យុវជននិង​សង្គម​ស៊ីវិល​រិះគន់​​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​ថា ​ខ្លួន​បានផ្ដល់​សេវា​សាធារណៈ​ និង​ហេដ្ឋារចនាសម្ពន្ធ​​បាន​ល្អ​ថា​​ជា​រឿង​មិន​ពិត

យុវជន​និង​សង្គម​ស៊ីវិល រិះគន់​ការ​លើកឡើង​របស់​ក្រសួងមហាផ្ទៃ​ដែល​ថា​ ខ្លួន​បំពេញ​ការងារ​បាន​ល្អ​ប្រសើរ​នោះ​ ថា​មិន​បាន​​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់​ស្តែក​នៅ​តាម​មូលដ្ឋាន​ទេ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល៥​ឆ្នាំ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលាថា ការ​បម្រើ​សេវា​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ល្អ​ជា​បន្តបន្ទាប់។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ រដ្ឋាភិបាល​គួរ​ពិនិត្យ​ឡើងវិញ​ពាក់ព័ន្ធ​ការ​អនុវត្ត​ការងារ​ និង​បង្កើន​ធនធាន​មនុស្ស​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ទទួល​បាន​គុណភាព​ការងារ​នៅ​ថ្នាក់​ក្រោម​ជាតិ​។

សកម្មជន​បរិស្ថាន​ និង​អ្នក​តាមដាន​ស្ថានការណ៍ សង្គម​ យល់​ឃើញ​ថា​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ខ្នាត​តូច​ និង​គម្រោង​សេវា​សង្គម​ ដែល​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​គ្មាន​គុណភាព​ និង​ជា​ការ​បន្ថែម​បន្ទុក​ដល់​ពលរដ្ឋ​ក្នុង​ការ​ចំណាយ​លើ​សេវា​ផ្សេងៗ ​។ ពួកគេ​រិះគន់​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​សេវា​យឺតយ៉ាវ​ដើម្បី​ជា​ថ្នូរ​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ហើយ​គុណភាព​ នៃ​គម្រោង​គឺ​គ្មាន​គុណភាព​ឡើយ​។

យុវជន​នៅ​ខេត្ត​បាត់ដំបង លោក ខឹម សុភ័ណ្ឌ លើក​ឡើង​ថា​ ការ​ផ្ទេរ​ថវិកា​ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ គឺ​ជា​ការ​ប្រសើរ​ ប៉ុន្តែ​ការ​គ្រប់គ្រង​ និង​ចាត់​ចែង​របស់​ថ្នាក់​ក្រោម​ជាតិ​មិន​បាន​ត្រឹមត្រូវ​ល្អ​នោះ​ទេ ។ លោក​បន្ត​ថា សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​មាន​ការ​យឺត​យ៉ាវ ហើយ​ពលរដ្ឋ​យល់ថា​ការ​ផ្ដល់​សេវា​រដ្ឋបាល​មាន​ភាព​សាំញ៉ាំ​ ពិបាក​ពេល​ទៅ​ទទួល​សេវា​ម្ដង​ៗ។ លោក ខឹម សុភ័ណ្ឌ បន្ថែម​ថា​នៅ​ពេល​ពលរដ្ឋ​ត្រូវការ​ទទួល​សេវា​បន្ទាន់​ តែង​រង​ការ​ជំរិត​ផ្សេង​ៗ​ពី​មន្ត្រី​ ដោយ​គ្មាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ឡើយ​ ហើយ​ពលរដ្ឋ​ទទួល​យក​សេវា​​​​ទាំង​អារម្មណ៍​តានតឹង​​ក្នុង​ចិត្ត​។ លោក បន្ថែម​ថា​បញ្ហា​ផ្លូវ​ថ្នល់​នៅ​តំបន់​លោក​រស់នៅ គឺ​គ្មាន​គុណភាព​ឡើយ ដែល​ចំណាយ​ថវិកាជាតិ​ច្រើន​ឥត​ប្រយោជន៍​ ហើយ​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​មតិ​​លើក​បញ្ហា​ទាំងនេះ ​ទេ​ ព្រោះ​ខ្លាច​អាជ្ញាធរ​កាត់​ប័ណ្ណ​ក្រីក្រ​ និង​ពិបាក​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេង​ៗ​នៅ​ឃុំ​នៅ​ថ្ងៃ​ក្រោយ៖

«ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តូច ​ឬ​ធំ​ក្ដី​ មើល​ឃើញ​ថា​ ក្នុង​ការ​សាងសង់​ជា​ថ្នល់​ ស្ពាន​ សាលា​ផ្សេង​ៗ​មាន​កម្រិត​ទាប​មែន​ទែន​។ រី​ឯ​ថវិកា​ក្នុង​ការ​ទម្លាក់​មក​ដល់​ថ្នាក់​ក្រោម​ជាតិ​ច្រើន​តែ​ក្នុង​របាយការណ៍​ បញ្ជី​តួលេខ​។ ធាតុ​ពិត​ឃើញ​តែ​ប្រជាជន​ស្រែក​ថា​លំបាក​លើ​គ្រប់​វិស័យ​ទាំង​អស់​»។

ចំណែក​និស្សិត​ម្នាក់​នៅ​ខេត្ត​បាត់ដំបង កញ្ញា ហុក លៀង ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៦ ខែតុលាថា កញ្ញាក៏​តែងតែ​ទៅ​ទទួល​សេវា​សាធារណៈ​នៅ​ឃុំ​ដែរ​ ប៉ុន្តែ​មន្ត្រី​ផ្ដល់​សេវា​នៅ​តាម​ឃុំ​សង្កាត់​ហាក់​ធ្វើការ​យឺតយ៉ាវ​ និង​ការ​យក​ប្រាក់​ខុស​ពី​គោលការណ៍​ច្បាប់​កំណត់​។ កញ្ញាបន្ត​ថា នៅ​ពេល​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាត់ ឬ​ខូច​មាន​រយៈពេល​យូរ​ និង​ពេល​រួចរាល់​ក៏​គ្មាន​ការ​ជូនដំណឹង​ពី​មន្ត្រី​នគរបាល​ ទៅកាន់​ពលរដ្ឋ​ទេ​។ កញ្ញា​ថា ការ​ដែល​ក្រសួងមហាផ្ទៃ​មាន​គោល​ការណ៍​ផ្ទេរ​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ និង​អនុវត្ត​គម្រោង​សេវា​សង្គម​ គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​ជាក់ស្ដែង​ កញ្ញា​បាន​ទៅ​ឃើញ​ការ​អនុវត្ត​​ មិន​ដូច​គោលការណ៍​ដែល​បាន​ចែង​ឡើយ​៖

«បើ​សិន​ជា​គាត់​អនុវត្ត​បាន​ ខ្ញុំ​គិត​ថា​វា​ល្អ​ខ្លាំង​មែនទែន​ ដោយសារ​តែ​នៅ​ក្នុង​ហ្នឹង​លំអិត​មែន​ទែន​ ទាក់ទង​ជាមួយ​នឹង​សេវា​សាធារណៈ​ មាន​មន្ទីរ​អី​អ៊ីចឹង​ជា​ដើម​។ ចំពោះ​កន្លែង​មន្ទីរ​ពេទ្យ​វិញ​ នៅ​ពេល​មាន​ស្ត្រី​អី​គាត់​សម្រាល​កូន​អី​ហ្នឹង​ ភាគ​ច្រើន​ឧបករណ៍​នៅ​ហ្នឹង​អត់​គ្រប់គ្រាន់ ឬ​ក៏​ពេទ្យ​ខ្លះ​គាត់​ធ្វើ​អោយ​តែ​ហើយ​ៗ​ពី​ដៃ​​ ហើយ​រហូត​ដល់​ថ្នាក់​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ស្ត្រី​ជា​ម្ដាយ​ហ្នឹង​ទៀត។ អ៊ីចឹង​ខ្ញុំ​យល់​ឃើញ​ថា សេវា​ក្រសួង​មហាផ្ទៃ​លើកឡើង​ហ្នឹង​ ហាក់​បី​ដូចជា​មិន​បាន​ឆ្លុះបញ្ចាំង​ជាមួយ​នឹង​គោលការណ៍​ ដែល​គាត់​បាន​ធ្វើ​ ហាក់​បី​ដូចជា​មិនបាន​ឆ្លុះបញ្ចាំង​នូវ​ទង្វើ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​លើក​ឡើង​ទេ​»។

