ភរិយារបស់សកម្មជនបក្សប្រឆាំង នៅមូលដ្ឋានខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងប្ដីជាបន្ទាន់ ដោយសារប្ដី គ្មានបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ឡើយ។ សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ថាបានបង្ហោះរូបភាពកាត់ត ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងបង្ហោះសារញុះញង់បង្កចលាចលក្នុងសង្គម។
ភរិយារបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី អះអាងថា ការចាប់ខ្លួនប្ដីអ្នកស្រី ដើម្បីបំបាក់សកម្មជនបក្សប្រឆាំងផ្សេងទៀត កុំឲ្យហ៊ានតវ៉ា ឬរិះគន់រដ្ឋាភិបាល។ អ្នកស្រី ទាមទារឲ្យដោះលែងប្ដីអ្នកស្រី ជាបន្ទាន់៖ « ខ្ញុំគិតថា គាត់ហ៊ានពេក អ៊ីចឹងណា ហើយគេទ្រាំមិនបាន ធ្វើឲ្យគេក្ដៅក្រហាយ អត់ព្រមបន្ថយដៃ គាត់នៅតែផ្គើនដាក់គេរហូត។ យើងដឹងហើយថា សង្គមហ្នឹងអ៊ីចឹង តែគាត់នៅតែអត់ព្រមបន្ថយ អ៊ីចឹងមានតែប៉ិនហ្នឹង រឿងនយោបាយតែប៉ិនហ្នឹង ត្រៀមចិត្តត្រៀមកាយទៅអ៊ីចឹង។ មានតែខាងគាត់រិះគន់គេខ្លាំងៗ គាត់អត់មានកំហុសអ្វីផង គ្រាន់តែគេបិទសិទ្ធិសេរីភាព បញ្ចេញមតិ » ។
ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង នៅម៉ោងប្រហែល៨យប់ ថ្ងៃទី៣០ កក្កដា នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ នៅពេល លោក ម៉ៃ ហុងស្រៀង កំពុងរត់គេចខ្លួន ពីការឡោមព័ទ្ធ របស់ប៉ូលិសខេត្តព្រះសីហនុ។
អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ប្ដីរបស់អ្នកស្រី បានរត់គេចខ្លួន ចេញពីផ្ទះចោលប្រពន្ធ និងកូន ច្រើនខែហើយ គឺតាំងពីរូបគាត់ទទួលបានដំណឹងពីមិត្តភក្ដិធ្វើការនៅក្រសួងមហាផ្ទៃ ក្នុងកំឡុងខែឧសភា ប្រាប់ឲ្យគេចខ្លួន ព្រោះខាងប៉ូលិស មានបញ្ជាសម្ងាត់ឲ្យតាមចាប់ខ្លួន។ អ្នកស្រី ឲ្យដឹងថា នៅយប់ថ្ងៃទី២៩ កក្កដា ប៉ូលិសខេត្តព្រះសីហនុ បានដឹងតម្រុយ ថា ប្ដីអ្នកស្រី កំពុងស្នាក់នៅផ្ទះរបស់សាច់ញាតិម្នាក់នៅឃុំបិតត្រាំង ស្រុកព្រៃនប់។ សមត្ថកិច្ចខេត្តព្រះសីហនុ បានឡោមព័ទ្ធផ្ទះដែលប្ដីអ្នកស្រី ស្នាក់នៅទាំងកណ្ដាលយប់។ នៅម៉ោងជាង ២ទៀបភ្លឺ លោក ម៉ៃ ហុងស្រៀង បានផ្លោះរបង រត់គេចចេញពីផ្ទះសាច់ញាតិទាំងកណ្ដាលអាធ្រាត្រដែរ ហើយធ្វើដំណើរឡើងមកភ្នំពេញ ក្នុងបំណងភៀសខ្លួន ទៅប្រទេសថៃមួយរយៈ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងរូបនេះ ឲ្យដឹងទៀតថា ប៉ូលិសបានចាប់ខ្លួនប្ដី អ្នកស្រី នៅរាជធានីភ្នំពេញ នៅម៉ោងជាង៨យប់ ថ្ងៃទី៣០ កក្កដា គឺនៅពេលប្ដីអ្នកស្រី ចុះពីលើឡាន ទិញស៊ីមកាតទូរស័ព្ទ។
