សង្គម​ស៊ីវិល​ថា ការ​បន្ត​តែងតាំង​លោក ជា ចាន់តូ នៅ​ធនាគារជាតិ ជា​ការ​ខ្ជះខ្ជាយ​ថវិកា​រដ្ឋ

​អគ្គទេសាភិបាល​​ធនាគារជាតិ អ្នកស្រី ជា សិរី (ស្ដាំ) និងឪពុក​ដែលត្រូវបានតែងតំាង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ លោក ជា ចាន់តូ។
​អគ្គទេសាភិបាល​​ធនាគារជាតិ អ្នកស្រី ជា សិរី (ស្ដាំ) និងឪពុក​ដែលត្រូវបានតែងតំាង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ លោក ជា ចាន់តូ។ (រូប៖ ហ្វេសប៊ុក​អ្នកស្រី ជា សិរី)

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការតែងតាំង​លោក ជា ចាន់តូ ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​ដើម្បី​ការពារ​អំណាច​ឱ្យ​កូនស្រី​របស់​លោក ដែល​ទើប​ឡើង​ស្នង​តំណែង​ពី​លោក កាល​ពី​ពេល​ថ្មីៗ​នេះ​។ អ្នក​រិះគន់ ចាត់ទុក​ថា នេះ​គឺជា​គំរូ​អាក្រក់ និង​ហាក់​ចាត់ទុក​ស្ថាប័ន​ជាតិ គឺជា​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ហួសចិត្ត​ចំពោះ​មន្ត្រីជាន់ខ្ពស់​របស់​លោក ហ៊ុន សែន គឺ​លោក ជា ចាន់តូ ដែល​ផ្ទេរតំណែង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​ឲ្យ​កូនស្រី​របស់​លោក គឺ​អ្នកស្រី ជា សិរី ហើយ ប៉ុន្តែ​លោក​បែរ​ជា​នៅ​បន្ត​តួនាទី​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ​ថែមទៀត ដោយ​មិន​ព្រម​លាឈប់​ឲ្យ​ដាច់​ស្រឡះ​ពី​កន្លែង​ឃ្លាំង​លុយ​ជាតិ​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង យល់ឃើញ​ថា ការ​តែងតាំង​តួនាទី​អគ្គទេសាភិបាល​កិត្តិយស នឹង​មិន​ផ្ដល់​ផលប្រយោជន៍​ដល់​សង្គមជាតិ​នោះ​ឡើយ ព្រោះ​មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង ឬ​ប្រធានកិត្តិយស​ផ្សេងៗ​ភាគច្រើន​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​ស្ថាប័ន​សាមី​នោះ​ទេ​។ លោក​បន្ថែម​ថា កន្លង​មក​រដ្ឋាភិបាល​ក៏បាន​តែងតាំង​មន្ត្រីរាជការ​ជាច្រើន​នៅ​តាម​ក្រសួង និង​ស្ថាប័នរដ្ឋ ហើយ​ការតែងតាំង​ទាំងនេះ​ក៏​ជា​បន្ទុក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះ​ប្រាក់បៀវត្ស​ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឱ្យ​ពួកគេ​គឺ​បាន​មក​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ។

លោក យង់ គិមអេង៖ «អ្វីដែល​សំខាន់​ដែល​យើង​ឃើញថា តួនាទី​កិត្តិយស​គឺ​មាន​ច្រើន ក៏ប៉ុន្តែ​បើ​តួនាទី​កិត្តិយស​ទាំងឡាយ​ណា​ប៉ះពាល់​ទៅដល់​ថវិកាជាតិ ខ្ញុំ​គិតថា​វា​នឹង​អាច​នាំ​ឱ្យ​មាន​ផល​អវិជ្ជមាន​ផង​ដែរ»។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ថ្ងៃទី​២៩ ខែកក្កដា បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ជា ចាន់ តូ ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ​នៃ​កម្ពុជា ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។ លោក ជា ចាន់តូ បាន​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៨​មក ពោល​គឺ​មាន​រយៈពេល​២៥​ឆ្នាំ​ហើយ។ បន្ទាប់​ពី​គ្រប់គ្រង​ឃ្លាំង​លុយ​ជាតិ​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ លោក ជា ចាន់តូ ក៏បាន​ប្រគល់​តំណែង​របស់​លោក​ឲ្យ​កូនស្រី​របស់​លោក គឺ​អ្នកស្រី ជា សិរី គ្រប់គ្រង​បន្ត​ពី​លោក​ដែរ កាល​ពី​ថ្ងៃទី​២៩ កក្កដា ប៉ុន្តែ​លោក​មិន​ទៅណា​ឆ្ងាយ​នោះ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏បាន​រិះគន់​ការតែងតាំង​អ្នកស្រី ជា សិរី ធ្វើជា​អគ្គទេសាភិបាល នៃ​ធនាគារជាតិ​ជំនួស​តំណែង​ឪពុក​ផង​ដែរ។ ពួកគេ​ចាត់ទុក​ការតែងតាំង​ដោយសារ​សែស្រឡាយ​បក្ខពួក​និយម​នេះ​ថា កំពុង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ដើរ​ទៅ​រក​សម័យ​អតីតកាល​ដ៏​អន់ថយ។

