ជំទប់​ទី​២​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​ញុះញង់

0:00 / 0:00

ជំទប់​ទី​២​ជាប់ឆ្នោត​គណបក្ស​ភ្លើងទៀន​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​លោក​មាន​ឱកាស​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ។ សំណើ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​២២ កញ្ញា។

មន្ត្រី​គណបក្ស​ភ្លើងទៀន​ស្រុក​រុក្ខគិរី នៅតែ​អះអាង​ថា លោក​ជា​មនុស្ស​ស្អាតស្អំ​និង​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​មក​លើ​រូបលោក។

ជំទប់​ទី​២​ឃុំ​ព្រែកជីក​ ស្រុក​រុក្ខគិរី លោក សំ បូរី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២១ កញ្ញា ថា តាំង​ពី​ឡើង​កាន់​តំណែង​ជំទប់​ទី​២​មក លោក​បំពេញ​ការងារ​ជួយ​ពលរដ្ឋ​មិន​បាន​ពេញដៃពេញជើង​នោះ​ទេ​ដោយសារ​រវល់​ដំណើរការ​ក្ដីក្ដាំ​នៅ​តុលាការ។ លោក​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​រូបលោក​ដើម្បី​មាន​ឱកាស​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ដោយ​ពុំ​មាន​ការ​ភ័យខ្លាច។

លោក សំ បូរី ៖ «សព្វថ្ងៃ​ខ្ញុំ​ទទួលបន្ទុក​ខាង​ដោះស្រាយ​ទំនាស់​ហ្នឹង​ក៏​ប្រជាពលរដ្ឋ​លោក​ទាក់ទង​មក​ស្ទើរ​តែ​ប្រចាំថ្ងៃ​ទៅ​ហើយ។ ដោយសារ​គាត់​គិត​ថា មាន​គណបក្សប្រឆាំង​អីចឹង​ទៅ​កុំ​ឱ្យ​មាន​តែមួយ​អីចឹង​ទៅ​គាត់​មក​ជួប​មក​សួរ​ពិភាក្សា​អីចឹង​ទៅ។ ហើយ​ដល់ពេល​ខ្ញុំ​មិនសូវ​បាន​ទៅ​បំពេញការងារ​អី​ពេញលេញ​ទេ បើ​រវល់​តែ​តុលាការ​ហៅ​ខ្ញុំ​ត្រូវការ​ទៅ​រក​មេធាវី។ មេធាវី​ថា គាត់​រវល់​ត្រូវ​ខ្ញុំ​សុំ​ពន្យារ​ពេល​រត់​ទៅ​រត់​មក ឡើង​ចុះ​គឺ​ចំណាយ​អស់​ថវិកា​ច្រើន​អីចឹង​មានការ​លំបាក​ទាំង​ចិត្ត​លំបាក​ទាំង​ផ្នែក​សេដ្ឋកិច្ច»។

សំណើ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​ព្រះរាជអាជ្ញា រង​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក ដួង សារ៉ន បាន​កោះហៅ​លោក សំ បូរី ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​នេះ នៅ​ថ្ងៃទី​២១ កញ្ញា ប៉ុន្តែ​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សំ បូរី សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​២២ កញ្ញា វិញ។ តុលាការ​បាន​ចោទប្រកាន់​លោក សំ បូរី ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​អាជ្ញាធរ​ថា​ចុះឈ្មោះ​ពលរដ្ឋ​ក្រីក្រ​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​គ្មាន​តម្លាភាព។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​លោក យិន ម៉េងលី ដែល​បាន​ចុះ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​រក​ឃើញ​ថា សំណុំ​រឿង​នេះ​ពុំ​មែន​ជា​ទង្វើ​ខុសច្បាប់​នោះ​ទេ ពីព្រោះ​ជា​រឿង​ពិត​ជាក់ស្ដែង។ លោក​បញ្ជាក់​ថា លោក សំ បូរី បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​រិះគន់​អាជ្ញាធរ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ។

លោក យិន ម៉េងលី៖ «ខ្ញុំ​ក៏​សំណូមពរ​សុំ​ឱ្យ​ខាង​ព្រះរាជអាជ្ញា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ទៅ ព្រោះ​រឿង​នេះ​វា​នៅក្នុង​ដំណាក់កាល​នៃ​ព្រះរាជអាជ្ញា​នៅឡើយ​ទេ អត់​ទាន់​បាន​ធ្វើ​ការ​ចោទប្រកាន់​នៅ​ឡើយ​ទេ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​លោក​ព្រះរាជអាជ្ញា​លោក​នឹង​តម្កល់​រឿង​នេះ​ទុកចោល​ឥត​ចាត់ការ​ទៅ​តាម​តួនាទី​ទៅតាម​នីតិវិធី​របស់​លោក​ព្រះរាជអាជ្ញា ដើម្បី​ឱ្យ​ស្ថានភាព​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​យើង​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​បាទ»។

កាលពី​ខែ​កក្កដា​ឆ្នាំ​២០២០​ជំទប់​ទី​២​គណបក្ស​ភ្លើងទៀន​លោក សំ បូរី ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​កោះ​ហៅ​ចូល​បំភ្លឺ​ចំនួន​២ លើក​រួចមក​ហើយ ដោយ​លើកដំបូង​នៅ​សាលាឃុំ​ព្រែកជីក និង​លើក​ទី​២ បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី។ មេឃុំ​ព្រែកជីក​បាន​ចោទប្រកាន់​លោក​ថា បាន​បង្ហោះ​សារ​មួលបង្កាច់​អាជ្ញាធរ​ខុស​ពី​ការ​ពិត។ ការ​ចោទ​ប្រកាន់​បែបនេះ បន្ទាប់​ពី​លោក សំ បូរី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ឃុំ​ព្រែកជីក មាន​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ដាក់ឈ្មោះ​ពលរដ្ឋ​រូប​នេះ​ក្នុង​បញ្ជី​ជន​ក្រីក្រ​ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។

នៅ​ស្រុក​រុក្ខគិរី​មាន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ចំនួន​២​នាក់​គឺ លោក សំ បូរី និង​លោក សុខ សឿម ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់ ។ ក្នុង​នោះ​លោក សុខ សឿម បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​រឿងក្ដី​ក្ដាំ​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដោយសារតែ​ពួកគេ​ជា​មន្ត្រី​គណបក្សប្រឆាំង​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​នៅក្នុង​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។