របបក្រុងភ្នំពេញបន្តបដិសេធជាថ្មីទៀតពាក់ព័ន្ធនឹងរឿងលទ្ធភាពនៃការកកើតមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ របបនេះអះអាងថា កម្ពុជាមិនត្រូវការវត្តមានកងទ័ពបរទេស ដើម្បីវាយប្រហារទៅលើអ្នកណានោះទេ។ អ្នកវិភាគជឿជាក់ថា ក្រុមប្រទេសលោកខាងលិចមិនទាន់អស់ចិត្តនឹងរឿងមូលដ្ឋានទ័ពកងទ័ពចិននៅលើទឹកដីកម្ពុជានោះទេ ទើបក្រុមប្រទេសទាំងនោះនៅតែបន្តសួរដេញដោលរបបក្រុងភ្នំពេញបែបនេះ។
ប្រមុខការទូតរបបក្រុងភ្នំពេញបានអះអាងជាថ្មីម្ដងទៀតថា របបនេះនឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពចិននៅលើទឹកដីកម្ពុជាឡើយ។ ការអះអាងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាមួយនឹងប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក ស្កុត រ៉ាយអិន (Scott Ryan) កាលពីថ្ងៃទី១៩ មករា។
អ្នកនាំពាក្យក្រសួងការបរទេសលោក កេត សោផាន់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ប្រាក់ សុខុន បានប្រាប់ទៅប្រធានព្រឹទ្ធសភាអូស្ត្រាលីថា របបដឹកនាំបច្ចុប្បន្នអនុវត្តតាមរដ្ឋធម្មនុញ្ញដោយមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។
ព័ត៌មានស្ដីពីមូលដ្ឋានកងទ័ពចិននៅលើទឹកដីកម្ពុជានេះ បានក្លាយជារឿងដ៏រសើបនៃសន្តិសុខតំបន់ រហូតដល់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃឃ៍ ផេនស៍ (Mike Pence) បានសរសេរលិខិតផ្លូវការមួយច្បាប់ប្រាប់ទៅលោក ហ៊ុន សែន អំពីកង្វល់ចម្បងបំផុតរបស់សហរដ្ឋអាមេរិក និងបានព្រមានរបបក្រុងភ្នំពេញថា បើមានរឿងបែបនេះកើតឡើងមែននោះ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ក៏ប៉ុន្តែ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានចេញមុខបដិសេធរឿងនេះជាបន្តបន្ទាប់ ហើយប្រកាសថា របបរបស់លោកនឹងមិនរំលោភច្បាប់ឱ្យបរទេសដាក់កងទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជាជាដាច់ខាត។ លោកបានចោទប្រកាន់ទៅវិញថា ការលើកឡើងពីកង្វល់នេះ គឺជាយុទ្ធនាការរបស់ក្រុមប្រទេសលោកខាងលិច ដើម្បីរកលេសមួលបង្កាច់ និងទម្លាក់កំហុសដាក់របបរបស់លោកប៉ុណ្ណោះ៖ «ទោះបីជាយើងមានសមត្ថភាពកែរដ្ឋធម្មនុញ្ញ ក៏យើងខ្ញុំមិនកែរដ្ឋធម្មនុញ្ញ ដើម្បីផ្ដល់លទ្ធភាពឱ្យបរទេសមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយផ្ដល់លទ្ធភាពឱ្យកម្ពុជាមានលទ្ធភាពបញ្ជូនកងទ័ពទៅបរទេស មិនមែនក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះទេ»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា