លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទទួលមរណភាពដោយរោគាពាធកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ក្នុងអាយុ ៨៣ឆ្នាំ។ លោក គឺជាពលរដ្ឋ និងជាអ្នកនយោបាយជើងចាស់មួយរូប ដែលបានឆ្លងកាត់សម័យកាលជាច្រើនក្នុងនយោបាយកម្ពុជា គឺចាប់តាំងពីសម័យអាណានិគមនិយមបារាំង រហូតដល់លោកទទួលមរណភាព។
តើ លោក ជា ស៊ីម មានជីវប្រវត្តិបែបណា?
ឈ្មោះរបស់ លោក ជា ស៊ីម ត្រូវបានគេស្គាល់ជាទូទៅអស់រយៈពេលជិត ៤០ឆ្នាំមកហើយនៅក្នុងឆាកនយោបាយកម្ពុជា ពោលគឺចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ថ្ងៃដែលកងទ័ពវៀតណាម ចូលឈ្លានពានកម្ពុជា ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមមកម្ល៉េះ។
កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ ក្នុងត្រកូលកសិកររស់នៅភូមិពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង លោក ជា ស៊ីម ដែលមាននាមដើមថា យិន សយ បានចូលរួមជាមួយចលនាតស៊ូមួយឈ្មោះថា ចលនាខ្មែរឥស្សរៈ នៅពេលលោកមានអាយុ ១៥ឆ្នាំ។ ចលនាខ្មែរឥស្សរៈ គឺជាចលនាខ្មែរកុម្មុយនីស្តបង្កើតឡើងនៅឆ្នាំ១៩៥១ ក្រោមការដឹកនាំរបស់ លោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន ដែលមានគោលដៅបណ្ដេញអាណានិគមនិយមបារាំង ចេញពីប្រទេសកម្ពុជា។ លោក ជា ស៊ីម បានតស៊ូជាមួយចលនានេះរហូតដល់ឆ្នាំ១៩៥៤ ពេលដែលបារាំង បញ្ចប់ការធ្វើអាណានិគមនិយមទាំងស្រុងនៅភូមិភាគឥណ្ឌូចិន បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងហ្សឺណែវ។
នៅពេលក្រោយមកទៀត លោក ជា ស៊ីម ដែលធ្លាប់បានបួសរៀនក្នុងវត្ត និងមានកម្រិតវប្បធម៌ត្រឹមពុទ្ធិកមធ្យមសិក្សា បានចូលរួមក្នុងចលនាតស៊ូជាមួយពួកខ្មែរក្រហមនៅឆ្នាំ១៩៧០ បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ ដែលពេលនោះជាព្រះប្រមុខរដ្ឋ ត្រូវបានលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចនៅក្រៅប្រទេស។
នៅក្នុងការតស៊ូជាមួយពួកខ្មែរក្រហមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដើម្បីផ្ដួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ លោក ជា ស៊ីម ត្រូវបានតែងតាំងជាបន្តបន្ទាប់ឲ្យធ្វើជាប្រធានឃុំ និងក្រោយមកជាប្រធានស្រុក។ ក្នុងចន្លោះពេលនេះ លោកក៏បានក្លាយជាមេបញ្ជាការយោធាមួយរូបរបស់ចលនាខ្មែរក្រហមផងដែរ។
បន្ទាប់ពីកងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ពរបស់លោកសេនាប្រមុខ លន់ នល់ នៅខែមេសា ឆ្នាំ១៩៧៥ លោក ជា ស៊ីម បាននៅធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហមបន្តទៀតរហូតដល់ឆ្នាំ១៩៧៨។
នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ លោក ជា ស៊ីម គឺជាសមាជិករដ្ឋសភាតំណាងប្រជាជនកម្ពុជា របស់ខ្មែរក្រហម ហើយលោកក៏ជាលេខាបក្សស្រុកពញាក្រែក ក្នុងតំបន់២០ នៃភូមិភាគបូព៌ាផងដែរ។ យ៉ាងណាក៏ដោយ នៅឆ្នាំ១៩៧៨ លោក ជា ស៊ីម រួមជាមួយពលរដ្ឋខ្មែរនៅភូមិភាគបូព៌ាប្រមាណ ៣០០នាក់ផ្សេងទៀត បានរត់ទៅកាន់ប្រទេសវៀតណាម ដើម្បីគេចពីការតាមកម្ចាត់របស់កងទ័ពខ្មែរក្រហម។ គឺនៅប្រទេសវៀតណាម នេះហើយដែល លោក ជា ស៊ីម បានជួបជាមួយខ្មែរកុម្មុយនីស្តរបស់ក្រុម លោក ប៉ែន សុវណ្ណ និងអតីតមន្ត្រីខ្មែរក្រហមផ្សេងទៀតដូចជា លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម។
ក្រោយមក ពួកគេបានរួមគ្នាបង្កើតចលនាតស៊ូមួយឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានលោក ប៉ែន សុវណ្ណ ជាមេចលនា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ចលនានេះមានគោលដៅវាយផ្ដួលរំលំរបបខ្មែរក្រហមនៅកម្ពុជា ដោយមានការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសវៀតណាម។ ក្នុងពេលនោះ លោក ជា ស៊ីម ត្រូវបានគេតែងតាំងឲ្យធ្វើជាអនុប្រធាននៃរណសិរ្ស លោក ហេង សំរិន ជាប្រធានរណសិរ្ស និងលោក ហ៊ុន សែន ជាសមាជិករណសិរ្សទទួលបន្ទុកខាងយុវជន។
ក្រោយពីខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ជា ស៊ីម រួមជាមួយមន្ត្រីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដទៃទៀត បានធ្វើដំណើរចូលមកទីក្រុងភ្នំពេញវិញ។ ចាប់តាំងពីពេលនោះមក លោកត្រូវបានគេតែងតាំងឲ្យកាន់តួនាទីធំៗជាហូរហែក្នុងជួររដ្ឋាភិបាលថ្មី ដែលវៀតណាម ទើបបានលើកបន្តុបឡើង។
