មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) ឲ្យដឹងថា ការបាញ់បង្ក្រាបរបស់ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដាលឲ្យបាតុករម្នាក់ស្លាប់ភ្លាមៗ និងមួយចំនួនទៀតរងរបួសធ្ងន់ធ្ងរស្រាល គឺជាផ្នែកមួយនៃការរំលោភសិទ្ធិមនុស្ស។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលឃ្លាំមើលការធ្វើមហាបាតុកម្មថ្លែងថា បាតុករម្នាក់វ័យជាង ៣០ឆ្នាំ ភេទប្រុស បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ លោកបន្តថា ក្រៅពីនេះមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៣នាក់ផ្សេងទៀតក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា កាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា នៅស្ពានអាកាសក្បាលថ្នល់។
ទន្ទឹមនឹងនេះ សេចក្ដីរាយការណ៍មួយចំនួនទៀតឲ្យដឹងថា អ្នករងរបួសក្នុងហេតុការណ៍បង្ក្រាបនោះ អាចមានច្រើនជាងនេះបន្ថែមទៀត។
មន្ត្រីចងក្រងសហគមន៍របស់អង្គការសមធម៌កម្ពុជា លោក ចាន់ វិចិត្រ បញ្ជាក់ថា ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ ក្រុមសមត្ថកិច្ច មានប៉េអឹម ជាដើម បានបាញ់សំដៅប្រជាពលរដ្ឋជាច្រើនគ្រាប់។ ប៉ុន្តែភ្លាមៗ គេមិនប្រាកដថា តើក្រុមសមត្ថកិច្ចទាំងនោះប្រើប្រាស់ប្រភេទកាំភ្លើងអ្វីនោះទេ។
ក្រុមបាតុករនិងអ្នកដំណើរដែលស្ថិតនៅក្នុងហេតុការណ៍ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យផ្ទុះអំពើហិង្សាកើតឡើង ព្រោះតែសមត្ថកិច្ចបានរាយបន្លាលួស និងបិទរបាំងផ្លូវមិនឲ្យអ្នកដំណើរឆ្លងកាត់។ ស្ថិតក្រោមហេតុផលនេះ ទើបជំរុញឲ្យមានការប៉ះទង្គិចកើតឡើង។
អំពើហិង្សានេះត្រូវគេរកឃើញថា ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានបាញ់រះប្រឆាំងក្រុមបាតុករ និងប្រើប្រាស់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ កាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា សំដៅមកហ្វូងបាតុករ។
ការបិទរបាំងផ្លូវនេះ បណ្ដាលឲ្យអ្នកដំណើរត្រូវកកស្ទះអស់រយៈពេលជាច្រើនម៉ោង នៅច្រកចេញចូលផ្លូវស្ពានអាកាសក្បាលថ្នល់។ ទាំងអង្គការសង្គមស៊ីវិល និងអ្នកដំណើរចាត់ទុកថា នេះគឺមូលហេតុដែលនាំឲ្យមានអំពើហិង្សាកើតឡើង។
ចំណែកមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីរបស់រដ្ឋាភិបាល ពុំអាចស្នើសុំការអត្ថាធិប្បាយបានភ្លាមៗទេជុំវិញបញ្ហានេះ ដោយពុំមានអ្នកទទួលទូរស័ព្ទ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ចុះថ្ងៃទី១៥ កញ្ញា បញ្ជាក់ជំហររបស់ខ្លួន ដោយបដិសេធមិនទទួលស្គាល់ចំពោះទង្វើដែលបានកើតឡើងទាំងនេះទេ។
គណបក្សសង្គ្រោះជាតិ ហៅករណីលើករនាំងបន្លាលួសបោះចូលក្នុងទឹកទន្លេ និងអ្នកដើរស្រែកឡូឡាតាមទីសាធារណៈ ថាគឺជាក្រុមឱកាសនិយម ដើម្បីញុះញង់នាំឲ្យមានហិង្សា។
ជាមួយគ្នានេះសមត្ថកិច្ចរបស់រដ្ឋាភិបាល បានប្រកាសតាមអាយកូមថា ខ្លួនចាប់បានបាតុករចំនួន ៥នាក់ ដែលសង្ស័យថា គឺជាមេខ្លោងក្នុងហេតុការណ៍នេះ។
សូមសេចក្ដីរាយការណ៍បន្ថែមទៀតរបស់លោក ទីន ហ្សាការីយ៉ា តាមការសាកសួររបស់លោក ជី វិតា៖
ទាក់ទងនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី១៥ កញ្ញា សម្ដែងការសោកស្ដាយចំពោះការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករដែលមិនទាន់កំណត់អត្តសញ្ញាណ បណ្ដាលឲ្យបុរសម្នាក់ត្រូវបានបាញ់សម្លាប់។
នៅក្នុងសេចក្ដីថ្លែងការណ៍ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជាបានអំពាវនាវឲ្យអាជ្ញាធរធានាថា ហេតុការណ៍បែបនេះនឹងមិនកើតមានឡើងទៀតទេ។ លោកក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអ្នកគាំទ្រទាំងអស់ធ្វើសកម្មភាពដោយស្ងប់ស្ងាត់ ហើយរដ្ឋាភិបាលចាំផ្ទះត្រូវធ្វើអន្តរាគមន៍ដើម្បីការពារ និងដាក់ទណ្ឌកម្មចំពោះការប្រើប្រាស់កងកម្លាំងដែលមិនអាចទទួលយកបានពីសំណាក់មន្ត្រីប៉ូលិសនិងយោធា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។