មេធាវី ជូង ជូងី ដែលល្បីក្នុងការការពារក្ដីឱ្យអ្នកទោសមនសិការ និងអ្នកទោសនយោបាយប្រឆាំង ពេលនេះ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដែលមានថ្នាក់ដឹកនាំជាអតីតមន្ត្រីរបស់បក្សភ្លើងទៀន។ ការប្រកាសរបស់មេធាវីរូបនេះ ធ្វើឡើងបន្ទាប់ពីលោកបានលាលែងពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៨ ខែមិថុនា
ក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយរបស់លោក ជូង ជូងី ចុះថ្ងៃទី១ ខែកក្កដា ផ្ញើទៅកាន់ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិលោក ជូង ជូងី ឱ្យដឹងថា ការសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដោយមើលឃើញថា គណបក្សនេះ មានជំហរនយោបាយរឹងមាំច្បាស់លាស់ ដែលជាកត្តាសក្ដានុពលរបស់គណបក្សនយោបាយ។
លើសពីនេះ លោកថា គណបក្សកម្លាំងជាតិ ក៏មានឆន្ទៈ មនសិការជាតិខ្ពស់ ហ៊ានប្រឈមក្នុងការតស៊ូនយោបាយ ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន ដោយសន្តិវិធី។
លោកថា គណបក្សកម្លាំងជាតិ មានទឹកចិត្ត ស្រឡាញ់ យុត្តិធម៌ យកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ ហ៊ានចេញមុខការពារសិទ្ធិ និងការពារប្រយោជន៍ប្រជាពលរដ្ឋ ទើបលោកសម្រេចចូលរួមជីវភាព នយោបាយជាមួយគណបក្សកម្លាំងជាតិ។
លោកមេធាវី ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកក្កដាថា កន្លងមក លោកបានប្រើចំណេះដឹង កម្លាំង និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមបម្រើផលប្រយោជន៍សង្គម។
លោក ជូង ជូងី៖ «ជួយការពារសកម្មជននយោបាយ សកម្មជនដីធ្លី បរិស្ថាន និងសិទ្ធិមនុស្ស។ ឥឡូវនេះ បើខ្ញុំឈានមួយជំហានទៀត ជ្រើសរើសគណបក្សនយោបាយណាមួយ ដែលមានជំហរនយោបាយរឹងមាំ ច្បាស់លាស់ មានឆន្ទៈខ្ពស់ មានមនសិការជាតិខ្ពស់ ខ្ញុំនឹងចំណាយកម្លាំងកាយ កម្លាំងចិត្ត ធនធានតិចតួច ដែលខ្ញុំមាន និងចំណេះដឹងរបស់ខ្ញុំ ដើម្បីចូលរួមនយោបាយជាមួយគណបក្សនោះ ដើម្បីខ្ញុំអាចប្រើក្នុងជីវិតរបស់ខ្ញុំផ្ដល់ប្រយោជន៍ដល់សង្គមច្រើន ដែលអាចធ្វើទៅបាន»។
ជុំវិញរឿងនេះ អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកក្កដាថា ការសម្រេចចិត្តរបស់លោក ជូង ជូងី ទៅចូលរួមជាមួយ គណបក្សកម្លាំងជាតិ គឺជាសិទ្ធិរបស់បុគ្គល។
លោក លី សុធារ៉ាយុត្តិ៖«យើងគណបក្សភ្លើងទៀនអត់មានសិទ្ធិហាមឃាត់គាត់ ឬក៏រារាំងមិនឱ្យគាត់ធ្វើការសម្រេចចិត្ត ចាកចេញពីគណបក្សភ្លើងទៀនទៅចូលរួមគណបក្សនយោបាយណាមួយ ដែលគាត់ពេញចិត្តទេ។ អានេះ គឺជាសេចក្ដីសម្រេចគាត់ផ្ទាល់ណា ហើយរាល់ការសម្រេចរបស់បុគ្គលយើងគោរពទាំងអស់»។
លោក ជូង ជូងី បានដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីផុតបម្រាមរយៈពេល ៥ឆ្នាំ ដែលតុលាការកំពូលហាមឃាត់ធ្វើសកម្មភាពនយោបាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី២៨ ខែមិថុនា លោក ជូង ជូងី បានដាក់ពាក្យសុំលាលែងពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន បន្ទាប់ពីលោកបានចូលរួមជីវភាព នយោបាយជាមួយគណបក្សនេះ រយៈពេលជាង១ ឆ្នាំ។
ឆ្លើយតបនឹងសំណើនេះ នៅថ្ងៃទី១ ខែកក្កដា គណបក្សកម្លាំងជាតិបានចេញ សេចក្ដីប្រកាសស្វាគមន៍ការស្នើសុំរបស់លោក ជូង ជូងី និងឥស្សរជន នយោបាយ និងថ្នាក់ដឹកនាំ រួមទាំងសកម្មជននយោបាយរបស់គណបក្សភ្លើងទៀន ផ្សេងទៀត។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកម្លាំងជាតិ នឹងផ្ដល់តួនាទីដល់លោក ជូង ជូងី បន្ទាប់ពីប្រជុំគណៈកម្មការអចិន្ត្រៃយ៍។
លោក រ៉ុង ឈុន៖«គណបក្សកម្លាំងជាតិ នឹងទទួលបានធនធានក្នុងការជួយដល់គណបក្សកម្លាំងជាតិ។ ក្នុងឋានៈតួនាទីតំណែងមកដល់ពេលនេះ គណបក្សនឹងប្រគល់តួនាទីតំណែងជូនគាត់ទៅនឹងអ្វី ដែលគាត់បានខំ ធ្វើការងារនៅក្នុងអ្នកប្រជាធិបតេយ្យ ប៉ុន្តែពេលនេះ យើងមិនទាន់ជម្រាបបងប្អូនសាធារណជនបាននៅឡើយទេ។ យើងនឹងប្រជុំពិភាក្សាគណៈកម្មការអចិន្ត្រៃយ៍ធ្វើការសម្រេច»។
មុននឹងចាប់មុខរបរជាមេធាវី លោក ជូង ជូងី បានធ្វើជាគ្រូបង្រៀន បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបានធ្វើគ្រូបង្រៀន ២ឆ្នាំ លោក ជូង ជូងី បានបន្តទៅរៀនច្បាប់ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងបានបំពេញវិជ្ជាជីវៈមេធាវី កាលពីឆ្នាំ២០០៤ ដោយមានការិយាល័យឈ្មោះ សីលា។
លោក ជូង ជូងី ត្រូវបានគេដាក់រហស្សនាមថា ជាមេធាវីការពារក្ដី មិនដែលឈ្នះឱ្យអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គម ប៉ុន្តែ លោកនៅតែប្រកាន់ជំហរការពារយុត្តិធម៌សង្គម និងជួយអ្នករងភាពអយុត្តិធម៌បន្តទៀត។
នៅមុនពេលសម្រេចចិត្តចូលរួមជីវភាពនយោបាយនោះ លោក ជូង ជូងី បានឆ្លងកាត់ការលំបាកជាច្រើនក្នុងនាមជាមេធាវីជួយការពារក្ដីឱ្យ អ្នកនយោបាយប្រឆាំង សកម្មជនសង្គម សកម្មជនដីធ្លី ជនរងគ្រោះ និងអ្នកក្រីក្រ ក្នុងនោះរួមមានទាំង ការប្រឈមនឹងសុវត្ថិភាពផ្ទាល់ខ្លួន មិនមានចំណូលដូចមេធាវីដទៃ និងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយការពារក្ដីថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។