លោក ជា មុនី អតីតមេដឹកនាំសហជីពល្បីឈ្មោះ និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀនមួយចំនួន សម្រេចចិត្ត ចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមនយោបាយ ជាមួយគណបក្សកម្លាំងជាតិ។ ការចាកចេញរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនជាបន្តបន្ទាប់នៅពេលនេះ ក្រោយពេលគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន សម្រេចជ្រើសរើសគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីឈរឈ្មោះជំនួសគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតអសកលឆ្នាំ២០២៤ខាងមុខ។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន ជិត១០នាក់ បានសម្រេចទៅចូលរួមធ្វើនយោបាយជាមួយគណបក្សកម្លាំងជាតិ ដែលគណបក្សនេះមានប្រភពចេញពីអតីតមន្ត្រីគណបក្សភ្លើងទៀន។ នៅរយៈពេលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងជាអតីតមេដឹកនាំសហជីពលោក ជា មុនី ក៏បានសម្រេចទៅចូលរួមជាមួយគណបក្សកម្លាំងជាតិដែរ។
លិខិតរបស់លោក ជា មុនី ចុះថ្ងៃទី២ ខែវិច្ឆិកា ប្រកាសថា លោកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិរបស់លោក ស៊ុន ចន្ធី។ លោក ជា មុនី ប្រាប់វិទ្យុអាស៊ីសេរីថា លោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមពីលើលិខិតរបស់លោកនៅឡើយទេ ដោយសុំរក្សាភាពស្ងៀមស្ងាត់មួយរយៈពេលសិន។
ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់ថា ការចាកចេញរបស់មន្ត្រីគណបក្សភ្លើងទៀនណាម្នាក់ គឺជាសិទ្ធិនយោបាយរបស់បុគ្គលផ្ទាល់ខ្លួនហើយគណបក្សភ្លើងទៀន គោរពការសម្រេចចិត្តនោះទេ។ ទោះយ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះ ចង់ឃើញការសម្រេចដើរចេញពីគណបក្សភ្លើងទៀនរបស់អ្នកនយោបាយទាំងនោះ គឺឈរឆន្ទៈដើម។ លោកបន្តទៀតថា បើទោះជាមានការចាកចេញពីគណបក្សភ្លើងទៀននៅពេលនេះក្ដី ប៉ុន្តែ ប្រសិនបើអ្នកនយោបាយទាំងនោះរក្សាជំហរដើមដដែល ពួកគេគង់តែបានជួបគ្នាវិញនៅពេលខាងមុខទៀត។
លោក គីមសួរ ភីរិទ្ធ៖«ការសម្រេចទៅចូលរួមគណបក្សណាជាសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ឈរលើស្មារតីឆន្ទៈដើមទៅ ព្រោះឆន្ទៈដើមហ្នឹងនិយាយរួមទៅភ្លើងទៀនដែលរក្សាអំពីឆន្ទៈដើមក្នុងការទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ និងការគិតគូរអំពីជីវភាពប្រជាពលរដ្ឋបានជាមានការគាំទ្របានអង្គបោះឆ្នោតប៉ុណ្ណឹងណា។»)
ចាប់តាំងគណៈអចិន្ត្រយ៍គណបក្សភ្លើងទៀន សម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរ ជាគណបក្សទី១ នៃគណបក្សនៅក្នុងសម្ពន្ធភាពនយោបាយរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតអសកលនៅក្នុងឆ្នាំ២០២៤ ខាងមុខ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀនមួយចំនួនបានប្រកាសចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិជាបន្តបន្ទាប់។
ទាក់ទងរឿងនេះដែរ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ប្រកាសស្វាគមន៍អ្នកប្រជាធិបតេយ្យនានាដែលមករួមដំណើរជាមួយគណបក្សកម្លាំងជាតិ។ លោកឱ្យដឹងទៀតថា នៅពេលនេះគណបក្សរបស់លោក ទទួលបានការចូលរួមពីអ្នកនយោបាយជាន់ខ្ពស់ និងសកម្មជននយោបាយនៅមូលដ្ឋានរបស់គណបក្សនយោបាយមួយចំនួន ដើម្បីមកចូលរួមជាមួយគណបក្សកម្លាំងជាតិ។ ទោះយ៉ាងណាក្ដី លោក ស៊ុន ចន្ធី ថា លោកមិនអាចប្រាប់ចំនួនជាក់លាក់នោះនៅឡើយទេ ដោយរង់ចាំការធ្វើសមាជរបស់គណបក្សកម្លាំងជាតិនៅថ្ងៃទី១២ វិច្ឆិកា ខាងមុខ។
