គ្រូបង្រៀនកម្រិតមធ្យមសិក្សាម្នាក់ ដែលបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត នៅខេត្តស្វាយរៀង និងជាសកម្មជនគណបក្សជំទាស់ បានដាក់ពាក្យស្នើសុំលាឈប់ពីក្របខ័ណ្ឌគ្រូបង្រៀន។ គ្រូបង្រៀនដែលដាក់ពាក្យលាឈប់នោះ ឈ្មោះ ឯម សុខសុវណ្ណ អះអាងថា សម្ពាធការងារ ការបែងចែកតួនាទីមិនតម្លាភាព និងបក្សពួកនិយម គឺជាហេតុផលសំខាន់ដែលពួកគេមិនអាចស៊ូទ្រាំតទៅទៀតបាន។
មន្ត្រីរាជការក្របខ័ណ្ឌគ្រូបង្រៀនម្នាក់ដែលបង្រៀន នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោក ឯម សុខសុវណ្ណ ប្រាប់អាស៊ីសេរី ទាំងអារម្មណ៍ក្ដុកក្ដួល លាយឡំទឹកភ្នែកថា មានហេតុផលជាច្រើន នាំឱ្យលោកមិនអាចស៊ូទ្រាំការងារ ជាគ្រូបង្រៀនបាន រួមមាន ការរឹតត្បិតសេរីភាពបញ្ចេញមតិ បក្សពួកនិយម និងការបែងចែកភារកិច្ចការងារពុំមានគណនេយ្យភាព និងតម្លាភាពជាដើម។
លោកបញ្ជាក់ថា ប្រសិនបើគ្រូបង្រៀនរូបណា មានទស្សនចង់កែលម្អប្រព័ន្ធអប់រំ ដើម្បីញ៉ាំងឱ្យសិស្សឆាប់យល់ បែរជារងការចោទប្រកាន់ពីថ្នាក់លើថា ជាក្រុមបក្សប្រឆាំងទៅវិញ ដែលជាហេតុធ្វើឱ្យគ្រូបង្រៀនភាគច្រើន លែងហ៊ានបញ្ចេញមតិ៖ «ទី១ ខ្ញុំឆ្អែតឆ្អន់ ហើយធុញទ្រាន់អាចឈឺងាប់ទៀត ហើយម្យ៉ាងទៀតគឺការចែកតួនាទីភារកិច្ចការងារហ្នឹង អត់មានតម្លាភាព អត់មានគណនេយ្យភាព វាជារឿងមួយខ្ញុំមិនអាចនៅបន្តទៀតបានទេ ព្រោះកាលណានៅបន្តទៀត វាអាចធ្វើឱ្យយើងសុញ។ ចំណេះដឹងរបស់យើង វាមិនឆ្លើយតបទៅការបែងចែករបស់គេ»។
លោក ឯក សុខសុវណ្ណ បន្ថែមថា លោកបានសរសេរលិខិតស្នើសុំលាឈប់ពីក្របខ័ណ្ឌគ្រូបង្រៀន ដាក់ជូនរដ្ឋបាលខេត្តស្វាយរៀងរួចហើយ កាលពីថ្ងៃទី២៦ មិថុនា តែមកទល់ពេលនេះ មិនទាន់ទទួលដំណឹងនៅឡើយទេ។ លោកបន្ថែមថា ក្នុងនាមជាគ្រូបង្រៀនចង់ផ្ទេរចំណេះដឹង និងញ៉ាំងឱ្យកូនសិស្សឆាប់យល់ ពីតម្លៃលទ្ធិប្រជាធិបតេយ្យ និងអ្វីដែលខុស ហើយអ្វីដែលត្រូវក្នុងសង្គមបច្ចុប្បន្ន ក៏ប៉ុន្តែផ្ទុយទៅវិញ វប្បធម៌ចែករំលែកចំណេះដឹងបែបនេះ កាន់តែរួមតូច និងរឹតត្បិតពីថ្នាក់លើ។
រីឯ គ្រូបង្រៀនខ្លះ ត្រូវបានថ្នាក់លើបង្គាប់ឱ្យចុះចូលជាមួយគណបក្សប្រជាជន ទាំងខ្លួនមិនពេញចិត្តជាដើម៖ «ក្មេងៗស្រករក្រោយដែលជាគ្រូបង្រៀនស្នូលរបស់ប្រទេសជាតិ គាត់មកដល់មានអារម្មណ៍មួយ កាលគាត់មិនទាន់ចូលជាមន្ត្រីរាជការ គាត់មានអំនួតតែម្ដងយុវជន វាអញធ្វើឱ្យជាតិអញ ខ្លាំងក្លារីកចម្រើន តែដល់ពេលចូលមកដល់ អាប្រព័ន្ធគ្រប់គ្រងនៅក្នុងសាលារៀន និងការគិតរបស់គាត់ វាអត់ស៊ីចង្វាក់គ្នា។ អត់ស៊ីចង្វាក់គ្នាយ៉ាងម៉េច ភាគច្រើនយុវជន គាត់ចង់ផ្លាស់ប្ដូរឱ្យលឿន តែអ្វីសំខាន់គាត់ចង់បាន តែបែរជាមិនបានទៅវិញ។ គាត់គិតថា គាត់ថា នឹងមានសេរីភាពហើយ ពេលដែលគាត់ចូលមន្ត្រីរាជការ តែកុំភ្លេចថា សេរីភាពនៅលើតែក្រដាសទេ»។
លោក ឯម សុវណ្ណ ជាគ្រូបង្រៀនឯកទេស គណិតវិទ្យា ចូលបម្រើការងារជាមន្ត្រីរាជការក្របខ័ណ្ឌគ្រូជាង ៨ឆ្នាំមកហើយ ហើយលោកធ្លាប់ជាសិស្សពូកែ ឯកទេសគណិតវិទ្យា នៅវិទ្យាល័យរមាសហែកផងដែរ កាលពីឆ្នាំ២០០៨។ បច្ចុប្បន្នលោកកំពុងសិក្សា ថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញ។
