូនផ្ញើនឹងប្អូន ដើម្បីឲ្យទៅមើលសវនាការឪពុកនៅខេត្តបាត់ដំបង រត់មកពីបាត់ដំបងមកមើលកូននៅប៉ោយប៉ែតវិញ។ សំណួរសួរថា តើបើពួកគាត់វិញ តើពួកគាត់ឈឺចាប់ប៉ុណ្ណា ការចំណាយពេលដែលឡើងមកម្ដងហើយម្ដងទៀតអត់មានលទ្ធផល សួរថា អ្នកជាប់ឃុំមានអារម្មណ៍បែបម៉េច ក្នុងមួយថ្ងៃមានអ្នកណាចង់នៅជាប់ពន្ធនាគារទេ»។
អ្នកស្រី ចៅ រតនៈ ឲ្យដឹងដែរថា ក្រោយពេលចេញពីសវនាការអ្នកស្រីបានទាក់ទងទៅមេធាវីការពារក្ដីឲ្យឪពុករបស់អ្នកស្រី ហើយលោកមេធាវីបញ្ជាក់ថា គាត់មិនបានទទួលសេចក្ដីជូនដំណឹងពីការឡើងសវនាការរបស់លោក ចៅ វាសនា នៅថ្ងៃទី២២ មេសានេះទេ។ ចំណែកចៅក្រមសាលាឧទ្ធរណ៍បាត់ដំបងវិញ លើកឡើងថា មូលហេតុ ដែលសាលាឧទ្ធរណ៍មិនបានអញ្ជើញមេធាវីឲ្យចូលរួមដោយសារតែ មេធាវី មិនបានដាក់ពាក្យស្នើសុំការពារក្ដីឲ្យលោក ចៅ វាសនា ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង អ្នកស្រី ទៀង សំបូរ បាននៅឡើយទេ នៅថ្ងៃទី២២ មេសា។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ដែលមានដើមកំណើតខ្មែរក្រោម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធនឹងរឿងរ៉ាវនៃការយុទ្ធនាការឲ្យពលរដ្ឋគូសខ្វែង សន្លឹកឆ្នោត។
លោក ចៅ វាសនា ធ្លាប់ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារម្ដងរួចមកហើយ ពីបទញុះញង់ និងបានចេញពីពន្ធនាគារវិញ កាលពីដើមឆ្នាំ២០២២ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួន រយៈពេល ៥ឆ្នាំពេញ នៅក្នុងពន្ធនាគារ។
កន្លងទៅសាច់ញាតិ សកម្មជនបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួន ការឃុំខ្លួន និងការសម្រេចផ្ដន្ទាទោសលោក ចៅ វាសនា ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។