លោក ស៊ុន ចន្ធី៖«ខ្ញុំនាមគណបក្សកម្លាំងជាតិសូមស្វាគមន៍រាល់វត្តមានកម្លាំងអ្នកប្រជាធិបតេយ្យ កម្លាំងអ្នកស្នេហាជាតិគ្រប់មជ្ឈដ្ឋាន ដែលមានបំណងមកចូលរួមបន្តសកម្មភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដើម្បីលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ទោះយ៉ាងណាក្ដី សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឱ្យដឹងថា យ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងប្រមាណ ១០នាក់ហើយបានសម្រេចមកចូលរួមជាមួយគណបក្សនេះ ពួកគេទាំងនោះរួមមាន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តព្រៃវែង លោក ឃឹម ឃុនហឿនអតីតសមាជិកគណៈកម្មាធិការនាយក និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តកំពង់ឆ្នាំង លោក ម៉ៅ ផល្លី អតីតសមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តកំពត លោក ជិន ប៊ុណ្ណារ័ត្ន អតីតសមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ លោក នួន វណ្ណៈ អតីតសមាជិកគណៈកម្មាធិការនាយកនិងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ លោក សាន់ សៀកគីន និងថ្នាក់ដឹកនាំយុវជនថ្នាក់ជាតិ និងថ្នាក់ដឹកនាំនៅមូលដ្ឋានជាច្រើនរូបទៀតរបស់គណបក្សភ្លើងទៀន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា អ្នកនយោបាយដែលចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយកម្លាំងជាតិ ជាការបង្ហាញថា ពួកគេមានភក្ដីភាពចំពោះគណបក្សកម្លាំងជាតិ ឬការសម្រេចចិត្តនេះអាចជាប់ទាក់ទងនឹងឥទ្ធិពលនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបញ្ហាមួយទៀត ក៏អាចមកពួកគេមិនទុកចិត្តលើ គណបក្សសម្ព័ន្ធមិត្តរបស់គណបក្សភ្លើងទៀន។ លោកបន្តថា បញ្ហានេះ មិនបានផ្ដល់ល្អដល់គណបក្សប្រឆាំងទេ ព្រោះរូបភាពនេះបង្ហាញពីការបែកបាក់។
លោក វ៉ន ចាន់ឡូត៖«ពេលណាដែលគណបក្សប្រឆាំងនៅកម្ពុជា មានការបែកបាក់ហើយបង្កើតទៅជាគណបក្សកាន់តែច្រើនធ្វើឱ្យសំឡេងនៃការគាំទ្រថយចុះ ផ្ទុយមកវិញបើគណបក្សប្រឆាំងហ្នឹងគាត់មានការរួបរួមគឺធ្វើឱ្យការគាំទ្រហ្នឹង មានការកើនឡើង ហើយបទពិសោធន៍ហ្នឹង ខ្ញុំជឿជាក់ថា អ្នកនយោបាយនៅកម្ពុជា ក៏គួរតែគ្រប់គ្រាន់ហើយនៅក្នុងការរៀនសូត្រ»។
អ្នកឃ្លាំមើលនយោបាយវ័យក្មេងលោក វ៉ន ចាន់ឡូត លើកឡើងថា ការចាកចេញរបស់មន្ត្រីគណបក្សភ្លើងទៀននៅពេលនេះ ហាក់បីដូចធ្វើឡើងលឿនពេក ខណៈគណបក្សភ្លើងទៀន នៅតែមានលទ្ធភាពចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខ តាមរយៈគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនគឺគណបក្សឆន្ទៈខ្មែរ។ គណបក្សភ្លើងទៀន នៅពេលនេះ កំពុងរៀបចំផែនការសកម្មភាពនយោបាយ ដើម្បីចូលរួមការបោះឆ្នោតជាមួយគណបក្សសម្ព័ន្ធមិត្ត៣ទៀតរបស់ខ្លួន ក្នុងការបន្តជីវិតនយោបាយនៅពេលខាងមុខ បើទោះជាគណបក្សនេះ ប្រឈមមិនអាចចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខបានក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។