នៅមុនថ្ងៃចាប់ខ្លួនមួយថ្ងៃ លោក ម៉ៃ ហុងស្រៀង បានសរសេរសារបង្ហោះលើហ្វេសប៊ុកលោក ដែលមានឈ្មោះថា «ទោះស្លាប់ក៏ជាខ្មែរ» ថា ម៉ោងធ្វើស៊ីក្តៅៗ! ប្រភពព័ត៌មានច្បាស់ការពី គ៨៥ (គណបក្សប្រជាជនកម្ពុជា) ទាំងយប់ ដែលស្និទ្ធគណបក្សប្រជាជនបានឲ្យដឹងថា ក្រោយពី លោក ហ៊ុន សែន ផ្ទេរកិច្ចការងារសំខាន់ឲ្យទៅ លោក ស ខេង មិនមែនផ្ទេរដោយចិត្តស្មោះត្រង់ទេ តែធាតុពិត លោក ហ៊ុន សែន ចង់បង្ការ ឬកម្ចាត់កម្លាំង លោក ស ខេង ចោល ដោយដឹងថា លោក ស ខេង ត្រៀមកម្លាំងវ៉ៃស្កាត់មកលើកម្លាំង លោកហ៊ុន សែន តែ លោក ហ៊ុន សែន ដឹងមុនក៏កម្ចាត់ លោក ស ខេង។ នៅមុនការបង្ហោះសារនេះ លោក ម៉ៃ ហុងស្រៀង ក៏តែងបានបង្ហោះសាររិះគន់មន្ត្រីរបបក្រុងភ្នំពេញច្រើននាក់ផ្សេងទៀតដែរ ដូចជា ករណីលោក ផៃ ស៊ីផាន និងលោក ឈុំ សុជាតិ នាំអ្នកកាសែតទៅមើលទីតាំងកំពង់ផែរាម នៅទឹកដីខេត្តកោះកុង និងខេត្តព្រះសីហនុ ជាដើម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី នៅម៉ោងជាង៥ល្ងាច ថ្ងៃទី៣១ កក្កដាថា លោក ម៉ៃ ហុងស្រៀង កំពុងស្ថិតក្នុងដំណាក់កាលសាកសួររបស់សមត្ថកិច្ច មិនទាន់បញ្ជូនទៅតុលាការទេ។ លោកថា តុលាការបានចេញដីកាឲ្យចាប់ខ្លួន លោក ម៉ៃ ហុងស្រៀង ពីបទជេរប្រមាថ ញុះញង់តាមហ្វេសប៊ុក តាំងពីមុនពេលរត់គេចចេញទៅប្រទេសថៃ ហើយទើបចាប់ខ្លួនបានកាលពីព្រលប់ថ្ងៃទី៣០ កក្កដា។ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ ប្រាប់ប្រព័ន្ធឃោសនាក្នុងស្រុកថា សកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើតគណនីហ្វេសប៊ុក កាត់តរូបភាពផ្សេងៗ ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោក ជា ពៅ ថា លោក ម៉ៃ ហុងស្រៀង ត្រលប់ចូលមកកម្ពុជាវិញ ដើម្បីជួបជុំជាមួយបក្ខពួក រៀបចំផែនការបង្កចលាចលដល់សង្គម។
ប្រពន្ធរបស់ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី បដិសេធការចោទប្រកាន់របស់សមត្ថកិច្ច។ អ្នកស្រី ថា ប្ដីអ្នកស្រី គ្មានផែនការបង្កចលាចលអ្វីទេ។ អ្នកស្រី ឲ្យដឹងថា សមត្ថកិច្ចមានបំណងចាប់ខ្លួនប្ដីអ្នកស្រី យូរហើយ គឺតាំងពីគេចចេញពីផ្ទះបានប៉ុន្មានថ្ងៃ ប៉ូលិសតែងជិះម៉ូតូក្រឡឹង និងឃ្លាំមើលនៅផ្ទះអ្នកស្រី ខុសពីធម្មតា។ ម្ដងម្កាល អ្នកស្រី ថា មានជនប្លែកមុខជាក្រុមៗ បានឃ្លាំមើលផ្ទះអ្នកស្រីនៅផ្ទះ។ អ្នកស្រី គា ស៊ីសុគន្ធី មិនហ៊ានរាយការណ៍ជូនអាជ្ញាធរទេ ដោយសារបារម្ភពីសុវត្ថិភាពប្ដី។