គ្រូបង្រៀនម្នាក់ទៀត ដែលជាមិត្តរូបអាជីពជាមួយ លោក ឯម សុខសុវណ្ណ គឺលោក ជេត សោភា សម្ដែងការសោកស្ដាយ នៅពេលដែលទទួលដំណឹងនេះ។ លោកថា ឯកទេសគណិតវិទ្យា គឺជាមុខវិទ្យាសំខាន់ និងចាំបាច់មួយ សម្រាប់ប្រឡងបាក់ឌុប។ លោកបន្ថែមថា លោក ឯម សុខសុវណ្ណ ជាធនធានមនុស្សដ៏សំខាន់ និងជាបុគ្គលមានឆន្ទៈស្នេហាជាតិ ហើយលោកជឿថា ការលាឈប់នេះ ជាការស្ម័គ្រចិត្តរបស់សាមីខ្លួន ដោយគ្មានការបង្ខិតបង្ខំ៖ «វាជាការរួមចំណែកមួយដែលសោកស្ដាយដែរ ក៏ប៉ុន្តែជម្រើស លាឈប់ពីការងារអាហ្នឹងវាមានលក្ខខណ្ឌរបស់គាត់ហើយ ប្រហែលជាអាចគាត់សម្រេចចិត្តអីមួយ ឬមួយផលវិបាកអីមួយសម្រាប់គាត់ ឬអាចមានអ្វីផ្សេងៗ»។
នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោក ប៉ុល សាវុធ បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកបានផ្ដាច់ទូរស័ព្ទ នៅពេលសួរនាំអំពីរឿងនេះ។
អាស៊ីសេរីបានទាក់ទងអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ដើម្បីសុំការអធិប្បាយជុំវិញការលើកឡើងរបស់គ្រូបង្រៀននេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី២៩ មិថុនា។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ឱ្យដឹងថា ក្រសួងអប់រំនៅមិនទាន់ទទួលព័ត៌មានផ្លូវការណាមួយ ជុំវិញករណីនេះនៅឡើយទេ។ តែយ៉ាងណាលោកថា ជារួមក្រសួងមានគោលនយោបាយលើកទឹកចិត្តគ្រូបង្រៀន ដោយផ្តោតលើកត្តា ២ គឺ លើកកម្ពស់ពុទ្ធិ និងជីវភាពគ្រូបង្រៀន។ ចំពោះសំនួរដែលសួរថា តើក្រសួងមានដំណោះស្រាយបែបណា នៅគ្រាដែលទទួលព័ត៌មាននេះ លោក រស់ សុវាចា ឆ្លើយយ៉ាងខ្លីថា ក្រសួងមាននីតិវិធីរដ្ឋបាល ដែលទាក់ទង់ការងារគ្រូបង្រៀន៖ «ក្រសួងយុវជន និងកីឡា គឺមានគោលការណ៍ច្បាប់ ក្នុងការប្រតិបត្តិការងាររដ្ឋបាលរបស់ខ្លួន ក្នុងន័យនេះការងារគ្រូបង្រៀន ជាបុគ្គលអប់រំទូទៅដែរ គឺប្រតិបត្តិទាំងស្រុង ទៅតាមច្បាប់អប់រំ ដែលមានជាធរមាន»។
ទោះយ៉ាងណា ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ លោកស្រី អ៊ុក ឆាយាវី វិភាគថា ក្រសួងនឹងមិនខ្វល់ បើកការស៊ើបអង្កេតករណីនេះទេ ព្រោះការលប់ឈ្មោះគ្រូបង្រៀនណា ដែលមាននិន្នាការគាំទ្របក្សជំទាស់ គឺជាវិធីសាស្ត្រដែលស្ថាប័ននេះ តែងតែអនុវត្តជារឿយៗកន្លងមក។ លោកស្រីថា ស្ថានភាពនយោបាយបច្ចុប្បន្ន ជះឥទ្ធិពលមិនល្អ ដល់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយសារតែក្រសួងអប់រំ តែងតែងដាក់គំនាបដល់គ្រូបង្រៀនណា ដែលមាននិន្នាការគាំទ្របក្សប្រឆាំង៖ «ប្រព័ន្ធអប់រំសព្វថ្ងៃ គេកំពុងគ្រប់គ្រងធ្វើម៉េចឱ្យគ្រូបង្រៀនខ្លាច ឱ្យគ្រូបង្រៀនឃ្លាន មិនហ៊ានតវ៉ាអីទាំងអស់គេថា ឆ្វេងៗ ស្តាំៗ យុទ្ធសាស្ត្ររបស់ក្រសួងអប់រំ ដើម្បីតែអំណាចដើម្បីការងាររបស់ខ្លួន ក្នុងរដ្ឋាភិបាលធ្វើម៉េចឱ្យមានដំណែង ឱ្យមានបុណ្យស័ក្ដិ ធ្វើម៉េចបង្ក្រាបអ្នកប្រឆាំង»។
វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមានគ្រូបង្រៀន ៥២ នាក់ និងមានសិស្ស ជាង ១ពាន់នាក់កំពុងរៀនក្នុងឆ្នាំសិក្សា២០១៨- ២០១៩ ។ វិទ្យាល័យនេះ ឋិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ទល់ដែនប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។