ជារួម ក្នុងរយៈពេល ៣៦ឆ្នាំ ពីឆ្នាំ១៩៧៩ រហូតដល់ពេលលោកទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ លោក ជា ស៊ីម បានកាន់តំណែងសំខាន់ៗជាច្រើន។ លោកជាសមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានរណសិរ្សសាមគ្គីកសាង ការពារមាតុភូមិកម្ពុជា ជាតំណាងរាស្ត្រ ជាប្រធានរដ្ឋសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានក្លាយជាប្រធានព្រឹទ្ធសភា ដែលមានតួនាទីជាប្រមុខរដ្ឋស្តីទីចាប់ពីឆ្នាំ១៩៩៩ មក។
ក្រៅពីនេះ លោកក៏ត្រូវបានអតីតព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ប្រទានគោរមងារជា «សម្ដេច» នៅឆ្នាំ១៩៩៣ និងត្រូវបានសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទានគោរមងារជា «សម្ដេចអគ្គមហាធម្មពោធិសាល» នៅឆ្នាំ២០០៧។ នៅឆ្នាំ២០០៩ និងឆ្នាំ២០១១ លោកត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរសក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ និងប្រទានគោរមងារជា កត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិតសភាកម្ពុជា។ លើសពីនេះ លោកក៏បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស និងគ្រឿងឥស្សរិយយសជាច្រើនផ្សេងទៀត។
រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចាត់ទុកមរណភាពរបស់ លោក ជា ស៊ីម នៅពេលនេះថាជាការបាត់បង់វីរជនឆ្នើមមួយរូប ដែលបានយកកម្លាំងកាយចិត្ត និងស្មារតី ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេសឲ្យរួចផុតពីរបបខ្មែរក្រហម និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការកែទម្រង់លើគ្រប់វិស័យជាដើម។ ចំណែកអ្នកវិភាគព្រឹត្តិការណ៍នយោបាយវិញយល់ឃើញថា ក្នុងនាមជាអ្នកនយោបាយម្នាក់ លោក ជា ស៊ីម មិនសូវបានបន្សល់ទុកនូវកំហុសឆ្គងច្រើននោះទេ។
គេនៅចាំបានថា ក្នុងពេលកម្ពុជា ជាប់គាំងនយោបាយនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដោយបង្កើតនូវរដ្ឋធម្មនុញ្ញបន្ថែមមួយ ធានាឲ្យមានការបោះឆ្នោតជាកញ្ចប់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីតាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ដែលអ្នកវិភាគ និងអ្នកច្បាប់និយាយថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ យ៉ាងណាក៏ដោយ ក្នុងនាមជាប្រមុខរដ្ឋស្តីទីនៅពេលនោះ លោក ជា ស៊ីម មិនព្រមចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញបន្ថែមនោះទេ។
ក្នុងពេលប្រឈមមុខគ្នានោះ លោក ជា ស៊ីម ក៏ត្រូវបាន លោក ហុក ឡង់ឌី អគ្គស្នងការនគរបាលជាតិ បង្ខំឲ្យចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីយកឱកាសនោះទុកឲ្យ លោក ញឹក ប៊ុនឆៃ ដែលពេលនោះជាអនុប្រធានព្រឹទ្ធសភា ចុះហត្ថលេខាលើធម្មនុញ្ញបន្ថែមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤។ បើទោះជាគណបក្សប្រជាជនកម្ពុជា អះអាងនៅពេលនោះថា លោក ជា ស៊ីម ទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺក៏ដោយ ប៉ុន្តែការចាកចេញរបស់លោកនៅពេលនោះ ត្រូវបានគេមើលឃើញថា ជាការខ្វែងគំនិតគ្នារវាង លោក ជា ស៊ីម និងលោក ហ៊ុន សែន។
ទោះជាយ៉ាងណា សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកមរណភាពរបស់ លោក ជា ស៊ីម ថាជាការបង្ហាញភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហម។ សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយថ្ងៃទី៩ មិថុនា សរសេរថា លោក ជា ស៊ីម គឺជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ដែលគេមិនដែលបានស៊ើបអង្កេតពីបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរ ដែលអាចចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
បើនិយាយពីជីវិតគ្រួសារវិញ លោក ជា ស៊ីម បានរៀបការជាមួយភរិយារបស់លោក គឺអ្នកស្រី ញ៉ែម សឿន នៅឆ្នាំ១៩៥៥។ ពួកគេមានកូនទាំងអស់ចំនួន ៧នាក់ ប្រុស ៤នាក់ និងស្រី ៣នាក់។ យ៉ាងណាក៏ដោយ ខុសពីកូនរបស់ លោក ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្សេងទៀត ដែលមានតួនាទីខ្ពស់ៗក្នុងជួរយោធា ក្នុងរដ្ឋសភា និងក្នុងជួររដ្ឋាភិបាល គេពុំឃើញមានកូនរបស់ លោក ជា ស៊ីម កាន់តំណែងធំៗនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។