ភរិយារបស់ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា សមត្ថកិច្ចគ្រោងបញ្ជូនប្ដីអ្នកស្រី មកតុលាការក្រុងភ្នំពេញ នៅម៉ោង២រសៀល ថ្ងៃទី៣១ កក្កដា។ តែគិតត្រឹមម៉ោង ៥កន្លះ ល្ងាចថ្ងៃដដែល សមត្ថកិច្ចនៅមិនទាន់បញ្ជូនស្វាមីអ្នកស្រី ទៅសាលាដំបូងនៅឡើយទេ។
អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ពេលនេះអ្នកស្រី ហាក់អស់សង្ឃឹមនៅក្នុងខ្លួនណាស់ ដោយសារ ច្រើនខែហើយ មិនដែលបានជួបមុខប្ដី ហើយពេលនេះ មិនទាន់ដឹងថា ប្ដីនៅទីណាឲ្យពិតប្រាកដ។ ចំណែកកូនតូចៗ ៣នាក់ទៀត ក៏មិនបានទៅរៀនសូត្រដែរ ដោយសារ អ្នកស្រីត្រូវឡើងមកភ្នំពេញ តាមមើលប្ដី។
អនុប្រធានអង្គការ លីកាដូ ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត សង្កេតឃើញថា ការចាប់ខ្លួនមន្ត្រីមូលដ្ឋានគណបក្សប្រឆាំងកាន់តែច្រើនឡើងៗ។ លោកថា ក្រុមសង្គមស៊ីវិលព្រួយបារម្ភពីការរឹតត្បិតសេរីភាព តាមបណ្ដាញសង្គមហ្វេសប៊ុក កាន់តែខ្លាំង។ លោក អំ សំអាត មិនទាន់ដឹងថា សមត្ថកិច្ចចោទប្រកាន់ លោក ម៉ៃ ហុងស្រៀង ដោយសំអាងអត្ថបទណាមួយលើហ្វេសប៊ុកលោក ម៉ៃ ហុងស្រៀងទេ។ តែទោះយ៉ាងណា លោកថា នេះជាការគំរាមកំហែងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ តាមបណ្ដាញសង្គម៖ « ចាប់ខ្លួននេះ ក៏វាជាការគំរាមកំហែងបំភិតបំភ័យ ទៅ ដល់សេរីភាព នៅក្នុងការបញ្ចេញមតិដែរ ហើយយើងជាអង្គការសង្គមស៊ីវិល ធ្វើការផ្នែកសិទ្ធិមនុស្សក៏មិនគាំទ្រចំពោះការរិះគន់ទាំងឡាយណាដែល យើងគិតថា វាអសីលធម៌ គ្មានសីលធម៌ ការរិះគន់ទៅធ្វើឲ្យកើតមានបាតុភាព អំពើហិង្សា ឬក៏បញ្ហាផ្សេងៗកើតឡើង។ ក៏ប៉ុន្តែប្រសិនជាសេរីភាព ត្រឹមតែការបញ្ចេញមតិ មិនមានបង្កហានិភ័យ ឬក៏ក្នុងក្រមសីលធម៌វិជ្ជាជីវៈទេ វាប៉ះពាល់ វាប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ » ។
លោក ម៉ៃ ហុងស្រៀង គឺជាសមាជិកគណបក្សសង្គ្រោះជាតិទី១៤ហើយ ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន។ គណបក្សសង្គ្រោះជាតិ ថ្កោលទោសការចាប់ខ្លួននេះ និងហៅការចាប់ខ្លួន លោក ម៉ៃ ហុងស្រៀង ក្រោមហេតុផលនយោបាយ និងជាទង្វើគឃ្លើនរបស់របបក្រុងភ្នំពេញ ក្នុងការរំលោភបំពានសិទ្ធិសេរីភាពបុគ្គល និងរំលោភរដ្ឋធម្មនុញ្ញជាដដែលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។