ស្ត្រី​សកម្មជន​បក្ស​ភ្លើងទៀន​ម្នាក់​ទាមទារ​ស៊ើបអង្កេត​រក​ជន​បង្ក​ដែល​បើក​ឡាន​បុក​ប៉ុនប៉ង​សម្លាប់

0:00 / 0:00

សកម្មជន​បក្ស​ភ្លើងទៀន​លេចធ្លោ​ម្នាក់ គឺ​អ្នកស្រី ប៉ីប៉ីលី ដែល​មាន​ឈ្មោះ​ពិត​ថា ធី សុខា ទាមទារ​ឱ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ជុំវិញ​មូលហេតុ​ដែល​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ព្រោះ​អ្នកស្រី​សង្ស័យ​ថា ករណី​នេះ​ជាប់​ពាក់ព័ន្ធ​រឿង​ការប៉ុនប៉ង​សម្លាប់ និង​គំរាមកំហែង​ផ្នែក​នយោបាយ លើ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សកម្មជន​នយោបាយ​រូប​នេះ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​អាច​ជឿ​ទុកចិត្ត​បាន ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់ និង​ការ​រិះគន់​ពី​សាធារណជន​ថា ជា​រឿង​នយោបាយ។

ស្ត្រី​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​សកម្មជន​លើ​បណ្ដាញ​សង្គម ចាត់ទុក​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុន​ដល់​អាយុជីវិត​របស់​អ្នកស្រី​នោះ​ថា ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ឬ​រៀបចំ​ទុក​ជាមុន​បាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​បំបាក់​ស្មារតី និង​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ដោយសារ​សកម្មភាព​របស់​ជន​ល្មើស និង​បក្ខពួក​ទាំង​នោះ មិនមែន​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា​នោះ​ទេ។

ជនរងគ្រោះ គឺ​អ្នកស្រី ធី សុខា ហៅ ប៉ីប៉ីលី ប្រាប់វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​ថា ជន​បង្ក​ម្នាក់​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិចស៊ីស(Lexus) សេរី​៤៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ភ្នំពេញ 2X-0645 បាន​ជាន់​ល្បឿន​យ៉ាង​លឿន​តម្រង់​បុក​ទទឹង​រថយន្ត​របស់​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ បណ្តាល​ឱ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​ស្តាំ​តែ​សំណាង​ល្អ​លោកស្រី និង​ប្តី​មិន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។ អ្នកស្រី​ឱ្យ​ដឹង​ថា ជន​បង្ក​ស្លៀក​ពាក់​ឯកសណ្ឋាន​អង្គរក្ស​បិទ​មុខ​បាន​ទុក​ឡាន​ចោល ហើយ​រត់​ចូល​ឡាន​បក្ខពួក​ម៉ាក​ព្រុស​ពណ៌​ស ដែល​ចត​នៅ​ក្បែរ​នោះ​ចាំ​ជួយ​រំដោះ និង​បន្ទាប់​មក​ក៏​បើក​ឡាន​រត់​គេច​ខ្លួន​បាត់ ខណៈ​ពលរដ្ឋ​នៅ​ទី​នោះ​ប្រាប់​អ្នកស្រី​ថា ជន​បង្ក​អង្គុយ​ចាំ​ក្នុង​ឡាន​មួយ​សន្ទុះ​មក​ហើយ​មុន​ពេល​កើត​ហេតុ​នោះ។

អ្នកស្រី ធី សុខា៖ «បើសិន​ជីវិត​ខ្ញុំ​អត់​ថ្លៃ​ទេ ខ្ញុំ​អត់​មាន​ឱកាស​និយាយ​ឡាយ​(Live)​ជូន​ប្រជា​ពលរដ្ឋ ខ្ញុំ​ដូច​ជា​តក់ស្លុត​ចំពោះ​រូបភាព​គំរាម​កំហែង​ជីវិត ពីព្រោះ​ជីវិត​ខ្ញុំ​ថ្លៃ​ហើយ ដោយសារ​ខ្ញុំ​អត់​ដែល​បាន​ធ្វើ​បាប​គេ ហើយ​ស្រាប់​តែ​មាន​បញ្ហា​នេះ​ចេះ​សំណាង​ត្រូវ​នឹង​ឡាន បើសិន​មិន​ប៉ះ​កន្លែង​កង់​ឡាន​ទេ ខ្ញុំ​គ្មាន​ឱកាស​បាន​និយាយ​គ្នា​ទេ គ្មាន​ឱកាស​បន្ត​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន​ទៀត​ទេ»។

