ព្រះសង្ឃដែលឈឺឆ្អាលបញ្ហាសង្គមនិងនយោបាយរិះគន់សម្ដេចសង្ឃរាជខ្មែរមួយអង្គថា បានយកតួនាទីទៅបម្រើមហិច្ឆតានយោបាយរបស់គ្រួសារត្រកូលហ៊ុនធ្វើឱ្យអាប់ឱនសាសនារបស់ជាតិ។ ការលើកឡើងនេះបន្ទាប់ពីសម្ដេចសង្ឃរូបនេះបានប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍របស់លោកហ៊ុន សែន។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកានៅថ្ងៃទី១៦ សីហា ថា សម្ដេចសង្ឃជាអ្នកបួសនិងជាប្រមុខសង្ឃគួរមានតួនាទីបង្កើតការផ្សះផ្សាជាតិ និងលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ជាជាងចេញញត្តិមានលក្ខណៈនយោបាយ គាំទ្រលោក ហ៊ុន សែនបែបនេះឡើយ។ ព្រះអង្គបន្តថា ការណ៍ដែលសម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណCLV គឺជាការធ្វើឱ្យអាប់ឱនសាសនា និងខូចឈ្មោះព្រះសង្ឃខ្មែរដទៃទៀតដែលមានឧត្ដមគតិស្រលាញ់សាសនានិងប្រទេសជាតិ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «លោកសង្ឃមានស្បង់ចីវរគ្របលើកខ្លួននេះគឺជាតួអង្គតំណាងឱ្យភាពត្រឹមត្រូវ ប៉ុន្តែឥឡូវនេះពួកលោកទាំងនោះទៅគាំទ្រទង្វើរបស់រដ្ឋាភិបាលគ្រាន់តែផ្ញើសារទៅកាន់ជនរួមជាតិថាយកតំបន់ខេត្តទាំង៤ទៅអភិវឌ្ឍន៍ជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរដែលយកទៅគ្រប់គ្រងរួមជាមួយនឹងវៀតណាម។ ហើយបើស្ដេចសង្ឃលោកមកចេញសារឬចេញលិខិតគាំទ្រថាជារឿងត្រឹមត្រូវមានន័យថាលោកបានផ្លាស់ប្ដូរពីសភាវៈពីអ្នកបួសដែលទ្រទ្រង់នូវភាពត្រឹមត្រូវហើយ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីសម្ដេចសង្ឃគណៈធម្មយុត្តិកនិកាយសម្ដេចបួរគ្រី ចេញញតិគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV កម្ពុជាវៀតណាម និងឡាវ (Laos) ថា ជាការជំរុញឱ្យមានការអភិវឌ្ឍន៍តំបន់ព្រំដែនកម្ពុជា ហើយនឹងធ្វើឱ្យពលរដ្ឋខ្មែរនៅតំបន់នោះមានជីវភាពប្រសើរឡើង។ ញត្តិសម្ដេចសង្ឃរាជចុះកាលពីថ្ងៃទី១៤ សីហា ប៉ុន្តែទើបតែផ្សព្វផ្សាយនៅថ្ងៃទី១៦សីហាឱ្យដឹងថាការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្មីៗនេះជារឿងត្រឹមត្រូវហើយបានថ្កោលទោសពលរដ្ឋដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍មួយនេះថា ជាក្រុមជ្រុលនិយមធ្វើឱ្យជាតិបែកបាក់។
នៅថ្ងៃទី១២ ខែសីហា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អះអាងថា គម្រោងអភិវឌ្ឍន៍CLV នេះនឹងធ្វើឱ្យការរីកចំរើននៅតំបន់នោះ ដូច្នេះលោកមិនអាចដកគម្រោងនេះចេញបានទេ។
លោក ហ៊ុន សែន៖ «របស់ដែលយើងបានដាក់ទៅសម្រាប់ការអភិវឌ្ឍន៍វាជារបស់យើង តើយើងដកយកទៅក្រវាត់ចោលនៅឯណា?តើយើងអាចយកផែនដីនេះទាង៤ខេត្តនេះយកទៅដាក់នៅលើមេឃឬទៅកន្លែងណា?មិនអាចទៅរួចទេ វាមិនអាចទៅរួចទេគឺយើងត្រូវតែអភិវឌ្ឍន៍នៅក្នុងទឹកដីរបស់យើង»។
ពលរដ្ឋខ្មែរស្ទើរគ្រប់និន្នាការនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេសបានរួមកម្លាំងសាមគ្គីគ្នាចេញសម្ដែងមតិ និងធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុនដកខ្លួនចេញពីគម្រោងនេះដោយពួកគេព្រួយបារម្ភខ្លាចគម្រោងអភិវឌ្ឍន៍មួយនេះនឹងធ្វើឱ្យបាត់បង់ដីខ្មែរដូចពេលមុនៗទៀត។ ទំនងដោយសារបញ្ហានេះក្រោយមកក៏ស្រាប់តែមានមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរហូតដល់ចុងក្រោយនេះសម្ដេចសង្ឃរាជបានចេញញត្តិគាំទ្រគម្រោងអភិវឌ្ឍន៍CLVរបស់លោក ហ៊ុន សែន។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងថា ប្រមុខសង្ឃធ្វើបែបនេះជាអំពើខុសឆ្គងធ្ងន់ធ្ងរ និងជាការនាំគ្រោះថ្នាក់ដល់ប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។