កន្លងមក​នៅ​តាម​មូលដ្ឋាន​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ពលរដ្ឋ​តែងតែ​លើក​ឡើង​ពី​បញ្ហា​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ មិនមែន​តែ​ឃុំ​សង្កាត់​នោះ​ទេ​ ដែល​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ការ​លំបាក និង​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ សូម្បីតែសេវា​បង់ពន្ធ​ដីធ្លី​ សេវា​សុខាភិបាល​ សេវា​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ សេវា​ដឹកជញ្ជូន​ សេវា​ឆ្លង​ព្រំដែន​ ​សេវា​ពន្ធគយ និង​សេវា​ជា​ច្រើន​ទៀត។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បាន​ថ្លែង​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ទី​១៤ តុលា ថា ការផ្ទេរ​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​កំណើន​ជិត​ ១០ ​ដង ពី​ ៤១៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៨ ទៅ​ជាង​៣ពាន់​លាន​ដុល្លារ​(៣,៦៧៦)ក្នុង​ឆ្នាំ​ ២០២២ ហើយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បាន​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច​ និង​អនុវត្ត​គម្រោង​សេវា​សង្គម​បាន​ប្រមាណ​ជាង​២ពាន់​គម្រោង​(២,០០០)ក្នុង​មួយ​ឆ្នាំ​ៗ៖

«រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក៏​បាន​ទទួល​ថវិកា​ ដែល​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​មុខងារ​ និង​ថវិកា​អន្តរាគមន៍​ជា​ច្រើន​ទៀត​ ពី​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ស្ថាប័ន​នា​នា​ ដើម្បី​លើក​កម្ពស់​ ការ​ផ្ដល់​សេវា​សាធារណៈ​ និង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ផង​ដែរ​។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​មុខងារ​ជា​អាណត្តិ​ទូទៅ​ និង​មុខងារ​ជា​ជម្រើស​របស់​ខ្លួន​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ រាជធានី​ខេត្ត​ក្រុង​ និង​ឃុំ​សង្កាត់​ បាន​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច​ និង​អនុវត្ត​គម្រោង​សេវា​សង្គម​បាន​ប្រមាណ​ជាង​២ពាន់​គម្រោង​(២,០០០)ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​នៅ​មូលដ្ឋាន»។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ សុភ័គ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​បន្ថែម​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ។

ជុំវិញ​រឿង​នេះ​ ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវជ្រាវ​ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ លោក ហេង គឹម​ហុង លើក​ឡើង​ថា​ លោក​ទទួល​ស្គាល់​ថា​ការផ្ទេរ​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប៉ុន្តែ​នេះ​គ្រាន់​តែ​ការ​ទទួល​យក​បាន​កម្រិត​គោល​នយោបាយ​ ហើយ​ត្រូវ​ត្រួត​ពិនិត្យ​លទ្ធភាព​ និង​សមត្ថភាព​របស់​មន្ត្រី​។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ផ្ដល់​សេវា​ដល់​ពលរដ្ឋ ថា​តើ​ពលរដ្ឋ​ពេញចិត្ត​កម្រិត​ណា។ លោក ហេង គឹមហុង យល់ថា​ក្រសួង​គួរ​គិតគូរ​ឡើងវិញ​ពាក់ព័ន្ធ​បញ្ហា​អំពើ​ពុករលួយ​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ និង​ឥរិយាបថ​សីលធម៌​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​។ លោក​ បន្ត​ទៀត​ រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ប្រមូល​ធនធាន​មនុស្ស​ទៅ​បំពេញ​ការងារ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ច្រើន​ជាង​មុន​ ដោយ​ការ​បង្កើន​ប្រាក់ខែ​ និង​ពង្រីក​អត្ថ​ប្រយោជន៍​ការងារ​ដល់​មន្ត្រី ហើយ​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​តម្លាភាព​ និង​យុត្តិធម៌​ក្នុង​ការ​ជ្រើសរើស​ធនធាន​មនុស្ស​ ដែល​ធានា​ថា​គ្មាន​អំពើ​ពុក​រលួយ​។ លោក ហេង គឹមហុង បញ្ជាក់​ថា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុក​ដាក់​ គឺ​កំណែទម្រង់​កាត់​បន្ថយ​ភាព​ស្មុគស្មាញ សាំញ៉ាំ ដោយ​ឈាន​ទៅ​រក​ការ​អនុវត្ត​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នូវ​សេវា​រដ្ឋបាល​មួយ​ចំនួន​៖