វីដេអូដែល​អ្នកស្រី ធី សុខា ហៅ ប៉ីប៉ីលី ផ្សាយផ្ទាល់ក្រោយហេតុការណ៍បុករថយន្ត​អ្នកស្រី៖

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជាង​៨យប់ ថ្ងៃទី២១ ខែ​មេសា ខណៈ​ពេល​សកម្មជន​រូប​នេះ និង​គ្រួសារ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​លេខ១០៤ ផ្តុំ​បុរី​ពិភព​ថ្មី​រង្វង់​មូល​កួរស្រូវ នៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរនាំ និង​វាស់វែង​ដឹក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ។ ទោះ​យ៉ាងណា​នៅ​ល្ងាច​ថ្ងៃ​ទី២២ ខែ​មេសា នេះ អ្នកស្រី ធី សុខា បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ខណ្ឌ​ដង្កោ តាម​នីតិវិធី​រួច​ហើយ។

អ្នកស្រី ធី សុខា ហៅ​ក្រៅ​ថា ប៉ីប៉ីលី គឺ​ជា​អតីត​យុវជន​គាំទ្រ​គណបក្ស​គណបក្ស​សង្គ្រោះជាតិ ហើយ​បច្ចុប្បន្ន​អ្នកស្រី​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ ដែល​មហាជន​ទូទៅ​មើល​ឃើញ​ថា អ្នកស្រី​តែងតែ​សកម្ម​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​អំពី​សកម្មភាព គោល​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​នៅ​តាម​មូលដ្ឋាន។ ក្រៅពី​នេះ​អ្នកស្រី​តែង​បញ្ចេញ​មតិ​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​នៅ​លើ​បណ្តេញ​សង្គម​ហ្វេសប៊ុក​ជា​ហូរហែ។ ទោះ​យ៉ាង​ណា​អ្នកស្រី​នៅតែ​រក្សា​ជំហរ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ដោយ​មិន​តក់ស្លុត​ឡើយ ទោះបី​ត្រូវ​បាន​គេ​គំរាមកំហែង​ក៏​ដោយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អធិការ​រង​នគរបាល​ខណ្ឌ​ដង្កោ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រលួស​លោក ចាប ណុច ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។

ទោះ​យ៉ាង​ណា​ក្ដី​កន្លងមក ជន​រងគ្រោះ​មួយ​ចំនួន ដែល​ជា​សកម្មជន​សង្គម និង​នយោបាយ តែង​ដាក់​បណ្ដឹង ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែរ ប៉ុន្តែ​មកទល់​ពេល​នេះ គ្មាន​ករណី​ណាមួយ ដែល​ត្រូវ​បាន​អាជ្ញាធរ​បំបែក ឬ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា មនុស្ស​មួយចំនួន​យល់​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​តែង​តែ​កើត​ឡើង​ជា​ធម្មតា ប៉ុន្តែ​លោក​កត់សម្គាល់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សកម្មជន​បក្ស​ប្រឆាំង កន្លងមក​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ករណី ជាពិសេស​ជន​បង្ក​ហាក់​មាន​ចេតនា​ប្រព្រឹត្ត​លើ​ជន​រងគ្រោះ។ លោក​យល់​ថា រឿង​គ្រោះ​ចរាចរណ៍​ចំពោះ​អ្នកស្រី ប៉ីប៉ីលី ស្រប​ពេល​អ្នកស្រី​កំពុង​ធ្វើ​សកម្មភាព​ដ៏​លេច​ធ្លោ ជាមួយ​គណបក្ស​ប្រឆាំង​គឺ​ជៀស​មិន​ផុត​ពី​ការ​សង្ស័យ​ជាប់​ទាក់ទង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ឡើយ។ ប៉ុន្តែ​លោក​ថា រឿង​ដែល​សំខាន់​នោះ គឺ​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​យុត្តិធម៌​ស្វែង​រក​ជន​បង្ក​យក​មក​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​អាច​បញ្ចៀស​ការរិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​បាន។

