សង្គម​ស៊ីវិល​ថា​គម្រោង​រក​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​លោក មាជ សុវណ្ណារ៉ា នឹង​ជួប​ឧបសគ្គ

0:00 / 0:00

សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​លើក​ឡើង​ថា គម្រោង​របស់​មេ​បក្ស​ប្រឆាំង​ដែល​ចង់​ស្វែងរក​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ លោក មាជ សុវណ្ណារ៉ា នោះ នឹង​ត្រូវ​ជួប​ឧបសគ្គ។

ប្រតិកម្ម​បែប​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ប្រកាស​ថា គណបក្ស​នឹង​រក​មធ្យោបាយ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​ជូន លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ អាច​មាន​សេរីភាព​ឡើង​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា លោក មាជ សុវណ្ណារ៉ា អាច​រួច​ចេញ​ពី​ពន្ធនាគារ ឬ​ជាប់​ឃុំ មិន​មែន​ដោយសារ​គណបក្ស​ប្រឆាំង​ស្វែងរក​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​នោះ​ឡើយ។ មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ឲ្យ លោក មាជ សុវណ្ណារ៉ា រួច​ខ្លួន​បាន​នោះ គឺ​ការ​ចរចា​ផ្នែក​នយោបាយ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា តាម​ច្បាប់ មេធាវី​ការពារ​ក្តី​ឲ្យ លោក មាជ សុវណ្ណារ៉ា អាច​ដាក់​ពាក្យ​សុំ​ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​បាន ហើយ​បើ​សិន​ជា​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​មិន​អាច​នៅ​ក្រៅ​ឃុំ​បាន​ទេ​នោះ ក៏​មិន​អាច​មាន​អភ័យ​ឯកសិទ្ធិ​សភា​ដែរ។ លោក​បន្ត​ថា ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​មិន​នៅ​ក្រៅ​ឃុំ ជា​សមត្ថកិច្ច​របស់​តុលាការ​មែន តែ​គ្រប់​យ៉ាង​នឹង​ប្រែប្រួល បើ​សិន​អ្នក​នយោបាយ​ត្រូវរ៉ូវ​គ្នា៖ «ខ្ញុំ​យល់​ថា​រឿង​នេះ​មិន​មែន​ពាក់ព័ន្ធ​រឿង​ច្បាប់​រឿង​ទម្លាប់​អី​ទេ រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​នយោបាយ។ ហេតុ​នេះ​ត្រូវ​យក​តុលាការ​ជា​ខែល សម្រាប់​ដោះស្រាយ​ប៉ុណ្ណោះ»

ចំណែក​ឯ​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ថា លោក សម រង្ស៉ី នឹង​ប្រើ​មធ្យោបាយ​បែប​ណា​ដើម្បី​ផ្តល់​អភ័យ​ឯកសិទ្ធិ​ឲ្យ លោក មាជ សុវណ្ណារ៉ា ទេ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ប្រើ​វិធី​ពីរ​យ៉ាង​រួម​មាន ការ​តតាំង​ផ្លូវ​ច្បាប់ និង​ការ​ចរចា​នយោបាយ។

លោក សម រង្ស៉ី បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ក្នុង​ពេល​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ​ថា លោក​នឹង​ជួប​ពិភាក្សា​ជាមួយ លោក ហ៊ុន សែន ដើម្បី​ពិភាក្សា​បញ្ហា​ប្រទាំង​ប្រទើស​នយោបាយ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​មធ្យោបាយ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ឲ្យ លោក មាជ សុវណ្ណារ៉ា។

ទាក់ទង​ការ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ លោក មាជ សុវណ្ណារ៉ា នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្ដូរ​សមាសភាព​តំណាង​រាស្ត្រ​ស្រប​តាម​ច្បាប់ ដោយ​គ្រាន់​តែ​បញ្ជូន​សំណើ​ប្ដូរ​សមាសភាព​តំណាង​រាស្ត្រ​មក​កាន់ គ.ជ.ប ឲ្យ គ.ជ.ប ពិនិត្យ និង​សម្រេច។ លោក​បន្ត​ថា ចំពោះ​រឿង​បាន​អភ័យ​ឯកសិទ្ធិ​សភា ឬ​អត់​នោះ គ.ជ.ប មិន​អាច​បញ្ជាក់​បាន​ទេ៖ «អ្នក​ណា​ឈប់​អ្នក​បន្ទាប់​ត្រូវ​ឡើង​ជំនួស»

ទន្ទឹម​នឹង​នេះ លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា លោក មាជ សុវណ្ណារ៉ា អាច​នឹង​ក្លាយ​ជា​តំណាង​រាស្ត្រ​បាន​មែន បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ប្ដូរ​បេក្ខជន​តំណាង​រាស្ត្រ។ លោក​បន្ត​ថា ដើម្បី​បាន​អភ័យ​ឯកសិទ្ធិ​សភា ចាំបាច់​អ្នក​តំណាង​រាស្ត្រ​ត្រូវ​ទៅ​ស្បថ​ក្នុង​វាំង​ជា​មុន​សិន។ ទោះ​ជា​យ៉ាង​ណា​ក្តី មិន​មាន​ច្បាប់​ណា​មួយ​ចែង​ថា អ្នក​តំណាង​រាស្ត្រ​អាច​បាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ពេល​ណា​នោះ​ទេ។ រដ្ឋធម្មនុញ្ញ ក៏​មិន​មាន​ចែង បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ក៏​មិន​បាន​បង្ហាញ​ច្បាស់​ដែរ។ ចំណុច​ដែល​និយាយ​ពី​អភ័យ​ឯកសិទ្ធិ​សភា​នេះ ក៏​ត្រូវ​បាន​មន្ត្រី​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា​ក្នុង​ពេល​កែ​ទម្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​សភា​ដែរ តែ​មិន​ទាន់​សម្រេច​ថា​នឹង​កែប្រែ​បែប​ណា​ឡើយ។

លោក មាជ សុវណ្ណារ៉ា កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្ដាល​ឲ្យ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​រង​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។