«បើ​សិន​ជា​យើង​ធ្វើ​ប្រតិភូកម្ម​ ឬ​ក៏​ផ្ទេរ​មុខងារ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ដោយ​មិន​បាន​គិតគូរ​អំពី​ការ​ពង្រីក​សមត្ថភាព​ធនធាន​មនុស្ស​។ ខ្ញុំ​យល់​ឃើញ​ថា​ហាក់​បី​ដូចជា​មិនសូវ​ជា​មាន​ប្រសិទ្ធភាព​ទេ​ ទោះបី​ជា​ផ្ទេរ​ការងារ​ធំ​ប៉ុណ្ណា​ក៏ដោយ​ ផ្ទុយ​ទៅ​វិញ​វា​ជា​បន្ទុក​ទៅ​ដល់​ពួកគាត់​ទៅ​វិញ​ទេ​ បើ​សិន​ជា​អត់មាន​ការ​ដោះស្រាយ​បញ្ហា​បន្ទាប់​ក្ដី​ ដូច​ខ្ញុំ​បាន​លើក​ឡើង​កន្លងមក​ហ្នឹង​។ ជា​ពិសេស​ គឺ​ភាព​អសកម្ម​មួយ​ចំនួន​ ដែល​អាច​កើត​មាន​ឡើង​។ ឧទាហរណ៍​ថា​មន្ត្រី​ចាស់​ៗ ​មន្ត្រី​ទាំងអស់​ហ្នឹង​អត់​មាន​ក្រម​សីលធម៌​ កង្វះ​វិជ្ជាជីវៈ​ ឬ​ក៏​ធ្វើការ​យឺត​ ឬ​ក៏​មិន​ចូល​ធ្វើការ​ទៀង​ទាត់​ ទៅ​តាម​ម៉ោង​រដ្ឋបាល​ អ៊ីចឹង​ក៏​ពិបាក​ដែរ​។ ទន្ទឹម​ជាមួយ​នឹង​ការ​ធ្វើ​ប្រតិភូកម្ម​ ឬ​ក៏​ការ​ផ្ទេរ​អំណាច​ទៅ​អោយ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​ ត្រូវ​គិតគូរ​អោយ​បាន​ម៉ត់ចត់​អំពី​ការ​ពង្រឹង​គុណភាព​មន្ត្រី​ ហើយ​នឹង​អត្ថប្រយោជន៍​ផ្សេង​ៗ​ដល់​ពួក​គេ​ ដើម្បី​អោយ​សេវា​សាធារណៈ​ហ្នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​»។

ក្រសួងមហាផ្ទៃ​បាន​​អនុវត្ត​កម្មវិធី​កំណែទម្រង់ វិមជ្ឈការ និង​វិសហ​មជ្ឈការ ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​សំខាន់​ទៅលើ​អភិបាលកិច្ច​ល្អ តាមរយៈ​កំណែទម្រង់​មាន​មុខងារ​ជិត​ ៦០​ ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មុខងារ ផ្ដល់​សេវា​ប្រមាណ​ជាង ៨រយប្រភេទ(៨០០) ត្រូវ​បាន​ធ្វើ​ប្រតិភូកម្ម​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​តាម​យន្តការ​ច្រក​ចេញចូល​តែមួយ​ ។ អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន​ផ្ដោត​អាទិភាព​ រួម​មាន​​ការ​ពង្រឹង​​ការ​គ្រប់គ្រង​​ការងារ​​កំណែទម្រង់ ​ការ​ពង្រឹង និង​ការ​កែសម្រួល​ រចនា​សម្ព័ន្ធ​ និង​​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ការ​លើក​កម្ពស់​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​នៃ​ការគ្រប់គ្រង និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ការ​ជំរុញ​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ អាទិភាព​នានា​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយ​ភ្ជាប់​ជាមួយ​នឹង​ធនធាន​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស​ដើម្បី​លើកកម្ពស់​ការ​ផ្ដល់​សេវា និង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ការ​ធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​។

ទោះ​ជា​យ៉ាងណា​ ប្រជាពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ អំពាវនាវ​ដល់​រដ្ឋាភិបាល​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ គួរ​ពិនិត្យ​ បង្កើន​ធនធាន​មនុស្ស​នៅ​មូលដ្ឋាន​ដោយ​តម្លាភាព​ និង​រឹត​បន្តឹង​ក្រម​សីលធម៌​មន្ត្រី​អនុវត្ត​ការងារ​ ដើម្បី​អោយ​ពលរដ្ឋ​ទទួល​យក​សេវា​ដោយ​សប្បាយ​ចិត្ត​ និង​មាន​ទំនុក​ចិត្ត​មក​ទទួល​សេវា​ពី​អាជ្ញាធរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។