ប្រមុខការទូតចិននឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ធ្វើឡើងចំពេលកម្ពុជា និងអាមេរិក កំពុងមានភាពរកាំរកូស ជាពិសេសក្នុងទំនាក់ទំនងលើវិស័យយោធា។ អ្នកសង្កេតការណ៍ជំរុញឱ្យរបបក្រុងភ្នំពេញរក្សាអព្យាក្រឹតភាពរបស់ខ្លួនក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដើម្បីកុំឱ្យកម្ពុជាក្លាយជាសមរភូមិនៃការប្រជែងគ្នារវាងប្រទេសមហាអំណាច ដូចក្នុងអតីតកាល។
ក្នុងដំណើរមកកាន់ដែនដីអាស៊ីអាគ្នេយ៍រយៈពេល ៥ថ្ងៃ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជ្រើសរើសយកកម្ពុជាជាប្រទេសដំបូងគេ ដែលលោកត្រូវមកបំពេញទស្សនកិច្ច។ លោកគ្រោងចំណាយពេលពីរថ្ងៃនៅកម្ពុជា គឺថ្ងៃទី១១ និងទី១២ ខែតុលា មុននឹងបន្តដំណើរទៅប្រទេសម៉ាឡេស៊ី ឡាវ ថៃ ហើយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៥ តុលា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី មិនមានគម្រោងទៅប្រទេសវៀតណាម និងហ្វីលីពីន ដែលកំពុងមានទំនាស់ស្រួចស្រាល់ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។
កាសែត គ្លូបល ថាមស៍ (Global Times) ដែលដើរតាមមាគ៌ានយោបាយរបស់បក្សកុម្មុយនិស្តចិន ផ្សាយថា ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះ គឺដើម្បីរឹតចំណងទាក់ទងកាន់តែស្អិតរមួតរវាងចិន និងប្រទេសសមាជិកអាស៊ាន។ កាសែតដដែលនេះសង្កត់ធ្ងន់ថា ទស្សនកិច្ចនេះ គឺនៅចំពេលសហរដ្ឋអាមេរិកកំពុងបង្កើតរឿងមិនទុកចិត្តគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង និងបំផុសគំនិតប្រឆាំងចិននៅក្នុងតំបន់។
ដោយឡែក ចំពោះករណីកម្ពុជាវិញ ក្រសួងការបរទេសកម្ពុជាអះអាងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ តុលាថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី លើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩។ ជាពិសេស ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងឯកសារមួយចំនួនទៀត។
អ្នកតាមដានស្ថានការណ៍នយោបាយ និងជាអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ទិសដៅសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនមកកម្ពុជានេះ មិនមែន ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ ព្រោះកិច្ចការនេះបានដំណើរការយ៉ាងរលូនរួចទៅហើយ។ លោកជឿថា មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជាពេលនេះ គឺដើម្បីបង្ហាញថា ប៉េកាំងនៅតែជាបង្អែកដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា ខណៈសហរដ្ឋអាមេរិកបានបង្ហាញការខកចិត្តជាខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ៖ « រដ្ឋាភិបាលកម្ពុជាចាប់ចងយុវជនជាច្រើននាក់ថ្មីៗហ្នឹង យើងឃើញថា ចិនបានថ្លែងនៅក្នុងអង្គការសហប្រជាជាតិហ្នឹង គឺគាំទ្រកម្ពុជាយ៉ាងពេញទំហឹងចំពោះការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង។ អ៊ីចឹងជារួមមក ដំណើរទស្សនកិច្ចនេះ គឺជាការបញ្ជាក់ជំហររបស់ចិនទៅកាន់រដ្ឋាភិបាលខ្មែរថា ចិននឹងនៅពីក្រោយគ្រប់កាលៈទេសៈ ហើយកម្ពុជាមិនគួរព្រួយបារម្ភទៅនឹងសម្ពាធអន្តរជាតិ ឬក៏ប្រតិកម្មរបស់ប្រទេសសេរីហ្នឹងទេ » ។
រឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ តាមការពិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងទៅចុះហត្ថលេខានៅទីក្រុងប៉េកាំងឯណោះទេ។ ចំណែក លោក ហោ ណាំហុង ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងកម្ពុជា-ចិនវិញ ក៏ធ្លាប់អះអាងដែរថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខា មុនថ្ងៃទី១២ សីហា ពោលគឺមុនសហភាពអឺរ៉ុបប្រកាសដកហូតការអនុគ្រោះពន្ធ EBA ចំនួន ២០% ជាផ្លូវការ ដើម្បីជាសារប្រាប់ទៅសហភាពអឺរ៉ុបថា កម្ពុជាមានជម្រើសទីផ្សារធំ ក្រៅពីអឺរ៉ុប។
ទោះជាយ៉ាងណា ផែនការទាំងនេះមិនបានដំណើរការដូចការគ្រោងទុកឡើយ ហើយរបបលោក ហ៊ុន សែន បានរក្សាភាពស្ងប់ស្ងាត់ រហូតទាល់តែដល់ថ្ងៃទី៩ តុលា ទើបប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នឹងត្រូវបានចុះហត្ថលេខា អំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជា។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះដែរ តែលោកមិនលើកទូរស័ព្ទ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ក៏មិនទទួលទូរស័ព្ទដូចគ្នា នៅថ្ងៃទី១០ តុលា។
