ពលរដ្ឋ ស្នើ​​រដ្ឋាភិបាល​កម្ពុជាឲ្យ​គិតគូរ​អំពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធាន​សភា​វៀតណាម​មក​កម្ពុជា

0:00 / 0:00

ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គិតគូរ​អំពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ឲ្យ​ដូច​ភាគី​វៀតណាម ដែល​តែងតែ​ស្នើ​សុំ​​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មើល​ថែ​ពលរដ្ឋ​របស់​ពួក​គេ ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​ប្រធាន​សភា​ជាតិ​វៀតណាម លោក ជិន ថាញ់​មិន (Tran Thanh Man) នឹង​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា​ខាង​​មុខ​​នេះ។

ពលរដ្ឋ​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» គួរតែ​ខ្វល់ខ្វាយ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​នាម​ជា​ឈាមជ័រ​ខ្មែរ​តែ​មួយ ដែល​កំពុង​រស់នៅ​ក្រោម​អាណានិគម​វៀតណាម និង​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ស្ទើរ​គ្រប់​រូបភាព។

យុវជន​សិក្សា​អំពី​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស លោក វិន វិចិត្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា​ថា កាល​ពី​ពេល​កន្លង​ទៅ ភាគី​វៀតណាម​តែងតែ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មើល​ថែ​ប្រជាពលរដ្ឋ​របស់​ពួក​គេ ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា។ យុវជន​រូប​នេះ​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​គ្នា ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា រដ្ឋាភិបាល​កម្ពុជា ក៏​អាច​ស្នើសុំ​រដ្ឋាភិបាល​វៀតណាម ឲ្យ​គិតគូរ​អំពី​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​បាន​ដូច​គ្នា​ដែរ។

លោក វិន វិចិត្រ៖«ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ខ្មែរ​ក្រោម​នៅតែ​រក្សា​អត្តសញ្ញាណ​ខ្មែរ ហើយ​ខ្មែរ​ក្រោម ក៏​នៅ​តែ​និយាយ​ថា ខ្លួន​ឯង​ជា​ខ្មែរ​ក្រោម​ដែរ អ៊ីចឹង​គាត់​នៅតែ​ជា​ខ្មែរ រដ្ឋាភិបាល​ខ្មែរ​គួរតែ​មាន​ការ​ស្នើសុំ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ពី​ខាង​ដើម​ថា បើ​សិន​វៀតណាម​ជា​មិត្ត​ល្អ​របស់​កម្ពុជា គួរតែ​កម្ពុជា​អាច​និយាយ​រឿង​ហ្នឹង​បាន ហើយ​វៀតណាម​គួរតែ​ស្ដាប់​រឿង​ហ្នឹង​ដែរ បើ​សិន​ជា​មិត្ត​ល្អ​មែន»។

សេចក្ដីជូនដំណឹង​របស់​រដ្ឋសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man) មក​កាន់​កម្ពុជា គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី​ជា​អ្នក​ជិត​ខាង​ល្អ ដោយ​តម្កល់​ផល​ប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ។

រដ្ឋសភា​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធាន​រដ្ឋសភា​វៀតណាម នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ដូចជា ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រធាន​កិត្តិយស​នៃ​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ លោក ហេង សំរិន និង​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម អ្នកស្រី ម៉ែន សំអន ជាដើម។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​វៀតណាម មកកាន់​ប្រទេស​កម្ពុជា ពិត​ជា​មាន​សារ​សំខាន់​ណាស់ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ លោក រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​លើក​យក​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ទៅ​ជជែក​ជាមួយ​ប្រធាន​សភា​វៀតណាម។

បណ្ឌិត សឺន ជុំជួន៖«តុលាការ​វៀតណាម​នឹង​លើក​យក​សំណុំរឿង​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅ​ខេត្តលង់ហោ(ដែល​វៀតណាម​ហៅ​ថា ខេត្ត វិញ ឡុង(Vinh Long))ហ្នឹង យក​មក​ជំនុំជម្រះ ហើយ​សង្ឃឹម​ថា ការ​ពិភាក្សា​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​វៀតណាម នឹង​លើក​យក​បញ្ហា​ហ្នឹង ដើម្បី​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ជាមួយ​ខាង​រដ្ឋាភិបាល​វៀតណាម​បន្ធូរបន្ថយ ឬ​ក៏​ដោះលែង បងប្អូន​ព្រះសង្ឃ​ពុទ្ធបរិស័ទ ដែល​ជា​សកម្មជន​ខ្មែរ​ក្រោម ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កន្លង​មក​នេះ»។

Son_Chum_Chuon_KKKRDA_Center_013020.jpg
បណ្ឌិត សឺន ជុំជួន អនុប្រធាន​សមាគម​ខ្មែរកម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។ រូប៖ KKKHRDA

ស្ទើរ​រាល់​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា-វៀតណាម ភាគី​វៀតណាម តែងតែ​ស្នើ​ដល់​ភាគី​កម្ពុជា ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​សុខទុក្ខ​របស់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម លើ​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម បើ​ទោះ​ជា​អាជ្ញាធរ​វៀតណាម​ធ្លាប់​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​ឃាត់​រថយន្ត​ក្រុង​ដឹក​អ្នក​ទេសចរ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ដែនដី​កម្ពុជា​ក្រោម និង​បាន​ចាប់​ខ្លួន​សកម្មជន និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ/នាក់ ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ទាមទារ​សិទ្ធិស្វ័យសម្រេច​ដោយ​ខ្លួន​ឯង សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ដើម។

13_Khmer_Kroms_Imprisoned_in_Kampuchea_Krom_FB_KKF_070924.jpg
ពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ នៅ​កម្ពុជា​ក្រោម។ រូប៖ ហ្វេសប៊ុកសហព័ន្ធ​ខ្មែរកម្ពុជាក្រោម

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា។

សេចក្ដីថ្លែងការណ៍​របស់​ សហព័ន្ធខ្មែរកម្ពុជាក្រោមកាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឲ្យ​ដឹង​ថា តុលាការ​របស់​វៀតណាម នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​សំណុំរឿង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ចំនួន ៩នាក់ នៅ​ថ្ងៃ​ទី២៦ និង ២៧ ខែវិច្ឆិកា​ខាង​មុខ​នេះ។

ពលរដ្ឋ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​លើក​យក​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ទៅ​ជា​ជជែក​ជាមួយ​ប្រធាន​រដ្ឋសភា​ប្រទេស​វៀតណាម ដើម្បី​ឱ្យ​អាជ្ញាធរ​វៀតណាម​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។