គណបក្សសង្គ្រោះជាតិបានចាត់ទុកថា ទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរ បើទោះបីជាអស់រយៈពេល ៧០ឆ្នាំ កន្លងទៅហើយដែលអាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យអាណានិគមវៀតណាមត្រួតត្រារហូតមកដល់សព្វថ្ងៃនេះក៏ដោយ។
នៅក្នុងសេចក្ដីថ្លែងការគណបក្សសង្គ្រោះជាតិដែលចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ បញ្ជាក់ថា រយៈពេល៧០ឆ្នាំកន្លងទៅនេះ ប្រជារាស្ត្រខ្មែរមិនអាចបំភ្លេចទឹកដីខ្មែរក្រោមឡើយ ហើយគណបក្សប្រឆាំងមួយនេះ នឹងនៅជាមួយបងប្អូនរួមឈាមខ្មែរជានិច្ច ទោះបីជាខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ គឺជាខ្មែរតែមួយ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតកាន់កាប់រដ្ឋាភិបាល នៅតែទាមទារឱ្យមានសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរក្រោម និងទាមទារឱ្យប្រទេសកុម្មុយនិស្តវៀតណាមប្រគល់ទឹកដីខ្មែរក្រោមមកឱ្យកម្ពុជាត្រួតត្រាវិញ៖ «គណបក្សសង្គ្រោះជាតិ កាលណាកាន់កាប់រដ្ឋាភិបាលយើងនឹងយករឿងនេះទៅលើឆាកអន្តរជាតិ។ ដោយយកគោលការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាតិធ្វើជាទឡ្ហីករណ៍ក្នុងការការពារសិទ្ធិបងប្អូនខ្មែរកម្ពុជាក្រោមនូវសិទ្ធិមនុស្សមានន័យថា សិទ្ធិក្នុងការស្វ័យសម្រេចខ្លួនឯងដោយគ្មានការបង្ខិតបង្ខំពីនរណាមួយ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន បានទេដោយទូរស័ព្ទជាច្រើនដងតែគ្មានអ្នកទទួល។ ប៉ុន្តែកន្លងមក លោកថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចដោះស្រាយបញ្ហាខ្មែរក្រោមបានទេ ដោយសារតែខ្មែរក្រោមឋិតក្រោមការត្រួតត្រារបស់វៀតណាម។
ការប្រកាសទាមទារទឹកដីខ្មែរកម្ពុជាក្រោមមកវិញ របស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងស្របពេលសមាគមខ្មែរកម្ពុជាក្រោមទាំងក្នុង និងក្រៅប្រទេសប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជាដើម្បីទាមទារឱប្រទេសវៀតណាមសងទឹកដីមកឱប្រទេសកម្ពុជា ក្រោយពីអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។