ដំណើរមកកាន់កម្ពុជារបស់លោក វ៉ាង យី នៅពេលនេះ គឺនៅក្រោយពេលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនចិន យូឌីជី (UDG) ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយនៅកម្ពុជា។ ក្រុមហ៊ុនចិន UDG រងការសង្ស័យថា កំពុងអនុវត្តគម្រោងការសម្ងាត់ឲ្យរដ្ឋអំណាច និងយោធាបក្សកុម្មុយនិស្តចិន ដើម្បីបម្រើឲ្យគោលដៅយោធារបស់ចិន។ នៅតំបន់តារាសាគរក្នុងខេត្តកោះកុង ក្រុមហ៊ុននេះកំពុងអភិវឌ្ឍវាលយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅ ដែលត្រូវបានក្រុមអ្នកជំនាញសន្តិសុខវាយតម្លៃថា ជាទីតាំងដែលអាចឱ្យយន្តហោះ និងនាវាចម្បាំងចិនអាចចូលចតបាន។
ម្យ៉ាងវិញទៀត របបលោក ហ៊ុន សែន កាលពីពេលថ្មីៗ នេះ បានវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម។ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានប្រតិកម្មដោយក្ដីកង្វល់ថា ការវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកដោយស្ងាត់ៗ បែបនេះ អាចមានជាប់ទាក់ទងនឹងផែនការអនុញ្ញាតឱ្យប្រទេសចិនដាក់កងទ័ព និងអាវុធយុទ្ធភណ្ឌនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម ក៏ប៉ុន្តែត្រូវបានរបបក្រុងភ្នំពេញបដិសេធ។
ក្រុមអ្នកជំនាញវាយតម្លៃថា ប្រសិនបើចិនអាចបង្កើតមូលដ្ឋានទ័ពជើងទឹកនៅរាម និងមានកន្លែងផ្ទុកយន្តហោះចម្បាំងនៅខេត្តកោះកុងមែន នោះចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការទាមទារយកតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសម្បើម។ លើសពីនេះទៅទៀត ចិននឹងអាចពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតលើច្រកសមុទ្រម៉ាឡាកា (Malacca) ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់។ នេះជាសេណារីយោដ៏គ្រោះថ្នាក់ និងគំរាមកំហែងយ៉ាងខ្លាំងដល់ប្រទេសសម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដែលសហរដ្ឋអាមេរិកមិនអាចឱបដៃឈរមើលបានឡើយ។
ក្នុងន័យនេះ សហរដ្ឋអាមេរិកបានដាស់តឿនរបបលោក ហ៊ុន សែន ម្ដងហើយម្ដងទៀតថា វត្តមានរបស់យោធាចិននៅកម្ពុជា នឹងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយបង្កការរំខាន និងអស្ថិរភាពដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ក្រុមលោក ហ៊ុន សែន កំពុងលេងល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ ដោយជ្រើសរើសនៅខាងចិន និងប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ លោកថា លោក ហ៊ុន សែន លម្អៀងទៅរកចិន ដោយសារមេដឹកនាំក្រាញអំណាចរូបនេះ ត្រូវការចិនជាខ្នងបង្អែកការពារអំណាចរបស់គាត់៖ « បើយើងមើលទិដ្ឋភាពនៅពីក្រោយហ្នឹង គឺជាការជំរុញ និងលើកទឹកចិត្តឱ្យរបប ហ៊ុន សែន ហ្នឹងកាន់តែបន្តរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងច្បាស់អំពីឯករាជភាព អព្យាក្រឹតភាពរបស់ខ្លួន រំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស។ ហើយចំណុចនេះឯង ដែលជាចំណុចគន្លឹះដែលធ្វើឱ្យកម្ពុជាហ្នឹង ក្លាយជាប្រទេសរងគ្រោះដោយសារតែរបបលោក ហ៊ុន សែន ចាប់យកនយោបាយការបរទេសហ្នឹងទៅឱបចិន ឱ្យចិនធ្វើអ្វីៗ តាមតែទំនើងចិត្ត » ។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនបកស្រាយអំពីទំនាក់ទំនងរវាងកម្ពុជា និងចិននោះទេ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសារភាពហើយថា លោកដឹកនាំលម្អៀងទៅរកចិន ព្រោះងាយធ្វើការជាមួយ៖ « វាសុទ្ធតែថា កម្ពុជាដឹកនាំប្រទេសទៅជិតចិន ចុះបើចិនគេស្រួលជាមួយខ្ញុំ មិនឱ្យទៅជិតជាមួយគ្នាយ៉ាងម៉េច ?» ។
ក្រៅពីនេះ លោក ហ៊ុន សែន បានចេញមុខការពារចិនម្ដងហើយម្ដងទៀត រហូតដល់លោកបោះពាក្យថា ប្រសិនបើចិនមិនជួយទេ តើប្រទេសណាជាអ្នកជួយស្ថាបនាហេដ្ឋារចនាសម្ពន្ធ និងគម្រោងវិនិយោគធំៗ នៅកម្ពុជា។
ទោះជាបែបនេះក្តី ក្រុមអ្នកតាមដានស្ថានការណ៍ព្រមានថា របបលោក ហ៊ុន សែន គួរតែរក្សាឱ្យបាននូវគោលនយោបាយអព្យាក្រឹត្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសត្រូវតែធានាឱ្យបានថា ពិតជាគ្មានវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម និងតំបន់តារាសាគរខេត្តកោះកុងដូចការអះអាងមែន។ បើពុំដូច្នេះទេ កម្ពុជាអាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រម្ដងទៀត គឺក្លាយជាសមរភូមិនៃការប្រជែងអំណាចគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។