មន្ត្រីពន្ធនាគារព្រៃសអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូប គឺលោក សុន ឆ័យ និងលោក អ៊ូ ច័ន្ទឫទ្ធិ ចូលសួរសុខទុក្ខអ្នកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៅថ្ងៃទី២១ ខែកក្កដា។ ចំណែកមនុស្ស ៧រូបផ្សេងទៀតដែលត្រូវឃុំដាច់ដោយឡែកពីអ្នកស្រី មូរ សុខហួរ នោះ មិនទាន់មានការអនុញ្ញាតឲ្យចូលសួរសុខទុក្ខនៅឡើយ។
នេះជាលើកទីមួយហើយដែលក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបក្សសង្គ្រោះជាតិ បានចូលសួរសុខទុក្ខអ្នកស្រី មូរ សុខហួរ ផ្ទាល់ បន្ទាប់ពីការចាប់ខ្លួនគាត់និងសមាជិកគណបក្សសង្គ្រោះជាតិ ៧រូបផ្សេងទៀតអស់រយៈពេលមួយសប្ដាហ៍កន្លងមកនេះ។
ប្រធានក្រុមបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ពេលលោកជួបអ្នកស្រី មូរ សុខហួរ នៅក្នុងពន្ធនាគារព្រៃសនោះ ឃើញគាត់មានសុខភាពធម្មតា ហើយអ្នកស្រីបានផ្ដាំផ្ញើមកអ្នកគាំទ្រទាំងអស់ថា គាត់មិនសុខចិត្តឡើយចំពោះការចាប់គាត់ដាក់ខ្នោះដៃតាំងពីនៅស្នងការប៉ូលិសកាលពីថ្ងៃទី១៥ កក្កដា នោះ។
អ្នកស្រីថា គាត់គ្មានទោសកំហុសដូចការចោទប្រកាន់ទេ ហើយការចាប់គាត់ដាក់ខ្នោះបែបនេះ ជាការមាក់ងាយរូបគាត់ធ្ងន់ធ្ងរណាស់ ដែលគាត់ជាស្ត្រីនិងជាបេក្ខជនតំណាងរាស្ត្រគណបក្សឈ្នះឆ្នោតផង៖ «ទីពីរ គាត់មានផ្ដាំសួរទៅស្ថានទូតសហរដ្ឋអាមេរិកផងថា គាត់មានសញ្ជាតិជាអាមេរិកាំង ហេតុអីស្ថានទូតអត់មានទៅអើតគាត់សោះពេញមួយអាទិត្យហើយ? សូមឲ្យជួយសម្រួលដល់ស្វាមីគាត់ ជាពិសេសកូនស្រីគាត់ដែលសុំទៅជួបគាត់ ហេតុអីមិនឲ្យកូនស្រីគាត់ទៅជួបជាដើម?»។
តែទោះយ៉ាងណា លោក សុន ឆ័យ មើលឃើញថា រដ្ឋាភិបាលហាក់បន្ទន់ឥរិយាបថខ្លះតាមរយៈការអនុញ្ញាតឲ្យចូលសួរសុខទុក្ខនេះពេលនេះ។ លោកក៏សង្ឃឹមថា អ្នកទាំង ៨នាក់នោះនឹងអាចដោះលែងឆាប់ៗ បើសិនរដ្ឋាភិបាលតម្កល់ស្មារតីចង់ដោះស្រាយបញ្ហានយោបាយជាតិដែលកំពុងជាប់គាំងនោះ៖ «វាត្រូវតែមានការបង្ហាញពីឆន្ទៈដោយចាប់ផ្ដើមពីការដោះលែងអ្នក ទាំង ៨រូបនោះឲ្យបានមុនថ្ងៃស្អែក ឲ្យទទួលបានបរិយាកាសការចរចាកាន់តែល្អ»។
ស្របពេលគ្នានេះដែរ មេធាវីការពារក្តីឲ្យជនសង្ស័យ លោក កែត ឃី មានប្រសាសន៍ថា នៅថ្ងៃទី២១ កក្កដា លោកក៏បានចូលសួរសុខទុក្ខអ្នកទាំង ៧នាក់ផ្សេងទៀតដែរ ហើយអ្នកទាំងនោះមានសុខភាពធម្មតាទេ៖ «បញ្ហាសុខភាព ការស្នាក់នៅ គឺអត់មានអីចោទទេ គ្រាន់នៅទីនោះម៉ោង ៩ ឬម៉ោង ១០ អីយ៉ាងយូរ គឺបិទភ្លើង ដល់បិទភ្លើងទៅវាហប់ វាអត់មានកង្ហារ វាហប់ គាត់វាពិបាក ប៉ុន្តែដោយសារតែខាងពន្ធនាគារហ្នឹងក្មេងៗវាជាប់ជាមួយគាត់ គេអាណិតអាសូរ គេចេះតែបក់ផ្លិតឲ្យបណ្ដាក់គ្នាឲ្យគាត់»។
មេធាវីមួយរូបទៀត គឺលោក សំ សុគង់ មានប្រសាសន៍ដែរថា ដោយសំណុំរឿងអ្នកទាំង ៨នាក់ស្ថិតក្នុងដំណាក់កាលកំពុងធ្វើការស៊ើបសួរ។ ពួកគាត់អាចនឹងដោះលែងបានដោយមិនចាំបាច់ឆ្លងកាត់អង្គសវនាការទេ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ៖ «ទាក់ទងនឹងរឿងចរចាអីហ្នឹង ជារឿងមួយផ្សេង ប៉ុន្តែបើតាមផ្លូវច្បាប់ បើតុលាការរកទៅមិនឃើញ មិនមានបន្ទុកភស្តុតាង ឬពុំរកឃើញនូវកំហុស ចៅក្រមស៊ើបសួរគាត់មានឆន្ទានុសិទ្ធិមួយសម្រេចឲ្យជនជាប់ចោទហ្នឹង រួចផុតពីបទចោទទៅតាមផ្លូវច្បាប់ មិនបាច់ឆ្លងកាត់តុលាការទេ»។
ក្រុមមេធាវីការពារក្ដីឲ្យអ្នកទាំង ៨នាក់ បានឲ្យដឹងទៀតថា ពួកគាត់កំពុងរង់ចាំលទ្ធផលនៃការប្តឹងទាស់ទៅនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរដែលពួកគាត់បានដាក់កាលពីថ្ងៃសុក្រ ទី១៨ កក្កដា កន្លងទៅនេះ។ មេធាវីបញ្ជាក់បន្ថែមថា ប្រសិនជាពាក្យប្ដឹងទាស់នោះបរាជ័យពួកគាត់នឹងរៀបចំដាក់ពាក្យប្ដឹងសុំធានាឲ្យនៅក្រៅឃុំបន្តទៀត។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ៧នាក់ និងមន្ត្រីកិច្ចការសាធារណៈម្នាក់ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃកើតមានអំពើហិង្សារវាងសន្តិសុខសាលាខណ្ឌដូនពេញ និងសកម្មជនអ្នកគាំទ្រគណបក្ស កាលពីថ្ងៃទី១៥ ខែកក្កដា ក្បែរទីលានប្រជាធិបតេយ្យ។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកទាំង ៨នាក់ ពីបទដឹកនាំធ្វើកុបកម្ម បទញុះញង់ឲ្យមានអំពើហិង្សា និងបទផ្ដើមគំនិតក្នុងអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។