cheaserey_chanto.JPG
​អគ្គទេសាភិបាល​​ធនាគារជាតិ អ្នកស្រី ជា សិរី (ឆ្វេងទី២) និងឪពុក​ដែលត្រូវបានតែងតំាង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ លោក ជា ចាន់តូ (ស្ដាំទី៣)។ រូប៖ ហ្វេសប៊ុកអ្នកស្រី ជា សិរី (Sereyvuth)

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកស្រី ជា សិរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃទី​៤ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ស្រប​ចំពោះ​ការ​លើកឡើង​ថា ការតែងតាំង​លោក ជា ចាន់តូ ជា​ប្រធាន​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ដើម្បី​នៅ​ជួយ​ការងារ​កូនស្រី​របស់​លោក ដែល​មិនទាន់​មាន​បទពិសោធន៍​ការងារ​គ្រប់គ្រាន់។

លោក សុខ ឥសាន៖ «ពីព្រោះ​ជំទាវ ជា សិរី នេះ គាត់​នៅ​វ័យក្មេង អ៊ីចឹង​គាត់​មិនទាន់​មាន​ពិសោធន៍​ជ្រៅជ្រះ​នៅឡើយ​ទេ ព្រោះ​ទោះបីជា​គាត់​ធ្វើការ​នៅ​ធនាគារជាតិ​យូរ​ឆ្នាំ​ពិតមែន ក៏ប៉ុន្តែ​ថ្នាក់​ដឹកនាំ​វ័យចាស់​ហ្នឹង មិន​អាច​បណ្ដែតបណ្ដោយ​បាន​ទេ ព្រោះ​រឿង​ហ្នឹង​ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់ ត្រូវតែ​ប្រយ័ត្នប្រយែង»។

ជុំវិញ​រឿង​នេះ​ដែរ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា លោក​ហួសចិត្ត និង​ចាត់ទុក​ការតែងតាំង​អគ្គទេសាភិបាល​កិត្តិយស​ធនាគារជាតិ​នៃ​កម្ពុជា គឺជា​រឿង​ដែល​គួរ​ឱ្យ​អស់សំណើច ព្រោះ​តំណែង​នេះ​គឺជា​ការតែងតាំង​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ធនាគារជាតិ​នៃ​កម្ពុជា។ លោក​បន្ថែម​ក្នុង​ន័យ​ចំអក​ថា លោក ហ៊ុន សែន ប្រហែល​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​កិត្តិយស​ដែរ​ហើយ បានជា​លោក​តែងតាំង​លោក ជា ចាន់តូ ដែល​ជា​ឪពុក​ទៅជា​អគ្គទេសាភិបាល​កិត្តិយស ខណៈ​កូនស្រី​ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ហើយ​នោះ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ការតែងតាំង​ឪពុក​ឱ្យ​នៅ​ចាំ​ជួយ​កូន​របស់​ខ្លួន​បែបនេះ ឆ្លុះបញ្ចាំង​កាន់តែ​ច្បាស់​ថា កូនៗ​របស់​មន្ត្រី​គ្រាក់ៗ​ដែល​ត្រូវ​បាន​តែងតាំង​ជំនួស​ឪពុកម្ដាយ​របស់​ពួកគេ​នោះ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ស្ថាប័ន និង​តួនាទី​ដែល​ត្រូវ​បាន​តែងតាំង​នោះ​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការតែងតាំង​ឪពុកម្ដាយ​ឱ្យ​នៅ​កាង​ការពារ​អំណាច​កូនៗ​របស់​ខ្លួន​បែបនេះ មិន​ត្រឹមតែ​នាំ​ឱ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ ដែល​បាន​មកពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​មន្ត្រី​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​បាត់បង់​ឱកាស ទទួល​បាន​តំណែង​កំពូលៗ​ដើម្បី​ដឹកនាំ​ស្ថាប័ន​ជាតិ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។