មន្ត្រី​បក្ស​​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ប្រតិកម្ម​នឹង​​ប៉ិច​ដក​សិទ្ធិ​ឈរ​​ឈ្មោះ​បោះឆ្នោត ១០ឆ្នាំ

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ថ្កោល​ទោស​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​ខេត្ត​នេះ​ហៅ​កាត់​ថា ប៉ិច​ ដែល​បាន​ដក​ហូត​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​ពេល​១០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ១០លាន​ទៅ ​១៥​លាន​រៀល​ ដោយ​អយុត្តិធម៌​។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​វិធាន​ការ​របស់​ប៉ិច​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ សេរី​ភាព​របស់​ពលរដ្ឋ និង​ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​អះអាង​ថា ពួកគេ​មិន​​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​ខេត្ត​ប៉ៃលិន​ឡើយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ ខេត្ត​ប៉ៃលិន លោក​ ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៨​កក្កដា​ថា ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន​មិន​​គួរ​ចាត់​វិធាន​មក​លើ​រូប​លោក​យ៉ាង​តក់​ក្រហល់​ ដោយ​គ្រាន់​តែ​លោក​ណែនាំ​​ឱ្យ​ពលរដ្ឋ​​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​ពេល​បោះឆ្នោត​​​នោះ​ទេ​។ លោក ចាត់​ទុក​វិធាន​ការ​របស់​ប៉ិច​នេះ​ថា ជា​ការ​អនុវត្ត​តាម​បញ្ជា​របស់​​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ដើម្បី​រារាំង​​មិន​ឱ្យ​ពួក​លោក​​ចូល​រួម​​​ឈរ​ឈ្មោះ​​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​​​លើក​ក្រោយ​ទៀត។

លោក ខឹម មុន្នីកុសល៖ «សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​នេះ​គឺ​គណបក្ស​ប្រឆាំង​គឺ​ចង្អៀត​មែនទែន​មិន​អាច​ធ្វើ​អី​បាន​។​បញ្ចេញ​មតិ​បន្តិចបន្តួច​​ត្រូវ​គេ​ចាប់​គេ​ចង​ អីចឹង​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​ធ្វើ​អី​ក៏​បាន​សម្រេច​តែ​ចិត្ត​។​អីចឹង​ផល​ប៉ះពាល់​​គឺ​មាន​ធំធេង​ណាស់​ ទៅ​ថ្ងៃ​មុខ​ទៅ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ហ្នឹង​គឺ​វា​លែង​មាន​លំហ​ប្រជាធិបតេយ្យ​ទៀត​ហើយ​ វា​ក្លាយ​ទៅ​ជា​របរ​ផ្ដាច់​ការ​កុំមុយនិស ​ចំ​តួ​ដូច​សម័យ​ខ្មែរ​ក្រហម​វិញ​ហើយ »

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ិច​ខេត្ត​ប៉ៃលិន បាន​យក​លិខិត​ចំនួន ២ច្បាប់ ទៅ​បិទ​នៅ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន ដក​ហូត​សិទ្ធិ​​​​​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​​​របស់​លោក​ ខឹម មុន្នីកុសល និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​​ខេត្ត​នេះ​ម្នាក់​ទៀត គឺ​កញ្ញា ស៊ុន សុភា មិន​ឱ្យ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​រយៈ​ពេល ១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​​ពី ១០ ទៅ ១៥លាន​រៀល​(១៥.០០០.០០០)។ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន លោក ចេន ញ៉ាន់ បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧​កក្កដា​ថា ​​សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​​លោក ហ៊ាន រចនា ដែល​ជា​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​មក​ប៉ិច​កាល​ពី​ថ្ងៃ​ទី១៤ កក្កដា ទុក​ជា​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ​ពី​ប្រធាន​ប៉ិច​ខេត្ត​ប៉ៃលិន លោក ចេន ញ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី១៨ កក្កដា ដោយ​លោក​​ចុច​បិទ​ទូរស័ព្ទ នៅ​ពេល​ប្រាប់​ថា វិទ្យុ​អាស៊ី​សេរី។

ទោះ​ជា​យ៉ាង​ណា​ក្ដី វិធាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្មីៗ នេះ ព្រះមហាក្សត្រ នរោត្ដម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​សភា​ឯក​បក្ស​​បាន​​អនុម័ត​យ៉ាង​តក់​ក្រហល់។

​ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែន​ករុណា ​មាន​ប្រសាសន៍​ថា ​​ការ​យក​ច្បាប់​​នេះ​មក​ប្រើ​ប្រាស់​ក្នុង​ស្ថានការណ៍​បែប​នេះ​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​។

លោក ស៊ឹង សែន​ករុណា៖ «ការ​បោះឆ្នោត​មក​ដល់​ម្ដងៗ​សម្ពាធ​នយោបាយ​គឺ​មាន​ភាព​ធ្លាក់​ចុះ ហើយ​មាន​សភាព​តានតឹង​​ឡើង​វា​ដដែល។ ហើយ​បញ្ហា​នេះ​វា​អាច​ជះឥទ្ធិពល​នៃ​ដំណើរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ រួម​ទាំង​ការ​បោះឆ្នោត​មួយ ដែល ​មាន​ជំនឿ ឬ​ការ​ជឿ​ទុក​ចិត្ត​ពី​សហគមន៍​អន្តរជាតិ​នានា​ដែរ ព្រោះ​អា​ហ្នឹង​ប្រសិន​បើ​មិន​មាន​ការ​រៀបចំ​មួយ​ដោយ​មាន​ភាព​សេរី​ត្រឹម​ត្រូវ​នឹង​យុត្តិធម៌ ប្រកប​ដោយ​បរិយាកាស​មួយ ដែល​មាន​ការ​ចូល​រួម​សកម្ម​ពី​គ្រប់​ភាគី អា​ហ្នឹង​វា​នឹង​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​នានា​បន្ត​ទៅ​ទៀត​ហើយ »

​កាល​ពី​ថ្ងៃ​ទី​១៧​កក្កដា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ ក៏​បាន​​​ចាត់​វិធាន​ការ​ទៅ​ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់​ដែរ មាន​ជាអាទិ៍​ លោក សម រង្ស៊ី អ្នក​ស្រី មួរ សុខហួរ​ លោក អេង ឆៃអ៊ាង​ លោក ឡុង រី និង​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ និង​ដកសិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​រយៈ​ពេល​​ពី​២០​ទៅ​២៥​ឆ្នាំ។ វិធាន​ការ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​​គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​គួស​ខ្វែង​សន្លឹក​ឆ្នោត​ចោល។​ក្រៅ​ពី​នេះ​​មន្ត្រី​គណបក្ស​ប្រឆាំង​និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​បាន​រួម​គ្នា​​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​ ដោយ​បាន​ធ្វើ​រូប​ទីងមោង​​រូប​លោក​​ ហ៊ុន សែន ដាក់​ក្នុង​មឈូស ដង្ហែ​នៅ​ទី​កន្លែង​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​នោះ​រៀងៗ ខ្លួន​ថែម​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល​​មើល​ឃើញ​ថា ចំណាត់​ការ​​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​រាំង​ខ្ទប់​​ដល់​អ្នក​ដែល​មាន​មតិផ្ទុយ​​ពី​រដ្ឋាភិបាល​និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូល​រួម​ប្រកួតប្រជែង​​ការ​បោះឆ្នោត​​លើកក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។