ក្នុងក្របខ័ណ្ឌច្បាប់ លោក ហ៊ុន សែន ទំនងជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ ក៏ប៉ុន្តែដើម្បីរក្សាអំណាចរបស់ខ្លួន លោកជឿជាក់ថា លោក ហ៊ុន សែន អាចនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង រួមទាំងការអនុញ្ញាតឱ្យកងទ័ពចិនឈរជើងដោយសម្ងាត់នៅលើទឹកដីកម្ពុជាផងដែរ។ លោកបន្តថា ដោយសារមូលហេតុនេះហើយ ទើបក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច បណ្ដាក់គ្នាសួរនាំលោក ហ៊ុន សែន លើបញ្ហានេះ ទោះបីជារបបនេះបានបដិសេធជាច្រើនដងរួចទៅហើយក្តី៖ «ការបណ្ដាក់គ្នារបស់គេនេះ គឺចង់បញ្ជាក់ថា ពិភពលោកមិនគាំទ្រនោះទេ ជាពិសេសពិភពលោកនៃអ្នកប្រជាធិបតេយ្យ ហើយកម្លាំងនៃពិភពលោកអ្នកប្រជាធិបតេយ្យហ្នឹង គឺខ្លាំងណាស់ ធំណាស់។ ហើយ ( គេ ) ចង់បញ្ជាក់ប្រាប់លោក ហ៊ុន សែន ថា កុំឱ្យផ្អៀង គឺ ( របបក្រុងភ្នំពេញ ) ទប់ស្ថានការណ៍ហ្នឹងមិនបានទេ ទោះបីជាគាត់ជិតស្និទ្ធជាមួយចិនប៉ុនណាក៏ដោយ។ នេះជាការរំឭកផង ព្រមានផង។ លោក ហ៊ុន សែនច្បាស់ជាយល់ហើយ ប៉ុន្តែតើគាត់ជ្រើសរើសយកផ្លូវដើម្បីប្រទេសជាតិបានសុខ ឬគ្រាន់តែធ្វើក្នុងលក្ខខ័ណ្ឌ ទប់អំណាចរបស់គាត់ ? អាហ្នឹងជាជម្រើសរបស់គាត់»។
តំបន់ដែលត្រូវបានសង្ស័យថា អាចមានការកសាងមូលដ្ឋានកងទ័ពចិននោះ គឺនៅក្នុងខេត្តកោះកុង ដោយសារផ្ទៃដីជាប់មាត់សមុទ្រ ទំហំជាង ៤ម៉ឺន ៥ពាន់ហិកតារនៅក្នុងខេត្តនេះ ត្រូវបានរបបក្រុងភ្នំពេញផ្ដល់សម្បទានឱ្យក្រុមហ៊ុនចិនមួយមានឈ្មោះ Union Development Group ឬ UDG រយៈពេល ៩៩ ឆ្នាំ។ លទ្ធភាពនៃការកកើតមូលដ្ឋានកងទ័ពចិននោះ គឺតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅរបស់ក្រុមហ៊ុនមួយនេះ ដែលអាចឱ្យនាវាចម្បាំងចិនចូលចតបាន ហើយបើតាមកាសែត កាសែត ឌឹ អេស៊ា ថាមស៍ (The Asia Times) កម្ពុជាអាចនឹងក្លាយជាចំណុចស្នូលនៃសង្គ្រាមត្រជាក់ថ្មីមួយទៀត ដោយសារតែរបបលោក ហ៊ុន សែន ងាករេខ្លាំងពេកទៅរកប្រទេសចិនកុម្មុយនិស្ត។
កាលពីពេលថ្មីៗនេះ របបក្រុងភ្នំពេញទើបតែបានទទួលនាវាចម្បាំងចិនចំនួន ៣ គ្រឿង ឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាដំណើរទស្សនកិច្ចដែលរបបក្រុងភ្នំពេញអះអាងថា ដើម្បីរឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ លើសពីនេះ ក្រុងភ្នំពេញ និងប៉េកាំងក៏កំពុងត្រៀមរៀបចំសមយុទ្ធយោធានាគមាសទ្រង់ទ្រាយធំផងដែរ ក្នុងឆ្នាំ ២០១៩ នេះ ខណៈសមយុទ្ធយោធាជាមួយអាមេរិក និងអូស្ត្រាលី មិនត្រូវបានរបបលោក ហ៊ុន សែន លើកយកមកនិយាយទៀតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។