មហាអំណាចចិនប្រកាសបដិសេធព័ត៌មានដែលថា ចិនមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជា ដើម្បី បង្កើតមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ ប្រទេសចិនបញ្ជាក់ថា ទំនាក់ទំនងជាមួយកម្ពុជា គឺជាទំនាក់ទំនងធម្មតា មិនមានអ្វីជាអាថ៌កំបាំងនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង (Geng Shuang) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ កក្កដាថា ចិន និងកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នានៅទូទាំងប្រទេស។ លោកអះអាងថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយបើកចំហ ប្រកបដោយតម្លាភាព សមភាព និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ កុំបកស្រាយបំផ្លើសរឿងនេះ។
ទោះជាយ៉ាងណា ការបដិសេធនេះទំនងជាមិនអាចរំងាប់ស្ថានការណ៍បានឡើយ ដោយសារតែនៅក្នុងអត្ថបទរបស់កាសែត Wall Street Journal របស់អាមេរិក បានរៀបរាប់យ៉ាងលម្អិតអមជាមួយរូបភាពជាច្រើនទៀត ដែលបង្ហាញថា ចិនទំនងជាកំពុងសង់ទីតាំងយោធាក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាពិតប្រាកដមែន។ ប្រភពដដែលឱ្យដឹងទៀតថា ចិននឹងសាងសង់កំពង់ផែ២ នៅមូលដ្ឋានទ័ពជើងទឹករាម ដែលមួយសម្រាប់កម្ពុជា និងមួយទៀតសម្រាប់ចិនខ្លួនឯង។ កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យចិនមានសិទ្ធិដាក់កងទ័ព និងរក្សាទុកគ្រឿងសព្វាវុធ និងនាវចម្បាំងរបស់ខ្លួននៅទីនោះបានទៀតផង។
មន្ត្រីអាមេរិកយល់ថា ទំនងជាដោយសារហេតុផលនេះហើយ ទើបរបបលោក ហ៊ុន សែន បានបដិសេធជំនួយរបស់អាមេរិកក្នុងការជួយជួសជុលហេដ្ឋារចនាសម្ពន្ធមូលដ្ឋានទ័ពជើងទឹករាម ដែលរបបនេះធ្លាប់បានស្នើសុំពីសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ។
ម្យ៉ាងវិញទៀត របបក្រុងភ្នំពេញបានត្រឹមតែបដិសេធព័ត៌មាននេះប៉ុណ្ណោះ ដោយគ្មានគម្រោងអនុញ្ញាតឱ្យអ្នកជំនាញការបរទេស មន្ត្រីស្ថានទូត ឬអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងដែលមានការសង្ស័យនោះឡើយ ស្របពេលទំនាក់ទំនងលើវិស័យយោធារវាងចិន និងកម្ពុជា កាន់តែល្អូកល្អឺនឡើងជាលំដាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។