សមាជិកជាប់ឆ្នោតក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិម្នាក់ បានរត់ភៀសខ្លួនទៅប្រទេសថៃ ក្រោយមិនព្រមចុះចូលជាមួយបក្សកាន់អំណាចតាមការអូសទាញនិងព្រមានធ្វើបាប។ អ្នកនាំពាក្យបក្សកាន់អំណាចថា នេះគ្រាន់តែជាលេសរបស់មន្ត្រីបក្សដែលរត់ចោលស្រុកព្រោះចង់បានសិទ្ធិទៅរស់នៅប្រទេសទី៣។
សមាជិកជាប់ឆ្នោតក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ គណបក្សសង្គ្រោះជាតិ លោក ហង្ស ស៊ីសុវត្ថិ បានរត់ចេញពីប្រទេសកម្ពុជាទាំងប្រពន្ធកំពុងពពោះជិតគ្រប់ខែ ព្រោះមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ហង្ស ស៊ីសុវត្ថិ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៩ ខែវិច្ឆិកា ថា មន្ត្រីបក្សកាន់អំណាច និងសកម្មជនគណបក្សសង្គ្រោះជាតិដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបានទៅដល់ផ្ទះបញ្ចុះបញ្ចូលលោកឱ្យយល់ព្រមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអាចទទួលបានតួនាទីជាសមាជិកក្រុមប្រឹក្សាខណ្ឌឡើងវិញ ឬតួនាទីធំជាងនេះ។ សមាជិកបក្សប្រឆាំងរូបនេះ អះអាងថា មន្ត្រីបក្សកាន់អំណាច បានព្រមានថា បើលោកមិនព្រមចុះចូលទេ ពួកគេមិនធានាសុវត្ថិភាពនោះទេ ឬក៏អាចត្រូវតុលាការកោះហៅថែមទៀតផង៖ «របបខុសច្បាប់ក្រុងភ្នំពេញតាមគំរាមកំហែងឱ្យខ្ញុំចុះចូលជាមួយគណបក្សប្រជាជន ប៉ុន្តែដោយសារខ្ញុំមិនលក់ឆន្ទៈរបស់ខ្ញុំពេលនេះខ្ញុំភៀសខ្លួនមួយរយៈដើម្បីគេចចេញពីរបបនេះ»។
ក្រោយពេលបដិសេធមិនចុះតាមអូសទាញនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខណ្ឌពោធិសែនជ័យដែលជាក្រុមការងារលោកដែរនោះ ត្រូវបានជនមិនស្គាល់មុខស្ទាក់បង្កឱ្យរងរបួសធ្ងន់ធ្ងរ។
លោក ហង្ស ស៊ីសុវត្ថិ ឱ្យដឹងថា មន្ត្រីបក្សកាន់អំណាច បានយកពាក្យសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឱ្យបំពេញ ប៉ុន្តែលោកមិនយល់ព្រម និងបានសម្រេចរត់ភៀសខ្លួនមកប្រទេសថៃទាំងប្រថុយប្រថានដោយខុសច្បាប់ ខណៈព្រំដែនប្រទេសទាំងពីរមិនទាន់បើកវិញនៅឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចាន់ត្រា ដែលកំពុងភៀសខ្លួន នៅប្រទេសថៃដែរនោះឱ្យដឹងថា សព្វថ្ងៃមានសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៤នាក់ដែលបានរត់ទៅប្រទេសថៃ គេចចេញពីការទុក្ខបុកម្នេញ និងមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោកថា ឆន្ទៈរបស់មន្ត្រីគណបក្សសង្គ្រោះជាតិភាគច្រើនគឺសុខចិត្តភៀសខ្លួន និងលំបាកគ្រប់បែបយ៉ាង ដើម្បីរក្សាកម្លាំងតស៊ូនយោបាយតទៅទៀត ដោយមិនព្រមលក់ឧត្តមគតិនោះទេ៖ «ក្រៅពីហ្នឹងយើងឃើញថា មានការគំរាមកំហែងក្រៅពីតុលាការគឺមានការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានជាពិសេសគឺបាតដៃទី៣តែម្ដង»។
កាលពីថ្មីៗនេះតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិអ្នកស្រី លី ស្រីវីណា បានសម្រេចសុំចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយគ្លីនិកអ្នកស្រីត្រូវក្រសួងសុខាភិបាលសម្រេចបិទ បន្ទាប់មានអ្នកជំងឺម្នាក់ស្លាប់នៅទីនោះ។ ទោះយ៉ាងណា ពេលអ្នកស្រីយល់ព្រមចុះចូលជាមួយបក្សកាន់អំណាចរួច ក្រសួងក៏អនុញ្ញាតឱ្យគ្លីនិកនោះអាចដំណើរឡើងវិញ។
ទោះបែបនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា គណបក្សប្រជាជនកម្ពុជា រកតែកន្លែងការងារសម្រាប់មន្ត្រីរបស់ខ្លួនធ្វើស្ទើរមិនចង់បានផង ដូច្នេះគ្មានតំណែងឬតួនាទីសម្រាប់ទុកឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិនោះទេ។ លោកយល់ថា នេះគ្រាន់តែជាការចោទប្រកាន់ដើម្បីចង់បានសិទ្ធិទៅរស់នៅប្រទេសទី៣ប៉ុណ្ណោះ៖ «ហេតុផលអីត្រូវទាក់ទាញក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹងយកមកចូលខ្លួនអត់មានទេ បើមកយើងស្វាគមន៍ ប៉ុន្តែបើមិនមកទេអត់មានទាក់ទាញទេ អត់ឱ្យអស់លុយអស់ទឹកមាត់ទេ»។
ផ្ទុយពីការអះអាងនេះ អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី សង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាតែងប្រើយុទ្ធសាស្ត្រគំរាម និងអូសទាញតាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ លោកសង្កេតឃើញទៀតថា សព្វថ្ងៃនេះគណបក្សប្រជាជនកម្ពុជាប្រើយុទ្ធសាស្ត្រដដែលលើមន្ត្រីគណបក្សសង្គ្រោះជាតិកាន់តែខ្លាំងជាមុនទៅទៀត រហូតមានការប្រើប្រព័ន្ធតុលាការថែមទៀតផង៖ «បង្ហាញអំពីការមិនផ្ដល់សិទ្ធិសេរីភាពពេញលេញសម្រាប់ការជ្រើសរើសកិច្ចការងារនយោបាយពីព្រោះគណបក្សកាន់អំណាចប្រើប្រាស់តុលាការប្រើប្រាស់យន្តការគ្រប់បែបយ៉ាងឱ្យដៃគូប្រកួតប្រជែងឱ្យ ចូលរួមជាមួយខ្លួន តាមរយៈការគំរាមកំហែងនេះបង្ហាញការប្រើប្រាស់អំណាចហួសដែនការប្រើអំណាចក្នុងប្រទេសប្រជាធិបតេយ្យ»។
មកដល់ពេលនេះមានតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងចំនួន ១៤នាក់ហើយដែលបានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកជាប់បម្រាបនយោបាយចំនួន ១១៨រូប។ ចំណែកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតទាំង ៥.០០៧ នាក់វិញ គណបក្សសង្គ្រោះជាតិ អះអាងថា មានតែប្រមាណ ២០%ប៉ុណ្ណោះ ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតួនាទីរបស់ខ្លួន។ រីឯអ្នកដែលនៅតែរក្សាស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិជាច្រើន ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ ហើយអ្នកខ្លះរត់គេចខ្លួន និងមានមន្ត្រីបក្សប្រឆាំងនៅតាមមូលដ្ឋាន ជិត ២០នាក់ទៀត ត្រូវជនមិនស្គាល់លួចវាយធ្វើបាបក្នុងទម្រង់ប្រហាក់ប្រហែលគ្នាបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ប៉ុន្តែសមត្ថកិច្ចរកជនប្រព្រឹត្តមិនដែលឃើញឡើយ។ ជនរងគ្រោះភាគច្រើន ឱ្យដឹងថា មុនពេលពួកគេរងគ្រោះធ្លាប់មានមន្ត្រីបក្សកាន់មកអូសទាញឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាច្រើនលើកច្រើនសាដែរ។
បណ្ឌិត សេង សារី យល់ថា ទោះការអូសទាញរបស់គណបក្សកាន់អំណាច អូសទាញដោយការបង្ខិតបង្ខំបានមែន ប៉ុន្តែលោកយល់ថា ទោះមន្ត្រីទាំងនោះទៅជាមួយគណបក្សកាន់អំណាចមែន ប៉ុន្តែអ្នកទាំងនោះទៅតែរូបរាងទេ តែចិត្តបេះដូងរបស់អ្នកទាំងនោះនៅតែចង់មានការផ្លាស់ប្ដូរដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។