លោក ស៊ឹង សែនករុណា៖ «ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​នេះ​វា​លុះត្រា​តែ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដោយ​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ទៅ ហើយ​បញ្ជាក់​អំពី​គោលបំណង​ឱ្យ​បាន​ច្បាស់លាស់​នោះ​អាច​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដោយឡែក​បើសិន​កើត ១​ករណី ២​ករណី ៣​ករណី ៤​ករណី ឬ​ករណី​ចុង​ក្រោយ​របស់​អ្នកស្រី ប៉ីប៉ីលី មិន​បាន​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ទទួល​ទោសទណ្ឌ​តាម​ច្បាប់ អាហ្នឹង​ជៀស​មិន​ផុត​ទេ​ថា​វា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ»។

ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​នេះ ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ភ្លើងទៀន មួយចំនួន​កំពុង​រង​ការ​ចាប់​ខ្លួន ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​តុលាការ ការ​គំរាម​កំហែង​ដល់​ជីវិត វាយ​ធ្វើបាប គប់​ដុំ​ថ្ម​ចូល​ផ្ទះ និង​ជិះ​ម៉ូតូ ឬ​ឡាន​ដេញ​បុក​ពី​ជន​មិន​ស្គាល់​មុខ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ពី​ពួកគាត់​បាន​បង្កើន​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។ រូបភាព​បែប​នេះ បាន​កើតឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា លោក អាច​ប្រើ​មនុស្ស​របស់​លោក ឲ្យ​ទៅ​ដេញ​វាយ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដល់​ទីស្នាក់ការ ឬ​ទៅ​វាយ​ដល់​ផ្ទះ​របស់​ពួកគេ។ លោក ហ៊ុន សែន បាន​ប្រដូច​គណបក្ស​ភ្លើងទៀន ជា​ត្រី​ក្នុង​កន្ត្រក លោក​ចាប់​ច្របាច់​ក​ពេល​ណា​ក៏​បាន។ លោក ហ៊ុន សែន ថែមទាំង​និយាយ​ខាំ​ធ្មេញ​ថា លោក​មាន​អំណាច​ហិង្សា​ពេញ​ដៃ។

ថ្មីៗនេះ សមាជិក​គណបក្ស​ភ្លើងទៀន ២​នាក់​ទៀត រួមមាន​លោក គាត សុខចាន់ និង​លោក ថន ចន្ថា ជាដើម ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ទាំង​ហ្វូង បាន​ប្រើ​ដែក​រលាស់​ដេញ​វាយ​លោក បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​សមត្ថកិច្ច នៅ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​ណា​ម្នាក់​មក​ផ្ដន្ទាទោស​នៅ​ឡើយ។ សកម្មជន​បក្ស​ភ្លើងទៀន​មួយ​ចំនួន ក៏​ទទួល​រង​ការ​វាយ​ដំ​ក្នុង​ទម្រង់​ប្រហាក់​ប្រហែល​គ្នា​ដែរ ប៉ុន្តែ​ពួកគេ មិន​បង្ហាញ​ជា​សាធារណៈ​ដើម្បី​កុំ​ឲ្យ​សកម្មជន​ដទៃ​ទៀត បាក់​ស្មារតី និង​ភ័យខ្លាច​ចូលរួម​សកម្មភាព​នយោបាយ។ សកម្មជន​ទាំង​នេះ គឺ​ជា​ជន​រងគ្រោះ​នៃ​អំពើ​លួច​វាយ​ប្រហារ​ចុងក្រោយ​គេ​ក្នុង​ចំណោម​សកម្មជន​សង្គម និង​គណបក្ស​នយោបាយ​ប្រមាណ ៥០នាក់​ទៀត។ ករណី​ទាំង​នេះ អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ដោយសារ​តែ​ជនល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់ ទើប​ករណី​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង​បន្ត​កើតឡើង​ជា​ហូរហែ។

គណបក្ស​ភ្លើងទៀន ប្រកាស​ប្រឆាំង​ដាច់​ខាត ចំពោះ​ការ​គាប​សង្កត់ ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​គ្រប់​រូបភាព។ គណបក្ស​នេះ​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​រុញ​ការ​បោះឆ្នោត​នៅ​ខែកក្កដា​ខាង​មុន​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លើស​ពី​នេះ គណបក្ស​ភ្លើងទៀន អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំងអស់ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឲ្យ​បាន​ត្រឹមត្រូវ៕

ទស្សនាវីដេអូបទសម្ភាសន៍បន្ថែមទៀតជាមួយ​អ្នកស្រី ធី សុខា ហៅ​ក្រៅ​ថា ប៉ីប៉ីលី

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។